ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទា​វ​​ទី​១​​កម្ពុជា​​អញ្ជើញ​​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​​ជាន់​ខ្ពស់​​របស់​​ស្ត្រី​​ទី​១​​ទូ​ទាំង​​ពិភព​លោក​នៅ​បុរី​​ញូ​វ​យ៉​ក

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នៅ​ព្រឹក​​ថ្ងៃ​ទី​៦ មិថុនា ​វេលា​ម៉ោង​១១​​និង​២៥​នាទី ​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​ស្ត្រី​ទី​១ នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ដឹក​នាំគណៈ​ប្រតិភូ​​កម្ពុជា​អញ្ជើញ​ទៅ​ចូល​រួម​​ក្នុង​កិច្ច​ប្រជុំ​ស្ត្រី​ទី​១ ទូទាំង​ពិភព​លោក ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រជុំ​ជាន់​ខ្ពស់របស់​មហា​សន្និ​បាត​​អង្គ​ការ​សហ​ប្រជា​ជាតិ​ឆ្នាំ​២០១១

រាជធានីភ្នំពេញ ៖ ​នៅ​ព្រឹក​​ថ្ងៃ​ទី​៦ មិថុនា ​វេលា​ម៉ោង​១១​​និង​២៥​នាទី ​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​ស្ត្រី​ទី​១ នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ដឹក​នាំគណៈ​ប្រតិភូ​​កម្ពុជា​អញ្ជើញ​ទៅ​ចូល​រួម​​ក្នុង​កិច្ច​ប្រជុំ​ស្ត្រី​ទី​១ ទូទាំង​ពិភព​លោក ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រជុំ​ជាន់​ខ្ពស់របស់​មហា​សន្និ​បាត​​អង្គ​ការ​សហ​ប្រជា​ជាតិ​ឆ្នាំ​២០១១ ​ស្តីអំពី​អេដស៍ ដែល​នឹង​ប្រព្រឹត្ត​​ទៅ​ពី​ថ្ងៃទី​៨-១០ មិថុនា ឆ្នាំ​២០១១​ នៅ​ទី​ស្នាក់​ការ​​អង្គ​ការ​សហ​ប្រជា​ជាតិ​ បុរី​ញូវ​យ៉ក ។ កិច្ច​ប្រជុំ​ជាន់ខ្ពស់​​នេះ ពិតជា​មាន​សារ​សំខាន់​​ក្នុង​ការ​បង្កើន​​ការ​ប្តេជ្ញា​ចិត្ត​​បន្ថែម​ទៀត​ពីសហ​គមន៍​​អន្តរ​ជាតិ ដើម្បី​លុប​បំបាត់​​ការឆ្លង​មេ​រោគ​អេដស៍​​ពី​មាតា​ទៅ​ទារក​នៅ​ឆ្នាំ​២០១៥ ​​ដោយ​មា​ន​ការ​ចូល​​រួម​​ពី​រដ្ឋា​ភិបាល ​សង្គម​ស៊ិ​​វិល ដៃ​គូ​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជា​ជាតិ​ និង​ស្ត្រី​ទី​១ នៃ​បណ្តា​ប្រទេស​នៅលើ​ពិភព​លោក ។ ​

ការ​អញ្ជើញ​​ទៅ​ចូល​រួម​​កិច្ច​ប្រជុំ​​​​របស់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​និង​គណៈ​ប្រតិភូ​នៅ​ពេល​នេះ គឺ​ឆ្លើយ​​តប​ទៅ​នឹង​ការ​អញ្ជើញ​ពី​លោក​ជំទាវ​ ​បាន ​ស៊ូន​តេក (BAN Soon-Taek) ​ភរិយា​​​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ រួម​​ជា​មួយ​នឹង​លោក​ជំទាវ វ៉ោយ ហ្សេរ៉ូ ​អាហ្សិប ម៉េស​ហ្វីន (Woizero Azeb Mesfin) ស្ត្រី​ទី​១ នៃ​ប្រទេស​​អេត្យូ​ពី និង​ជា​ប្រធាន​​អង្គ​ការ​ស្ត្រី​នៅ​បណ្តា​ប្រទេស​​អាហ្វ្រិក និង​លោក​មា៉យ​ឃែល សាយ​ឌីបេ (Michel Sidibé) នាយ​ក​​ប្រតិ​បត្តិ​នៃ​កម្ម​វិធី​រួម​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្តីពី​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ។

