ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទី​តាំង​ចែក​ចាយ​​គ្រឿង​ញៀន​មួយ​កន្លែង​ជន​ជា​​ម្ចាស់​រត់​គេច​ខ្លួន

15 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ ទីតាំង​មួយ​កន្លែង​ដែល​​សង្ស័យ​ថា ​ធ្វើ​សកម្ម​ភាព​​ចែក​ចាយ​ថ្នាំ​ញៀន​ ​ស្ថិត​ក្នុង​ភូមិ​ស្ពាន​ថ្ម សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ​បានត្រូវ​​កម្លាំង​ប៉ូលិស​ជំនាញ​ឡោម​ព័ទ្ធ​​​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ​ថ្ងៃ​ទី​២៥ មីនា​កន្លង​មក ហើយ​​ក្រុម​ជន​សង្ស័យ​មាន​ប្រុស មាន​ស្រី​​បាន​រត់​ផ្លោះ​របង​គេច​ខ្លួន​អស់ ។

​មន្ត្រី​​ប៉ូលិស​​​ និង​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​មួយ​រូប បាន​​ឱ្យ​ដឹង​​ថា ​​ក្នុង​ការ​ចុះ​បង្ក្រាប​នេះ ​ប៉ូលិស​បាន​ឆែក​ឆេរ​រក​​ឃើញ​ថ្នាំ​ញៀន​ចំនួន​៤​គ្រាប់ ឧបករណ៍​​សម្រាប់​ជក់​ជា​ច្រើន​មាន​កាំបិត ញញួរ ពូថៅ ​ម៉ូទ័រ ​និង​ដំបង​ជា​ច្រើន​កំណាត់។ ក្រៅ​ពី​​​នោះ​​ឃើញ​​មាន​ឯក​សណ្នាន​​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​ម្នាក់​​ដោយ​​មាន​ស្លាក​ឈ្មោះ​ជាប់នឹង​អាវ​ឈ្មោះ​គិន វរៈ ដែល​ជន​នេះ​កន្លង​មក​ ជា​អតីត​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ ​តែ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អង្គ​ភាព ។ មន្ត្រី​​ប៉ូលិស​ដដែល​បាន​បន្ត​ទៀត​ថា ​តាម​ការ​ត្រួត​ពិនិត្យ​​​នៅ​ក្នុង​ផ្ទះ​​សង្ស័យ​​អាច​សន្និ​ដ្ឋាន​ថា ជន​​សង្ស័យ​​ចែក​​ចាយ​គ្រឿងញៀន​ប្រហែល​ជា​អ្នក​រក​ស៊ីឈើ​ និង​ជក់​​ផង​ដែរ ព្រោះ​នៅ​កន្លែង​កើត​ហេតុ​មាន​វត្ថុ​តាង​ជា​ច្រើន​ ។

​គួរ​បញ្ជាក់​ថា ​ក្នុ​ងការ​ឡោម​ព័ទ្ធ​​ទីតាំង​ចែក​ចាយ​គ្រឿង​ញៀន​​នេះ​មិន​មាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ណា​​ម្នាក់​​បាន​​ឡើយ​ដោយ​សារ​តែ​ផ្ទះ​នោះ​មាន​របង​ថ្មព័ទ្ធ ជុំ​វិញ​ ហើយ​មិន​នឹក​ស្មាន​ថា ​ខាង​ក្រោយ​ផ្ទះ​ចំហ​ដាក់​តែ​​​លួសបន្លា ទើប​ជន​សង្ស័យ​អាច​ផ្លោះ​​របង​រត់​គេច​ខ្លួន​​បាន។ មន្ត្រី​​មួយ​រូប​ក្នុង​ចំណោម​មន្ត្រី​​ជា​ច្រើន​​ដែល​ចុះ​បង្ក្រាប​នេះ​​និយាយ​ថា ​​វា​ជា​ការ​​សោក​ស្តាយ​​ណាស់​ដែល​​ការ​បង្ក្រាប​នេះ មិន​​អាច​ចាប់​​ជន​សង្ស័យ​​ណា​ម្នាក់​​​បាន​ដូច​ដែល​រំពឹង​ទុក​ តែ​ទោះ​បី​ជា​​យ៉ាង​ណា​កម្លាំង​របស់​យើង​នៅ​តែ​សកម្ម​ក្នុង​ការ​បង្ក្រាប​ និង​តាម​​ដាន​​បន្ត​ឈាន​ទៅ​បោស​សំអាត​​ឱ្យ​អស់ ៕