ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​​​តំបន់​សហគមន៍​​អេ​កូ​ទេសចរណ៍​​​ជីផាត​នៅ​​ខេត្ត​កោះកុង

12 ឆ្នាំ មុន

ខេត្ត​កោះកុង ៖ ​សហគមន៍​​ទេស​ចរណ៍​​ជីផាត ស្ថិត​ក្នុង​ភូមិជីផាត ​​ឃុំ​ជីផាត ​ស្រុកថ្ម​បាំង ​កំពុង​ទទួលបាន​កំណើន​​ភ្ញៀវ​ទេសចរ​​ពី​១ឆ្នាំ​ទៅ​១​ឆ្នាំ ។ ​ជាង​នេះ​​ទៅ​ទៀត សមាជិក​សហ​គមន៍​​ក៏​បាន​​កើន​ឡើង​​ជា​លំដាប់ ​ជាពិសេស​​​អ្នក​ភូមិ​​ដែល​ធ្លាប់​ប្រកបមុខរបរ​​​បរបា.ញ់​សត្វ​ព្រៃ​​កា.ប់​ឈើ ​បែរ​ជា​ងាកមកប្រកប​របរ​រក​ស៊ី​​ជាមួយ​ភ្ញៀវ​​​ទេស​​ចរ​​​

ខេត្ត​កោះកុង ៖ ​សហគមន៍​​ទេស​ចរណ៍​​ជីផាត ស្ថិត​ក្នុង​ភូមិជីផាត ​​ឃុំ​ជីផាត ​ស្រុកថ្ម​បាំង ​កំពុង​ទទួលបាន​កំណើន​​ភ្ញៀវ​ទេសចរ​​ពី​១ឆ្នាំ​ទៅ​១​ឆ្នាំ ។ ​ជាង​នេះ​​ទៅ​ទៀត សមាជិក​សហ​គមន៍​​ក៏​បាន​​កើន​ឡើង​​ជា​លំដាប់ ​ជាពិសេស​​​អ្នក​ភូមិ​​ដែល​ធ្លាប់​ប្រកបមុខរបរ​​​បរបាញ់​សត្វ​ព្រៃ​​កាប់​ឈើ ​បែរ​ជា​ងាកមកប្រកប​របរ​រក​ស៊ី​​ជាមួយ​ភ្ញៀវ​​​ទេស​​ចរ​​​ ធ្វើ​ឱ្យ​ជីវ​ភាព​​របស់​ពួកគាត់​រស់​​នៅ​បាន​យ៉ាង​សមរម្យ​ថែម​ទៀតផង។ នេះ​ក៏ដោយ​​សារ​ការ​សហការ​​​​​ និងយកចិត្ត​ទុក​ដាក់​​​រវាងក្រសួង​ទេស​ចរណ៍​ និង​ម្ចាស់​គម្រោង​​​សហ​គមន៍​​ទេស​ចរណ៍​​ ក្រោម​ការគ្រប់គ្រងដោយ​កញ្ញា​ស៊ូ វណ្ណា ​ហ្គោនឡែត ​នាយិកា​​ប្រតិ​​បត្តិអង្គ​ការ​សម្ព័ន្ធ​មិត្ត​​សត្វព្រៃ និង​លោក​ព្រំ​ ហឹង ​ប្រធាន​សហគមន៍​អេកូ​​ទេស​ចរណ៍​ជីផាត ។

​នៅថ្ងៃ​ទី១ មិថុនា ឆ្នាំ២០១១ លោកថោង ខុន​​ រដ្ឋ​មន្ត្រី​ក្រសួង​​ទេសចរណ៍​​ បានដឹកនាំ​មន្ត្រី​​ក្រោម​ឱ​វាទ​ធ្វើដំណើរ​​ទៅកាន់តំបន់នោះ និង​បានជួប​សំណេះ​សំណាល​​ជាមួយ​ប្រជាពលរដ្ឋ​​ក្នុង​សហគមន៍​​ ​ដោយ​មាន​ការ​ចូលរួម​ពី​អភិបាល​​រង​ខេត្ត​​​កោះ​កុង ប្រធាន​​សហគមន៍​​អេកូ​​ទេសចរណ៍​​ និងនាយិកាប្រតិ​បត្តិ​​​អង្គ​ការ​សម្ព័ន្ធ​​មិត្តសត្វព្រៃផង​ដែរ ។ ពិធីនេះ​​ធ្វើឡើង​នៅ​ក្នុង​​សហគមន៍​​អេកូ​ទេសចរណ៍​​ ស្ថិតនៅ​​ក្នុងភូមិ​ជីផាត ​ឃុំ​​ជីផាត ​ស្រុក​ថ្ម​បាំង ក្នុងគោល​​បំណង​​ពង្រឹង​​សហគមន៍ទេស​ចរណ៍​ជីផាតឱ្យ​កាន់​តែ​រឹង​មាំ​​ថែមទៀត ។

