ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហ៍​ភក្តីនាំគ្នា​រត់ពេល​ខាងស្រី​ទារថ្លៃ​ទឹកដោះ​១ម៉ឺន$

12 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​រលកស្នេហ៍​យុវ​វ័យ​​​ដែល​ស្រឡាញ់​​គ្នា​ដល់​ឆ្អឹង ​ហើយខាង​ប្រុស​​បានព្យា​យាម​ចូលស្តី​ដណ្តឹងតាមទំនៀមទម្លាប់​​​ដែរ តែ​​​បាន​ជួប​នូវ​​ព្យុះ​​សង្ឃរា​​ដោយ​សារ​​តែ​​ការ​ទារ​ថ្លៃ​​​ទឹក​ដោះ​ពីខាង​ស្រី​កំណត់​​យក​​​១ម៉ឺន​ដុល្លារ​​ ។ ទី​បំផុត​​បំណង​​​ភ្ជាប់​និស្ស័យ​​តាមច្បាប់​បាន​​ក្លាយ​ជា​​អសារ​ឥតការ​​ ដោយ​បង្ក​ឱ្យ​ពួកគេ​នាំគ្នា​រត់បាត់​​​​ពី​ផ្ទះ តាំងពី​​ថ្ងៃទី២

ខេត្តកំពង់ចាម ៖ ​រលកស្នេហ៍​យុវ​វ័យ​​​ដែល​ស្រឡាញ់​​គ្នា​ដល់​ឆ្អឹង ​ហើយខាង​ប្រុស​​បានព្យា​យាម​ចូលស្តី​ដណ្តឹងតាមទំនៀមទម្លាប់​​​ដែរ តែ​​​បាន​ជួប​នូវ​​ព្យុះ​​សង្ឃរា​​ដោយ​សារ​​តែ​​ការ​ទារ​ថ្លៃ​​​ទឹក​ដោះ​ពីខាង​ស្រី​កំណត់​​យក​​​១ម៉ឺន​ដុល្លារ​​ ។ ទី​បំផុត​​បំណង​​​ភ្ជាប់​និស្ស័យ​​តាមច្បាប់​បាន​​ក្លាយ​ជា​​អសារ​ឥតការ​​ ដោយ​បង្ក​ឱ្យ​ពួកគេ​នាំគ្នា​រត់បាត់​​​​ពី​ផ្ទះ តាំងពី​​ថ្ងៃទី២ មិថុនា ​​​មក​រហូត​ដល់​ថ្ងៃទី៨ ​មិថុនា ​ក៏មិន​ដឹង​ថា ពួកគេ​ទាំង២​​ទៅ​ដល់ទីណា​​នៅឡើយទេ ។ ​គូស្នេហ៍​​ដែលនាំគ្នា​រត់​ដោយ​​សារ​ខ្លាច​​មេបា​បំបែកបំបាក់នេះ ​យុវជន​ឈ្មោះ​ឡុង ​ឌីយ៉ា​ម៉ង់ អាយុ​២០ឆ្នាំ ​និង​នាង​ហយ ស្រីមុំ ​អាយុ​​១៨​ឆ្នាំ ។ ពួកគេ​រស់នៅក្នុង​ភូមិ​បឹង​ដែង​ ឃុំ​ព្រែក​​កក់​ស្រុក​ស្ទឹង​​ត្រង់ ។

​ពាក្យ​ចាស់​លោក​ពោល​ថា «ទូក​ទៅ​​កំពង់​​នៅ» ដែលពេលនេះ​ខាងស្រី​បានចោទ​ខាង​ប្រុស​ថា ​​បានចាប់ពង្រត់ ។ ​ទោះបី​ជា​បែបណា​​អ្នក​​ច្បាប់​និយាយថា ​​ពួកគេ​​ឆោតល្ងង់​​ទេ ដែលនាំ​​​គ្នា​​រត់​ ព្រោះ​​អាយុ​ពួកគេ​​ទាំង​២នាក់ ច្បាប់​ធានាការ​សម្រេច​ចិត្ត​​​របស់ពួកគេ​​ដោយគ្មាន​អ្នកណា​បង្ខិត​បង្ខំ​​បាននោះឡើយ ។

