ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យសៀមពិសពុល តំបន់ជម្លោះ តំបន់ត្រួតស៊ីគ្នា អាចជាកលល្បិចបិទបាំងការឈ្លានពាន

13 ឆ្នាំ មុន

ខ្ញុំ​ធ្លាប់​បាន​អាន​សារព័ត៌​របស់​ថៃ​ធំ​ៗ​ដូច​ជា ឌឹ​ណេ​ស្សិន និង​បាងកក​ប៉ុស្ដិ៍​តាំងពី​ឆ្នាំ​១៩៨៥ ក៏​ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​បាន​ចាប់អារម្មណ៍​គឺ​ទើបតែ​ក្នុងចុងឆ្នាំ​២០០៧​ ប៉ុណ្ណោះ ដែល​សារព័ត៌មាន​ទាំងនេះ បាន​ចាប់ផ្ដើម​ប្រើប្រាស់​ពាក្យ​ថា តំបន់ មាន​ជម្លោះ តំបន់​ត្រួតស៊ីគ្នា ហើយ​នៅ​ដើមឆ្នាំ២០០៨ មាន​ប្រើ​ពាក្យ​ស្នើ​សុំ​ឱ្យ​មានការ​គ្រប់គ្រង​រួម​លើ​ប្រាសាទព្រះវិហារ​ ខ្មែរ និង​ក្រោយមក​ទៀត​ស្នើ​សុំ​ឱ្យ​មានការ​ចុះបញ្ជី​រួម​គ្នា ​។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ពាក្យ​ទាំងអស់​ត្រូវ គេ​ដឹង​ជា​ទូទៅ​ថា

ខ្ញុំ​ធ្លាប់​បាន​អាន​សារព័ត៌​របស់​ថៃ​ធំ​ៗ​ដូច​ជា ឌឹ​ណេ​ស្សិន និង​បាងកក​ប៉ុស្ដិ៍​តាំងពី​ឆ្នាំ​១៩៨៥ ក៏​ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​បាន​ចាប់អារម្មណ៍​គឺ​ទើបតែ​ក្នុង ចុងឆ្នាំ​២០០៧​ប៉ុណ្ណោះ ដែល​សារព័ត៌មាន​ទាំង នេះ បាន​ចាប់ផ្ដើម​ប្រើប្រាស់​ពាក្យ​ថា តំបន់ មាន​ជម្លោះ តំបន់​ត្រួតស៊ីគ្នា ហើយ​នៅ​ដើមឆ្នាំ ២០០៨ មាន​ប្រើ​ពាក្យ​ស្នើ​សុំ​ឱ្យ​មានការ​គ្រប់គ្រង​រួម​លើ​ប្រាសាទព្រះវិហារ​ខ្មែរ និង​ក្រោយ មក​ទៀត​ស្នើ​សុំ​ឱ្យ​មានការ​ចុះបញ្ជី​រួម​គ្នា ​។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ពាក្យ​ទាំងអស់​ត្រូវ គេ​ដឹង​ជា​ទូទៅ​ថា បាន​និយាយ​ចេញពី​មាត់​អ្នកនយោបាយ​ថៃ​ជ្រុលនិយម​មួយ​ចំនួន​តូច និងអ្នក​វង្វេង​ប្រវត្ដិសាស្ដ្រ​ថៃ​ខ្លះ បាន​បង្កើត​ឱ្យមានគំនិត​ជាតិនិយម​ជ្រុល​ក្នុង​ចំណោម​ប្រជាជន​ថៃ ក្នុង​គោលបំណង​ដើម្បី​អំណាច និង​បង្វែរ ការ​យកចិត្ដទុកដាក់​ពី​វិបត្ដិ​នយោបាយ​ផ្ទៃក្នុងរបស់​ថៃ ដែល​បាន​កើតឡើង​ក្រោយ​ព្រឹត្ដិការណ៍​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០០៦ ទំលាក់ លោក​ថា​ក់​ស៊ី​ន ចេញពី​អំណាច​ដោយ​រដ្ឋ ប្រហារ​យោធា គួប​ផ្សំ​នឹង​បញ្ហា​នៅ​ភូមិភាគខាងត្បូង​ដែល​ថៃ​គ្មាន​លទ្ធភាព​ដោះស្រាយ​បាននៅឡើយ ​។