​លោកព្រំ ហឹង ​ប្រធាន​សហគមន៍​​អេកូ​ទេស​ចរណ៍​​ជីផាត ​បាន​មាន​ប្រសាសន៍​​ក្នុង​ពិធី​នេះ​ថា គម្រោង​​​សហគមន៍​​ទេសចរណ៍​​ត្រូវបានពង្រីក​ជា​រៀង​​រាល់ឆ្នាំ​​ ដោយចាប់​ផ្តើម​ជាមួយសមា​ជិក ចំនួន​១៩៦​គ្រួសារ ហើយ​បច្ចុប្បន្ន​សមា​ជិក​គម្រោង​បានកើនឡើង​​រហូតដល់​២៥៥គ្រួសារ​​ដោយ​សារ​តែ​ពួកគាត់យល់​ដឹង​អំពី​ផល​ប្រយោជន៍​​​ដែល​បានមកពី​​សហគមន៍​​ទេសចរណ៍ ។ ​លោក​បន្ត​ថា ចាប់​តាំងពីឆ្នាំ២០០៨ ​សហគមន៍​​​ជីផាតទទួល​ភ្ញៀវ​ទេស​ចរ​បាន​ជាង​២.៧០០នាក់ ហើយ​បាន​នាំចំណូល​សហគមន៍​​​ជិត​១០០.០០០​​ដុល្លារ ​មក​ទល់​​ខែឧសភា ​ឆ្នាំ​២០១១ នេះ ។ គ​ម្រោង​សហគមន៍​អេកូ​ទេស​ចរណ៍​​ក៏បាន​បន្ត​អភិវឌ្ឍន៍​ និងកែ​លំអ​សេវាកម្ម​ទេស​ចរណ៍​ជា​ច្រើន ស្របតាម​តម្រូវ​ការ​ភ្ញៀវ​​ដូច​ជា​ ​ការ​ចាប់​​បង្ក​ងតាម​បែប​បុរាណ ដែលរំពឹង​​ថា​ នឹង​ទទួល​បាន​​ប្រជាប្រិយភាព​​ពី​សំណាក់​ភ្ញៀវ​​​ទេស​ចរ​​អន្តរ​ជាតិ​​ ដែល​​ស្វែង​រក​តំបន់​ទេសចរណ៍​​ធម្មជាតិ​ពិតៗ។ លោ​ក​ប្រធាន​សហគមន៍បន្ត​​ទៀត​ថា ភ្ញៀវ​ទេស​ចរ​​​បច្ចុប្បន្នអាច​ជ្រើសរើស​​​សកម្ម​ភាព​ផ្សេងៗ ដែល​​មាន​រយៈ​ពេល​ខុសៗ​គ្នា​រួម​មាន​ ការ​​ដើរព្រៃ​​ ការ​​ជិះ​កង់​កម្សាន្ត​​ ការ​ជិះ​ទូក​ជ័រកាយ៉ាក ការ​ទស្ស​នា ​សត្វ​​ស្លាប និងការ​មើល​សត្វ​ព្រៃ​ជាដើម ។

លោកថោង​ ខុន ​រដ្ឋ​មន្ត្រី​​ក្រសួ​ងទេសចរណ៍​​​បាន​មាន​ប្រសាសន៍​​ថា លោក​សូមថ្លែង​អំណរ គុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន  សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រា​ជាណាចក្រកម្ពុជា ដែល​បានលុបចោល​គម្រោង​ជីក​រក​រ៉ែរបស់​ក្រុមហ៊ុនមួយនៅតំបន់​ជីផាតនេះ ​ហើយ​​បាន​ប្រគល់​តំបន់​ជីផាតនេះឱ្យ​មក​សហគមន៍អេកូ​ទេសចរណ៍​បានដំណើរ​​ការ​មកដល់​សព្វ​​ថ្ងៃ​នេះ ។ ​នេះ​ជាគំនិតដ៏​ឈ្លាស​វៃ​របស់ប្រមុខ​​រាជរដ្ឋាភិ​បាល​​​កម្ពុជា​ ដែល​បាន​គិត​គូរ​​ពីអនាគត​ប្រជាពល​រដ្ឋ ។