អ្នកស្រី​​មុជ គឹម​ឡង ​អាយុ​៥១ឆ្នាំ ​ជាម្តាយ​​ខាងប្រុស​​​បានរៀបរាប់​ប្រាប់​​កោះ​សន្តិ​ភាព​​​ដោយ​ផ្ទាល់​​​មាត់ថា ​​កូនប្រុស​ពៅរបស់​គាត់​ឈ្មោះ​ឡុង ឌីយ៉ាម៉ង់ ​អាយុ​២០ឆ្នាំ ​​ក្នុងចំណោម​បងប្អូន​​៥នាក់ ​បាន​ដាក់​កាយ​ដាក់​ចិត្ត​ស្រឡាញ់​​នាង​ក្រមុំ​ហយ​ ស្រីមុំ ​អាយុ​១៨ឆ្នាំ ​រស់នៅ​ភូមិជាមួយគ្នា និងមានផ្ទះនៅចម្ងាយ​​​​ពីគ្នា ប្រហែល​​ជា​៤០០​ម៉ែត្រ ។

អ្នកស្រី​​គឹម ឡង​ បានប្រាប់​បន្តថា ​​កូន​ប្រុស ​​​គាត់បាន​​ប្រាប់ថា ​រូបគេពិត​​ជាបាន​ស្រឡាញ់​​​នាង​​ស្រីមុំ​​មែន​​​ ព្រមទាំង​​បានទទូច​ឱ្យគាត់​​​​ចូល​ទៅ​​​ស្តីដណ្តឹង​​តាមប្រពៃណីទៀតផង ។ ​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ ​​​ដោយសារ​​កូនប្រុស​ចេះតែ​ជម្រុញ​​ពេកគាត់​ជា​ម្តាយ ​ក៏​បាន​ទៅ​សួរនាំ​​ម្តាយ​បង្កើត​​របស់នាងស្រមុំ​ ដោយ​បាន​ដំណាល​ប្រាប់ពី​រឿង​កូន​ចៅ​​ដែលស្រឡាញ់គ្នា​​ទៅវិញ​ទៅមក ហើយ​ការ​ចូល​ទៅ​សួរ​នាំ​នេះ​ក្នុង​បំណង​ចង់​ដឹង​ថា តើ​អនុ​ញ្ញាតឱ្យ​​ចូល​ស្តី​ដណ្តឹង​បាន​ដែរ​ឬ​ទេតែប៉ុណ្ណោះ ។

អ្នក​ស្រី​គឹមឡង​បន្តថា ការ​រង់​ចាំ​រហូត​ដល់​ជាង​១០​ថ្ងៃ​ទៅ​ហើយ​មិន​ឃើញ​មាន​ដំណឹង​​ឆ្លើយ​តបសោះ​ ។ ចំណែក​កូន​ប្រុស​របស់​គាត់ចេះ​តែ​ជំរុញ​ឱ្យ​​គាត់​ទៅ​សួរ​នាំ​បន្ត​ទៀត ​នៅ​ទី​បំផុត​ត្រូវ​បាន​ម្តាយ​នាង​បដិ​សេធ​មិន​ព្រម​ឱ្យ​កូន​ស្រី​ទេ​។ ក្នុង​ពេល​ដែល​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏​ទូរ​ស័ព្ទ​ទៅ​ប្រាប់​កូន​ដែល​កំពុង​តែ​រៀន​ធ្វើជាង​មាស​នៅ​ក្រុង​កំពង់​ចាម​ពី​ហេតុ​ផល​ទាំង​នេះ​ដោយ​បាន​ណែនាំ​អបរំឱ្យ​កូន​ប្រុស​គាត់​ខំ​ប្រឹង​រៀន​បន្ត​ទៅ​ទៀត​ នៅ​ថ្ងៃ​ក្រោយ​ម្តាយ​ និង​​ស្តី​ដណ្តឹង​អ្នក​ផ្សេង​​ មិន​ខ្វះ​ទេ ប្រុស​ពេញ​ដី ស្រី​ពេញ​នគរ​។ នៅ​យប់​ថ្ងៃ​ទី​៧ មីនា ២០១១ រូប​គាត់​ និង​ប្តី​ឈ្មោះ​ឡុង រ៉េត អាយុ​៥៧​ឆ្នាំ បាន​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​នៅ​មុខ​សាលា​ស្រុក​ស្ទឹង​ត្រង់​ ព្រម​ទាំង​បាន​រាំ​លេង​កំសាន្ត​សប្បាយ​ជា​មួយ​អ្នកស្រុក​ជា​ច្រើន​នាក់​រហូត​ដល់​ម៉ោង​ប្រហែល​ជា​១០​យប់​ ទើប​មក​ដេក​។ ពេល​ព្រឹក​ឡើង​ត្រូវ​បាន​ម្តាយ​ខាង​ស្រី​ទូរ​ស័ព្ទ​មក​ប្រាប់​គាត់​ថា កូនៗ​បាន​នាំ​គ្នា​ទៅ​ដល់​ខេត្ត​រតន​គិរី​ហើយ ព្រោះ​តែ​ខ្លាច​បំបែក​បំបាក់ ។ ចំណែកស្ត្រី​ឈ្មោះ​សៀក​ លីវ ជា​ម្តាយ​ស្រី​មុំ បាន​ន​ិយាយ​លួង​លោម​​​​តាម​ទូរ​ស័ព្ទ​អង្វរ​ដល់​កូន​ស្រី​ឱ្យ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​គាត់​នឹង​រៀប​ការ​ឱ្យ។