ស្ថានការណ៍​នយោបាយ​ផ្ទៃក្នុង​ប្រទេស​ថៃ កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត នៅ​ពេល​ដែល​គណបក្ស​អំណាច​ប្រជាជន​ដឹកនាំ​ដោយ​លោក​សាម៉ាក់ ឡើង​កាន់​អំណាច ដោយ​ការ​បោះ​ឆ្នោតជា​សាកល​ ។ ការ​ឈ្នានីស​គ្នា និង​ការ​ដណ្ដើម អំណាច​គ្នា ដើម្បី​ការពារ​ផលប្រយោជន៍​អ្នកនយោបាយ​ចាស់ ពួក​អភិជន​នៅ​បាងកក និងក្រុម​ក្បែរ​ស្ដេច ជា​ឱកាសល្អ​ផ្ដល់​ឱ្យ​គណបក្សប្រឆាំង​ប្រជាធិបតេយ្យ​ប្រើប្រាស់​នយោបាយ​ជាតិនិយម​ជ្រុល​លើ​បញ្ហា​ព្រំដែន និង​ប្រាសាទ​ព្រះវិហារ​ខ្មែរ រួម​កំលាំង​ជាមួយនឹង​ចលនា​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដឹកនាំ ដោយ​សុ​ន​ធិ លឹ​ម​ថង​គុន និង​ចម្លង​ស្រ៉ី​មឿង ដែល​ជាស​ត្រូវ​នយោបាយ​ដ៏​ជូរ​ចត់​ជាមួយនឹង លោក​ថា​ក់​ស៊ី​ន ដើម្បី​ទំលាក់​លោក​សា​ម៉ាក់ ចេញពី​អំណាច ហើយ​បន្ទាប់​មក​ទំលាក់​លោក ស៊ុម​ឆៃ វង្ស​សូ​វ៉ា​ត ​។ ក្រោយមក អាប់​ភី​ស៊ី​ត បាន​ឡើង​កាន់​អំណាច​ដូច​បំណង ដោយ​បានការ​ជួយ​គាំទ្រ​ពេញទំហឹង​ពី​ចលនា​សម្ព័ន្ធភាពប្រជាជន​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ហើយ លោក​កា​ស៊ី​ត ដែល​ជា​មនុស្ស​របស់​ក្រុម​អាវលឿង មានភ័ព្វ​វាសនា​ឡើង​កាន់​តំណែង​ប្រមុខការទូត​ខ្ពស់​បំផុត​របស់​ប្រទេស​ថៃ​ ។    

នៅ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១០ អាប់​ភីស៊ី​ត បាន​ប្រកាស​ជា​ចំហ​ក្នុង​កិច្ចប្រជុំ​ជា​សា​ធារណៈ​ជាមួយ​បក្ស​សម្ព័ន្ធភាព​ជាមួយ​ប្រជាជន ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ថា ថៃ​នឹង​ប្រើប្រាស់ទាំង​មធ្យោបាយ​ការទូត និង​ទាំង​យោធា បើ សិន​បញ្ហា​ព្រំដែន​មិន​អាច​ដោះស្រាយ​បាន ។ នៅ​ថ្ងៃ​បន្ដបន្ទាប់ អាប់​ភី​ស៊ី​ត បាន​ថ្លែងប្រាប់ ឱ្យ​ប្រជាជន​កម្ពុជា​ចេញពី​តំបន់​ដែល​ថៃ​អះអាង​ថា តំបន់​ជម្លោះ ឬ​តំបន់​ដែល​ស្ថិត​នៅ​ក្នុង​ទឹកដីថៃ ហើយ​ថា បញ្ហា​កើតឡើង​ដោយសារ​កម្ពុជា ទន្ទ្រាន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ហើយ​កម្ពុជា​បានរំលោភ​ទៅ​នឹង​អនុស្សរណៈ​នៃ​ការ​យោគយល់គ្នា ​។ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែសីហា លោក ប្រាសុង ស៊ិ​ន​សុ​រិ អតីតរដ្ឋមន្ដ្រី​ក្រសួង​ការ​បទេសថៃ បាន​ផ្ដល់​បទ​សម្ភាសន៍​ផ្សាយ​តាម​សារព័ត៌មាន​មតិ​ជន​អន​ឡាញ​ថា ថៃ​ត្រូវ​ប្រើប្រាស់កំលាំង​ទាហាន​ជាមួយនឹង​ការទូត ដោយការ​ប្រើប្រាស់​ទាហាន​ឡោម​ព័ទ្ធ​តំបន់​នោះ​បន្ដិច​ម្ដង​ៗ នៅ​ក្នុង​ខណៈ​ពេល​ដែល​ការ​ចរចា​ជាមួយកម្ពុជា ដោយ​ត្រូវធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ចេញពីតំបន់​៤,៦​គីឡូម៉ែត្រ​ក្រឡា​ឱ្យ​បាន​មុន​ការ​ចរចា​ទ្វេភាគី បើ​មិន​ដូច្នេះ​ទេ ថៃ​នឹង​គ្មាន​អំណាចតវ៉ា​ទាំងអស់​ ។ ការ​ថ្លែង​របស់​អាប់​ភី​ស៊ី​ត និងប្រា​សុង មិនមែន​ចៃដន្យ​ឡើយ តែ​បាន​ឆ្លុះបញ្ចាំង​នូវ​ការ​ពិត និង​ជាក់ស្ដែង​តាម​រយៈ​ការ លួច​គូស​ផែនទី​សម្ងាត់​ឯកតោភាគី ហើយ​បានបញ្ជូន​កងទ័ព​ឈ្លានពាន​ចូល​កាន់កាប់​តំបន់ក្បែរ​ប្រាសាទព្រះវិហារ​របស់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៨ ​។

ត្រង់​ចំណុច​នេះ សម្ដេច​អគ្គមហាសេនាបតីតេ​ជោ​ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់ ក្នុង​លិខិត​ជម្រាប​ជូន​ប្រធាន​ក្រុមប្រឹក្សាសន្ដិសុខ និង​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែល​ថា ប្រទេស​ថៃ​បាន​រំលោភ​ទៅ នឹង​សាលដីកា​តុលាការ​យុត្ដិធម៌​អន្ដរជាតិ ដោយ​ប្រទេសថៃ បច្ចុប្បន្ន​នៅ​រក្សា​ទុក​កងកំលាំង​ទាហាន នៅ​ក្នុង​វត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈ​របស់​កម្ពុជា ដែលមាន​ទីតាំង​តែ​ប្រមាណ​ជា​៣០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ប្រាសាទ​ព្រះ​វិហារ ហើយ​នៅ​ជ្រៅ​មក​ក្នុង​ទឹកដីកម្ពុជា ​។ ទោះបី​យ៉ាងណា​ក៏​ដោយ ក៏​ប្រាសាទ​ព្រះ វិហារ​ខ្មែរ​ត្រូវ​បាន​សម្រេច​ដាក់​ក្នុង​បញ្ជី​បេ​តិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ​នៅ​ទីក្រុងកេ​បិ​ច ប្រទេស​កា​ណា​ដា នា​ឆ្នាំ​២០០៨ ហើយក្រោយមក​រដ្ឋបាល​អាប់​ភី​ស៊ី​ត​បាន​ដាក់​កំហុស លើ​លោក សា​ម៉ាក់ និង​ណុ​ប​ប៉ា​ដ​ន ។ ន​យោបាយ​ជាតិនិយម​ជ្រុល​បាន​ផុង​ជ្រៅ​ធ្លាក់​ទៅ​ក្នុងល្បែង​នយោបាយ​ផ្ទៃក្នុង​ប្រទេស​ថៃ ហើយទាញ​ទំលាក់​លើ​បញ្ហា​ព្រំដែន ដែល​អ្នក​ន​យោបាយ​ថៃ​ខ្លះ​អះអាង​ថា មាន​ជម្លោះព្រំដែន ។ ការ​បណ្ដុះ​គំនិត​ជាតិនិយម​ជ្រុលបាន​បង្កើត​ឱ្យមានការ​យល់​ដឹង​ខុស​ក្នុង​ចំណោម​ប្រជាជន​ថៃលើ​បញ្ហា​ព្រំដែន និង​ប្រាសាទព្រះវិហារ​ខ្មែរ ​។

ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​អន្ដជាតិ ជម្លោះ​ព្រំដែន និង​ប្រាសាទព្រះវិហារ​ត្រូវ​បាន​ដោះស្រាយ ដាច់ស្រេច​ក្នុង​ឆ្នាំ​១៩៦២ ដោយ​តុលាការ​យុ​ត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡា​អេ​ ។ សាលដីកា​តុលាការ ក្រុង​ឡា​អេស​ម្រេច​ថា ប្រាសាទព្រះវិហារ និង តំបន់​​ជុំវិញ​ប្រាសាទ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា ​។ ក្នុង​​លិខិត​របស់​អាប់​ភី​ស៊ី​ត​ចុះ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១០ ថៃ​គោរព​ពេញលេញ​ទៅ​នឹង​សាល ដីកា​​តុលាការ​យុត្ដិធម៌​អន្ដរជាតិ បើ​ដូច្នោះ អាប់ភី​​ស៊ី​ត មិន​អាច​និយាយ​ថា កម្ពុជា​រំលោភ​ទៅ នឹង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០​ឡើយ ខណៈ​ពេល​ដែល​ផ្លូវ​ឡើង​ទៅ​កាន់​វត្ដ​កែវ សិក្ខា​គិរី​ស្វា​រៈ និង​សហគមន៍​នៅ​ក្នុង​តំបន់​ក្បែរ​​ប្រាសាទ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា តាម​សាលដីកា​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ឡា​អេ​ ។ តំបន់​ដែល​ ​អាប់​ភី​ស៊ី​ត​អះអាង​ថា មាន​ជម្លោះ ឬ​តំបន់​ត្រួត ស៊ីគ្នា​នោះ ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា ហើយ​កម្ពុជា បាន​និង​កំពុង​អនុវត្ដ​ដោយ​ប្រសិទ្ធភាព និង​ជាបន្ដ​រហូត​មក​ដល់​បច្ចុប្បន្ន​នូវ​អធិបតេយ្យ​ដែនដី របស់​កម្ពុជា ។ កងទ័ព និង​ប្រជាជន​កម្ពុជា បាននិង​កំពុង​រស់នៅ​លើ​តំបន់​នោះ ដែល​តំបន់​នោះ ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា​តាម​អំណាច​នៃ​សាល​ដីកា​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​លើ​ដី​ជាក់ស្ដែង​ ។ សាធារណ​មតិ​ជាតិ និង​អន្ដរជាតិ​បាន​យល់​ដឹង និង​មើលឃើញ​ច្បាស់​ណាស់​ថា