មុននេះបន្តិច លោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា ត្រូវបានដកស្រង់សម្តីចុះផ្សាយដោយសារព័ត៌មាន TNA កាលពីថ្ងៃទី២៣ ខែឧសភា កន្លងមកនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដោយអះអាងថា «ថៃមិនបានបាត់បង់ទឹកដីទេ»។ បើរដ្ឋាភិបាលថៃអះអាងបែបនេះ ចុះហេតុអ្វីបានជារដ្ឋាភិបាលថៃទាមទារឱ្យកម្ពុជាដកកងទ័ព និងប្រជាជនចេញពីតំបន់៤.៦គីឡូម៉ែត្រក្រឡា ដែលជាទឹកដីរបស់កម្ពុជា។
ដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានថ្លែងជាច្រើនលើកច្រើនសាមកហើយថា «បើអ្នកឯងថាមិនបាត់ដីទេ ចុះហេតុអ្វីបានជាឈ្លានពាន» ដូច្នេះសម្តីរបស់អាប់ភីស៊ីត នៅពេលនេះ និងព្រឹត្តិការណ៍វាយប្រហារនាពេលកន្លងមកនេះ គឺពិតជាមានន័យគ្រប់គ្រាន់អាចបញ្ជាក់បានថា ថៃបានប្រើកម្លាំងយោធាដើម្បីឈ្លានពានរំលោភលើអធិបតេយ្យរបស់កម្ពុជា ដោយមិនអាចប្រកែកបានឡើយ។
កម្ពុជាមិនដែលទទួលស្គាល់ថា មានតំបន់ជម្លោះ តំបន់ត្រួតស៊ីគ្នា ឬមានដី៤.៦គីឡូម៉ែត្រក្រឡានោះទេ។ ផ្ទុយទៅវិញតំបន់ដែលថៃអះអាងថាជារបស់ខ្លួន ហើយប្រើកម្លាំងទាហានមកឈ្លានពាននោះ គឺស្ថិតនៅក្នុងអធិបតេយ្យរបស់កម្ពុជាទាំងស្រុង មិនមានចំណែកណាមួយជារបស់ថៃឡើយ ប៉ុន្តែថៃទៅវិញទេជាចោរឈ្លានពាន ដែលបានប្រើផែនទីសម្ងាត់ ផែនទីចោរ គូសជាឯកតោភាគី ហើយបានយកផែនទីនោះមកអនុវត្ត ដោយប្រើកម្លាំងយោធាធ្វើសង្គ្រាមវាយប្រហារមកលើទឹកដីកម្ពុជា ដែលបង្កឱ្យមានការស្លាប់បាត់បង់អាយុជីវិត និងរងរបួសកងទ័ព និងជនស៊ីវិលស្លូតត្រង់របស់កម្ពុជាជាច្រើនគ្រួសារ ហើយមួយចំនួនទៀតត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងយ៉ាងវេទនា។ ប្រាសាទព្រះវិហារ និងតំបន់ជុំវិញនោះ គឺជាកម្មសិទ្ធិស្របច្បាប់របស់ប្រទេសកម្ពុជា ដោយយោងលើផែនទីដងរែកឧបសម្ព័ន្ធ១ ខ្នាត១លើ២០០ពាន់ និងសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងការកាន់កាប់ជាក់ស្តែងរបស់កម្ពុជា និងឈរលើមូលដ្ឋានច្បាប់ (De jure et De Facto)។
ការបដិសេធរបស់ថៃមិនទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី និងដំណោះស្រាយជាកញ្ចប់ដែលរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំង៣ កម្ពុជា ថៃ និងឥណ្ឌូណេស៊ី បានព្រមព្រៀងគ្នាហើយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១១ គឺជាចេតនាអូសបន្លាយពេលដើម្បីឈ្លានពាន ការបន្តអនុវត្តនយោបាយបិទទ្វារវាយកម្ពុជា តាមរយៈការលើកយកនូវផែនទីចោរលួចគូសជាឯកតោភាគី ពុំមានអន្តរជាតិទទួលស្គាល់ ដូច្នេះភាពក្រឡិចក្រឡុចរបស់ថៃ គឺមានតម្លៃស្មើនឹងការរុញច្រានតួនាទីរបស់អង្គការសហប្រជាជាតិ អាស៊ាន និងអង្គការយូណេស្កូ ឱ្យចេញពីបញ្ហាដែលថៃបានឈ្លានពានកម្ពុជានោះ។
