រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រាជធានី កាលពីថ្ងៃទី១៨ ឧសភា បានឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធរឿងផលិតនិងចែកចាយវីស៊ីឌីអាសអាភាស ព្រមទាំងដកហូតឧបករណ៍ផលិតនិងឌីស្កមួយចំនួនធំផង ។ យុវជនដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះគង់ ប៊ុនថា អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
តាមព័ត៌មានពីលោកវរសេនីយ៍ត្រីកែវ ធា ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឱ្យដឹងថា យោងតាមការស៊ើបអង្កេតនិងស្រាវជ្រាវកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៧ ឧសភា កម្លាំងជំនាញការិយាល័យរបស់លោកឈានទៅបង្ក្រាបបទល្មើសជាក់ស្តែងមួយគឺករណីផលិតនិងចែកចាយវីស៊ីឌីអាសអាភាសឃាត់ខ្លួនយុវជនម្នាក់ដែលកំពុងប្រព្រឹត្តលក់និងចែកចាយឌីស្កតាមបណ្តោយមហាវិថីម៉ៅ សេទុង ។ លោកកែវ ធា បានបន្តថា ក្រោយពីឃាត់ខ្លួនឈ្មោះគង់ ប៊ុនថា ត្រូវបាននាំទៅកាន់ការិយាល័យដើម្បីសាកសួររកប្រភពឌីស្កអាសអាភាសដែលមានលក់លើផ្លូវសាធារណៈនេះ ។ ឈ្មោះគង់ ប៊ុនថា បានសារភាពថា ជាការកែច្នៃ និងផលិតខ្លួនឯងតែម្តងដោយរួមផ្សំជាមួយឧបករណ៍មានកុំព្យូទ័រ ម៉ាស៊ីនថតចម្លង និងម៉ាស៊ីនព្រីនធ័រជាដើម ។
ដោយយោងទៅលើចម្លើយរបស់ជនសង្ស័យនោះហើយ បានជានៅព្រឹកថ្ងៃទី១៨ ឧសភា សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានសហការជាមួយស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចុះធ្វើការឆែកឆេរលំនៅឋានជួលរបស់គេដកហូតវត្ថុតាងមានម៉ាស៊ីនព្រីនធ័ររូបភាពម៉ាក HP មួយគ្រឿង ម៉ាស៊ីនស្គែនរូបភាព និងថតចម្លងម៉ាក HP មួយគ្រឿង ស៊ីភីយូម៉ាក VALUESTAR មួយគ្រឿង ផ្លាស់ដាក់រូបភាពម៉ាក ADATA មួយគ្រឿង ម៉ូនីទ័រម៉ាក DELL មួយគ្រឿង និងវីស៊ីឌីអាសអាភាសរាប់ពាន់បន្ទះ ។ ជនសង្ស័យនិងវត្ថុតាងសមត្ថបានរៀបចំឯកសារកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