ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀម​​ត្រៀម​ខ្លួន​មិន​គោរព​ មុន​​ពេល​​តុលាការ​​​ឡា​អេ​​ប្រកាស​​ការ​សម្រេច​​របស់​ខ្លួន​​ មេដឹកនាំ​​នៅ​​បាងកក​​ជ្រួលច្របល់

12 ឆ្នាំ មុន

យោងតាមកាសែត​បាង​កកប៉ុស្តិ៍​របស់ថៃ​​ជា​ភាសាអង់គ្លេស​​​នៅថ្ងៃទី​៥ មិថុនា ​ផ្សាយ​​​​ឱ្យ​​ដឹង​ថា ​ប្រទេសថៃ​​អះអាង​ថា ​ពេលនេះ​​ខ្លួនបាន​​ត្រៀម​​​​រួចជាស្រេច​​ដើម្បី​ផ្គើន​នឹង​ការបញ្ជា​ណា​មួយ​ដែលចេញ ដោយតុលាការ​យុត្តិធម៌​​អន្តរ​ជាតិ​​ទីក្រុងឡាអេ ​(ICJ) ដែលបញ្ជា​ឱ្យខ្លួន​​​ដក​​កង​ទ័ព​​ចេញពី​​តំបន់ព្រំដែន​​មានជម្លោះ​​ជា​មួយ​កម្ពុជា

យោងតាមកាសែត​បាង​កកប៉ុស្តិ៍​របស់ថៃ​​ជា​ភាសាអង់គ្លេស​​​នៅថ្ងៃទី​៥ មិថុនា ​ផ្សាយ​​​​ឱ្យ​​ដឹង​ថា ​ប្រទេសថៃ​​អះអាង​ថា ​ពេលនេះ​​ខ្លួនបាន​​ត្រៀម​​​​រួចជាស្រេច​​ដើម្បី​ផ្គើន​នឹង​ការបញ្ជា​ណា​មួយ​ដែលចេញ ដោយតុលាការ​យុត្តិធម៌​​អន្តរ​ជាតិ​​ទីក្រុងឡាអេ ​(ICJ) ដែលបញ្ជា​ឱ្យខ្លួន​​​ដក​​កង​ទ័ព​​ចេញពី​​តំបន់ព្រំដែន​​មានជម្លោះ​​ជា​មួយ​កម្ពុជា ។

កាសែត​ថៃ​​​ដដែលបាន​​ចេញ​ផ្សាយ​​ដោយ​ដកស្រង់​សម្តី​​​រដ្ឋមន្ត្រី​​ក្រសួង​ការ​ពារជាតិ​ថៃ លោក​ប្រាវីត វង្ស​​សុវ៉ាន់ ​​ដែលថ្លែង​​កាល​ពី​ថ្ងៃទី​​​៤ មិថុនា ​កន្លង​មក​​ថា ​តុលាការ​​ក្រុង​ឡា​អេ​ពុំ​​មាន​​សិទ្ធិចេញ​​ការបញ្ជា​​​បែបនេះ​​ទេ ហើយ​​​​ថ្លែង​ថា ​​ថៃ​នឹង​​មិនគោរព​​​តាមបទបញ្ជា​​​​នោះ​ឡើយ ។ ​​លោកប្រាវីត បានថ្លែង​​ដូចនេះ​​​នៅពេល​តុលា​ការ​​យុត្តិធម៌​​អន្តរជាតិក្រុង​ឡាអេ ​(ICJ) យល់ព្រម​​ទទួល​យក​សំណើរបស់​​កម្ពុជាដែលស្នើស​ុំ​ឱ្យ​​បក​ស្រាយ​​​ឡើង​​វិញនូវ​​ការសម្រេច​​របស់ខ្លួន កាលពី​ឆ្នាំ​​១៩៦២ ​ស្តីអំពីបញ្ហា​​ប្រាសាទ​ព្រះវិហារ​ និង​បញ្ជា​​ឱ្យថៃ​ដក​កងទ័ព​​​ទាំងអស់ចេញពី​តំបន់​ប្រា​សាទ​​​ព្រះវិហារ និង​បញ្ឈប់​​រាល់​សកម្មភាព​​​​យោ​ធា​នៅ​​ក្បែរ​ព្រះវិហារ​។​

