រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាកាលពីថ្ងៃទី១៧ ឧសភា ឆ្នាំ២០១១ ឲ្យដឹងថា ដោយសារមានបញ្ហាផ្នែកកម្មវិធីកុំព្យូទ័រ លទ្ធផលនៃឆ្នោតផ្សងសំណាងឆ្នាំ២០១២ ដែលបានផ្សាយតាមគេហទំព័ររបស់ក្រសួងការបរទេសអាមេរិក ត្រូវចាត់ទុកជាមោឃៈ។ លទ្ធផលទាំងនោះគ្មានភាពត្រឹមត្រូវ ហើយត្រូវបានចេញផ្សាយដោយខុស។ លទ្ធផលគ្មានភាពត្រឹមត្រូវដែលអាចយកជាការបានទេ ពីព្រោះវាមិនចេញមកពីការជ្រើសរើសដោយមិនចំពោះ និងដោយត្រឹមត្រូវលើអ្នកចូលរួមលេង ដូចដែលតម្រូវដោយច្បាប់សហរដ្ឋអាមេរិកនោះឡើយ។
សេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកបន្តថា បើលោកអ្នកបើកគេហទំព័រនេះក្នុងសប្តាហ៍ទីមួយនៃខែឧសភា ហើយឃើញសេចក្តីជូនដំណឹងថា លោកអ្នកត្រូវបានជ្រើសរើសសម្រាប់ការពិនិត្យជាបន្តទៀត ឬសេចក្តីជូនដំណឹងថា លោកអ្នកត្រូវបានជ្រើសរើស សេចក្តីជូនដំណឹងនោះត្រូវបានដកវិញហើយ ហើយគ្មានភាពត្រឹមត្រូវយកជាការបានទេ។
ស្ថានទូតអាមេរិកដំណើរការជ្រើសរើសថ្មីនឹងប្រព្រឹត្តទៅដោយផ្អែកលើឆ្នោតផ្ញើចូលពីដើមមក សម្រាប់កម្មវិធីឆ្នាំ២០១២។ បើលោកអ្នកផ្ញើសន្លឹកឆ្នោតត្រឹមត្រូវពីថ្ងៃទី៥ តុលា ឆ្នាំ២០១០ ដល់ថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១០ នោះយើងរក្សាទុកសន្លឹកឆ្នោតរបស់លោកអ្នក ហើយយើងនឹងដាក់វាចូលក្នុងសន្លឹកឆ្នោតសម្រាប់ការជ្រើសរើសជាថ្មី។
លេខបញ្ជាក់របស់លោកអ្នក ដើម្បីផ្ទៀងលទ្ធផលឆ្នោតតាមគេហទំព័រនេះ នៅតែមានភាពត្រឹមត្រូវដដែល។ ស្ថានទូតរំពឹងថា លទ្ធផលនៃដំណើរការជ្រើសរើសថ្មីនឹងចេញនៅលើគេហទំព័ររបស់ក្រសួងការបរទេសអាមេរិកប្រហែលនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០១១។ យើងខ្ញុំមានការសោកស្តាយចំពោះបញ្ហាដែលអាចបណ្តាលមកពីរឿងនេះ។
សូមចុចត្រង់នេះដើម្បីមើលសាររបស់លោក David T. Donahue ឧបការីរងរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកសេវាទិដ្ឋាការ។ មានសំណួរជាច្រើនត្រូវបានលើកឡើងស្របពេលជាមួយគ្នានេះដែររួមមាន ៖
សំណួរ ៖ ហេតុអ្វីក៏ចាំបាច់ចាត់ទុកជាមោឃៈនូវឈ្មោះដែលត្រូវបានជ្រើសរើស?
ចម្លើយ ៖ ច្បាប់សហរដ្ឋអាមេរិកតម្រូវឱ្យផ្តល់ទិដា្ឋការអន្តោប្រវេសន៍ដែលទទួលបានតាមរយៈកម្មវិធីឆ្នោតផ្សងសំណាង តែតាមរយៈដំណើរការដែលមានលក្ខណៈមិនចំពោះបំផុត។ កំហុសនៃកម្មវិធីកុំព្យូទ័របានធ្វើឱ្យការជ្រើសរើសគ្មានលក្ខណៈសុក្រឹត។
ស្ថានទូតអាមេរិកបន្តថា ដោយសារកំហុសផ្នែកកុំព្យូទ័របណ្តាលឱ្យមានលទ្ធផលចាប់ឆ្នោតមិនចំពោះ មិនបំពេញបានតាមលក្ខខណ្ឌទាមទាររបស់ច្បាប់ទេ ហើយវាអាចមិនយុត្តិធម៌សម្រាប់អ្នកចូលរួមលេងឆ្នោតផ្សងសំណាងនេះជាច្រើន។
សំណួរ ៖ តើកម្មវិធីឆ្នោតផ្សងសំណាងឆ្នាំ ២០១២ ត្រូវបានលុបចោលឬ?