គ្មាន​ប្រជាជន​ថៃណា​ម្នាក់​ធ្លាប់​បាន​រស់នៅ​ក្នុង​តំបន់​ក្បែរ​ប្រាសាទព្រះវិហារ​កម្ពុជា ក្រោយ​សាលដីកា​តុលាការយុត្ដិធម៌​អន្ដរជាតិ​ឆ្នាំ​១៩៦២​សម្រេច​ក្ដី​លើ​រឿងជម្លោះ​អធិបតេយ្យ​ដែនដី​នៅ​ត្រង់​ព្រះ​វិហារ ​។ អ៊ីចឹង​ទាំង​អាប់​ភី​ស៊ី​ត ទាំង​អ្នក​ច្បាប់ និង​អ្នកប្រ​ត្ដិ​សាស្ដ្រ​ថៃ មិន​ត្រូវធ្វើ​ជា​យល់​ខុស ឬបកស្រាយ​ខុស​ចំពោះ​សាលដីកា​តុលាការ​យុត្ដិធម៌ អន្ដរជាតិ​ឡើយ ​។ បញ្ហា​វិវាទ​អំពី​អធិបតេយ្យដែនដី​ត្រង់​តំបន់​ព្រះ​វិហារ ត្រូវ​បាន​បញ្ចប់ ដោយ​គ្មាន​អត្ថាធិប្បាយ​បាន​ឡើយ​តាំងពី​ឆ្នាំ១៩៦២ ពិសេស​ត្រូវ​ចប់​តាំងពី​ឆ្នាំ​១៩៧២ ដែលថៃ​គ្មាន​សិទ្ធិ​រក្សា​ទុក ដើម្បី​ទាមទារ​ប្រាសាទ ឬតំបន់​ក្បែរ​នោះ​បាន​ឡើយ ល្គឹក​ណា​ដែល​ថៃ លួច​គូស​ផែនទី​សម្ងាត់​ជា​ឯកតោភាគី ដូច​ពួក​ហ៊ីទ្លែ​រ និង​មូ​សូលី​នី​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ដូច្នោះបាន ​។

ការ​អនុវត្ដ​នយោបាយ​ជាតិនិយម​ជ្រុល បង្កើត​ឱ្យ​មាន​ជំនឿ​ខុសផ្ទុយ​ពី​ការ​ពិត​ក្នុង​ប្រវត្ដិសាស្ដ្រ គឺជា​ប្រភព​នៃ​ជម្លោះ​រវាង​ប្រទេស​ជិតខាង ដែល​មិន​អាច​ទទួលយក​បាន ក្នុង​និន្នាការ តំបន់​បច្ចុប្បន្ន ដែល​កម្ពុជា និង​ថៃ​ជា​សមាជិក នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដូច​គ្នា ដែល​ប្ដេជ្ញា​រួម​រស់នៅ​ក្នុង​គ្រួសា​អាស៊ាន​តែមួយ​ ។ ការ​អនុវត្ដ​នយោបាយ​សមាហរណកម្ម ក្នុង​តំបន់​មិន​អាច​ទៅ​រួច​ទេ នៅ​ពេល​ដែលប្រទេស​នីមួយ​ៗ អនុវត្ដ​នយោបាយ​ជាតិនិយម ជ្រុល​លើ​បញ្ហា​ព្រំដែន ហើយ​យក​បញ្ហា​ព្រំដែន ធ្វើ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​អំណាច​ក្នុងប្រទេស ហើយ​អូស​ទាញ​ប្រទេស​ជិតខាង​ដូច​ជា កម្ពុជា​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ចំណាប់ខ្មាំង​របស់​ថៃ លើ​បញ្ហា​ព្រំដែន​ដែល​បាន​ដោះស្រាយ​រួច​ហើយនោះ ​។ ដូច្នេះកម្ពុជា​មិន​ដែល​បាន​ទន្ទ្រាន​ចូល​ទៅក្នុង​ទឹកដី​ថៃ​ឡើយ​ ។ ផ្ទុយ​ទៅ​វិញ​ថៃ​ត្រូវ​គោរព និង​អនុវត្ដ​តាម​សាលដីកា​តុលាការ​យុត្ដិធម៌អន្ដរជាតិ ហើយ​ត្រូវ​តែ​អនុវត្ដ​តាម​គោលការណ៍​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ២០០០ ស្ដី​ការ​វាស់វែង និង​ខណ្ឌ​ព្រំសីមា​ព្រំដែនគោក​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​សុច្ឆន្ទៈ​ ។

ការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ចូល​ក្នុង​បញ្ជីបេតិកភណ្ឌ​ពិភពលោក​ដោយ​កម្ពុជា​ជា​ឯកតោ​ភាគី គឺ​ដោយហេតុ​ថា កម្ពុជា​ជា​ម្ចាស់ទ្រព្យសម្បត្ដិ​បេតិកភណ្ឌ​ដោយ​អនុវត្ដ​តាម​អនុសញ្ញា​ឆ្នាំ​១៩៧២ ស្ដី​ពី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ពិភពលោក ក្នុង​ឋានៈ​ប្រទេសកម្ពុជា ជា​រដ្ឋ​សមាជិក​នៃ​អនុសញ្ញា​នេះ​ ។ ដូច្នេះ គ្មាន​ហេតុផល​ណា​ដែល​កម្ពុជា​ត្រូវ​ចុះបញ្ជី​រួម ឬ​ស្នើ​ឱ្យ​មានការ​ចាត់ចែង​រួម​គ្នា​លើ​ប្រាសាទព្រះវិហារ​ខ្មែរ​បាន​ឡើយ ខណៈ​ពេល​ដែល​ប្រាសាទព្រះ​វិហារ និង​តំបន់​ជុំវិញ​ប្រាសាទ ស្ថិត​នៅ​ក្នុងទឹកដី​កម្ពុជា​តាម​អំណាច​នៃ​សាលដីកា​តុលាការយុត្ដិធម៌​អន្ដជាតិ​ឆ្នាំ​១៩៦២ ដែល​អាប់​ភី​ស៊ី​ត មិន​ត្រូវធ្វើ​ល្ងីល្ងើ ដោយ​មិន​បាន​យល់​ដឹង​ជ្រៅជ្រះ​អំពី​សាលដីកា​តុលាការ​យុត្ដិធម៌​អន្ដរជាតិឡើយ ​។

នៅ​ក្នុង​ឆ្នាំ​២០០៧ ភាគី​ថៃ​បាន​លើក​ឡើង នូវ​ផែនទី​សម្ងាត់​ឯកតោភាគី​របស់​ខ្លួន​ដែល​អន្ដរជាតិ​មិន​បាន​ទទួលស្គាល់​ ។ ផែនទី​សម្ងាត់​ឯកតោ ភាគី​របស់​ថៃ ឬ​ហៅ​ថា ផែនទី L​៧០១៧ បានលួច​គូស​ដោយ​ឯកចិត្ដ​ក្រោយ​ពី​ថៃ​បាន​ចាញ់ក្ដី នៅ​ឡា​អេ ឆ្នាំ​១៩៦២ ហើយ​ថៃ​លួច​គូស​វាង ដាក់​តួ​ប្រាសាទព្រះវិហារ​ក្នុង​ទឹកដី​កម្ពុជា ចំណែក​ដី​ក្នុង​ភាគ​ខាងជើង និង​ខាងត្បូង​ប្រាសាទ​ដាក់​ក្នុង​ទឹកដី​ថៃ ។ តើ​អ្នក​ណា​បង្កើតបញ្ហា​នៅ​ត្រង់​ចំណុច​នេះ? ការ​លួច​គូស​ផែន ទី​សម្ងាត់​ឯកតោភាគី​របស់​ថៃ គឺជា​ប្រភព​នៃជម្លោះ​ដែល​បង្កើត​ឱ្យ​មានគំនិត​មហិច្ឆតា​យូរអង្វែង ហើយ​បណ្ដុះ​នូវ​គំនិត​ជាតិនិយម​ក្នុងចំណោម​ប្រជាជន​ថៃ​ឱ្យ​មាន​ជំនឿ​ខុស​ផ្ទុយ​ពីការ​ពិត​ក្នុង​ប្រវត្ដិសាស្ដ្រ​ក្នុង​យុត្ដិធម៌ និង​ច្បាប់ អន្ដរជាតិ​ ។

