ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់​ប្តីប្រពន្ធ​​​​​ឡាន​បុក​កិន​​​ប្តី​​ស្លាប់ ​ប្រពន្ធ​​រង​របួសធ្ងន់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ស្លាប់​បាត់​បង់​ជីវិត​​ភ្លាមៗ ​​និង​​ស្ត្រី​​ម្នាក់​​​​ទៀត​​ជា​ប្រពន្ធ​រង​របួស​​ធ្ងន់ ​ដោយសារ​​រថយន្ត​​ខ្នាត​ធំ​ប៉ះពារ និង​កិន​​នៅលើ​កំណាត់​ផ្លូវលេខ​​២៧១ ​មុខ​​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-​​សូវៀត ស្ថិត​ក្នុង​សង្កាត់​ទំនប់ទឹក ​ខណ្ឌ​ចំការមន កាលពីវេលា​ម៉ោង​​​៦​និង​​១០នាទី​ព្រឹក​ថ្ងៃទី​​៧ មីនា ឆ្នាំ​​២០១១ ។​

ហេតុការណ៍​​​ដ៏រន្ធត់​នេះ​បង្កឡើង​​ដោយ​រថយន្ត​​កូរ៉េ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ​ពណ៌ខៀវ ​​សណ្តោង​​​កន្ទុយ​​ដឹក​គ្រឿង​​ចក្រឈូស​ឆាយ​​ដី (អាប៊ុល) បានបើកបរ​​​ជ្រែគេឯង​​​ទាំង​សណ្តោង​​​កន្ទុយច្រងេង​​​​ច្រងាង​​ បណ្តាល​ឱ្យ​​ប៉ះ​ម៉ូតូ​បុរ​ស​រងគ្រោះ​ដួល​​អ្នក​ជិះ​ម៉ូតូខ្ទាត​ចូល​​កង់​រថយន្ត​កិន​ស្លាប់​​​ភ្លាមៗ​​​យ៉ាង​អាណោច​អាធ័ម​បំផុត​ ។ រី​ឯស្ត្រី​​ជា​ប្រពន្ធ​​​បានរង​របួស​​​ធ្ងន់ធ្ងរ​​ត្រូវបញ្ជូន​​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ​-​​​សូវៀត ។ ​បុរ​ស​​ដែលស្លាប់​ក្នុង​ហេតុ​ការណ៍​​​​​គ្រោះថ្នាក់​ចរា​ចរណ៍​​នេះ​ពុំទាន់ស្គាល់​​​អត្តសញ្ញាណ​​​នៅឡើយទេ ​ហើយស្ត្រី​​ជា​ប្រពន្ធ​វិញ​ក៏ពុំ​ទាន់​​​និយាយស្តី​អ្វី​រួច​​ដែរ ដោយ​សារ​របួសធ្ងន់​​​ធ្ងរពេក ។​

តាមប្រភពព័ត៌​មាន​​​​​ជំហាន​ដំបូង​​បាន​ឱ្យ​​​ដឹង​ថា មុន​ពេលកើត​ហេតុ​​បុរស​រងគ្រោះ​បាន​ជិះម៉ូតូ​ម៉ាក​គុបជ្រុង​ C70 ពណ៌ស្លែ​​ ឌុប​ប្រពន្ធ​​ធ្វើដំណើរ​​​លើ​ដង​ផ្លូវ​​​លេខ​​២៧១ ​​ក្នុងទិសដៅ​​​ពីត្បូងទៅ​ជើង លុះ​​ដល់​​ចំណុច​កើតហេតុ​​​ ក៏ជួប​ហេតុ​ការណ៍​​​គ្រោះថ្នាក់​​ចរាចរណ៍​​ដោយចៃ​ដន្យ​​តែម្តង ។ សូម​បញ្ជាក់​ថា អ្នកបើកបរ​​រថយន្តខាង​លើ​នេះ​ត្រូ​វ​បាន​សមត្ថ​កិច្ច​​ឃាត់ខ្លួន​​ក្រោយ​​​ពេល​​ព្យាយាម​​​រត់គេច​ពី​​កន្លែង​កើតហេតុ​​​ក្នុងបំណង​មិនទទួល​​ខុសត្រូវ​លើ​កំហុស​​របស់ខ្លួន ៕