ស្ត្រី​ជាម្តាយ​ខាង​ប្រុស​បន្ត​ថា លើក​ទី​១​បាន​ពង្រត់​គ្នា​ទៅ​ស្នាក់​នៅ​ស្រុក​ពញា​ក្រែក​អស់​រយៈ​​ពេល​៥​ថ្ងៃ​ត្រូវ​ម្តាយ​ខាង​ស្រី​ហៅ​មក​វិញ​ដោយ​សន្យា​រៀប​ការ​ឱ្យ។ ក្នុង​ពេល​ដែល​ស្នាក់​នៅ​ផ្ទះ​បង​ប្អូន​នា​ស្រុក​ពញា​ក្រែក​នោះ​ កូន​ប្រុស​ និង ​នា​ង​ស្រី​មុំ​បាន​ទៅកាន់​សាលា​ឃុំ​ក្រែក​ដើម្បី​បំភ្លឺ​ប្រាប់​ពី​ហេតុ​ផល​ដែល​ពួក​គេ​​បាន​ស្រឡាញ់​គ្នា​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​នេះ ហើយ​ការ​ដែល​ចាក​ចេញ​ពី​ផ្ទះ​នេះ​មិន​មាន​ការ​បង្ខិត​បង្ខំ​ពី​ខាង​ណា​នោះ​ទេ គឺ​មាន​ការ​ព្រម​ព្រៀង​ទាំង​សង​ខាង និង​​ត្រូវ​បាន​លោក​មេឃុំ​ក្រែក​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ផង​ដែរ​នា​ថ្ងៃ​ទី​១១ ឧសភា ២០១១​។ បន្ទាប់​មក​ពួក​គេ​ទាំង​២​នាក់​បាន​វិល​ត្រឡប់​មក​វិញ​ដោយ​មាន​ការ​ត្រេក​អរ​ និង​បាន​ចូល​ទៅ​បំភ្លឺ​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ស្ទឹង​ត្រង់​ ​ទៅ​ដូច​នៅ​សាលា​ឃុំ​ក្រែក​ដែរ​។ ក្រោយ​មក​ទៀត​គាត់​បាន​ចូល​ស្តី​ដណ្តឹង​ ហើយ​ត្រូវ​បាន​ម្តាយ​ឪពុក​ខាង​ស្រី ទារ​ថ្លៃ​ទឹក​ដោះ​ចំនួន​១មឺុន​ដុល្លារ​ ដោយ​មាន​អ្នក​ភូមិ​ប្រហែល​ជាង​២០​នាក់​ទៅ​ចូល​រួម​ផង​ដែរ​។ តម្លៃ​ទឹក​ដោះនេះ ​គាត់​ និង​ប្តី​បានដក​ថយ​សុំ​មក​ពិចារណា​សិន​ និង​ឱ្យ​ត្រឹម​តែ​៦.០០០​ដុល្លារ​ តែខាង​ស្រី​មិន​ព្រម​ ទី​បំផុត​មក​ត្រូវ​គ្នា​ក្នុង​តំលៃ​៧.១៦៨​ដុល្លារ​មាន​ម៉ូតូ​១​គ្រឿង និង​តូប​លក់​ដូរ​១​សរុប​ទៅ​១​ម៉ឺន​ដុល្លារ​។ មក​ដល់​ថ្ងៃ​ទី​២ មិថុនា​ ២០១១ នាង​ស្រី​មុំ​បាន​សួរ​នាំ​រឿង​ថ្ងៃ​ភ្ជាប់​ពាក្យ​​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​៥ មិថុនា យក​សំអាង​ការមួយ​ណា​? ពេល​នោះ​​ឪពុក​ចុង​នាង​ឈ្មោះ​ស ស្រ៊ី ទះ​កំផ្លៀង​នាង​ឡើង​ខៀវ​មុខ។​ ហេតុ​តែ​ឈឺ​ពេក​នាង​បាន​រត់​មក​ផ្ទះ​របស់​​គាត់​នៅ​ក្បែរ​ផ្សារ​ស្ទឹង​ត្រង់​ ហើយឪពុក​ចុងនាង​បាន​​តាមមក​​រក​រឿង​ទៀត​រហូត​ដល់​នាង​មាន​ការ​ភិត​ភ័យ​បាន​ផ្លោះ​តាម​បង្អួច​រត់​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​។ ក្រោយ​មក​បែ​រ​ជា​ម្តាយ​ឪពុក​ខាង​ស្រី​ចោទ​ប្រកាន់​ថា កូន​ប្រុស​គាត់​ឈ្មោះ​យ៉ា​ម៉ង់​ពង្រត់​កូន​ក្រមុំ​គេ​មិន​ទាន់​គ្រប់​អាយុរៀប​ការ​ទៅ​វិញ​។