អំពើ​នៃ​កា​រំលោភ​របស់​ថៃ បាន​បង្ហាញ​ឱ្យឃើញ​តាម​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ​ចូល ទៅ​ក្នុង​ទឹកដី​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ២០០៨​ ។ ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ​នៅ ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៨ បាន​បង្ហាញ​ថា ថៃ​រំលោភ​ទាំងស្រុង​ទៅ​នឹង​សាលដីកា​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ឆ្នាំ​១៩៦២ ហើយ​រំលោភ ទៅ​នឹង​ធម្មនុញ្ញ​សហប្រជាជាតិ និង​រំលោភ​ទៅនឹង​ធម្មនុញ្ញ​របស់​អាស៊ាន​ផង​ដែរ​ ។ បើ​ដូច្នោះ ការ​លើក​ឡើង​នៅ​ក្នុង​លិខិត​របស់​អាប់​ភី​ស៊ី​ត ទៅ​ប្រធាន​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ និង​ប្រធាន​ក្រុមប្រឹក្សាសន្ដិសុខ គឺ​គ្រាន់តែជា​ការ​ភូត​កុហក​សុទ្ធសាធ​ ។

ដូច្នេះ កម្ពុជា​មិន​ដែល​បាន​រំលោភ​ទៅ​នឹងអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០ ឡើយ ព្រោះ​តំបន់​ជុំវិញ​នោះ ស្ថិត​នៅ​ក្នុង​ទឹកដីរបស់​កម្ពុជា​រួច​ស្រេច ដូចដែល​ខ្សែ​ព្រំដែន​អន្ដរជាតិ​បាន​គូស​នៅ​លើ​ផែនទី​ឧ​ប​សម្ព័ន្ធ​១​ស្រាប់​។ ការ​កសាង​ផ្លូវ វត្ដ និង​សហគមន៍​នៅ​ក្នុង​តំបន់ជុំវិញ​នោះ ជា​សិទ្ធិ​ពេញលេញ​ក្នុង​អធិបតេយ្យដែនដី​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ ហើយ​កម្ពុជា មិន​ដែល​រំលោភ​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​ឡើយ​ ។ អ៊ីចឹង​ការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ខ្មែរ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្នុង​ទីក្រុងកេ​បិ​ច ប្រទេស​កា​ណា​ដា​នា​ឆ្នាំ​២០០៨ មិនមែនជា​ប្រភព​នៃ​ការ​នាំ​ឱ្យ​មាន​ភាព​តានតឹង​ខាង​យោធា​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​កម្ពុជា និងថៃ​ឡើយ ហើយ​ការ​ពិតភាព​តានតឹង​នេះ​បានកើតឡើង​ដោយ​ថៃ់​គូស​ផែនទី​សម្ងាត់​ឯកតោភាគី ដែល​អន្ដរជាតិ​មិន​បាន​ទទួលស្គាល់ ហើយបញ្ជូន​កងទ័ព​មក​ឈ្លានពាន​ចូល​ទៅ​ក្នុង​ទឹកដីកម្ពុជា​ក្នុង​តំបន់​ក្បែរ​ប្រាសាទព្រះវិហារ​ ។