ចម្លើយ ៖ មិនលុបចោលទេ។ កម្មវិធីនេះសម្រាប់ឆ្នាំ២០១២ នៅតែបន្ត។ កំហុសផ្នែកកុំព្យូទ័រត្រូវបានរកឃើញ ហើយកែតម្រូវ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងដំណើរការការជ្រើសរើសជាថ្មីទៅលើសន្លឹកឆ្នោតត្រឹមត្រូវទាំងអស់ (ដែលត្រូវបានទទួលចន្លោះពីថ្ងៃទី៥ តុលា ឆ្នាំ២០១០ ទៅថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១០) សម្រាប់កម្មវិធីឆ្នាំ ២០១២។
សំណួរ ៖ តើខ្ញុំត្រូវផ្ញើសន្លឹកឆ្នោតថ្មីឬ?
ចម្លើយ ៖ ទេ លោកអ្នកមិនអាចផ្ញើសន្លឹកឆ្នោតថ្មីទេ។ យើងនឹងប្រើសន្លឹកឆ្នោតត្រឹមត្រូវទាំងអស់ដែលត្រូវបានទទួលនៅក្នុងអំឡុងពេលប្រកាសទទួលចន្លោះពីថ្ងៃទី៥ តុលា ឆ្នាំ២០១០ ទៅថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១០។
សំណួរ ៖ តើអ្នកនឹងបើកចំហរយៈពេលនៃការទទួលសន្លឹកឆ្នោតថ្មីៗទេ?
ចម្លើយ ៖ សន្លឹកឆ្នោតថ្មីនឹងមិនត្រូវបានទទួលទេ។
សំណួរ ៖ ខ្ញុំបានមើលនៅត្រង់ Entry Status Check ក្នុងគេហទំព័រ នៅក្រោយថ្ងៃទី១ ឧសភា ហើយវាមានសរសេរថា ខ្ញុំត្រូវបានជ្រើសរើសហើយ។ តើខ្ញុំអាចដាក់ពាក្យសុំទិដ្ឋាការឆ្នោតផ្សងសំណាងបានទេ?
ចម្លើយ ៖ លទ្ធផលដែលបានប្រកាសតាមគេហទំព័រក្រសួងការបរទេសអាមេរិកកន្លងមក មិនអាចយកជាការបានទេ ពីព្រោះដំណើរការជ្រើសរើសនោះគ្មានភាពត្រឹមត្រូវ ឬមិនចំពោះ។ យើងនឹងយកសន្លឹកឆ្នោតទាំងអស់ដែលត្រូវបានផ្ញើមកនៅចន្លោះពីថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១០ ទៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១០ មកដំណើរការឆ្នោតសាជាថ្មី។ យើងខ្ញុំមានការសោកស្តាយចំពោះបញ្ហា ឬការខកចិត្តបណ្តាលមកពីរឿងនេះ។ យើងរំពឹងថា លទ្ធផលថ្មីនឹងចេញនៅលើគេហទំព័រក្រសួងការបរទេសអាមេរិក នៅប្រហែលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១។
សំណួរ ៖ តើខ្ញុំអាចឆែកមើលលទ្ធផលនៃការជ្រើសរើសថ្មីបានយ៉ាងដូចម្តេច?
ចម្លើយ ៖ លទ្ធផលថ្មីនឹងចេញនៅលើគេហទំព័ររបស់ក្រសួងការបរទេសអាមេរិក នៅប្រហែលថ្ងៃទី១៥ កក្កដា ឆ្នាំ២០១១។ លេខកូដ បញ្ជាក់ដែលលោកអ្នកបានទទួលនៅពេលលោកអ្នកផ្ញើសន្លឹកឆ្នោតចូលរួមនៅតែមានសុពលភាពសម្រាប់ប្រើលើគេហទំព័រដដែល។
សំណួរ ៖ តើមានការលួចចូលឆាឆៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រសួងការបរទេសអាមេរិកឬទេ? តើព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំប្រឈមនឹងលទ្ធភាពមានគ្រោះថ្នាក់ដែរឬទេ?
ចម្លើយ ៖ យើងគ្មានភស្តុតាងដែលបង្ហាញថា បញ្ហានេះត្រូវបានបង្កឡើងដោយចេតនាឡើយ។ គ្មានអ្នកគ្មានភារកិច្ចណាអាចចូលមើលទិន្នន័យទាក់ទងនឹងកម្មវិធីឆ្នោតនេះទេ។ វាមើលទៅទំនងជាថា រឿងនេះ បណ្តាលមកពីកំហុសផ្នែកកម្មវិធីកុំព្យូទ័រតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