លោក​ជា ធារិទ្ធ​ អធិការ​នគរ​បាល​ស្រុក​ស្ទឹង​ត្រង់​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ក្នុង​ករណី​ខាង​លើ​នេះ​តាម​ពិត​គូ​ស្នេហ៍​ទាំង​២​នាក់​បាន​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​មាន​ការ​បង្ខិត​បង្ខំ​ពី​ខាង​ណា​នោះ​ទេ ហើយ​ការ​ដែល​នាំ​គ្នា​រត់​នេះ គឺ​ដោយ​សារ​តែ​រង​សំពាធ​ពី​គ្រួសារ​ខាង​ស្រី​។ ថ្មីៗនេះ​យុវ​ជន​ឈ្មោះ​យ៉ាម៉ង់​ និង​នាង​ឈ្មោះ​ស្រី​មុំ​បាន​ធ្វើ​លិខិត​បំភ្លឺ​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ស្ទឹង​ត្រង់​ថា ពួកគេ​ពិត​ជា​បាន​ស្រឡាញ់​គ្នា​ដោយ​ស្មោះ​មែន ហើយ​ការ​ដែលគ្រួសារ​​ខាង​ស្រី​ចោទ​ប្រកាន់​ថា ចាប់​ពង្រត់​អនីតិ​ជន​នោះ​ពិត​ជា​មិន​ត្រឹម​ត្រូវ​ឡើយ។

កូន​កំលោះ កូន​ក្រមុំ​នាំ​គ្នា​រត់​បាត់​មុន​ថ្ងៃ​ចូល​រោង​ការ​នៅ​ខេត្ត​កំពង់​ឆ្នាំង​

