ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋា​ភិបាល​​ថៃភូត​​កុហក​អំពីការ​គោរព​​សាល​ដីកា​​តុលា​ការ​​ក្រុង​ឡាអេ

12 ឆ្នាំ មុន

ក្នុង​លិខិត​​ចុះ​ថ្ងៃទី១០ សីហា ឆ្នាំ២០១០ របស់នាយក​​រដ្ឋ​មន្ត្រី​ថៃ លោក​អាប់ភីស៊ីត ​វេចា​ជីវ៉ា ​ជូនទៅ​​លោក Vitaly Churkin ​ប្រធាន​​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​​​អង្គ​ការ​សហ​ប្រជា​ជាតិ ​និង​​​លោកបណ្ឌិត Ali Abdussalam ​ប្រធាន​​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ បាន​បញ្ជាក់​​​ឡើង​វិញ​ពីការ​ទទួល​​ស្គាល់ ​និងការ​ទទួល​យក​របស់​ថៃ

ក្នុង​លិខិត​​ចុះ​ថ្ងៃទី១០ សីហា ឆ្នាំ២០១០ របស់នាយក​​រដ្ឋ​មន្ត្រី​ថៃ លោក​អាប់ភីស៊ីត ​វេចា​ជីវ៉ា ​ជូនទៅ​​លោក Vitaly Churkin ​ប្រធាន​​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​​​អង្គ​ការ​សហ​ប្រជា​ជាតិ ​និង​​​លោកបណ្ឌិត Ali Abdussalam ​ប្រធាន​​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ បាន​បញ្ជាក់​​​ឡើង​វិញ​ពីការ​ទទួល​​ស្គាល់ ​និងការ​ទទួល​យក​របស់​ថៃ ​ចំពោះ​​សាល​ដីកា​ថ្ងៃទី១៥ ​មិថុនា ឆ្នាំ ១៩៦២ ​របស់តុលា​ការ​​​យុត្តិ​ធម៌​អន្ត​រជាតិ ​រួម​ជា​មួយ​​និង​ការ​​ប្រកាស​របស់​លោក​ Alaio Pellet ​ជា​មេធាវី​តំណាង​ប្រទេស​ថៃ ​​បាន​ប្រាប់​តុលា​ការ​​ឡាអេ​ថា ​ថៃព្រម​ទទួល និង​អនុវត្ត​​ទៅ​តាម​សាល​ដីកា​​ឆ្នាំ១៩៦២ ​ដែល​បានកំណត់​ថា «​ប្រាសាទ​​​ព្រះវិហារ និងតំបន់​ជុំ​វិញ​ប្រាសាទ​​ជា​​កម្ម​សិទ្ធិ​​របស់កម្ពុជា» ។

​​ខណៈ​ពេល​ដែល​ពិភព​លោក​បានទទួល​ស្គាល់​ថា ​​ប្រា​សាទព្រះវិហារ គឺជ​ាសម្បត្តិ​​បេតិ​ក​ភណ្ឌ​​របស់កម្ពុជាពិតៗ ​ហើយ​ថៃ​ក៏បានទទួល​ស្គាល់​​ជា​ឧឡារិក​ថា ប្រាសាទ​ព្រះវិហារ ​និង​តំបន់​ជុំ​វិញ​ប្រា​សាទ​​​ ស្ថិត​ក្រោម​​​អធិបតេយ្យ​​របស់​​កម្ពុជា​ដោយ​ថៃ​​បានទទួលយកសេចក្តី​សម្រេច​​​ថ្ងៃទី១៥ ​មិថុនា ឆ្នាំ១៩៦២ របស់​តុលា​ការ​​យុត្តិធម៌​​អន្ត​រ​ជាតិ ។
​ចាប់​តាំងពី​ឆ្នាំ១៩៦២ រហូត​ដល់​ឆ្នាំ​២០០៨ ​គឺ​ថៃ​ទទួល​​យកសាលដីកា​របស់តុលា​ការ​អន្ត​រ​ជាតិ​​ដោយមិនបាន​លើកឡើង​នូវការ​ទាម​ទារ​​​សិទ្ធិ​​គ្រប់គ្រង​​តំបន់​ដែលគេហៅថា ​៤,៦​គីឡូ​ម៉ែត្រការ៉េ​នោះទេ ។ ​ទើប​តែឆ្នាំ​២០០៨-២០០៩ និង​ឆ្នាំ​២០១០ ​ថៃ​បាន​ឈ្លាន​ពាន​កម្ពុជា ដោយ​ប្រើ​ផែនទី​សម្ងាត់​​ផ្ទាល់ខ្លួន​ ជាផែនទី​ចោរ គ្មាន​អន្តរ​ជាតិ​ណា​ទទួលស្គាល់ ដោយ​ធ្វើ​ការ​ទាម​ទារ​​​យក​តំបន់​៤,៦​គីឡូ​ម៉ែត្រ​ការ៉េពីទឹកដីកម្ពុជា​ទៅ​វិញ ។

