ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​​ដើម្បី​ភាព​ញញឹម​​នៃកុមារ​​(PSE) ​និង​​ក្រុមហ៊ុន​​Smart​ Mobile​ ប្រារព្ធពិធី​ដាំកូនឈើ​ដើម្បី​អបអរសាទរ​ទិវាបរិស្ថាន​ពិភព​លោក​៥​ មិថុនា ឆ្នាំ២០១១

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កាលពីព្រឹក​ថ្ងៃទី​៤ មិថុនា ​​អង្គការ​ដើម្បី​​ភាពញញឹម​​នៃកុមារ​(PSE) សហការជាមួយ​ក្រុម​ហ៊ុន​ទូរស័ព្ទ​​ Smart Mobile ​បានប្រារព្ធ​​ពិធី​ដាំកូន​ឈើ​​ដែល​ប្រព្រឹត្ត​ទៅ​​នៅ​ក្នុង​បរិវេណ​​​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូវ័ន​​ ដើម្បី​​អបអរ​សាទរ​ទិវា​បរិស្ថាន​ពិភព​លោក​៥ មិថុនា​

រាជធានីភ្នំពេញ​ ៖ កាលពីព្រឹក​ថ្ងៃទី​៤ មិថុនា ​​អង្គការ​ដើម្បី​​ភាពញញឹម​​នៃកុមារ​(PSE) សហការជាមួយ​ក្រុម​ហ៊ុន​ទូរស័ព្ទ​​ Smart Mobile ​បានប្រារព្ធ​​ពិធី​ដាំកូន​ឈើ​​ដែល​ប្រព្រឹត្ត​ទៅ​​នៅ​ក្នុង​បរិវេណ​​​វិទ្យាល័យ​ហ៊ុនសែន​ជម្ពូវ័ន​​ ដើម្បី​​អបអរ​សាទរ​ទិវា​បរិស្ថាន​ពិភព​លោក​៥ មិថុនា​។​

បុគ្គលិក​​របស់​អង្គការ​​​ដើម្បី​​ភាពញញឹម​​នៃ​កុមារ​ និង​បុគ្គលិក​​ក្រុម​​ហ៊ុន​ទូរស័ព្ទ​​ Smart Mobile បាន​នាំយក​​កូន​ឈើ​ចំនួន​​៧៨​ដើម​មក​ដាំ​​ ដែល​​ក្នុង​នោះ​មាន​កូន​ឈើ​​៣ប្រភេទ​​ខុសៗ​​គ្នា​​​​រួម​មាន​​ ដើមលឿង​រាជ​​ចំនួន​២៦ដើម​ ដើម​ត្របែក​​​ព្រៃចំនួន​២៦ដើម និង​ដើម​​ជម្ពូ​វ៉ាន់​ធិបចំនួន​​២៦​ដើម ។ នាឱកាស​​នោះ​ ក៏មានការ​ចូលរួម​ពី​សំណាក់​​​លោក​គ្រូ អ្នកគ្រូ​ ព្រមទាំង​​សិស្សា​នុសិស្ស​​​នៃអនុវិទ្យាល័យ​ហ៊ុន​សែនជម្ពូវ័ន​យ៉ាង​​ច្រើន​កុះករ​ផងដែរ ។​

