រាជធានីភ្នំពេញ ៖ បុរស២នាក់ជាប់សង្ស័យពីបទឆក់កាបូបពីស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៨ កុម្ភៈ ២០១១ វេលាម៉ោង៣និង៣០នាទីរសៀល ដោយកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ និងកម្លាំងរបស់នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី២ នៅចំណុចផ្ទះលេខ៣១ (ផ្ទះកាត់សក់-ម៉ាស្សា) ផ្លូវលេខ២១៤ ក្រុមទី៣៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
ជនដៃដល់ប្រព្រឹត្តសកម្មភាពឆក់កាបូប១-ឈ្មោះសុខ ប៊ុនធឿន ហៅជា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ជាអ្នកបើកបរម៉ូតូ ២-ឈ្មោះថន ប៊ុណ្ណារ៉ា ហៅខ្មៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរពុំពិតប្រាកដ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិកូនភ្លោះ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាអ្នកធ្វើសកម្មភាពឆក់ ។
ពេលធ្វើការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាក YAMAHA MIO ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-1473 ជាម៉ូតូដែលជនល្មើសជិះធ្វើសកម្មភាព ។ ស្ត្រីរងគ្រោះម្ចាស់កាបូបពុំស្គាល់អត្តសញ្ញាណទេ មានអាយុប្រហែលជាង៥០ឆ្នាំ ព្រោះក្រោយពេលកើតហេតុ ពួកចោរភ័យពេកក៏បោះកាបូបចោល ហើយស្ត្រីម្ចាស់កាបូបក៏រើសយកវិញ និងធ្វើដំណើរទៅលំនៅឋានបាត់ទៅ…។ សូមបញ្ជាក់ថា មុនពេលកើេតហេតុ ស្ត្រីម្ចាស់កាបូបបានជិះម៉ូតូឌុបតាមបណ្តោយផ្លូវលេខ២១៥ ពីទិសខាងត្បូង ដោយមានកាន់កាបូបមួយ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនល្មើសទាំងពីរនាក់ខាងលើបានជិះម៉ូតូមកពីក្រោយ អែបខាងឆ្វេង ហើយធ្វើសកម្មភាពឆក់កាបូបពីដៃស្រីរងគ្រោះ រួចជិះម៉ូតូគេចខ្លួនតាមផ្លូវកម្ពុជាក្រោម ភ្លាមនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានស្រែកឆោឡោប្រាប់សមត្ថកិច្ចដែលកំពុងល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋានក៏ដេញតាមជនល្មើសទាន់នៅចំណុចផ្លូវ លេខ១៥០Z សង្កាត់ផ្សារដេប៉ូទី២ ក៏ឃាត់ខ្លួនបានទាំងពីរនាក់ជាក់ស្តែងតែម្តង ៕
ចែករំលែកព័តមាននេះ