ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​ក្រសួង​​មហា​ផ្ទៃ​ចុះ​សួរ​សុខទុក្ខ​​​​ន​គរ​បាល​​ការពារ​​ព្រំដែន​ទឹក​និង​ព្រំ​ដែនគោក

12 ឆ្នាំ មុន

ខេត្តកោះកុង​ ៖ នៅរសៀល​ថ្ងៃទី៧ មិថុនា​ ប្រតិភូ​​ក្រសួងមហា​ផ្ទៃមួយក្រុម​ ដឹកនាំ​ដោយ​​​លោក​ឧត្តមសេនីយ៍​​ឯក ឯក ក្រឹត្យ​ ​ប្រធាន​​នាយក​ដ្ឋាន​​​កណ្តាល​​​នគរ​បាល​​​ព្រំដែន​ តំណាង​ដ៏ខ្ពង់​ខ្ពស់​​ លោក​​នាយ​ឧត្តម​សេនីយ៍​​ នេត សាវឿន អគ្គ​ស្នង​​ការ​​នគរ​បាល​ជាតិ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​កងកម្លាំង​​នគរបាល​​ការពារព្រំដែន​គោក

ខេត្តកោះកុង​ ៖ នៅរសៀល​ថ្ងៃទី៧ មិថុនា​ ប្រតិភូ​​ក្រសួងមហា​ផ្ទៃមួយក្រុម​ ដឹកនាំ​ដោយ​​​លោក​ឧត្តមសេនីយ៍​​ឯក ឯក ក្រឹត្យ​ ​ប្រធាន​​នាយក​ដ្ឋាន​​​កណ្តាល​​​នគរ​បាល​​​ព្រំដែន​ តំណាង​ដ៏ខ្ពង់​ខ្ពស់​​ លោក​​នាយ​ឧត្តម​សេនីយ៍​​ នេត សាវឿន អគ្គ​ស្នង​​ការ​​នគរ​បាល​ជាតិ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​កងកម្លាំង​​នគរបាល​​ការពារព្រំដែន​គោក និងព្រំដែន​ទឹក​ប្រចាំ​​នៅ​ខេត្ត​កោះកុង​។ អញ្ជើញ​ចូលរួម​ក្នុង​ឱកាស​នោះ​មាន​ ​​លោក​​ឧត្តម​សេនីយ៍​​ទោ ប្រាក់ កាន់ណារ៉ា ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ព្រំដែន​​ទឹក​ និង​ជា​​ប្រធាន​​គណៈបញ្ជាការ​ស្រាល​​​នគរ​បាល​ជាតិ ប្រចាំ​​ភូមិ​ភាគ​៣​ លោក​​ឧត្តម​​សេនីយ៍​ត្រី​ សំ ឃីត វៀន ស្នង​​ការ​នគរ​បាល​ខេត្ត​ លោក​​វរសេនីយ៍​​ទោ អាន ស្រ៊ាង​ មេបញ្ជា​ការ​វរសេនីយ៍​ត្រី ឈឹម នឹម មេ​បញ្ជាការ​​វរសេនា​តូច​​លេខ៨២៧ នគរ​បាល​​​ការ​ពារ​​ព្រំដែន​​គោក ព្រមទាំង​នាយ​ នាយ​រង​ និង​ពលនគរ​បាល​​ទាំង២​វរៈ យ៉ាង​ច្រើន​កុះករ ។​