​លោករដ្ឋ​មន្ត្រី​​បានបន្ត​ថា​ វិស័​យ​អេកូ​ទេស​ចរណ៍​​ជាវិស័យល្អ​​​​មួយចំពោះសហគមន៍​​ និងអាច​​កាត់​បន្ថយ​ភាព​ក្រីក្ររបស់ប្រជាពលរដ្ឋបាន​យ៉ាង​​​ល្អ​ប្រសើរ ​​​ហើយ​អេកូ​ទេស​ចរណ៍​ក៏​បាន​ជួយ​​ទប់​ស្កាត់​​កំដៅ​​ផែនដី​ផង​ដែរ ។ ដូច្នេះ​ប្រជាពល​រដ្ឋ​​​ត្រូវ​តែបន្ត​ការ​ពារ​ធនធាន​ធម្ម​ជាតិ​ឱ្យ​បាន​កាន់​តែល្អ​ប្រសើរ​ឡើង​​ ។ ចំពោះ​​ប្រជា​ពលរដ្ឋ​​​ដែល​ធ្លាប់​​​ប្រកបរបរ​ប្រមាញ់​​សត្វព្រៃ​កាល​ពី​មុន​​នោះ​​ ឥឡូវ​បាន​បោះ​បង់អាជីនោះ​ដោយងាក​មក​ប្រកប​របរ​ជា​មួយ​​​ភ្ញៀវ​ទេស​ចរ​​ ហើយ​បាន​កែប្រែ​ជីវភាពរបស់ខ្លួនបានយ៉ាង​ល្អទៀតផង​ ។ ​ជាមួយគ្នា​នោះដែរ លោករដ្ឋ​មន្ត្រី​ក៏​បាន​​អំពាវ​នាវ​ដល់​អ្នក​វិនិយោគ​​នៅ​តំបន់​ឆ្នេរ​សមុទ្រ​​​​​ និង​តំបន់​អេកូ​ទេសចរណ៍​​ ត្រូវ​ស្វែង​​រក​ដៃ​គូ​ឱ្យ​បាន​ច្រើន ​​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍឱ្យបាន​កាន់​តែ​ច្រើន ដោយ​ចៀស​​​វាង​កុំ​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​បរិស្ថាន ។ ​​ក្រសួង​​ទេស​ចរណ៍​​​ក៏​មានបំណង​ចង់​ឱ្យ​តំបន់​​អេ​កូ​ទេសចរណ៍​​ជីផាតនេះ ដូច​តំបន់​ទេសចរណ៍​​នៅ​តាតៃដែរ ។

​​គួរបញ្ជាក់​ថា ​តំបន់អេកូ​ទេស​ចរណ៍​​ជីផាត​​​ខាងលើ​​ បើធ្វើ​​​ដំណើរ​​ពីភ្នំពេញ​ត្រូវ​ទៅ​តាមផ្លូវ​ជាតិលេខ៤រួច​បត់ទៅ​ផ្លូវ​ជាតិលេខ​៤៨ (​ផ្លូវ​​ស្រែអំបិល) ចម្ងាយ​​​ប្រមាណ​​១៨០គីឡូ​ម៉ែត្រ ​​និង​ទៅ​ដល់​​ផ្លូវ​លំ​ចូល​​ទៅ​តំបន់​អេកូ​ទេសចរណ៍​​ជីផាត​​ចម្ងាយ​​១៧គីឡូ​ម៉ែត្រ​​ទៀត​ ។ ទេស​ភាព​នៃតំបន់​ជីផាត​​ គឺ​ស្រស់​​​ត្រកាលលាតសន្ធឹង​តាម​ដង​ព្រែក​ដែលមាន​ទឹក​​ថ្លាឆ្វង់អមទៅ​ដោយ​ព្រៃ​ធម្មជាតិគួរ​ឱ្យ​គយ​គន់។

សម្រស់​ធម្មជាតិ​នេះ​​បាន​ទាក់ទាញភ្ញៀវទេស​ចរ​​ឱ្យ​ទៅ​កាន់​ទីនោះមិន​ចេះ​ជិន​ណាយ ។ ប្រជាពល​រដ្ឋ​​​នៅតំបន់នោះ​ក៏មានការ​រីករាយ​ ខណៈ​​ដែលបាន​ទទួល​ផលប្រយោជន៍​ពីតំបន់​​អេកូ​ទេស​ចរណ៍​នេះ ។ តំបន់​ជីផាត​​មានដី​សំបូរ​ដោយជីជាតិ​ធ្វើ​ឱ្យរុក្ខ​ជាតិ​ស៊ីផ្លែ​​ដុះ​លូត​លាស់ យ៉ាង​ល្អ ។ ​​​ជាក់ស្តែង​ដើមទុរេន ​សាវម៉ាវ ​បំពេញ​រាជ្យ ​និងខ្នុរ​មានផ្លែ​ស្ទើរ​បាក់មែក ។ អ្វី​ដែលគួរឱ្យ​កត់​សម្គាល់​នោះ គឺ​ផ្លែ​ខ្នុរត្រូវ​បាន​ប្រជា​ពលរដ្ឋ​​​ដាំ​សម្រាប់​​ជាចំណីគោ ឯ​ផ្លែ​​បំពេញ​​​រាជ្យ ​ធំៗ​ជ្រុះគរចោល​លើ​ដី។ ​អ្វីៗ​ពិត​ជា​ស្មាន​មិនដល់​តែបានបង្ហាញ​ថា ​នា​អនាគត​តំបន់​អេកូ​ទេស​ចរណ៍​នេះនឹង​ក្លាយ​ជា​កន្លែង​​កម្សាន្ត​​ តាម​បែប​ធម្មជាតិ​សម្រាប់​អ្នក​ទេស​ចរ​ជាតិ និង​អន្តរជាតិ៕