កូន​កំលោះ កូន​ក្រមុំ​មួយ​គូ​បាន​នាំ​គ្នា​រត់​បាត់​មុន​ថ្ងៃ​ចូល​រោង​ការ​ ​ធ្វើ​ឱ្យ​​ឪពុក​ម្តាយ​ខាង​ស្រី​រង​ក្តី​អាម៉ាស់ និង​មាន​ការ​ព្រួ​យ​បារម្ភ​ពី​សុវត្ថិ​ភាព​របស់​កូន​ស្រី​ផង​ដែរ​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ភូមិ​អាឡែង ឃុំ​ជ្រៃ​បាក់​ ស្រុក​រលា​ប្អៀរ​។ តាម​​ស្ត្រី​ឈ្មោះ​ហេង សឿន ជា​ម្តាយ​កូន​ក្រមុំ​បានមក​​​ប្រាប់​លោក​មេ​ភូមិ​អាឡែង កាល​ពី​ល្ងាច​ថ្ងៃ​ទី​៦ មិថុនា ថា កូន​ស្រី​គាត់​ឈ្មោះ​ធំ សឿន អាយុ​២២​ឆ្នាំ ត្រូវ​បាន​លើក​ទៅ​ឱ្យ​កូន​កំលោះ​​ឈ្មោះ​សុក ផល្លា អាយុ​២១​ឆ្នាំ មាន​​ទី​លំនៅក្នុង​​ខេត្ត​កណ្តាល​ ហើយ​នឹង​រៀប​ការ​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា​ ខាង​មុខ​នេះ ប៉ុន្តែ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​នាំ​គ្នា​រត់​ចោល​រោង​ការ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ខណៈ​ដែល​មាន​រឿង​ក្នុង​គ្រួសារ​បន្តិច​បន្តួច។

ស្ត្រី​ជា​ម្តាយ​បន្តថា ខាង​កូន​កំលោះ​បាន​ប្រគល់​ប្រាក់​៩០០​ដុល្លារ​ដើម្បី​រៀប​ចំ​មង្គល​ការ​ ហើយ​គាត់​បាន​យក​ប្រាក់​នោះ​ទៅ​កក់​ថ្លៃ​តុ​ រោង​ ផ្នួង និង​ចុង​ភៅអស់​ទៅ​ហើយ​ លើស​ពី​នេះទៀត​ក៏​ហុច​សំបុត្រ​ការ​​ហៅ​ភ្ញៀវ​រួច​អស់​ហើយ​ដែរ ប៉ុន្តែ​ឥឡូវ​ពួក​គេ​បែរ​ជា​រត់​ចោល​រោង​ការ​ទៅ​វិញ​។ ចំពោះ​មូល​ហេតុ​គាត់​មិន​ច្បាស់​ទេ ប៉ុន្តែ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​គាត់​បាន​ឱ្យ​កូន​កំលោះ​ឈ្មោះ​សុក ផល្លា ទៅ​ឯ​ស្រុក​​ធ្វើ​សំបុត្រ​បញ្ជាក់​ពី​មូល​ដ្ឋាន​ដើម្បី​រៀប​ការ​ ហើយ​ស្រាប់​តែ​នៅ​ថ្ងៃ​ទី​១ មិថុនា លោក​ម៉ូវ សារឹម និង​លោក​ស្រី​​ឈុន វណ្ណា​ ដែល​ជា​ដន្លង​របស់​គាត់ និង​ត្រូវ​ជា​ម្តាយ​ឪពុក​ខាង​ប្រុសបាន​ទូរ​ស័ព្ទ​មក​សួរ​គាត់​ថា ឃើញ​កូន​ប្រុស​គាត់​ឈ្មោះ​សុក ផល្លា​ ហៅ​ជា ​មក​ទេ វា​បាន​យក​ម៉ូតូ​ម៉ាកស្មាស់មួយ​គ្រឿង​ចេញ​ទៅ​ដោយ​ប្រាប់​​ថា ទៅ​ទិញ​ទឹក​កក ប៉ុន្តែ​បាត់​១​ថ្ងៃ​ហើយ។

