ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​​ជំនួយ​​ដល់​ជន​​រង​គ្រោះ​​ដោយ​​ខ្យល់​ព្យុះ​​ចំនួន​​៨​​គ្រួសារ​​នៅ​ក្រុង​​តា​ខ្មៅ

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១១ អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ក្រុង​តា​ខ្មៅ​បាន​រៀប​ចំ​ពិធី​ចែក​ជំនួយ​សង្គ្រោះ​ជូន​អ្នក​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​រលំ​ផ្ទះ​ចំនួន​៨​គ្រួសារ​នៅ​ភូមិ​ព្រែក​រាំង​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្តាល​។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក​ឆាយ ថន ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​

ខេត្ត​កណ្តាល​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១១ អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ក្រុង​តា​ខ្មៅ​បាន​រៀប​ចំ​ពិធី​ចែក​ជំនួយ​សង្គ្រោះ​ជូន​អ្នក​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​រលំ​ផ្ទះ​ចំនួន​៨​គ្រួសារ​នៅ​ភូមិ​ព្រែក​រាំង​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្តាល​។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក​ឆាយ ថន ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​ និង​ជា​ប្រធាន​កិត្តិ​យស​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ក្រុង​តា​ខ្មៅ​។ អញ្ជើញ​ចូល​រួម​ជា​កិត្តិ​យស​រួមមាន​លោក​រិន វីរៈ លោក​កែវ សាន អនុ​ប្រធាន​កិត្តិ​យស​អនុសាខា​កាក​បាទ​ក្រហម​កម្ពុជា​ក្រុង​ លោក​ចាន់ សុខុម អភិ​បាល​ក្រុង និង​ជា​ប្រធាន​គណៈកម្មា​ធិការ​អនុ​សាខា​កា​បាទ​ក្រហម​កម្ពុជា​ក្រុង​តា​ខ្មៅ ព្រះ​តេជ​គុណ​ ព្រំ​ ខុន គង់​នៅ​វត្ត​ខ្ពប​អណ្តែត​ ព្រម​ទាំង​លោក​ លោក​ស្រី​ថ្នាក់​ដឹក​នាំ​អាជ្ញា​ធរ​ដែន​ដី​ក្រុង​ សង្កាត់​ និង​ភូមិ​ជា​ច្រើន​​រូប​ទៀត​។

តាម​របាយ​ការណ៍​ស្វាគមន៍​របស់​លោក​ចាន់​ សុខុម បាន​ឱ្យ​ដឹង​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១១ មាន​គ្រោះ​ខ្យល់​ព្យុះ​កំណាច​បាន​បោក​បក់​យ៉ាង​ខ្លាំង​នៅ​ភូមិ​សាស្ត្រ​សង្កាត់​កំពង់​សំណាញ់​ និង​សង្កាត់​ព្រែក​ហូរ​ដែល​បណ្តាល​ឱ្យ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​២​ខ្នង​បាន​រលំ​ដល់​ដី និង​៦​ខ្នង​ទៀត​ត្រូវ​ប៉ើង​ដំបូល​ខូច​ខាត​យ៉ាង​ដំណំ​។ សូម​បញ្ជាក់​ថា អ្នក​ដែល​រង​គ្រោះ​ទាំង​៨​គ្រួសារ​ខាង​លើ​នៅ​សង្កាត់​កំពង់​សំណាញ់​រង​គ្រោះ​ចំនួន​៦​ខ្នង​ ស្មើ​នឹង​៦​គ្រួសារ​ ក្នុង​នោះ​ផ្ទះ​ត្រូវ​រលំ​ដល់​ដី​២​ខ្នង​ និង​សង្កាត់​ព្រែក​ហូរ​ខូច​ខាត​ប៉ើង​ដំបូល​ចំនួន​២​ខ្នង​។

លោក​ឆាយ ថន ប្រធាន​កិត្តិ​យស​​អនុសាខា​កាក​បាទ​ក្រហម​​កម្ពុជា​ក្រុង​តា​ខ្មៅ​មាន​ប្រសាសន៍​​សំណេះ​សំណាល​​ដោយ​នាំ​មក​នូវ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ា​នី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ជូន​ចំពោះ​ជន​រង​គ្រោះ​ទាំង​អស់​ដោយ​ក្តី​នឹក​រឭក​។ លោក​បាន​សម្តែង​នូវ​ការ​ចូល​រួម​រំលែក​ទុក្ខ​លំបាក​​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​រង​គ្រោះ និង​សំណូម​ពរ​សុំ​កុំ​ឱ្យ​មាន​ការ​អស់​សង្ឃឹម​ត្រូវ​ប្រឹង​ប្រែង​រក​ស៊ី​ចិញ្ចឹម​គ្រួសារ​បន្ត​ទៀត ព្រោះ​ថា​អ្វី​ដែល​បាន​ជួប​ប្រទះ​ក្នុង​គ្រា​កន្លង​មក​ គឺ​ជា​គ្រោះ​ធម្ម​ជាតិ​ដែល​យើង​ពុំ​អាច​គេច​រួច​ ហើយពេលថ្មីៗ​នេះ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​​លើ​ពិភព​លោក​ក៏​បាន​និង​កំពុង​ទទួល​រង​គ្រោះ​ធ្ងន់​ធ្ងរ​ជាង​នេះ​ផង​ដែរ​។

