ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ទេសចរណ៍​ប្រារព្ធពិធីអប​អរ​សាទរ​ទិវា​ទេសចរណ៍​ពិភព​លោក​លើកទី៣១

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាលពី​រសៀល​ថ្ងៃទី​២៧ កញ្ញា នៅ​សណ្ឋាគារ​ភ្នំពេញ ក្រសួង​ទេស​ចរណ៍​បាន​រៀប​ចំ​ពិធីអប​អរ​សាទរ​ទិវា​ទេស​ចរណ៍​ពិភពលោក​លើកទី​៣១ ក្រោម​ប្រធាន​បទ «​ទេសចរណ៍​ និងជីវ​ចំរុះ» ក្រោម​អធិបតី​ភាព​លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ ដោយ​មាន​ការ​ចូលរួម​ពីក្រសួង​-ស្ថាប័ន​ អាជ្ញា​ធរ​ពាក់​ព័ន្ធ ផ្នែក​ឯកជន និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​ជាតិ​-អន្តរជាតិ​យ៉ាង​ច្រើន​កុះ​ករ ។ បន្ទាប់ពីអាន​សារ​លិខិត​របស់​សម្តេច

រាជធានីភ្នំពេញ ៖ ​កាលពី​រសៀល​ថ្ងៃទី​២៧ កញ្ញា នៅ​សណ្ឋាគារ​ភ្នំពេញ ក្រសួង​ទេស​ចរណ៍​បាន​រៀប​ចំ​ពិធីអប​អរ​សាទរ​ទិវា​ទេស​ចរណ៍​ពិភពលោក​លើកទី​៣១ ក្រោម​ប្រធាន​បទ «​ទេសចរណ៍​ និងជីវ​ចំរុះ» ក្រោម​អធិបតី​ភាព​លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ ដោយ​មាន​ការ​ចូលរួម​ពីក្រសួង​-ស្ថាប័ន​ អាជ្ញា​ធរ​ពាក់​ព័ន្ធ ផ្នែក​ឯកជន និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​ជាតិ​-អន្តរជាតិ​យ៉ាង​ច្រើន​កុះ​ករ ។ បន្ទាប់ពីអាន​សារ​លិខិត​របស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋ​មន្ត្រី នៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា ​ក្នុង​ឱកាស​អប​អរ​សា​ទរ​ទិវា​ទេសចរណ៍​ពិភព​លោក​លើកទី​៣១ ក្រោម​​ប្រធានបទ «​ទេសចរណ៍​ និង​ជីវ​ចំរុះ» ប្រកប​ដោយ​អត្ថ​ន័យ​ និង​ខ្លឹម​សារ​យ៉ាង​ជ្រាល​ជ្រៅ​​រួច​មក លោក​រដ្ឋ​មន្ត្រី​ថោង ខុន បានលើក​ឡើង​ពី​ប្រវត្តិ​នៃ​ទិវា​ទេសចរណ៍​ពិភព​លោក ដោយ​គូស​បញ្ជាក់​ថា អង្គ​ការ​ទេសចរណ៍​ពិភព​លោក​បានកើត​ឡើង​ក្នុង​ឆ្នាំ​១៩៧៤ ចូលរួម​​ដោយ​ប្រទេស​ចំនួន​១៥៤​ ក្នុងនោះ​ប្រទេស​កម្ពុជា​បាន​ចូលជា​សមាជិក​អង្គ​ការ​នេះ​នៅឆ្នាំ​១៩៧៥ ប៉ុន្តែ​ត្រូវបាន​ផ្អាក​ការ​ទំនាក់ទំនង​ក្នុង​របបប៉ុល ពត រហូត​ដល់​ឆ្នាំ​​១៩៨៣ ទើប​មាន​ទំនាក់ទំនង​ឡើងវិញ​រហូត​​មក​ដល់​សព្វ​ថ្ងៃ ។

