ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • សៀមរាប

មានការ​លើក​ឡើង​ថា ជា​ទូទៅ​ពលរដ្ឋ​នៅ​លើ​សកលលោក​អាច​មិន​ស្គាល់​កម្ពុជា ប៉ុន្តែ​ពួក​គេ ស្គាល់​អង្គរវត្ត​។ អង្គរវត្ត​ខ្មែរ ត្រូវ​បាន​អង្គការ​យូ​ណេ​ស្កូ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

មានការ​លើក​ឡើង​ថា ជា​ទូទៅ​ពលរដ្ឋ​នៅ​លើ​សកលលោក​អាច​មិន​ស្គាល់​កម្ពុជា ប៉ុន្តែ​ពួក​គេ ស្គាល់​អង្គរវត្ត​។ អង្គរវត្ត​ខ្មែរ ត្រូវ​បាន​អង្គការ​យូ​ណេ​ស្កូ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២​។ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៣​នេះ គឺជា​ខួប​៣១​ឆ្នាំ​ដែល​ប្រាសាទបុរាណ​របស់​កម្ពុជា​នេះ បាន​ទទួល​កិច្ច​ការពារ និង​អភិរក្ស​ជាស​កល ហើយ​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​លើ​ពិភពលោក បាន​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់ តាម​រយៈ​អង្គរវត្ត​នេះ​។

ដូច្នេះ​ដើម្បី​ធ្វើ​អោយ​វិស័យ​ទេសចរណ៍​កម្ពុជា​ស្ទុះ​ឡើង​វិញ​លឿន កម្ពុជា​ត្រូវ​តែ​ឃោសនា ឬ​អួត​អង្គរវត្ត​អោយ​បាន​ខ្លាំង​នៅ​លើ​ពិភពលោក​។ អង្គរវត្ត គឺជា​បេះដូង​ប្រជាជន​កម្ពុជា ហើយ​ក៏​ជា​បេះ​ដូ​វ​នៃ​វិស័យ​ទេសចរណ៍​ដែរ​។

អង្គរវត្ត ជា​គោលដៅ​ទេសចរណ៍​របស់​អ្នកទេសចរ​អន្តរជាតិ​។ ទោះបីជា​ទើប​ងើប​ពី​វិបត្តិ​កូ​វី​ដ​១៩ និង​ទោះបីជា​មានការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​នានា​ក្នុង​សកលលោក​ក្តី តែ​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០២៣​នេះ ពោល​គឺ​ចាប់ពី​ខែមករា រហូត​ដល់​ខែកញ្ញា ឆ្នាំ​២០២៣​នេះ កម្ពុជា​រក​ចំណូល​បាន​ចំនួន ២៤,៩៥៥,៣៩៧​​ដុល្លារ​អា​មេ​រិ​ក ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​សរុប ៥៣៩,៥៦១​នាក់​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ កាលពី​ខែតុលា សម្រាប់​ខែកញ្ញា ឆ្នាំ​២០២៣ នេះ គ្រឹះស្ថាន​អង្គរ រក​ចំណូល​បាន​ចំនួន ១,៨៣៦,៤៦៦​ដុល្លារ​អា​មេ​រិ​ក ពី​ការ​លក់​ប័ណ្ណ​ជូន ភ្ញៀវ​ទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចំនួន ៤១,០៤៨​នាក់​។ អង្គរវត្ត បាន​ក៏​ជា​ប្រភព​ចំណូល​ដល់​ពលរដ្ឋ​ខ្មែរ ត្បិត​អី​វិស័យ​ទេសចរណ៍​ជាសរ​ស្តម្ភ ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុ​ជាមួយ​ដ៏​សំខាន់​។ គ្មាន​អង្គរវត្ត ក៏​កម្ពុជា​ពិបាក​នៅ​ក្នុង​ការ​ចាត់​ទុក​វិស័យ​ទេសចរណ៍ ជា​មាស​ប៉ៃ​តង​នោះ​ដែរ​។

