ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាញ់​ប្រហា​រ​ទម្លាយ​កញ្ចក់​រថយន្ត ពេល​ម្ចាស់​កំពុង​ដេក​ របួស​ធ្ងន់ ជាការ​ប៉ង​ធ្វើ​ឃាត​ដោយ​រឿង​​គំនុំ

15 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ស្នូរ​កាំភ្លើង​អាកា​បាន​​ផ្ទុះ​ឡើង​ចំនួន​បី​គ្រាប់​​ផ្ទួនៗ​គ្នា​​ទាំង​កណ្ដាល​យប់​ស្ងាត់ បណ្ដាល​​ឱ្យ​រថយន្ដ​កា​មេ​រី​មួយ​គ្រឿង​ត្រូវ​បែក​កញ្ចក់ និង​បុរស​ម្នាក់​ដែល​ដេក​ក្នុង​រថយន្ដ​ត្រូវ​រង​របួសធ្ងន់ ដោយ​ការ​ផ្ទុះ​អាវុធ​នេះ ត្រូវ​បាន​សមត្ថ​កិច្ច​សន្និដ្ឋាន​ថា ជា​រឿង​ប៉ុនប៉ង​មនុស្ស​​ឃា​ត​​ ដោយ​សារ​គំនុំ​។

ហេតុការណ៍​ផ្ទុះអាវុធ​​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១១ មីនា ទៅ​លើ​បុរស​រង​គ្រោះ​ឈ្មោះ​ខាន់ សង្ហា អាយុ​៤០​ឆ្នាំ ជាម​ន្ដ្រី​យោធា​បំរើ​ការងារ​នៅ​​វរៈ​សេនា​តូច​ការ​​ពារ​ព្រំដែន​គោក​លេខ​២០៤ ខ​ណៈ​ពេល​ដែល​ជន​រង​គ្រោះ​ដេក​ក្នុង​រថយន្ដ​ម៉ាក​កា​ម​​រី​គូថ​ស្វិត ​ពណ៌​ស ដែល​ឈប់​ចត​ស្ងៀម​នៅ​ខាង​មុខ​ផ្ទះ​ស្ថិត​នៅ​ភូមិ​តា​សោម ឃុំ​ស្វាយ​ជ្រៈ ស្រុក​ស្នួល​។

ជន​រង​គ្រោះ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​លប​បាញ់​ចំនួន​បី​គ្រាប់​តាម​កញ្ចក់​ក្រោយ​រថយន្ដ​ធ្លាយ​ទៅ​ដល់​កញ្ចក់​មុខ​បណ្ដាល​​ឱ្យ​​បែក​កញ្ចក់​រថយន្ដ​ខ្ទេច និង​ត្រូវ​ចំ​ជន​រង​គ្រោះ​មួយ​គ្រាប់​ពីក្រោយ​បណ្ដាល​​ឱ្យ​រង​របួស​ធ្ងន់​ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ក្នុ​ងរាជ​ធានី​​ភ្នំពេញ​។

ក្រោយ​ពេល​បង្ក​​សកម្មភាព​រួច​ខ្មាន់កាំភ្លើង​បាន​គេចខ្លួន​បាត់​ភ្លាម​ដោយ​សុ​វត្ថិ​ភាព ពុំ​មាន​បន្សល់​ទុក​នូវ​​វត្ថុ​​តាង​ណាមួយ​សម្រាប់​សមត្ថ​កិច្ច​ចុះ​ធ្វើការ​អង្កេត​ស្រាវជ្រាវ​នោះ​ទេ។ កំលាំង​ជំនាញ​ស្នងការ​ដ្ឋាន​​នគរ​បាល​ខេត្ដ​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ គឺ​រក​ឃើញ​តែ​សំបក​គ្រាប់​កាំភ្លើង​ធុន​អាកា​​ចំនួន​បី​គ្រាប់ រីឯ​នៅ​លើ​ពូក​រថយន្ដ​មាន​ស្នាម​ធ្លុះ​ដោយ​ក្បាល​គ្រាប់​ និង​ប្រឡាក់​​ឈាម​។ ​ចំណែក​​កញ្ចក់​រថយន្ដ​ខាង​ក្រោយ​​ត្រូវ​បែក​សុះ​ខ្ទេច​។

លោក​វរ​​សេនីយ៍​ត្រី ចាន់ សុខ​គី​ម នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ហេតុ​ការណ៍​ផ្ទុះអាវុធ​របស់​ខ្មាន់កាំភ្លើង​ទៅ​លើ​ជន​រង​គ្រោះ​នេះ​គឺ​សមត្ថ​កិច្ច​​​អាច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា បណ្ដាល​មក​ពី​រឿង​គំនុំ។ ចំណែក​ការ​ស្រាវជ្រាវ​ស្វែ​រក​លើ​មុខ​សញ្ញា​ជន​ដៃដល់​ គឺ​កំលាំង​នគរបាល​ក៍​កំពុង​តែ​ចុះ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ស្វិតស្វាញ​ផង​ដែរ​៕