ថ្វី​បើ​សាលដីកា​នៅពេលនោះ​ មិន​បាន​និយាយ​​ពីព្រំ​ដែន តែ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា ​ប្រាសាទ​​ព្រះវិហារនៅ​ក្រោម​អធិបតេយ្យ​​ភាព​កម្ពុជា ហេតុដូចនេះ ​ថៃត្រូវដកកង​ទ័ព​ នគរ​បាល​ ឆ្មាំ ​អ្នកយាមផ្សេងៗទៀតចេញ​​ពីតំបន់​ប្រាសាទ​ព្រះវិហារ ​​និងតំបន់​ជិតប្រាសាទ​ព្រះ​វិហារ ។

ដូច​នេះ​​ការ​លើក​ឡើង​ពីការគោរព​​​សាល​ដីកា​ក្រុងឡា​អេ (១៩៦២) ​គ្រាន់​តែ​ជាការភូត​កុហក ដើម្បី​បោក​បញ្ឆោត​​បំភ័ន្ត​​សា​ធារណ​​មតិ​​ជាតិ ​និង​អន្តរ​ជាតិ​របស់រដ្ឋាភិបាល​ថៃ​ប៉ុណ្ណោះ ។ ​នយោ​បាយ​​ក្រឡិច​ក្រឡុច​របស់​រដ្ឋាភិបាល​​ថៃ ​កំពុង​ដើរ​​លើគន្លង​​​ផ្លូវ​នៃ​ការធ្វើអត្ត​ឃាត​​នយោ​បាយ​​ខ្លួន​ឯង ​ស្តែ​ងឡើង​​តាមរយៈ​​ការភូត​កុហក​​​ពី​ការ​ទទួល​ស្គាល់​សាល​ដីកា​ក្រុង​ឡាអេ ​​ហើយ​បែរ​ជា​ទាមទារ​តំបន់​៤,៦​គីឡូម៉ែត្រ​ការ៉េ ​​តាម​ផែន​ទី​ចោរឯកតោ​ភាគី​នោះ​ទៅ​វិញ ។ ថៃគួរ​យល់​ឱ្យ​ច្បាស់​ថា ​សេចក្តីសម្រេច​របស់​តុលា​ការ​អន្តរ​ជាតិ (ICJ) គឺផ្អែកលើ​ផែនទី​ឧបសម្ព័ន្ធ​១ ដែល​ធ្វើ​ដោយគណៈ​​កម្មាធិការ​ចម្រុះ​​បារាំង-សៀម ​ស្រប​តាម​អនុ​សញ្ញា​​ និងសន្ធិសញ្ញា​​ឆ្នាំ​១៩០៤-១៩០៧ បានបង្ហាញ​​​យ៉ាង​ច្បាស់​​ថា គ្មាន​ទេ​តំបន់​៤,៦ គីឡូម៉ែត្រ​ការ៉េនោះ ។

​ដូច្នេះ​ទឡ្ហីករណ៍​ជា​ច្រើន​​បានបញ្ជាក់ពី​សម្មតិ​កម្ម​រួចជា​ស្រេច​ដែល​អាច​ឱ្យឥស្សរ​ជន​នយោ​បាយ​​វប្បធម៌ ប្រវត្តិសាស្ត្រ ​និង​អ្នក​ច្បាប់​ថៃ ​ងាយ​​នឹង​ស្វែង​យល់​ពីអ្វី​ជាយុត្តាធិការ​ច្បាប់ និង​ការ​កាន់កាប់​​គ្រប់គ្រង​​ជាក់ស្តែងនៃប្រាសាទ ​ព្រះវិហារ​​​ និងតំបន់​ជុំវិញ​​ដោយកម្ពុជា​នោះ ។