អង្គរវត្ត ដែល​បង្ហាញ​ពី​ភាព​រុងរឿង​របស់​កម្ពុជា ពី​អតីតកាល ជា​មរតក​មិន​អាច​កាត់ថ្លៃ​បាន នោះ​ឡើយ​។ អង្គរវត្ត បាន​ផ្តល់​តម្លៃ​ឱ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់​ជំនាន់​បង្ហាញ​ពី​ពូជពង្ស​ដ៏​រុងរឿង និង​អស្ចារ្យ​របស់​ខ្លួន​ឱ្យ​បរទេស​បានដឹង និង​បាន​ស្គាល់​។

តម្លៃ​អង្គរ គ្មាន​អ្វី​ប្រៀប​បាន​នោះ​ឡើយ ពោល​គឺ​អង្គរវត្ត​ផ្តល់​ជូន​ពលរដ្ឋ​ខ្មែរ ទាំង​កេរ្តិ៍ឈ្មោះ និង​ថវិការ ដែល​មិន​អាច​កំណត់​បាន​។

នៅ​ក្នុង​ឱកាស​ខួប​ទី​៣១ នៃ​ការ​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ គេ​សង្កេត​ឃើញ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន បាន​សារ​ទរ និង​បាន​ចាត់​ទុក​ថា ថ្ងៃ​ទី​១៤ ខែធ្នូ​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ គឺជា​ការ​រំឭកស្មារតី​កូន​ខ្មែរ​គ្រប់​រូប​ឱ្យ​ចេះ​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​បេតិកភណ្ឌ ជា​ពិសេស​គឺ​សម្តែង​នូវ​ការ​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​ពលិកម្ម ដើម្បី​បុព្វហេតុ អារ្យធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​នា​សម័យ​អតីតកាល និង​ការ​តស៊ូ​ជា​បន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំ​ប្រទេស ក្នុង​ការ​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ ការពារ​ឱ្យ​បាន​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​របស់​ជាតិ និង​ពិភពលោក​ទាំងមូល​។

នៅ​លើ​ទឹកដី​អង្គរ នា​ខេត្តសៀមរាប​ឯណោះ​វិញ អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ ក្នុង​រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៧ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៣​។ ព្រឹត្តិការណ៍​​រំលឹក​គុណ​អង្គរ ដើម្បី​តបស្នង​សងគុណ​ដល់​បុព្វបុរស ក៏​ដូច​ជា អតីត​ព្រះមហាក្សត្រ​ខ្មែរ ដែល​បាន​កសាង​ប្រាសាទ និង​ថែរក្សា​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​។

ផ្នែក​មួយ នៃ​ព្រឹត្តិការណ៍​នេះ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៣ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា រួម​ជាមួយ​សិស្សានុសិស្ស​សរុប​១២៥០​នាក់ បាន​ធ្វើ​ព្យុហយាត្រា ដង្ហែ​ក្បួន ជា​លើក​ទី​២ ក្នុង​ព្រឹត្តិការណ៍ «​រំលឹក​គុណ​អង្គរ​» ចាប់ផ្តើម​ចេញពី​មុខ​ប្រាសាទ​អង្គរ ឆ្ពោះទៅ​ខ្លោងទ្វារ​ទន្លេ​អុំ នៃ​ក្រុង​អង្គរធំ និង​ឆ្ពោះទៅ​ក្រុង​សៀមរាប​។ ព្យុហយាត្រា​នេះ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ មានការ​រំលឹក​គុណ​ដល់​ប្រាសាទ​អង្គរ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មិន​អាច​កាត់ថ្លៃ​បាន ដែល​បុព្វបុរស​ខ្មែរ បាន​បន្សល់​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​។

លោក ឡុ​ង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែង​ថា «​ការ​ដែល​យើង​រំលឹក​គុណ​អង្គរ​នេះ មិន​ត្រឹមតែ​រំលឹក​គុណ​បុព្វការី ដែល​បាន​ខិតខំ​បូជា​ឈា​.​ម​ស្រស់ សាច់​ស្រស់ កម្លាំងកាយ​ចិត្ត​ក្នុង​ការ​កសាង ថែរក្សា ជួសជុល​ប្រាសាទ ការពារ​ទឹកដី តាំងពី​ដើម​រៀង​មករ​ហូត​មក​ដល់​បច្ចុប្បន្ន​នេះ​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ឡុ​ង កុសល​។