ស្ត្រី​ជា​ម្តាយកូន​ក្រមុំ​​រៀប​រាប់​ទៀត​​ថា ក្រោយ​មក​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ក៏​បាន​ឃើញ​​អនាគត​កូន​ប្រសាគាត់​មក​​ដល់​​ផ្ទះ​គាត់​ ភ្លាមនោះ​​គាត់​ក៏​បាន​ប្រាប់ថា ​កូន​ឯង​យកម៉ូតូ​​ឱ្យឪពុក​ម្តាយវិញទៅ ​បើ​​ខ្វះ​លុយ​រត់​ការ​ច្បាប់​​ចាំ​ម្តាយ​ឱ្យ ។ ខណៈ​ដែលគាត់​​កំពុង​ស្តី​​បន្ទោស​​​ និងណែ​នាំ​កូន​កំលោះ​​​ ស្រាប់​តែ​​​កូន​ស្រី​គាត់​ឈ្មោះធំ ​សឿន​ ខឹង​ ​ហើយ​រត់ឡើង​លើ​ផ្ទះ ពេល​នោះ​កូនស្រី​គាត់ម្នាក់ទៀត​ឈ្មោះ​​​ធំ សួន ​ដែល​ជា​​បង​​​​បាន​ស្តី​ឱ្យ​ថា ​ម៉ែ​កំពុង​ស្តី​ប្រដៅ​​​ហេតុ​អីមិនស្តាប់ ហើយ​​​​ក៏​មាន​ការ​ទាស់​សម្តី​ គ្នា។ លុះព្រឹក​ឡើង​ថ្ងៃទី៣ ​មិថុនា ​​អនា​គត​​កូនប្រសា​​គាត់​ឈ្មោះ​​សុក ផល្លា ​បានជិះ​ម៉ូតូ​ម៉ាក​ស្មាស់​​ជា​របស់​ឪពុក​​គេចេញ​បាត់ទៅ ​ចំណែក​​កូន​ស្រី​គាត់​ដែល​ជាកម្មករ​រោង​ចក្រ M&V ​ក៏​បាន​ជិះ​រថយន្ត​​ទៅធ្វើការ​​​នៅ​រោង​ចក្រ​ដែរ ប៉ុន្តែ​​​មិន​នឹក​ស្មាន​ថា ពួកគេ​​ណាត់ជួប​គ្នា​​​នៅភូមិ​ទួល​ក្រឡាញ់​​ ហើយ​ក៏នាំគ្នា​រត់ចោល​រោង​ការ​តែ​ម្តង។

​តាម​ការសន្និដ្ឋាន​​របស់​អ្នក​ស្រី​ហេង សឿន គឺទី១-កូនកំលោះ​​ឈ្មោះ សុក​ ផល្លា ​​បាន​លួច​​យកម៉ូតូ​ពីឪពុក​ម្តាយ លុះ​​មក​ជួបគាត់​ប្រដៅ​ឱ្យ​យកម៉ូតូទៅ​ឱ្យ​ឪពុក​ម្តាយ​វិញ ក៏​កើត​​ចិត្ត​ខឹង​​ និងទី២-​កូនស្រី​គាត់​ដែលត្រូ​វ​ចូល​រោង​ការ​ខឹងនឹងគាត់​​​ស្តីប្រដៅ​ និងឈ្លោះ​​ជា​មួយបង​ស្រី​​ទើបទាំង​២នាក់​ចិត្ត​ហួស​​ប៉ែត ​រត់​មិន​ព្រម​វិល​មក​រៀប​ការ​​បែបនេះ ។ ​រហូត​មកដល់​ល្ងាច​ថ្ងៃទី៨ ​មិថុនា ការ​​ទាក់​ទង​ទៅ​ដន្លង​​ខា​ងប្រុស​​​គឺ​មិន​ឃើញកូនទាំង​២​​នាក់​ដដែល ​សូម្បី​តែ​​​ពួកគេ​​​មានទូរស័ព្ទ​​​​ប្រើ ក៏មិន​អាច​ទាក់​ទង​បានដែរ។ ទី​បំផុត​ឪពុក​ ម្តាយ​​បង​ប្អូន​បាន​ត្រឹម​ដើរ​ប្រាប់​ភ្ញៀវ​វិញ​តែ​ប៉ុណ្ណោះ៕