តាម​របាយការណ៍​​សរុប​របស់​​វរសេនា​តូច​ទាំង២​ ខណៈ​ពេល​ដែល​​តាម​បណ្តោយ​​ខ្សែ​​បន្ទាត់​ព្រំដែន​ ឯតំបន់​​ប្រាសាទ​ព្រះ​វិហារ​​ ប្រាសាទ​​តាក្របី​ ប្រាសាទ​​តាមាន់ មាន​សភាព​​​តាន​តឹង​ ​នៅ​ខ្សែ​បន្ទាត់​​ព្រំ​ដែន​​ខេត្ត​កោះកុង ក៏​មាន​​សភាព​​វឹកវរ​ធ្ងន់​​ធ្ងរ​ខ្លាំងដែរ ជាក់​ស្តែង​គឺ​នយោបាយ​​ជាយុទ្ធសាស្ត្រ​ ផ្លាស់​ប្តូរ​​កម្លាំង​នៅ​តាម​ព្រំ​ដែន​ ដោយ​ដក​ចេញ​តិច​និង​បញ្ចូល​​មក​​ជំនួស​​​វិញ​ច្រើន ។ ដើម្បី​គំរាម​​កំហែងប្រទេស​​ជិតខាង​ ភាគីសៀម​​​បាន​​ផ្គើន​​មក​លើ​​កម្លាំង​ឈរជើង​​របស់​យើង​ដោយ​ចល័ត​កម្លាំង​​និង​ផ្លាស់​ប្តូរ​ថ្នាក់​​បញ្ជាការ​​យ៉ាង​ញឹកញាប់ ។ ចាប់ពី​ថ្ងៃទី​១ កុម្ភៈ ២០១១ រហូត​ដល់​​បច្ចុប្បន្ន​ វរសេនា​​តូច​លេខ៣ឈុត​ខ្មៅ​សៀម​ បាន​​បង្កើន​កម្លាំង​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​ និងនៅ​តាម​ចំណុច​ឈរជើង​មួយ​ចំនួន​នៃប៉ុស្តិ៍​ជួរ​មុខ​ តាម​បណ្តាច្រក​​សំខាន់ៗ​​ដូចជា​ ច្រក​​គិរីវង្ស, ​ច្រក​ម៉ាឡៃ​២១០, ច្រក​ចៅបុប្ផា​, ច្រកគគីរ​, ច្រក​​​វាល​តូច និង​ច្រក​​ដើម​ខ្នុរ​ សរុប​មាន​កម្លាំង​ពី៩០​​​ទៅ​១០០​នាក់ ក្នុង​​មួយកន្លែង​ ។

​កម្លាំងនាវិក​យោធិន​ឈុត​ប៉ារ៉ា​ក្នុង​វរសេនា​តូច​លេខ​១៨២ បាន​​ចល័ត​​កម្លាំង​ បង្កើន​កម្លាំង​​នៅក្នុងទីតាំង​ហាតឡិក​ពី​៦០ទៅ៨០​នាក់ ​ច្រក​​គិរីវង្ស​ពី៦០ទៅ​៩០​នាក់​ និង​ពង្រាយ​​រូបភាព​ពី​ខាង​​ក្រោយ​តាម​គោល​ដៅ​ វរសេនា​តូច​លេខ​​៣ ​មាន​បំពាក់​​អាវុធ​គាំទ្រ​​ធុន​១០៥​មីល្លីម៉ែត្រ​ ១៥៥​មីល្លីម៉ែត្រ​ ពី១០ទៅ១២​ដើម​​​ ដាក់​នៅ​ខៅឡាន​​​​៤ដើម នៅម៉ៃរ៉ូត​ពង្រាយ​​ពី​​ខ្លង​យ៉ៃ​​មក​​ហាតឡិក​​ចំនួន​៦ដើម ​និង​មាន​​នាវា​ចម្បាំង​​​ធុនធំ​ចំនួន​១​គ្រឿង​ ប្រចាំការ​នៅ​ម៉ៃរ៉ូត​ ។ របាយ​ការណ៍​បាន​​បញ្ជាក់​ទៀតថា ក្រៅពី​នោះ​កម្លាំង​ទ័ព​សៀម​នៅ​បាន​ពង្រីក​ទីតាំង​​ឈរជើង​​ ជីកលេណដ្ឋាន​​នៅ​​តាម​ទីតាំង​នីមួយៗ​ជារៀងរាល់​​ថ្ងៃ និង​ដឹក​ស្បៀង​​​តាម​ឧទ្ធម្គាគចក្រ​ដាក់​​​តាម​ចំណុច​​ជួរមុខ ។ ជាគោល​​គំនិត​​របស់​​សៀម គឺចង់​ច្បាម​​យក​ចំណុច​​កម្ពស់​​​៣២៩​ ដើម្បី​​កាត់​ផ្តាច់​​កម្លាំង​អន្តរាគមន៍​​របស់​យើង ទាំង​ផ្លូវ​គោក និង​​ផ្លូវទឹក​ មិន​ឱ្យ​ចូលជួយ​កម្លាំងជួរមុខ​បាន ។​