សូមរំឭក​​​​ឡើងវិញថា តុលាការ​យុត្តិធម៌​​​អន្តរ​ជាតិ​ទីក្រុងឡាអេ ​(ICJ) ដែល​​មាន​មូលដ្ឋាន​​នៅ​ក្នុង​​ទីក្រុង​​​ឡាអេ ប្រទេស​ហូឡង់ ​​បានបើក​សវនា​ការ​ជា​​សាធារណៈទាក់ទិន​​​ទៅនឹង​​សំណើរបស់​​​កម្ពុជា​​​ស្នើសុំ​ឱ្យ​បកស្រាយឡើងវិញ​​នូវការ​សម្រេច​​របស់​ខ្លួននៅ​ថ្ងៃទី​​១៥ ​មិថុនា ​ឆ្នាំ​១៩៦២ ​អំពីបញ្ហាប្រាសាទ​ព្រះវិហាដែល​​​កាលនោះ​​តុលា​ការ​​​​បាន​សម្រេច​ថា ​ប្រាសាទព្រះវិហារ​​ជា​របស់​កម្ពុជា​​​​តែមួយគត់ ។ ​​សវនា​ការ​​នេះ​ធ្វើ​​ឡើង​រយៈ​ពេល​២ថ្ងៃ ​គឺ​ចាប់​ពីថ្ងៃទី​​​៣០ ដល់ថ្ងៃទី​​៣១ ឧសភា កន្លង​​មក ហើយ​​​តុលាការ​​​នេះក៏យល់​ព្រម​​ទទួលយកសំណើរបស់​​កម្ពុជា​មក​​​ពិចារណា​ និង​ចេញ​ការរសម្រេច​​​ក្នុងរយៈ​ពេល​​ពី​៤០ទៅ​​​៤៥​ថ្ងៃ ​​ក្រោយពី​​​សវនាការ​។​

តុលាការ​​យុត្តិធម៌​​អន្តរជាតិក្រុងឡាអេ ​ត្រូវ​រំពឹង​ថា នឹង​សម្រេច​​លើ​សំណើ​​របស់​កម្ពុជាស្នើ​​​សុំ​ឱ្យ​ថៃ​ដក​កង​ទ័ព​​​​ចេញពី​តំបន់​ប្រាសាទព្រះវិហារ ​នៅ​ដើមខែ​ក្រោយនេះ ។​
លោកប្រាវីត​ថ្លែង​ថា «​ថៃនឹង​​គោរព​​​ការ​​សម្រេច​​​របស់​តុលាការ​​ក្រុង​ឡា​អេ ប៉ុន្តែ​​​តុលា​ការ​​នេះ​ពុំមាន​សិទ្ធិបញ្ជា​​ឱ្យថៃ​ដក​កងទ័ព​​នោះទេ។ ​ទាហានថៃ​​នឹង​មិនថយ​​ចេញពី​ទឹកដីរបស់​​ខ្លួន​​​ឡើយ»​។​​ លោកប្រាវីត ​បានថ្លែង​ដូច្នេះ​​នៅក្រៅ​​​វេទិកា​​នៃកិច្ចប្រជុំ​​មួយរយៈ​ពេល​៣ថ្ងៃ ​​ដែល​រៀប​ចំ​ឡើងនៅក្នុង​ប្រទេស​​សិង្ហ​បុរី ។ លោក​ប្រា​វីត ថ្លែងទៀត​ថា ​ថៃ​នឹង​​ដក​កងទ័ព​​​ចេញពី​តំបន់​នោះ​​ ប្រសិនបើ​​តុលាការ​​ឡាអេ​បញ្ជា​​ឱ្យកម្ពុជា​ធ្វើ​ដូច្នេះដែរ ។​

