នៅពេលដែលខ្ញុំ និងមិត្ដភក្ដិរួមអាជីពជាច្រើននាក់ទៀតនៅក្នុងការងារសារព័ត៌មាន និងសារគមនាគមន៍ បានស្ដាប់ការអានសាររំលែកទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីនៅឯពិធីបូជាសពរបស់សម្លាញ់ខ្ញុំគឺ លោក រាជ សម្បត្ដិ កាលពីថ្ងៃទី១៥ ឧសភា កន្លងទៅនេះ ពួកយើងពិតជារំជួលចិត្ដ និងសម្ដែងការគោរពកោតសរសើរដល់សមានចិត្ដ និងអារម្មណ៍ប្រកបដោយមនោសញ្ចេតនាដ៏ ជ្រាលជ្រៅរបស់លោកទាំងពីរ។
នៅមុនពិធីបូជាសពដែលឱ្យភ្លើងដោយលោកខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យនៃរាជរដ្ឋាភិបាលកម្ពុជា យើងទាំងអស់គ្នាបានស្ដាប់សាររំលែកទុក្ខរបស់លោកទាំងពីរដោយយើងទប់ទឹកភ្នែកមិនបាន ដែលលោកបានបង្ហាញពីក្ដីស្រណោះស្រណោកអាឡោះអាល័យយ៉ាងក្រៃលែងដល់អតីតសហការី និងមិត្ដភក្ដិរបស់យើង។
ពាក្យពេចន៍ដ៏សាមញ្ញដែលលោកទាំងពីរបានប្រើនៅក្នុងសាររំលែកទុក្ខនោះ គឺមិនមែនត្រឹមតែសមាជិកគ្រួសារសព លោកសម្បត្ដិ ប៉ុណ្ណោះនោះទេ ប៉ុន្ដែក្នុងនាមជាអតីតមិត្ដភក្ដិ និងជាអ្នករួមអាជីពជាមួយសព យើងក៏ក្ដុកក្ដួល រំជួលចិត្ដ និងស្លុងអារម្មណ៍ស្រយុតស្រយង់អស់ស្មារតីផងដែរចំពោះក្ដីមេត្ដាករុណារបស់លោកទាំងពីរ ដែលប្រការនេះបានជំរុញ និងលើកទឹកចិត្ដដល់ពួកយើងជាអ្នកបំពេញការងារសារព័ត៌មាន និងសារគមនាគមន៍ទាំងនៅក្នុងស្ថាប័នក្នុងប្រទេស និងក្រៅប្រទេសឱ្យខិតខំបន្ដការងារអាជីពប្រកបដោយវិជ្ជាជីវៈរបស់ខ្លួនបន្ដទៅទៀត។
ជាការពិត ការទទួលបានសាររំលែកទុក្ខពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសដល់ក្រុមគ្រួសារនៃសព និយាយដោយឡែកក្រុមគ្រួសារនៃសពរបស់អ្នកបំពេញការងារសារព័ត៌មាន និងសារគមនាគមន៍មិនបានគ្រប់ៗរូបក៏ដោយ ក៏សាររំលែកទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ និងលោកបណ្ឌិតសភាចារ្យចំពោះសពលោកសម្បត្ដិ បានបង្ហាញពីសមានចិត្ដដែលលោកទាំងពីរធ្លាប់មានជាមួយអ្នកបំពេញការងារអាជីពផ្នែកវិស័យនេះ។
ខ្ញុំនៅចាំប្រយោគមួយក្នុងសាររំលែកទុក្ខ ដែលលោកបណ្ឌិតសភាចារ្យ សុខ អាន បានសរសេរថា «រាជ សម្បត្ដិ ក្មួយប្រុសសម្លាញ់! ពេលនេះក្មួយបានចាកចេញពីយើង និងលាចាកលោកទៅហើយ។ តែនេះគឺជាពេលវេលាមួយដែលយើងត្រូវរំលឹកដល់ការរួមចំណែកដ៏មានតម្លៃរបស់ក្មួយក្នុងឆាកជីវិតដ៏ខ្លីនេះ»។
នៅក្នុងសារនោះលោកក៏បានសរសេរដែរថា អស់រយៈពេលជាង១៥ឆ្នាំ ក្មួយបានបំពេញវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ហើយទទួលបានការកោតសរសើរ និងការគោរពរាប់អានយ៉ាងជ្រាលជ្រៅពីមជ្ឈដ្ឋាននានា…។ បន្ទាប់មកក្មួយបានក្លាយទៅជាសាស្ដ្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលរបស់ក្មួយ យើងទទួលបានអ្នកសារព័ត៌មាន អ្នកផលិតភាពយន្ដ និងនិពន្ធនាយកជំនាន់ថ្មីជាច្រើននាក់»។
