ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកដល់កំណត់ (បទពាក្យប្រាំបី)

12 ឆ្នាំ មុន

ផឹកដល់កំណត់
(បទពាក្យប្រាំបី)

-ផឹកស្រាស្រវឹងខឹងវាយប្រពន្ធ ទោសស្រាលធ្ងន់រករឿងបង្កហេតុ
ដើរផឹកដើរស៊ីស្រាចូលពោះឆ្អែត មុខខ្មោចខ្មៅដូចប្រេតនៅតៀមស្រា ។
-មិនគិតរកស៊ីសែងលីពន់រែក ព្រឹកបើកភ្នែកជេរវាយស្តីទោសា
ផឹកជាប្រចាំឥតខានពេលណា ផឹកតពូជដូនតាគ្មានគេដូច ។
-ខានផឹកមួយថ្ងៃចេះតែស្រៀវស្រាញ ដូចកើតរោគគ្រុនចាញ់ខ្ជិលខិលខូច
ហោចណាស់ក៏បានដាក់មួយពែងតូច លើខ្លួនកើតរោគស្អូចសុសសាយសាច់ ។
-នរកទាំងរស់ស្បែកស្វិតស្គមស្គាំង ប្រពន្ធឃាត់ឃាឃាំងឱ្យប្តីផ្តាច់
ឱ្យឈប់ផឹកស្រាតាំងចិត្តសម្រេច ប្តីឆ្លើយថាមិនបាច់មករាំងរា ។

-ស្រឡាញ់ដបស្រាជាងប្រពន្ធកូន    ស៊ូក្ស័យសូន្យចោលកូននៅកំព្រា
ព្រោះឆ្កួតនឹងស្រានាំខ្លួនវេទនា    ញាតិមិត្តស្តីនិន្ទាស្អប់រអា ។
-ផឹកដល់កំណត់អស់លុយបញ្ចាំ    មាន់បួនប្រាំយកលក់គ្មានមេត្តា
នេះហៅអ្នកផឹកល្បីឈ្មោះអស្ចារ្យ    នៅតៀមស្រាជំពាក់គ្រប់តែចិន ។
-អស់មាន់ អស់ទាកើបស្រូវជង្រុក    ដីស្រែកេរឪពុកលក់ផឹកសិន
ដល់លក់ផឹកអស់កើតរោគថ្លើមក្រិន    ជីវិតត្រូវក្ស័យក្សិណចាកចោលឋាន ។
-នេះហៅអ្នកផឹកផ្តែផ្តាំកូនចៅ    ផ្តាំបងប្អូនញាតិផៅគ្រប់សន្តាន
កុំយកតម្រាប់នាំឱ្យក្ស័យប្រាណ    ត្រូវចៀសវាងឱ្យបានល្បែងស្រីស្រា ៕
  ​ ​​​                                            និពន្ធដោយលោក សុខ ស៊ុនហេង