ដោយសារ​ឆ្លងកាត់​សង្គ្រាម កម្ពុជា​បាន​ជួប​ប្រទះ​នូវ​ប្រវត្តិសាស្ត្រ​វែង​ឆ្ងាយ​ពី​ប្រទេស​ដែល​មាន​ទឹកដី​ធំ ជា​អាណាចក្រ​ដ៏​រុងរឿង ក្លាយជា​ប្រទេស​តូច និង​ក្រីក្រ​។ ពលរដ្ឋ​ខ្មែរ ដែល​បាន​ដើរ​ចេញ​ទៅ​ក្រៅ​ជា​ច្រើន​នាក់ បាន​និយាយ​ថា កន្លង​មក អន្តរជាតិ​មិនសូវ​ស្គាល់​កម្ពុជា​នោះ​ទេ​។ ជា​ទូទៅ​គេ​ស្គាល់​អង្គរ​វត្ត ស្គាល់​បឹង​ទន្លេសាប ដែល​មាន​លើ​ផែនទី​ពិភពលោក ឬ​អាច​ស្គាល់​កម្ពុជា​ថា ជា​វាល​ពិ​ឃា​.​ត ដែល​មាន​ពលរដ្ឋ​ស្លា​.​ប់​ប្រមាណ​២​លាន​នាក់ នៅ​ក្នុង​របប​ប៉ុ​ល​ពត​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។

កម្ពុជា​បាន​កំពុង​កសាង​ប្រទេស និង​អូស​ទាញ​អ្នកទេសចរ​ឱ្យមក​ទស្សនា​ប្រទេស​របស់​ខ្លួន តាម​រយៈ​ការ​បង្ហាញ​ពី​សម្បត្តិ​វប្បធម៌​សម្បូរ​បែប ប្រាង្គ​ប្រាសាទ​រាប់រយ​នៅ​ពេញ​ប្រទេស ធនធានធម្មជាតិ ជ្រោះ ភ្នំ សមុទ្រ ជាទី​ទស្សនា​ជា​ស្នាមញញឹម​ពលរដ្ឋ​គ្រប់​ទីកន្លែង​។

តាម​លោក ឡុ​ង កុសល ដែល​បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​ដង្ហែ​ក្បួនព្យុហយាត្រា​ថា ព្យុហយាត្រា​នេះ ធ្វើ​ឡើង​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​ដ៏​មាន​សារសំខាន់ សម្តែង​ចំណាប់អារម្មណ៍​ចំពោះ​ពាក្យស្លោក​ដែល​មាន​អត្ថន័យ​ថា កិច្ច​ការពារ​បេតិកភណ្ឌ ជា​ភារៈកិច្ច​កូន​ខ្មែរ​គ្រប់​ៗ​រូប និង​អត្ថន័យ​នៃ​ចម្រៀង​ពង្សាវតា​ខ្មែរ ដែល​មាន​អត្ថន័យ​ឧត្តុង្គឧត្តម ដក់​ជាប់​នៅ​ក្នុង​ក្រអៅបេះដូង​ប្រជាជន​ខ្មែរ​។ ជា​ពិសេស សិស្សានុសិស្ស​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ជា​អ្នក​បន្តវេន​ដ៏​សំខាន់​ទៅ​អនាគត​ក្នុង​ការ​ថែរក្សា​នូវ​តម្លៃ​ដួង​ព្រលឹង​ជាតិ និង​អត្តសញ្ញាណ​ជាតិ​។

មន្ត្រី​បាន​បញ្ជាក់​ថា ការ​ដែល​រំលឹក និង​ផ្តល់​នូវ​គុណ​តម្លៃ​ដល់​បុព្វការី​ជន គឺជា​ការ​គោរព​ខ្លួនឯង​ផង ក៏​ជា​ការ​ផ្តល់​នូវ​ភាព​ថ្កុំថ្កើង​នៃ​ប្រវត្តិសាស្ត្រ​ផង​ដែរ​៕

អត្ថបទ​ដោយ ៖ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