កាសែត​បាង​កក​ប៉ុស្តិ៍​បាន​ដក​ស្រង់សម្តី​​លោក​ Panithan Wattanayagorn អ្នក​នាំ ពាក្យ​រដ្ឋាភិបាលថៃ ដែលនិយាយ​ថា ​ប្រសិនបើ​តុលា​ការ​ក្រុងឡាអេបញ្ជា​​ឱ្យ​​ថៃ​ដកកង​ទ័ព​​ចេញពី​​​តំបន់ជម្លោះព្រំដែន​​​ជាមួយកម្ពុជា​ ហើយថៃ​​​មិន​គោរព​​តាម​កម្ពុជា​​នឹង​នាំ​យកករណី​​នេះ​​ទៅកាន់​ក្រុមប្រឹក្សា​​សន្តិសុខ​​អង្គការសហ​ប្រជា​ជាតិ​​ (UNSC) ព្រោះ UNSC ជាអ្នក​​​​ទទួលខុសត្រូវ​​​ចំពោះ​ការ​​អនុវត្ត​​​បទបញ្ជា​​​របស់​តុលាការ​​ក្រុង​ឡាអេ នៅ​ពេលប្រទេស​ដែល​​ត្រូវ​អនុវត្ត​​បទ​បញ្ជា​​នេះ​បដិសេធមិនគោរព​​​តាម ។ ចំណែក​​រដ្ឋ​មន្ត្រី​​ការ​បរទេស​​ប្រទេសនេះ​​លោកកា​ស៊ីត ភីរម្យ ​​ថ្លែង​​​កាលពីថ្ងៃទី​​២ មិថុនា ​កន្លង​មក​​​ថា ​​តុលាការ​យុត្តិធម៌​​អន្តរជាតិ​​ក្រុងឡាអេ ​​ពុំ​មាន​អំណាច​​អនុវត្តនោះទេ ប៉ុន្តែ​​ក្នុងនាមជាប្រទេស​សមា​ជិក​អង្គការសហប្រជាជាតិ​​​ដ៏ល្អ ថៃ​​នឹង​គោរព​​តាម​ការ​​សម្រេច​ចិត្តរបស់តុលាការ ។ លោកកាស៊ីត ភីរម្យ ​ថ្លែង​បែបនេះ ​ក្រោយ​ពី​​ត្រឡប់​ដល់​ប្រទេស​​​​ថៃ​វិញ ​ពីការ​​ចូលរួម​​​បើក​​​សវនាការ​​របស់​តុលាការ​​​អន្តរជាតិក្រុង​ឡាអេ ។ ​​លោក​កាស៊ីត ថ្លែង​ទៀត​ថា ​ប្រសិនបើ​​តុលាការ​ក្រុង​ឡា​អេ ​បញ្ជា​​ឱ្យថៃ​​ដក​កង​ទ័ព​​​ចេញ​ពី​​តំបន់​មានជម្លោះ​ជាមួយកម្ពុជា ខ្លួន (តុលា​ការ​​ក្រុង​ឡា​អេ) ​គួរតែ​​បញ្ជា​​ឱ្យកម្ពុជា​​ធ្វើដូច្នេះ​​​ដែរ​។​

ទន្ទឹមនឹង​នេះ នាយករដ្ឋ​មន្ត្រី​​ម៉ាឡេស៊ី ​​លោក​​ណាជីព ​រ៉ា​ហ្សាក់ ថ្លែង​ក្នុង​​សុន្ទរកថា​​មានសារ​សំខាន់​ជាប្រវត្តិ​សាស្ត្រ​​កាលពីថ្ងៃទី​​៣ មិថុនា ​កន្លង​មក​​​ថា ប្រទេស​​ក្នុង​តំបន់​សង្ឃឹម​ថា ​ថៃ និង​កម្ពុជា​នឹង​ស្វែង​រក​ដំណោះស្រាយ​​ជម្លោះ​​​រវាង​ប្រទេសទាំងពីរ​​ក្នុងពេល​ឆាប់​ៗ​ខាង​មុខនេះ ។​ លោកណាជីព ថ្លែង​ថា ​ដោយឥឡូវនេះ ប្រទេស​កម្ពុជា និងប្រទេសថៃ ​បានទៅដល់​តុលា​​ការ​​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​ហើយនោះ ​ប្រទេសទាំងឡាយ​អាច​ដឹងពី​​ការប៉ះទង្គិចគ្នា​​ ដែល​បណ្តាល​​ឱ្យស្លាប់​​​មនុស្សជា​ច្រើន​​នាក់​។​