លោក​បន្ត​ថា សម្តេច​អគ្គ​មហា​សេនា​បតីតេជោហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ងាយ​រង​គ្រោះ និង​ជន​រង​គ្រោះ​ទាំង​អស់​នៅ​ទូទាំង​​ប្រទេស​ ដោយ​មិន​ប្រកាន់​និន្នា​ការ​អ្វី​ទាំង​អស់​ ហើយ​ក៏​មិន​បណ្តោយឱ្យ​បង​ប្អូន​ជន​រង​គ្រោះ​ណា​ម្នាក់​រស់​នៅ​ឯកោ និង​អត់​​អាហារ​ដាច់​ពោះ​ស្លាប់​បាន​ឡើយ​។

ជំនួយ​សង្គ្រោះ​ដែល​បាន​ផ្តល់​ជូន​គ្រួសារ​រលំ​ផ្ទះ​ដល់​ដី​២​គ្រួសារ​ អង្ករ​៤៥​គីឡូ​ក្រាម​ សារុង​២ មី​១​កេស សម្ភារ​​ប្រើ​ប្រាស់​៣២​មុខ​ ចំនួន​១​សម្រាប់​ និង​ថវិកា​ចំនួន​៥១​ម៉ឺន​រៀល។ ដោយ​ឡែក​ចំពោះ​គ្រួសារ​រង​គ្រោះ​ប៉ើង​ដំបូល​ផ្ទះ​ចំនួន​៦​ គ្រួសារ​មាន​​អង្ករ​៣៥​គីឡូ​ក្រាម​ សារុង​២ មី​២៥​កញ្ចប់​ ស​ម្ភារ​ប្រើ​ប្រាស់​៣២​មុខ​ចំនួន​១​សម្រាប់​ និង​ថវិកា​២១​ម៉ឺន​រៀល។

សប្បុរស​ជន​ដែល​បាន​ឧបត្ថម្ភ​សម្ភារ​ និង​ថវិកា​រួម​មាន​លោក​ឆាយ ថន ថវិកា​១​លាន​៨​ម៉ឺនរៀល, លោក​រិន វីរៈ​ ថវិកា​៨០​ម៉ឺន​រៀល, លោក​កែវ សាន​ អង្ករ​១៦០​គីឡូ​ក្រាម​, គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្រុង​តា​ខ្មៅ​ សម្ភារ​ប្រើ​ប្រាស់​៣២​មុខ​ចំនួន​២​សម្រាប់ សារុង​១៦ ថវិកា​៦​ម៉ឺន​រៀល​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​សង្កាត់​កំពង់​សំណាញ់​២០​ម៉ឺន​រៀល អង្ករ​១០០​គីឡូ​ក្រាម​, លោក​យាវ ឡេង ថវិកា​៨​ម៉ឺន​រៀល មី​៤​កេស​, ព្រះ​ចៅ​អធិការ​វត្ត​ព្រែក​សំរោង​ សម្ភារ​ប្រើ​ប្រាស់​៣២​មុខ​ចំនួន​១​សម្រាប់​,​ព្រះ​តេជគុណ​ព្រំ​ ខុន វត្ត​ខ្ពប​អណ្តែត​ សម្ភារ​ប្រើ​ប្រាស់​៣២​មុខ​ចំនួន​៣​សម្រាប់​​ អង្ករ​១៥​គីឡូ​ក្រាម​ ថវិកា​៨​ម៉ឺន​រៀល​, ព្រះ​តេជគុណ​ញ៉ឹក ឡុង​ វត្ត​ខ្ពប​អណ្តែត សម្ភារ​ប្រើ​ប្រាស់​៣២​មុខ​ចំនួន​២​សម្រាប់​, លោក​ឡាយ​ ហោ ថវិកា​៨​ម៉ឺន​រៀល, ភូមិ​កំពង់​សំណាញ់​ថវិកា​៥​ម៉ឺន​រៀល , ភូមិ​ព្រែក​រាំង​ ថវិកា​៣​ម៉ឺន​រៀល និង​ភូមិ​ខ្ពប​វែង ថវិកា​២​ម៉ឺន​រៀល ៕