​កិច្ច​ប្រជុំ​​ស្ត្រី​ទី​១ នឹង​​ប្រព្រឹត្ត​​​ទៅ​​ក្រោម​ប្រធាន​បទ «ស្ត្រី​ទី​១ លុប​បំបាត់​​ការ​ឆ្លង​មេ​រោគ​​អេដស៍​ពី​មាតា​ទៅ​ទារក» ដែល​នេះ​ជា​វេទិកា​​ដ៏​មាន​​អត្ថ​ន័យ​ ដើម្បី​បង្ហាញ​​អំពី​​តួនាទី​​ដ៏​សំខាន់​​របស់​​ស្ត្រី​ទី​១​​ ​ក្នុង​ការ​លុប​បំបាត់​ការ​ឆ្លង​មេ​រោគ​អេដស៍​ពី​មាតា​ទៅ​ទារក ​និង​ក្នុង​ការ​គិត​​គូរ​ពី​ការ​សង្គ្រោះអាយុ​ជីវិត​មាតា និង​ទារក​ឱ្យ​ចាក​ផុត​ពី​​មេរោគ​ អេដស៍ ។ ​ការ​ចូល​រួម​ពី​សំណាក់​​ស្ត្រី​ទី១ នៅ​លើ​ពិភព​លោក គឺជា​ការ​​ប្តេជ្ញា​​ចិត្ត​រួម​​គ្នា​សំដៅ​លុប​បំបាត់​​ការ​ចម្លង​​មេរោគ​អេដស៍​ពី​មាតា​ទៅទារក​​ឱ្យ​បាន​​នៅ​ឆ្នាំ​២០១៥ ព្រោះថា ​បច្ចុ​ប្បន​្ន​នេះ​ការ​ឆ្លង​​មេរោគ​អេដស៍​ពី​មាតា​ទៅ​ទារក គឺ​ជា​ភាព​​អយុត្តិ​ធម៌​មួយ​ក្នុង​សាកល​លោក ហើយ​ជា​ការ​​មួយ​ដែល​គេ​អាច​នាំគ្នា​ទប់​ស្កាត់​បាន ។ ទោះ​បីជា​មាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ដែល​បាន​ធ្វើ​ក្នុង​រយៈ​ពេល​មួយ​ទស​វត្ស​កន្លង​មក​ហើយ​ក្តី ក៏​​នៅ​មាន​ទារក​ជាង​១.០០០​នាក់ ​។

​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹង​ត្រូវ​ធ្វើ​បទ​អន្តរា​គមន៍​​នៅ​រសៀល​​ថ្ងៃ​ពុធ ទី​៨ មិថុនា ឆ្នាំ​២០១១ ដោយ​​ផ្តោត​ជា​សំខាន់​អំពី​មេ​រៀន​ និង​បទ​ពិសោធន៍​ល្អៗ ដែល​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​​ក្នុង​ការ​កាត់​បន្ថយ​​អត្រា​​ប្រេ​វ៉ា​ឡង់​អេដស៍​ពី​០,៩% ​នៅ​ឆ្នាំ​២០០៦ មក​នៅត្រឹម​០,៦% នៅ​ឆ្នាំ​២០១១ បញ្ហា​ប្រឈម​នឹង​វិធាន​ការនៃ​ការ​ទប់​ស្កាត់​​ការ​រីក​រាល​ដាល​មេ​រោគ​អេដស៍ ​ជំងឺ​អេដស៍ ​ជា​ពិសេស​​ពីមាតា​ទៅ​ទារក ។ ​បន្ថែម​​ពី​លើ​នេះ​ទៅ​ទៀត ​លោក​ជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​និង​គណៈ​ប្រតិភូ​ នឹងត្រូវ​ចូល​ជួប​សវនា​ការ​ជា​មួយ​លោក​បាន គី​មូន ​អគ្គ​លេខា​​ធិការ​អង្គ​ការ​សហ​ប្រជា​​ជាតិ ​នៅ​រសៀល​ថ្ងៃ​​អង្គារ ទី​៧ មិថុនា ឆ្នាំ​២០១១ វេលា​ម៉ោង​១៧​និង​​៤៥​នាទី នៅការិយា​ល័យ​របស់​លោក​​អគ្គ​លេខាធិការ ហើយ​នឹង​ចូល​​រួម​​នៅ​ក្នុង​ពិធី​បើក​​យុទ្ធ​នា​ការ​​ផែន​ការ​សកម្ម​ភាព​​សាកល​ស្តីពី​ការ​លុប​បំបាត់​ការ​​ចម្លង​​ថ្មី​មេរោគ​អេដស៍​​ក្នុង​ចំណោម​​កុមារ មុន​ឆ្នាំ​២០១៥ ​និង​ការ​ថែរក្សា​​ជីវិត​មាតា​ឱ្យ​នៅរស់​​រាន​មាន​ជីវិត ។