ជាមួយគ្នា​នេះ ទាក់ទិន​ទៅនឹង​កិច្ចប្រជុំ​​​គណៈ​កម្មាធិការ​ព្រំដែនទូទៅ​ (GBC) កម្ពុជា​-ថៃ ​ដែ​លត្រូវ​​​គ្រោង​រៀបចំ​​ធ្វើឡើង​ក្នុងខែ​នេះ ​​​​​កំពុង​​ស្ថិត​ក្នុង​ភាពមិនច្បាស់​​លាស់​នៅឡើយ​​ ខណៈ​ពេល​​​ដែល​ប្រទេសទាំងពីរ​នៅមិន​ទាន់​ឯក​ភាព​គ្នា​ចំពោះ​​ការ​ដាក់ពង្រាយ​​​អ្នកសង្កេត​ការណ៍​​ឥណ្ឌូ​ណេស៊ី​នៅ​តំបន់​មាន​ជម្លោះព្រំដែន​​រវាង​ប្រទេស​ទាំង​ពីរ ។ ចំពោះ​​​បញ្ហា​ដាក់​​ពង្រាយ​​​អ្នក​សង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​​​នៅ​តំបន់នោះ​ ​សម្រាប់​​​ភាគី​កម្ពុជា​​បានត្រៀមខ្លួន​​រួចជាស្រេចហើយ ​​នៅតែ​​ភាគីថៃ​ប៉ុណ្ណោះដែលបដិសេធ​​​មិនព្រម​​ទទួល​យកម​្តង​ហើយម្តងទៀត ​ចាប់តាំងពី​​ភាគី​ទាំង​ពីរ​ឯកភាព​​គ្នានៅ​​ក្នុងកិច្ចប្រជុំ​​ថ្នាក់រ​ដ្ឋ​មន្ត្រី​​​ការ​បរទេស​​​អាស៊ាន ដែល​​រៀបចំឡើង​​នៅ​ក្នុង​​ទីក្រុង​​​ហ្សាការតា ​រដ្ឋធានី​​ឥណ្ឌូណេស៊ី ​ទទួល​យក​​​អ្នក​​សង្កេតការណ៍​​ឥណ្ឌូណេស៊ី ដើម្បី​ត្រួត​ពិនិត្យ​​បទឈប់បាញ់​គ្នា​នៅ​តំបន់​មានជម្លោះ​​ព្រំ​ដែន​រវា​ងប្រទេស​​ទាំង​ពីរមក​។​

កាសែត​បាង​កកប៉ុស្តិ៍​​នៅថ្ងៃទី​​​៥ មិថុនា ​នោះក៏​បានផ្សាយ​​ឱ្យ​​ដឹង​​ដោយដកស្រង់​សម្តី​នាយករដ្ឋ​មន្ត្រី​​ចាំ​ផ្ទះថៃ​ លោកអាប់ភីស៊ីត ​​វ៉េចា​ជីវ៉ា ​ដែលថ្លែង​​កាលពីព្រឹកថ្ងៃទី​​៥ មិថុនា ថា លោក​នឹង​​បើកការចរចា​​ជាមួយ​សម្តេច​តេជោ​ហ៊ុន សែន ​​ប្រសិនបើ​​កម្ពុជា​​យល់ព្រម​​​​ដក​កង​ទ័ព​​របស់​ខ្លួន​ចេញពីតំបន់​​មានជម្លោះ​​​នៅ​តំបន់​ជុំ​វិញ​ប្រាសាទព្រះវិហារ​។​
លោកអាប់ភីស៊ីត ​​ថ្លែងទៀត​ថា ​ប្រសិន​បើ​​កម្ពុជា​​ចង់ប្រើប្រាស់​​​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ (GBC) ជាយន្តការ​​មួយ ខ្លួន​​គួរតែ​​​គោរព​​អនុស្សរណៈ​នៃការ​យោគ​យល់​យល់គ្នា ​(MOU) ឆ្នាំ​​២០០០ ​ដោយការ​ផ្អាក​​វិញនូវ​​ផែន​ការ​​របស់ខ្លួន​​​ ដើម្បី​គ្រប់គ្រង​ប្រាសាទ​​ព្រះវិហារ​​ជា​ឯក​តោភាគី ។ នាយករដ្ឋមន្ត្រី​​ចាំ​ផ្ទះ​ថៃរូបនេះ​​​ថ្លែង​បន្ត​​ទៀតថា ប្រសិន​​បើកម្ពុជា​​យល់ព្រម​​ធ្វើ​ដូច្នេះ​​រដ្ឋាភិបាល​​​របស់​លោក​​នឹង​ត្រៀម​​​ខ្លួនបើក​​​ការចរចា​​ដើម្បី​ដោះស្រាយ​​ជម្លោះ​​បច្ចុប្បន្ន​​​រវាង​ប្រទេស​ទាំងពីរ ៕