​​អង្គការបេតិកភណ្ឌ​ពិភពលោក (UNES-CO) ​បានសម្រេច​​ចុះបញ្ជី​​ប្រាសាទ​ព្រះវិហារ​​​របស់​កម្ពុជា​ចូល​​ក្នុងបញ្ជី​បេតិ​កភណ្ឌ​ពិភព​លោក​នៅ​ទី​ក្រុង​​​កេ​បិច ​​ប្រទេស​កាណាដា ​កាលពីថ្ងៃទី​៧ ​កក្កដា ​ឆ្នាំ​២០០៨ ​។ ក្រោម​អនុសញ្ញា​​បេតិ​ក​ភណ្ឌ​​ឆ្នាំ១៩៧២ ស្តីពីការ​ថែរក្សា​​​សម្បត្តិ​​វប្ប​ធម៌ ​បេតិ​កភណ្ឌ​ពិភព​លោក គឺ​មានតែ​រដ្ឋ​​ភាគី​ដែល​ជា​​ម្ចាស់​​បេតិកភណ្ឌ​​​​ធម្ម​ជាតិ​​​ និងវប្បធម៌​​ទេ មាន​សិទ្ធិ​ដាក់​​ស្នើ​​សម្បត្តិ​​បេតិក​ភណ្ឌ​​របស់​ខ្លួន​​សម្រាប់​​ចុះ​ក្នុងបញ្ជីបេតិ​កភណ្ឌ​ធម្មជាតិពិភព​លោក​ ឬ​បញ្ជី​បេតិក​ភណ្ឌវប្បធម៌​​​ពិភពលោក​បាន ។

​ក្រោយពីការ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​​​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​​ពិភព​លោក​បាន​តែប៉ុន្មាន​​​ថ្ងៃ​ប៉ុណ្ណោះ ​ថៃ​បាន​ប្រើកម្លាំង​យោធា​​វាយ​ឈ្លាន​​ពាន​ក្នុង​អធិបតេយ្យ​​​ភាព​របស់កម្ពុជា​គិត​ចាប់ពី​ថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ ​រហូត​មក​ទល់​បច្ចុប្បន្ន​​ ជាច្រើន​លើក​ច្រើនសា​ដោយ​​យុទ្ធ​នា​ការ​​យោធា​ទ្រង់ទ្រាយធំ ទាំងគោល​ដៅ​យោធា ​និងគោល​ដៅ​​ស៊ីវិលក្នុង​តំបន់​ជា​ច្រើន​តាម​បណ្តោយ​​​ព្រំ​ដែន​​កម្ពុជា-ថៃ ​ដែលបាន​​បង្ក​​ឱ្យ​​មាន​មនុស្ស​ស្លាប់ និងរបួស​​ជាច្រើននាក់ រួម​ទាំង​​ជន​ភៀស​​​សឹក​រាប់ម៉ឺន​នាក់ ត្រូវ​បង្ខំ​ចិត្ត​​ចាក​​ចោល​ផ្ទះសម្បែង​ ដើម្បី​​រត់គេ​ច​ចេញ​ពី​ការបាញ់​​ប្រហារដោយ​​អាវុធ​​​ធុនធ្ងន់ ​រាប់ម៉ឺន​​គ្រាប់បាញ់ ​ស្រោច​​ជញ្ជ្រុំ​មកលើ​ទឹក​ដីកម្ពុជា ។

