រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរិះគន់យ៉ាងខ្លាំងចំពោះមេបក្សប្រឆាំងដែលបាននិយាយថា គាត់ផ្តល់អនុសាសន៍យូរហើយ ប្តឹងទៅ ប្តឹងទៅអង្គការសហប្រជាជាតិ..។ សម្តេចបានអំពាវនាវឱ្យមេបក្សប្រឆាំង រៀនឱ្យចេះដឹងជាងនេះបន្តិច ព្រោះនីតិវិធីក្រុមប្រឹក្សាសន្តិសុខ នីតិវិធីនៃមហាសន្និបាតអង្គការសហប្រជាជាតិ និងនីតិវិធីផ្សេងៗទៀត…សូមឱ្យរៀនថែមទៀត បើចង់ធ្វើនាយករដ្ឋមន្ត្រី គឺត្រូវចេះនីតិវិធីក្រុមប្រឹក្សាសន្តិសុខ នីតិវិធីមហាសន្និបាតអង្គការសហប្រជាជាតិ និងនីតិវិធីដទៃទៀត…បើមិនចេះទេ កុំចេះតែនិយាយ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានរិះគន់មេបក្សប្រឆាំងបែបនេះ កាលពីព្រឹកថ្ងៃទី១៤ មីនា ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុបចំនួន១.៣១៥នាក់ (ស្រី៤៦០នាក់) ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០០៧-២០០៨ កន្លងមក នេះ ។
ទាក់ទិនទៅនឹងបញ្ហាឈ្លានពានរបស់ថៃ ដែលកម្ពុជាបានបញ្ជូនទៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា មិនមែនជារឿងលេងសើចទេ ព្រោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគេមិនមានពេលគ្រប់ពេលទាំងអស់ ប្រជុំតែរឿងនោះទេ នៅក្នុងចំណោមនោះបើសិនជាមានប្រទេសមួយចំនួនគេមិនព្រមប្រជុំ គឺក្រុមប្រឹក្សាសន្តិសុខនោះក៏មិនអាចប្រជុំបានទេ នេះគឺទី១ ។ ទី២ ពេលប្រជុំ បើមានតែប្រទេសណាមួយក្នុងចំណោមប្រទេសធំទាំង៥ វ៉េតូ ក៏ចេញសេចក្តីប្រកាសព័ត៌មាននេះមិនរួចដែរ…។ មិនមែនរឿងអ្វីៗចេះតែទៅក្រុមប្រឹក្សាសន្តិសុខបានងាយៗនោះទេ ក្រុមប្រឹក្សាសន្តិសុខមានពេលឯណា…។ រឿងបញ្ហាទល់ដែននេះ នៅលើពិភពលោកប្រហែលជាមានបញ្ហា៥០% ប្រទេសដែលមានបញ្ហាទល់ដែននេះ។ តែរឿងកម្ពុជាដែលយកទៅឱ្យក្រុមប្រឹក្សាសន្តិសុខដោះស្រាយគឺមិនមែនជារឿងបញ្ហាទល់ដែនទេ គឺបញ្ហា «ឈ្លានពាន» បញ្ហាសង្គ្រាមដែលវាគំរាមកំហែងដល់សន្តិសុខកម្ពុជា ។ បើគ្រាន់តែរឿងជម្លោះទល់ដែន យកទៅប្តឹងអង្គការសហប្រជាជាតិវិញ គេមិនដោះស្រាយទេ ។
សម្តេចបានរិះគន់ដល់មេបក្សប្រឆាំងថា ចាំខ្លួនធ្វើនាយករដ្ឋមន្ត្រី ខ្លួនប្តឹងទៅ ចេះតែនិយាយទៅរួច…ចុះហេតុម៉េចក៏មិនយកធម្មនុញ្ញអង្គការសហប្រជាជាតិមកមើលខ្លះទៅបានទេ ឱ្យស្គាល់ចរឹតបញ្ហានេះខ្លះ? ខ្ញុំមានការសោកស្តាយ ស្តាយជនជាតិខ្មែរ ហើយធ្វើប្រធានបក្សនយោបាយធ្វើឡេះខេះអ៊ីចឹង អត់យល់អត់ដឹងទៅវិញ វាថោកខ្មែរ ស្រួលមិនស្រួលធ្វើឱ្យអ្នកជិតខាងដែលទំនាស់ជាមួយយើងមើលងាយយើងទៀត។ ចំពោះអ្នកជិតខាងគេថា កុំទៅខ្វល់ កម្ពុជាធ្វើសំបុត្រទៅគេមិនប្រជុំទេ លុះដល់កោះអញ្ជើញ ស្រាប់តែរៀបចំទៅតែម្តង»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនចេញដំណើរទៅបូហ្គ័រ (ឥណ្ឌូណេស៊ី) ដើម្បីប្រជុំគណៈកម្មការព្រំដែនទូទៅ និងគណៈកម្មការបោះបង្គោលព្រំដែនក្រោមវត្តមាននៃការសម្របសម្រួលរបស់ប្រធានអាស៊ាន ។ ប្រធានអាស៊ានចូលបើកអង្គប្រជុំរួចហើយ ក៏សម្រាករង់ចាំការជជែកគ្នា២នាក់ទៅ ព្រោះឥណ្ឌូណេស៊ីក៏មិនអាចអារកាត់បានដែរ ២នាក់ត្រូវអារកាត់…ប៉ុន្តែត្រូវឱ្យភាគីទី៣ដឹង ។ បើសិនជាមានការឯកភាពឈានដល់ចុះហត្ថលេខាគឺត្រូវឱ្យមានភាគីទី៣ ចុះហត្ថលេខាជាមួយផងដែរ ។ សូម្បីលក្ខខណ្ឌបែបបទត្រួតពិនិត្យគេបានត្រៀមហើយស្រេចនឹងចុះហត្ថលេខា រដ្ឋមន្ត្រីការបរទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសថៃ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីត្រៀមហើយស្រេច ។ កម្ពុជាអត់មានបិទទ្វារនិយាយតែ២នាក់ និយាយជាមួយកម្ពុជាយើង ហើយបែរជាខ្លួនឯងទៅនិយាយជាមួយសារព័ត៌មានផ្សេង អត់ទេ…ឈប់ហើយរឿងដូចមុនអត់ទេ។
សម្តេចតេជោបញ្ជាក់ទៀតថា បើនិយាយពីរឿងពាណិជ្ជកម្ម ទេសចរណ៍…អាចនិយាយ២នាក់បាន ។ ប៉ុន្តែបើនិយាយពីការទាក់ទងជាមួយការវាយគ្នា ឈប់បាញ់ សង្កេតការណ៍ បញ្ហាជម្លោះព្រំដែនហ្នឹងត្រូវមានភាគីទី៣ ហើយក្នុងនោះភាគីទី៣ រាប់ទាំងតុលាការអន្តរជាតិផងដែរ ។ ឥឡូវសភាពការណ៍មានការស្ងប់ស្ងាត់ហើយ គេយកអនុសាសន៍របស់ខ្ញុំទៅអនុវត្ត ដោយមានការប្រកួតកីឡាជាមួយគ្នា ដោយគេមិនដាក់ប្រកួតភាគីថៃ ភាគីកម្ពុជាទេ គឺកីឡាករចូលចម្រុះគ្នា ម្ខាងភាគីថៃ៣ កម្ពុជា៣ដែរ ហើយក្រុមម្ខាងទៀតក៏ធ្វើដូច្នេះដែរ ។
យើងសុខចិត្តឱ្យមានការជជែក ក្នុងការជជែកនោះគឺពិតជាមានការពិបាក ក៏ប៉ុន្តែវាគ្រាន់ជាងការហូរឈាម ជជែកគ្នាទៅ សហការគ្នាទៅលេងកីឡា សិល្បៈជាមួយគ្នាទៅ ជាជាងវាយគ្នា ។ វាយគ្នាមិនស្រួលទេ ការលំបាកគឺលំបាកតែប្រជាពលរដ្ឋទេ បានជាមិនចង់ឱ្យកើតមានសង្គ្រាមអីទេ គឺសូមតែសេចក្តីសុខ និងកុំឱ្យមករំខានតែប៉ុណ្ណោះ…។ ប៉ុន្តែគេបែរជាមកចោទថា កម្ពុជាទៅឈ្លានពានគេ នេះជាលើកទី១ ហើយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាដែលគេចោទថា ឈ្លានពានគេ ។ ដល់ឡើងសម័យតេជោគេចោទថា ឈ្លានពានគេ ពីដើមមានតែគេទេឈ្លានពានខ្មែរ ។ កម្ពុជាត្រឹមតែការពារទឹកដីរបស់ខ្លួនបែរជាថា ទៅឈ្លានពានគេទៅកើត ។ ពួកអាវលឿងជេរថា កម្ពុជាឈ្លានពាន ជេររហូត...។
សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា កម្ពុជាមិនមែនកូនចៀមទេ ប្រាប់ឱ្យហើយ នៅត្រង់ហ្នឹងឈប់បាញ់ ឈប់បាញ់នៅត្រង់កន្លែងហ្នឹង អ្នកនៅត្រង់ណានៅត្រង់ហ្នឹងសិនទៅ រួចហើយរង់ចាំការដោះស្រាយជាស្ថាពរលើបញ្ហាព្រំដែន ។