ដំណោះស្រាយ​ពិតប្រាកដ ថៃ​ត្រូវ​លះបង់ចោល​នូវ​គំនិត​ជាតិនិយម​ជ្រុល​ដែល​បាន​បណ្ដុះ គំនិត​ឱ្យ​ប្រជាជន​ថៃ​មាន​ជំនឿ​ខុសផ្ទុយ​ពី​ការ ពិត​ក្នុង​ប្រវត្ដិសាស្ដ្រ និង​គតិយុត្ដិ​ធម៌​ក្នុង​ច្បាប់អន្ដរជាតិ ដែល​ផ្ដល់​ឱ្យ​កម្ពុជា និង​ថៃ​នូវ​ខ្សែ បន្ទាត់​ព្រំដែន​អន្ដរជាតិ​មាន​ស្រាប់​មាន​ស្ថិរភាព និង​ស្ថាពរ​ជា​រៀង​រហូត​មក អស់​រយៈ ពេល​ជាង​១០០​ឆ្នាំ ​។ ពីព្រោះ​គំនិត​ជាតិនិយមជ្រុល​បង្កើត​ឱ្យ​មានការ​យល់​ដឹង​ខុស ហើយការ​យល់​ដឹង​ខុស​ជា​ប្រភព​នៃ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ​ ។ ថៃ​ត្រូវ​គោរព និង​អនុវត្ដ​ពេញលេញ តាម​សាលដីកា​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ឆ្នាំ​១៩៦២ ហើយ​អនុវត្ដ​តាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០០ ដោយ​ដក​កងទ័ពថៃ​ទាំងអស់​ចេញពី​តំបន់​ជុំវិញ​ប្រាសាទ​ដោយ បង្កើត​ឱ្យ​មាន​ស្ថានភាព​ធម្មតា ដូច​មុន​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៨ ​។ ថៃ​ត្រូវ​បង្ហាញ​នូវសុច្ឆន្ទៈ​ពិតប្រាកដ​ដោយ​អនុវត្ដ​នូវ​ការងារ​វាស់វែង និង​ខណ្ឌ​ព្រំសីមា​ព្រំដែន​គោក​រវាង​ប្រទេសទាំង​ពីរ ដោយ​មិន​ត្រូវ​យក​ការងារ​បច្ចេកទេស ព្រំដែន​ជា​ចំណាប់ខ្មាំង​ខាង​នយោបាយ​ដើម្បី អំណាច​ផ្ទាល់ខ្លួន​ឡើយ ។ ពីព្រោះ​កម្ពុជា មិនអាច​បន្ដ​ធ្វើ​ជា​ចំណាប់ខ្មាំង​របស់​ថៃ​ក្នុង​រឿង​ព្រំដែន​បាន​ឡើយ ហើយ​ការ​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​ពហុភាគី ឬ​ដោយ​អង្គការ​តំបន់​ជា​ការ ត្រឹមត្រូវអាស្រ័យ​ដោយ​កម្ពុជា និង​ថៃ​ជាស​មាជិ​ក​ក្នុង​គ្រួសារ​អាស៊ាន​មួយ ដែល​បាន​ប្ដេជ្ញា​រួមរស់​ជាមួយ​គ្នា​ក្នុង​សហគមន៍​អាស៊ាន​មួយ​ក្នុង​ឆ្នាំ២០១៥​ខាង​មុខ​នេះ​ ។ ដូច្នេះ​ច្បាស់​ណាស់ជម្លោះ​កម្ពុជា និង​ថៃ​ជា​ជម្លោះ​ទ្វេភាគី ក៏​ប៉ុន្ដែ ជម្លោះ​រវាង​កម្ពុជា និង​ថៃ​ប៉ះពាល់​ដល់​គោលបំណង គោលដៅ ពិសេស​គោលនយោបាយ របស់​អង្គការ​តំបន់​មួយ​នេះ​ទាំង​បច្ចុប្បន្ន និងទៅ​អនាគត ​។ ដូច្នោះ​ហើយ ការ​ពាក់ព័ន្ធ​របស់អាស៊ាន​ក្នុង​ជម្លោះ​នេះ ជា​ការ​ត្រឹមត្រូវ ហើយ ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ជា​បន្ទាន់ ក្នុងស្មារតី​បង្កើត​ឱ្យ​មានការ​ជឿ​ទុកចិត្ដ​ក្នុង​អាស៊ាន ថែម​ទៀត គឺ​ស្ថិរភាព សន្ដិភាព និង​ការ​អភិវឌ្ឍ ក្នុង​តំបន់​ ៕
    ​    ​ដោយ​ឡុ​ង សុ​គុណ