ជា​រៀង​រាល់ឆ្នាំ​ ពិភព​លោក​ទាំង​មូល​តែង​តែ​បាន​រៀប​ចំ​ប្រារព្ធ​ទិវា​នេះ​ក្រោម​ប្រធាន​បទ​ខុសៗ​គ្នា ។ លោក​ថោង ខុន បាន​ធ្វើ​ការ​ពន្យល់​នូវ​អត្ថ​ន័យ​របស់ពាក្យ​ជីវ​ចំរុះ​ គឺ​សំដៅ​រាល់​ជីវិត​ទាំង​ឡាយ​ដែល​ស្ថិត​ក្នុង​ប្រព័ន្ធ​អេ​កូសាស្ត្រ​​ មាន​មនុស្ស មាន​សត្វ រុក្ខ​ជាតិ និង​បរិស្ថាននៅជុំវិញ​ជា​ដើម ។ លោក​រដ្ឋ​​មន្ត្រី បាន​លើក​ឡើង​ថា វិស័យ​ទេស​ចរណ៍​សាកល​លោក​បាន​បង្កើត​ការងារ​​ប្រមាណ​២៣០​លាន​នាក់ និង​តំណាង​ឱ្យ​ប្រមាណ​៤០% នៃ​ការ​​នាំ​ចេញ​សេវា​កម្ម​សរុប​សំរាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ។ ចំពោះ​ប្រទេស​កម្ពុជា ​វិស័យ​​ទេស​ចរណ៍​បាន​​បង្កើត​ការ​ងារ​ប្រមាណ​ជាង​៣​០​ម៉ឺន​នាក់ ។

លោក​​ថោ​ង ខុន បាន​បញ្ជាក់​ទៀត​ថា ប្រព័ន្ធ​ជីវ​ចំរុះ​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តំលៃ​បាន​បំរើ​ដល់​ការរីកចំរើន​របស់​វិស័យ​ទេសចរណ៍​ដ៏ទាក់ទាញ មាន​ទេសចរណ៍​ធម្មជាតិ និង​អេកូ​ទេសចរណ៍ ។ ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​និរន្ត​រភាព និង​ការ​ទទួល​ខុសត្រូវ​គឺ​សំដៅ​លើ​ការ​អភិវឌ្ឍន៍​​មួយដែល​ធានា​ឱ្យ​បាននូវ​តុល្យ​ភាព​រវាងទិដ្ឋ​ភាព​បរិស្ថាន ទិដ្ឋ​ភាព​សេដ្ឋ​កិច្ច ទិដ្ឋ​ភាព​សង្គម និង​វប្បធម៌ ។ គន្លឹះ​សំខាន់​គឺ​សំរាប់​បំរើ​ផល​ប្រយោជន៍​ជា​វិជ្ជ​មាន​ដល់​ការ​អភិ​វឌ្ឍ​ន៍​ជីវ​ចំរុះ​ និង​បរិស្ថាននៅថ្នាក់​តំបន់ និង​សាកល​លោក ។

លោក​ថោង ខុន បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ប្រទេស​កម្ពុជា​យើង​សង្កេត​ឃើញ​ថា សក្តា​នុពល​ទេសចរណ៍​ធម្ម​ជាតិ និង​តំបន់​អេកូ​ទេសចរណ៍​មាន​នៅ​តាម​ភូមិសាស្ត្រ​ជា​ច្រើន​ ដូចជា​តំបន់​ភូមិ​ភាគ​ឦសាន​ តំបន់​ភូមិភាគនិរតី តំបន់​បឹង​ទន្លេ​សាប ដែលពោរពេញ​ដោយ​ធម្មជាតិដ៏ទាក់ទាញ​សំរាប់ការ​អភិវឌ្ឍន៍​​ និង​ការ​ងារ​អភិរក្ស មាន​ជា​អាទិ៍​ តំបន់​ព្រៃ​កោង​កាង តំបន់ជួរ​ភ្នំ​ក្រវាញ ដែល​ពោរ​ពេញ​ទៅដោយ​ជីវ​ចំរុះ​យ៉ាង​សំបូរ​បែប ។ នៅ​រា​ត្រី​ថ្ងៃទី​២៧ កញ្ញា នោះ​ដែរ ក្រសួង​ទេស​ចរណ៍​​បាន​សហ​ការ​ជាមួយអគ្គ​នាយកដ្ឋាន​វិទ្យុ និង​ទូរ​ទស្សន៍​​បាយ័ន​ បង្កើត​នូវ​កម្ម​វិធី​តន្ត្រី​ទេស​ចរណ៍​ ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ជូន​ទស្សនា​យ៉ាង​សប្បាយរីករាយ ៕