ទោះបីភាគីសៀម​មាន​ល្បិច​ក្រឡិច​ក្រឡុច​​​​ ផ្ទុយ​ពីកិច្ច​ព្រម​ព្រៀង​​និង​ការ​ចរចា​បែប​នេះ​ក្តី​ ដើម្បី​ឆ្លើយ​តបទៅ​នឹង​​ការ​យក​​ចិត្ត​ទុកដាក់​​របស់​​រាជរដ្ឋា​ភិបាល​​ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន ជាប្រមុខ​ ​​កម្លាំង​​ជួរមុខ​របស់​យើង​បាន​ប្រុង​​ប្រៀប​​​​​រួចជាស្រេច​ក្នុង​ការ​ទប់​ទល់​នឹង​ការ​រំលោភ​ឈ្លាន​​ពាន​ជាយថាហេតុ​ពីសំណាក់​​ទាហាន​​សៀម​​ ដោយ​​​បង្កើន​​ការ​ល្បាត​​ អង្កេត​និង​ឃ្លាំ​​មើល​សកម្ម​ភាព​​ប្រែប្រួល​​​របស់​ខ្មាំង ។ ជាមួយ​នេះ ​​​បង្កើន​បន្ថែម​ប្រព័ន្ធ​លេណ​ដ្ឋាន​​​មានទំហំធំ​​ លេណដ្ឋាន​ចល័ត​ជាច្រើន​​​រយ​ម៉ែត្រ​ រៀបចំ​ទីតាំង​ឈរជើង​​ និង​ផ្លូវ​​ចល័ត​​កម្លាំង​​ត្រៀម​កម្លាំង​អន្តរាគមន៍​របស់​កង​កម្លាំង​​នគរ​បាល​​ដែល​នៅ​ខាង​​ក្រោយ ដោយ​សហការ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​ កងពល​តូច​អន្តរាគមន៍​​លេខ១១​ កងពល​តូច​​ជើង​ទឹក​វាយ​​លើគោក​​លេខ៣​១​ កង​នាវា​ចរ​ណ៍មូល​ដ្ឋាន​រាម​​តំបន់​​ប្រតិបត្តិការ​សឹក​កោះកុង​ កងរាជ​អាវុធ​​ហត្ថ​ និង​​កម្លាំងស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្តកោះកុង ព្រម​ទាំង​សហការជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ប្តូរ​ផ្តាច់​ ហ៊ានពលីជីវិត​ដើម្បី​ជាតិ​​មាតុភូមិ​ ការពារ​សេចក្តី​សុខ​ជូន​ប្រជាពលរដ្ឋ​​និង​ការពារ​បូរណ​ភាព​​ទឹកដី​មិន​ឱ្យ​សត្រូវ​​សៀម​​ឈ្លាន​ពាន​​​​បាន​​សូម្បី​​តែមួយ​មីល្លីម៉ែត្រ​​​ឡើយ ។

លោក​ឧត្តម​សេនីយ៍​​ឯក ឯក ក្រឹត្យ​ បាន​​មាន​​មតិ​ផ្តាំផ្ញើ​​ដោយ​សង្កត់​​​ធ្ងន់​ថា ​​ដើម្បី​ធានា​ដល់​​ការ​ឈរជើង​​ក៏ដូច​​ជាការ​​ប្រយុទ្ធ​​ឱ្យ​មាន​ប្រសិទ្ធភាព​ កងកម្លាំង​ត្រូវ​មាន​​គោល​ការណ៍​យុទ្ធ​សាស្ត្រ​ជាច្រើន​ដូចជា​ លេណដ្ឋាន​​ការពារ​សព្វាវុធ​ លេណដ្ឋាន​​ការពារ​​​សុវត្ថិភាព​ទីតាំង​ផ្ទាល់​ខ្លួន​ លេណដ្ឋាន​​ចល័ត​ កសាង​​កម្លាំង​​​​ផ្តល់​ព័ត៌​មាន​ពីសត្រូវ​ឱ្យ​ច្រើន សហការ​ជាមួយ​អាជ្ញាធរ​ឬកម្លាំង​​សម្ព័ន្ធ​​មេត្រី​​ភាព​ឱ្យ​​បានជាប់​ជាប្រចាំ​ដើម្បី​ធានាដល់​ជីវភាព​​​ប្រចាំថ្ងៃ​ ទំនាក់ទំនង​​ជាមួយ​កម្លាំង​​ពាក់ព័ន្ធ​​ក៏ដូច​ជា​ប្រជាពលរដ្ឋ​​ឱ្យ​បាន​ជិត​ស្និទ្ធ​ ដើម្បី​ធានា​ដល់​​ការ​ប្រយុទ្ធ​​ទទួល​បាន​ជោគជ័យ ប្រសិនបើមានហេតុការណ៍ជា យថាហេតុ ៕