ខេត្តតាកែវ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន២ បាននាំគ្នាធ្វើពាក្យបណ្តឹងទៅសាលាសង្កាត់តវ៉ាពីរឿងមេភាស៊ីផ្សារតាកែវ ដែលបានកើបសំរាមយកទៅចាក់ចោលលើទួលដោយមិនបានធ្វើរបងព័ទ្ធជុំវិញ ហើយនៅពេលមានភ្លៀងធ្លាក់មកម្តងៗ ទឹកកាកសំណល់ដែលចេញពីសំរាមនោះបានហូរហៀរចូលក្នុងស្រែនិងស្រះទឹកដែលជាអំណោយរបស់លោកអ៊ឹង ប៊ុនហ៊ូវ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន មិនអាចឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកស្រះនោះបានឡើយ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ បានឱ្យដឹងថា គំនរសំរាមដែលគេដឹកពីផ្សារតាកែវមកចាក់ចោលនោះ គឺស្ថិតក្នុងភូមិទំនប់ សង្កាត់រកាក្រៅ ហើយភូមិថ្មី និងភូមិទំនប់មានព្រំប្រទល់ជាប់គ្នា។ កាលពី២-៣ឆ្នាំមុន ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដោយមើលឃើញប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំង២នេះអត់មានទឹកប្រើប្រាស់ ក៏បានជីកស្រះទឹក១សម្រាប់យកទឹកប្រើប្រាស់ដោយមិនមានបញ្ហាអ្វីកើតឡើងទេ ។
ប្រភពដដែលបានបន្តទៀតថា ជាអកុសល ជាងមួយឆ្នាំមកនេះ ស្រាប់តែមានគេយកគ្រឿងចក្រមកកាយជីកលើទីទួលរួចដឹកសំរាមពីផ្សារតាកែវមកចាក់នៅទីនោះទាំងឡានៗ ដោយមិនបានលើកទំនប់ទប់បង្ការមិនឱ្យកាកសំណល់នានាហៀរចេញមកក្រៅទេ ហើយនៅពេលមានភ្លៀងធ្លាក់កាកសំណល់ជាទឹកសំអុយនោះបានហៀរចេញមកហូរចូលស្រែប្រជាពលរដ្ឋ និង ចូលស្រះទឹកដែលប្រជាពលរដ្ឋកំពុងតែប្រើប្រាស់ទៀតផង ។ បញ្ហានេះ ប្រជាពលរដ្ឋទាំង២ភូមិបានប្តឹងមកមេភូមិ ចៅសង្កាត់ មានទាំងផ្តិតមេដៃថែមទៀតផងតវ៉ាពីរឿងមេភាស៊ីផ្សារតាកែវយកសំរាមមកចាក់ចោលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋប្រើប្រាស់ទឹកក្នុងស្រះ នោះ ។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ គ្មានអ្នកណាចុះមកជួយដោះស្រាយទេ ដូច្នេះប្រជាពលរដ្ឋភូមិថ្មី និងភូមិទំនប់ទាំងអស់ ស្នើសុំឱ្យលោកអភិបាលខេត្តមេត្តាជួយដោះស្រាយផង ។
ទាក់ទិនទៅនឹងមេភាស៊ីផ្សារតាកែវយកសំរាមទៅចាក់ចោលធ្វើឱ្យទឹកសំអុយហៀរហូរចូលទៅក្នុងស្រះទឹកប្រជាពលរដ្ឋនោះ លោកសំរិទ្ធ ម៉ិង ចៅសង្កាត់រកាក្រៅ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ចំពោះបញ្ហាមេភាស៊ីផ្សារតាកែវចាក់សំរាមធ្វើឱ្យប៉ះពាល់ដល់ស្រះទឹកប្រជាពលរដ្ឋនេះ លោកអត់បានដឹងទេ តែឃើញមេភូមិទាំង២មកប្រាប់ម្តង ហើយលោកបានរាយការណ៍ជូនថ្នាក់លើអស់ហើយដែរ ៕
ចែករំលែកព័តមាននេះ