​​ការ​ឈ្លាន​ពាន​ទាំង​កម្រោល​ម្តង​ហើយ​ម្តង​ទៀត ​​មកលើ​អធិបតេយ្យ​​ភាព​របស់កម្ពុជា​​ត្រូវ​​បាន​​​អ្នក​តាម​ដាន​ស្ថានការណ៍​​នយោ​​បាយ​កម្ពុជា-ថៃ មើល​ឃើញ​​យ៉ាង​​ជាក់​ច្បាស់​ថា ​​ដើមចម​នៃ​ការ​ឈ្លានពាន​លើ​អធិបតេយ្យ​ភាព​កម្ពុជា​គឺ​មិន​បណ្តាល​មកពី​កម្ពុជា​ដាក់ប្រា​សាទ​ព្រះវិហារ​​ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​​​​ពិភព​លោក​នោះទេ ពោលគឺ ថៃ​​កំពុង​ចាត់​ទុក​​កម្ពុជា​​ជា​ចំណាត់ខ្មាំង​​​នៃ​វិបត្តិ​នយោ​បាយ​​ដ៏ធ្ងន់​ធ្ងរ​​របស់ខ្លួនទៅវិញ​ទេ ។

​​ថៃ​កំពុង​​ប្រើ​យន្ត​ការសង្គ្រាម​​ ដើម្បី​ទន្ទ្រាន​​ចង់​កាន់​កាប់​​ទឹក​ដីកម្ពុជា​ទាំងកំរោល​​ដោយ​អនុ​វត្ត​​​នូវមហិច្ឆតា​​​​នយោ​បាយ​​ខ្ទប់ទ្វារវាយ​កម្ពុជា ​ដែល​ឈ​រ​លើ​មូលដ្ឋាន​ផែនទី​​ចោរឯកតោ​ភាគី។

ដោយ​ងប់​ងល់​នឹង​មហិច្ឆតា​​​​វាទទី​​និយម​​បែប​នេះ​​ ថៃ​កំពុង​បង្ហាញ​​នូវភាព​គឃ្លើនរបស់ខ្លួន​ឱ្យ​​ពិភព​លោក​មើលឃើញថា ​​ថៃ​មិនគោរព​​គោល​ការណ៍​​ និងស្មារតី​​ធម្ម​នុញ្ញសហ​ប្រជា​ជាតិ​​​សាល​ក្រម​​យុត្តិធម៌ ​អន្តរ​ជាតិ​ក្រុងឡាអេ ​អនុសញ្ញា​​​សម្រាប់​ការពារ​​សម្បត្តិ​​វប្បធម៌ ​​ក្នុង​ករណី​​មាន​ជម្លោះ​​ប្រដាប់​​អាវុធ​ឆ្នាំ​១៩៥៤ ​និងអនុសញ្ញា​​ពាក់​ព័ន្ធ​នឹង​ការ​ការពារ​​បេតិ​ក​ភណ្ឌ​​វប្បធម៌​ និង​ធម្ម​នុញ្ញ​​ពិភព​លោក​ឆ្នាំ​១៩៧២ ។ល។ និង។ល។

ថៃ​បាន​រំលោភ​​លើព្រំ​ដែន​អន្តរ​ជាតិ​នៃ​​ប្រទេស​ទាំងពីរ​​ដែល​បាន​កំណត់​ក្នុងផែនទី​​មាន​ស្រាប់​​តាំងពីឆ្នាំ១៩០៨ ​រៀបចំ​​ដោយគណៈ​​កម្មា​ធិការ​ចម្រុះ ​​ក្នុង​នោះ​​មានតំណាង​​សៀម ​(បច្ចុប្បន្នហៅថៃ) ​និងគណៈ​​ប្រតិភូ​​អាណាព្យា​​បាល​​បារាំង ដែលជា​តំណាង​​កម្ពុជា​នា​សម័យ​នោះ។​

ថៃ​បាន​​បញ្ជូន​​កង​ទ័ព​​មកទន្ទ្រាន​​ទឹកដី​កម្ពុជា ​ដោយរំលោភ​​លើ​គោល​​ការណ៍​អន្តរ​ជាតិ ធម្ម​នុញ្ញ ​នៃអង្គ​ការ​សហប្រជាជាតិ និង​គោល​​ការណ៍​​សន្ធិសញ្ញា​​ និង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុងតំបន់​អាស៊ី​​អាគ្នេយ៍​ (IAC) ឆ្នាំ​១៩៧៦​របស់​អាស៊ាន ​​​​។ល។ និង។ល។