ជាងនេះទៅទៀត លោកក៏បានកោតសរសើរដល់សពលោកសម្បត្ដិថា «ក្មួយបានចំណាយអស់កម្លាំងកាយ កម្លាំងចិត្ដ និងកម្លាំងប្រាជ្ញាក្នុងការស្ថាបនា និងការផ្សះផ្សាសង្គមជាតិ ជាពិសេសក្នុងវិស័យសារព័ត៌មាន»។
ពាក្យពេចន៍នៅក្នុងប្រយោគខាងលើនេះអាចបញ្ជាក់បានថា លោកសុខ អាន ពិតជាយកចិត្ដទុកដាក់ និងគោរពស្រឡាញ់ដល់អ្នកបំពេញការងារអាជីពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
អ្វីដែលជាមោទនភាពបំផុតជាងនេះទៅទៀតនោះសម្រាប់គ្រួសារសពលោក សម្បត្ដិ ក៏ដូចជាយើងទាំងអស់គ្នាជាអតីតសហការី និងមិត្ដភក្ដិរបស់គាត់ គឺពាក្យពេចន៍ដ៏ក្រៀមក្រំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ នៅក្នុងប្រយោគមួយក្នុងសាររំលែកទុក្ខរបស់សម្ដេចដែលបានផ្ញើជូនភរិយារបស់សពលោក សម្បត្ដិ បានសរសេរថា «ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្ដែងនូវការសោកស្ដាយស្រណោះអាឡោះអាល័យក្រៃលែង និងសូមចូលរួមរំលែកនូវមរណទុក្ខជាមួយលោកស្រី និងបុត្រា បុត្រី ព្រមទាំងបងប្អូន កូនចៅ ញាតិមិត្ដជិតឆ្ងាយនៃសពលោក រាជ សម្បត្ដិ ប្រកបដោយសមានទុក្ខ និងក្ដីសង្វេគរកទីបំផុតគ្មាន»។
ពាក្យពេចន៍មួយឃ្លានេះ ពិតជាបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅពិតប្រាកដរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអតីតសហការី និងមិត្ដភក្ដិរបស់យើង។
ក្នុងនាមយើងជាអ្នកប្រកបការងារវិជ្ជាជីវៈផ្នែកសារព័ត៌មាន និងសារគមនាគមន៍ យើងសូមកោតសរសើរ និងគោរពចំពោះសាររំលែកទុក្ខរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីររូប និងជូនការគោរពដល់លោករដ្ឋមន្ដ្រីក្រសួងព័ត៌មានចំពោះការឱ្យភ្លើងបូជាសពដែលជាកិត្ដិយសដ៏ធំធេងមិនត្រឹមតែចំពោះគ្រួសារលោក សម្បត្ដិ ប៉ុណ្ណោះនោះទេ ប៉ុន្ដែក៏ជាកិត្ដិយសសម្រាប់អ្នកបំពេញការងារសារព័ត៌មាន និងសារគមនាគមន៍(ការងារទំនាក់ទំនង) អាជីពប្រកបដោយវិជ្ជាជីវៈផងដែរ។
ខ្ញុំ និង សម្បត្ដិ គឺជាមិត្ដភក្ដិរួមអាជីពទាំងការបង្រៀនភាសារអង់គ្លេសក្រៅម៉ោងធ្វើការ ទាំងការយកព័ត៌មាន និងការបង្រៀនផ្នែកសារព័ត៌មានតាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក។ យើងទាំងពីរនាក់ធ្លាប់ដើរ ធ្លាប់ហូបចុក និងធ្លាប់បានដេកជាមួយគ្នាក្នុងបន្ទប់តែមួយនៅក្នុងសមរភូមិព័ត៌មានក្ដៅៗ ព្រមទាំងធ្លាប់បានកម្សាន្ដសប្បាយជាមួយគ្នា និងចំអកលេងសើចឱ្យគ្នាទៅវិញទៅមក រួមទាំងមិត្ដភក្ដិផ្សេងៗទៀត ប៉ុន្ដែឥឡូវសម្លាញ់ សម្បត្ដិបានចាកចេញពីយើងហើយគឺចាកចេញឆ្ងាយជារៀងរហូតគ្មានថ្ងៃវិលត្រឡប់វិញឡើយ។ យើងសូមបួងសួង និងឧទ្ទិសឱ្យវិញ្ញាណក្ខន្ធរបស់សម្លាញ់ សម្បត្ដិ សោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងទទួលបានសេចក្ដីសុខគ្រប់ៗជាតិ ៕
មន្ត្រីបណ្តុះបណ្តាលអ្នកសារព័ត៌មាននៃក្លឹបអ្នកកាសែតកម្ពុជា
ចែករំលែកព័តមាននេះ