សម្តេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា រឿងនេះច្បាស់ជាទៅដល់តុលាការអន្តរជាតិឡាអេឡើងវិញ ឱ្យបកស្រាយសាលក្រម ។ បើឃើញថា នៅលើដីគេ យើងសុខចិត្តថយ ប៉ុន្តែបើសិនជាអ្នកឯងនៅលើដីកម្ពុជា អ្នកឯងត្រូវថយទៅវិញ យើងគោរពសាលក្រមតុលាការអន្តរជាតិទាំងអស់គ្នា ។ កុំចង់ដេញ ចង់យកវត្តកែវសិក្ខាគិរីស្វារៈ…សូមទោសចុះ ។ កុំថាឡើងមកយក ឡើងមកថ្វាយបង្គំក៏អត់ឱ្យដែរ ថ្វាយបង្គំអីទៀត បាញ់បាក់សូរងព្រះអស់រលីងហើយ អត់ឱ្យឡើងទេ គ្មានឱ្យឡើងប្រាប់ឱ្យហើយ ។ រឿងវាបានកើតដូច្នោះទៅហើយ យើងមិនចង់ពង្រីកឱ្យទៅជាជំងឺមហារីកទេ ឱ្យវារួមទំនាស់ហើយពង្រីកការដោះស្រាយ ពង្រីកសហប្រតិបត្តិការកម្ពុជាមិនចង់មានរឿងជាមួយអ្នកណា
ទេ ។ ប្រទេសក្រោយសង្គ្រាមត្រូវការកសាងច្រើនណាស់ ប៉ុន្តែកម្ពុជាគ្មានជម្រើសនោះទេ ក្រៅពីបង្ខំចិត្តដើម្បីធ្វើសង្គ្រាមការពារទឹកដីនៅលើទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ ។ ឥឡូវការឈប់បាញ់បានឈប់ហើយ…នៅសល់តែអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីមកដល់ទេ កម្ពុជាបានឆ្លើយទៅហើយ ប៉ុន្តែខាងថៃមិនទាន់ឆ្លើយ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជានៅតែអំពាវនាវ បើថៃគេមិនឱ្យអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីទៅទេ កម្ពុជាទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីសូមមកកម្ពុជាមក ព្រោះកាលពីថ្ងៃទី២០ កុម្ភៈ កាស៊ីត ភីរម្យ ក៏អំពាវនាវឱ្យឥណ្ឌូណេស៊ីដាក់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅខាងថៃ ហើយក៏ដាស់តឿនខ្ញុំឱ្យទទួលយកដែរ ។ ឥឡូវកម្ពុជាអំពាវនាវកុំឱ្យយឺតការណ៍គឺ សូមឥណ្ឌូណេស៊ីបញ្ជូនអ្នកសង្កេតការណ៍បញ្ជូនត្រង់មកកម្ពុជាមក ព្រោះអនុព័ន្ធយោធាឥណ្ឌូណេស៊ីបានទៅពិនិត្យ ហើយកម្ពុជាក៏ត្រៀម មានគណៈកម្មការមួយធ្វើការសម្របសម្រួលដោយចាត់តាំងលោកឧបនាយករដ្ឋមន្ត្រីម្នាក់ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋលេខាធិការមួយចំនួន ដើម្បីធ្វើការងារនោះ ។ មានបង្កើតគណៈកម្មការពីរ គណៈកម្មការមួយទទួលបន្ទុកផ្នែកតុលាការ មានលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេស គណៈកម្មការមួយ ទៀត មានលោកឧបនាយករដ្ឋមន្ត្រីការពារជាតិ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំដល់កងទ័ពកម្ពុជាត្រូវតែមានការអត់ធ្មត់ បើគេរៀលកៃ គេបាញ់ដាក់យើង៤-១០គ្រាប់ ពេលយប់ជួនកាលគេផ្លោង យើងនៅឱ្យស្ងៀម ។ ប៉ុន្តែបើគេមកដល់លេណដ្ឋានហើយ គ្មានជម្រើសទេ មានតែបង្ខំចិត្តហើយ ៕


ចែករំលែកព័តមាននេះ