ទោះ​​ជា​ក្នុង​ស្ថាន​​ការណ៍​ និង​​កាលៈ​ទេសៈ ​​យ៉ាង​នេះក៏ដោយ​ ក៏​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​​​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី ​មានភាពអត់ធ្មត់​​​ទន់ ភ្លន់​ដោយ​​ប្រើយន្ត​​ការ​ក្នុង​ការ​អនុវត្ត​​​គោល​នយោបាយ​ការបរទេស​​​​ផ្អែក​លើការពង្រឹង​ទំនាក់​ទំនង​មិត្ត​ភាព សហ​ប្រតិ​បត្តិ​ការល្អ ក្នុងនាម​​ជា​អ្នកភូមិ​ផង​របង​ជាមួយ​​ដោយ​កម្ពុជា​​ប្រកាន់​យកផែនទី​​ដែល​ជាមរតក​​បន្សល់​ទុក​ពី​អាណា​ព្យា​បាល​​បារាំង​​ដែល​តុលា​ការ​​យុតិ្ត​ធម៌​​អន្តរ​ជាតិ (ICJ) ទទួល​​ស្គាល់​​តាំងពី​ឆ្នាំ​១៩០៨  និង​ក្រោយ​ពីការ​កាត់ក្តី​របស់​តុលា​ការ​យុត្តិធម៌​​​អន្ត​រជាតិ​ (ICJ) ឆ្នាំ១៩៦២ ។

​ដូច្នេះ​ដោយផ្អែក​លើ​ការទទួល​ស្គាល់​​ជា​ថ្មី​​ថា ប្រា​សាទ​ព្រះវិហារ​​និងតំបន់​ជុំ​វិញ​​ប្រាសាទ​ជា​កម្ម​សិទ្ធិ​​របស់​កម្ពុជា​ដោយភាគី​ថៃ​ពិសេស​លោក​អាប់​ភីស៊ីត វេចាជីវ៉ា និង Alain Pellet ​ដែល​​ជា​មេ​ធាវី​​តំណាង​ឱ្យភាគីថៃ បច្ចុប្បន្ន​​​សម​ល្មម និងបញ្ជាក់​ថា ការ​ឈ្លានពានអធិបតេយ្យ​​ភាព​កម្ពុជា​ពីសំណាក់​កងទ័ព​សៀម ​មិន​បណ្តាល​មកពី​ការចុះ​បញ្ជី​​ប្រាសាទ​ព្រះវិហារ​​ជាបេតិក​ភណ្ឌ​​ពិភព​លោក​នោះឡើយ ។

​​ម្ល៉ោះហើយ ​បើ​ថៃ​ជា​​ប្រជា​ជាតិ​ដែលមាន​អរិយធម៌​​​ស៊ីវិល័យ ​​ហើយ​មានភាពអៀន​ខ្មាស​ដាច់​ខាត​​​ត្រូវទទួល​យក​វិធានការ​៣​ចំណុច ដែល​ស្នើដោយ​រាជ​រដ្ឋាភិបាល​​កម្ពុជា​ចំពោះ​មុខតុលា​ការ​​​​ក្រុងឡាអេ​ដោយមិន​អាចប្រកែក​បាន ។

១-​ថៃដក​កង​ទ័ព​​របស់ខ្លួន​​​ចេញ​ជា​បន្ទាន់​ដោយ​គ្មានលក្ខខណ្ឌ​​ពី​ទឹកដីកម្ពុជា​​ដែល​ស្ថិត​​​នៅ​​តំបន់ប្រាសាទ​ព្រះវិហារ ។

២-​ថៃត្រូវ​បញ្ឈប់​នូវរាល់សកម្ម​ភាព​យោធា​របស់ខ្លួន​នៅក្នុងតំបន់​ប្រាសាទព្រះវិហារ ។

៣-ថៃ​មិន​ត្រូវ​​ធ្វើសកម្ម​ភាពអ្វីមួយ ដែល​អាច​​ប៉ះ​ពាល់​សិទ្ធិ​របស់​កម្ពុជា​ ឬបង្ក​ឱ្យ​មាន​ជម្លោះ​​កាន់​តែ​មាន​សភាពធ្ងន់ធ្ងរក្នុង​ដំណាក់​​កាល​នៃ​​ការដោះស្រាយ ៕