​នៅ​ក្នុង​ដំណើរ​​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​នេះ លោក​​តូនី លីស (Tony E.Lisle) ​ប្រធាន​អង្គ ការ​​យូអិន​អេដស៍​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា ​វត្ត​មាន​​​របស់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ពិតជា​មាន​កិត្តិ​យស​​ធំធេង​​ណាស់​​សម្រាប់​​កិច្ច​​ប្រជុំ​ជាន់​ខ្ពស់​លើក​ទី​១ ​ស្តីពី​ការ​ងារ​អេដស៍​​នៃ​បណ្តា​ស្ត្រី​ទី​១ ​ទូទាំងពិភព​លោក​ ​ដែល​​នេះ​នឹង​បង្ហាញ​ឱ្យ​ឃើញ​ពីឆន្ទះ​​នយោ​បាយ​​របស់ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​នីមួយៗ​ ​ហើយ​ការ​​ចូល​រួម​និងការដឹក​នាំ​​ធ្វើ​សកម្ម​ភាព​កន្លង​មក ​ក៏​ដូចជា​ទៅ​ថ្ងៃ​អនាគត​របស់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពិត​ជា​មាន​អត្ថ​ន័យ​​ និង​​មាន​សារ​សំខាន់​​មិន​មែន​សម្រាប់​​តែ​ព្រះរាជា​ណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​សម្រាប់​​តំបន់​អាស៊ី-ប៉ាស៊ី​ហ្វិក​​ទាំង​មូល ។

​ក្នុង​ការ​អញ្ជើញ​​ទៅ​​ចូលរួម​កិច្ច​ប្រជុំ​​​ជាន់​ខ្ពស់​នេះ គណៈ​ប្រតិភូ​​ស្ត្រីទី​១ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា នឹង​មាន​ឱកាស​ធ្វើ​ការ​ផ្លាស់​​ប្តូរ​បទ​ពិសោធន៍​​ និង​បង្ហាញពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​​របស់រាជរដ្ឋា​ភិបាល​​កម្ពុជា ក៏​ដូច​ជា​ប្រតិ​បត្តិ​​ករ​ពាក់​ព័ន្ធ​ក្នុង​ការ​កាត់​បន្ថយ​​អត្រា​​ប្រេវ៉ា​ឡង់​អេដស៍​ ការ​ទប់​ស្កាត់​​ការ​រីក​រាល​ដាល​មេ​រោគ​អេដស៍ ​ការ​លើក​កម្ពស់​​ការ​មិន​រើស​អើង​អ្នក​រស់​នៅ​​ជា​មួយ​​មេរោគ​អេដស៍​ ដែល​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ​បាននិង​​កំពុង​​ដឹក​នាំចលនា​​ក្នុង​ប្រទេស​ធ្វើ​​សកម្ម​ភាព​​ជា​ច្រើន​ ក្នុង​នាម​ជា​ប្រធាន​កាក​បាទ​ក្រហម​​កម្ពុជា ​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​​ភាព​ជា​​អ្ន​កដឹក​នាំ​​​​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក​​ឆ្លើយ​តប​​មេរោគ​អេដស៍​​ ជំងឺ​អេដស៍​ និង​​ជា​ឥស្សរ​ជន​ឆ្នើម​​ថ្នាក់​​ជាតិ​នៃ​​ផែន​ការ​សកម្ម​ភាព​រួម​អគ្គ​លេខាធិការ​​អង្គ​ការ​សហ​ប្រជា​ជាតិ ដើម្បី​សុខ​ភាព​ស្ត្រី និង​កុមារ ។ ​គណៈ​​ប្រតិ​ភូ​ស្ត្រីទី​១ នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ​នឹង​ត្រឡប់​មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ នៅថ្ងៃ​ទី​១២ មិថុនា ខាងមុខ ៕