ជាងនេះទៅទៀត កម្ពុជាមានការសោកស្តាយជាពន់ពេក ដែលបានឃើញការលើកឡើងរបស់សារព័ត៌មានថៃ ASTV Manager Online នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១១ ដោយលោកស៊ុវិទ ឃុនគិតទិ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងធនធានធម្មជាតិថៃ បាននិយាយថា «ខ្មែរមានល្បិុចដាក់បេតិកភណ្ឌពិភពលោកដើម្បីដណ្តើមយកទឹកដីថៃ»។ ការចោទប្រកាន់បែបនេះ គឺខុសពីការពិតទាំងស្រុង ពីព្រោះកម្ពុជាមិនបានយកប្រាសាទរបស់ថៃចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទេ ដែលប្រាសាទព្រះវិហារ និងដីនៅជុំវិញនោះ គឺជារបស់កម្ពុជា ហើយប្រាសាទព្រះវិហារក៏ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយដែរតាំងពីឆ្នាំ២០០៨មកម៉្លេះ ដោយសំឡេងគាំទ្រជាងឯកច្ឆន្ទ។ ដោយឡែកការដាក់ផែនការគ្រប់គ្រង និងអភិវឌ្ឍតំបន់ប្រាសាទព្រះវិហាររបស់ភាគីកម្ពុជា ជូនទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក៏ជាការបំពេញកាតព្វកិច្ចរបស់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អង្គការយូណេស្កូផងដែរ ហើយឯកសារទាំងនោះក៏ត្រូវបានកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកទទួលយករួចហើយដែរតាំងពីឆ្នាំ២០១០ កន្លងទៅម៉្លេះ ដែលមានលោកស៊ុវិទ ឃុនគិតទិ ខ្លួនឯងជាអ្នកចុះហត្ថលេខាទៀតផងនៅឯប្រទេសប្រេស៊ីល។
ការធ្វើនយោបាយដែលមិនប្រកបដោយសច្ចធម៌ គឺអាចចាត់ទុកថា មេដឹកនាំថៃបាននិងកំពុងដើរលើផ្លូវខុសប្រឆាំងនឹងច្បាប់អន្តរជាតិ គឺអាចនឹងនាំឱ្យធ្លាក់ចុះនូវភាពអាប់ឱនកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រទេសថៃទាំងមូល។ សំខាន់ជាងនេះទៅទៀតនោះ រដ្ឋាភិបាលរបស់លោកអាប់ភីស៊ីត បានកសាងនូវរឿងអាស្រូវជាច្រើននាពេលចុងក្រោយនេះតាមការប្រើកម្លាំងយោធាដើម្បីឈ្លានពានទឹកដីកម្ពុជា ដែលបញ្ហានោះនឹងត្រូវលាតត្រដាងជាថ្មីទៀត តាមរយៈការបកស្រាយសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ឆ្នាំ១៩៦២ នៅក្រុងឡាអេ នាថ្ងៃទី៣០ និង៣១ ខែឧសភា ឆ្នាំ២០១១ នេះ ដែលតុលាការនឹងបញ្ជាក់ឡើងវិញពីភាពឈ្នះក្តីរបស់កម្ពុជាក្នុងរឿងក្តីប្រាសាទព្រះវិហារ៕
ចែករំលែកព័តមាននេះ