ពិធី​ដាំកូន​​ឈើ​នេះ​បង្កើត​​ឡើង​​ក្នុង​គោល​បំណង​​៣គឺ​​​ ទី១-ដោយសារ​​កាលពី​ថ្ងៃទី​១​​និង​ទី២​ ខែមេសា ឆ្នាំ​២០១០​កន្លងមក​ អង្គការ​​ដើម្បី​​​ភាពញញឹម​​នៃកុមារ​ បាន​​បង្កើតកម្ម​វិធី​​រាត្រី​​​​សប្បុរស​ធម៌​មួយ​ដែល​​​តម្រូវ​​ឱ្យ​មាន​ការ​​ប្រើ​ប្រាស់​​​ផលិត​ផល​ពីប្លាស្ទិក​ និង​​ក្រដាស​ច្រើន​​ ដើម្បី​​ធ្វើ​ជា​ប័ណ្ណ​ផ្សព្វ​ផ្សាយ​​​ក៏ដូចជា​​ផ្ទាំង​ផ្សព្វ​ផ្សាយ​​​​នានា​តាម​ទីសាធារណៈ​ ហើយ​ដែល​កាក​​សំណល់​​​ពីការ​​ប្រើ​ប្រាស់​​វត្ថុ​ទាំង​​នោះ​ជាកត្តា​​​រួម​ចំណែក​​ឱ្យ​​មាន​ការបំពុល​បរិស្ថាន​ ។ ទី២-​​ដើម្បី​​អបអរ​​សាទរ​​​ទិវា​បរិស្ថាន​ពិភព​លោក​ ៥មិថុនា។ ទី៣-​​ដើម្បី​ជាឱកាស​​​រឹតពង្រឹង​​ស្មារតី​ក្រុម​​ការងារ​ក្នុង​សកម្ម​ភាព​សង្គម​​​នានា និង​ការ​យល់​ដឹង​ពីបរិស្ថាន​ ។ ហេតុដូច្នេះ​ ហើយ​ការ​ប្រារព្ធ​​ពិធី​ដាំកូន​​ឈើ​​នៅ​ថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១១​ គឺដើម្បី​​ចូលរួម​​កាត់​បន្ថយ​​ការ​បំផ្លាញ​​ធនធាន​ធម្មជាតិ​ និង​ដើម្បី​សង​​មក​វិញ​នូវ​រាល់​​ការ​ប៉ះពាល់​​ដល់​បរិស្ថាន​​ និងធម្ម​ជាតិ​ ។

នេះជាលើកទីមួយ​ហើយ​ ដែល​អង្គការ​​​ដើម្បី​ភាពញញឹម​នៃកុមារ​បាន​​ប្រារព្ធ​​​ពិធីដាំកូនឈើ​​​ដើម្បី​អបអរសាទរ​ទិវា​បរិស្ថាន​​ពិភព​លោក​ ។ ទោះបីជាយ៉ាងនេះក្តី​ ជានិច្ចកាល​​​​​អង្គការ​ដើម្បី​ភាពញញឹម​​នៃកុមារ​​​តែងតែមាន​ការ​​ដាំដើមឈើ​ក្នុង​បរិវេណ​​អង្គការ​​​របស់​ខ្លួន​​ដើម្បី​ជាប្រយោជន៍​​​​ក្នុង​ការ​ចូលរួម​ការពារ​​បរិស្ថាន ​ព្រមទាំង​ដើម្បី​បង្កើនភាព​​ស្រស់​បំព្រង​នៅក្នុង​អង្គការ ។​

សូមបញ្ជាក់​ថា អង្គការ​​ដើម្បី​​​ភាពញញឹម​​នៃកុមារ ​(Pour un Sourire d’Enfant ) ត្រូវ​បាន​​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៣​ ដោយ​លោក​ Christian ​និង​អ្នក​ស្រី​ Marie-France des Pallieres ។ អង្គការ​​ដើម្បី​​ភាព​ញញឹម​​នៃកុមារ​(PSE) ជាអង្គការ​មិន​ប្រកាន់​និន្នាការ​​នយោ​បាយ​​និងមិន​ប្រកាន់​សាសនា ។ គោល​​ដៅចម្បង​​របស់​អង្គការ​ គឺជួយ​ដល់​កុមារ​ដែល​បាត់បង់​​​ឱកាស​ក្នុង​ការ​​សិក្សា​ ក្រីក្រ​រស់​នៅ​​​លើ​គំនរ​សំរាម​​ស្ទឹង​មានជ័យ​ ដោយ​ផ្តល់​​នូវ​ការ​អប់រំ​​ចំណេះ​​​ដឹងទូទៅ និងការ​​បណ្តុះបណ្តាល​ជំនាញ​​វិជ្ជា​ជីវៈ​មួយ​ដ៏ពិត​ប្រាកដ​ ការការពារ​និង​ការ​ថែ​ទាំ​សុខ​ភាព ៕​