ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពោងដឹកស៊ីម៉ង់​ត៍​បុក​បាក់ដើមត្នោត

15 ឆ្នាំ មុន

ខេត្តកំពត ៖ រថយន្ត​ពោង​សម្រាប់ដឹក​ស៊ី​ម៉ង់ត៍​ចេញពី​រោង​ចក្រ​ផលិត​ស៊ីម៉ង់ត៍​ភ្នំទទុងទូក​​​មាស បានជួបឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​​ដោយ​ខ្លួន​ឯង​កាលពី​វេលាម៉ោង​២ និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី១៣ មីនា ​នៅលើ​ផ្លូវ​ក្នុង ​ភូមិ​ស្រែព្រៃ ឃុំវត្ត​អង្គ​ខាង​ត្បូង​ ស្រុក​បន្ទាយ​មាស ។​

តាម​ប្រភព​ព័ត៌​មាននិយាយ​ថា រថ​យន្ត​បើក​ចេញ​ពី​រោងចក្រ​ទាំ​ងយប់​អធ្រាត្រ ​បែបនេះ​ទំនង​ជា​អ្នក​បើកបរ​អាចស្រវឹង​ស្រា​​ឬ​ងងុយ​ដេក​ព្រោះ​បើក​ចេញ​ពី​រោង​ចក្រ​ក្នុងចម្ងាយ​តែ​១​គីឡូ​ម៉ែត្រប៉ុណ្ណោះ ​ខណៈមក​ដល់​ផ្លូវ​ចុះ​ចំណោត​ ហើយ​​កោង​ផង​ ស្រាប់​តែរថយន្ត​ទៅបុក​រះ​បង្គោល​សុវត្ថិ​ភាព​អម​ផ្លូវ ហើយបោកក្រឡាប់​ធ្លាក់ពោង​​ចេញ​ពីលើ​តួរថ​យន្ត ។ ​បន្ទាប់​មក​ក៏​បាន​ទៅបុក​ដើម​ត្នោត​មួយដើម​ប្រវែង​​​ប្រហែល​១១​ម៉ែត្រ ​បណ្តាលឱ្យបាក់​ដួលរលំ​​ហើយ​មនុស្ស​ច្រើន​នាក់​​បាន​រង​របួស ។

យោង​តាម​​​ទាហាន​​ការពារ​រោង​ចក្រ​និយាយ​ថា គ្រោះថ្នាក់​នេះ​មិន​មាននរណា​ម្នាក់​ស្លាប់​​ទេ ​ហើយ​ក៏មិន​ដឹង​ពីមូល​ហេតុ​ដែរ ។​ នៅ​ព្រឹក​ថ្ងៃទី១៣ មីនា អ្នក​ទទួលខុស​ត្រូវ​ខាង​រថ​យន្ត​​បាន​​មកពិនិត្យ​មើល​រថយន្ត​របស់​ខ្លួនដែលខូច​ខាត​ និង​និយាយ​ថា អ្នក​​បើក​បរ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ ហើយ​អ្នក​របួស​ផ្សេង​ពីនេះត្រូវ​បាន​បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ​ផ្សេង​ៗទៀត​ ។ អ្នក​ទទួលខុស​ត្រូវ​​រូបនោះ​និយាយ​ថា រថ​យន្ត​មិន​ទាន់​បាន​ដឹកស៊ី​ម៉ង់ត៍​​ទេ តែពួក​គេបើក​រថយន្ត​ចេញ​ពេល​យប់​ដែលទំនង​ជា​ស្រវឹង​ ទើប​បណ្តាល​​ឱ្យ​រថ​យន្ត​ជួបហេតុ​ការណ៍​ខូច​ខាត​ស្ទើរ​តែ​​ទាំងស្រុង ។

មន្ត្រីនគរ​បាល​ចរាចរ​ស្រុក​បន្ទាយ​មាសក៏​មិនបានដឹង​ពីចំនួន​​អ្នក​របួស​ដែរ តែ​​អ្នកបើកបរ​​ត្រូវ​បាន​គេដឹង​ច្បាស់ថា ឈ្មោះ​ឧត្តម ហើយ​មិន​ដឹង​ថា ពួក​គេ​បបួល​គ្នាទៅណា​ទេ តែ​តាម​ការ​សន្និ​ដ្ឋាន​ភាគ​ច្រើន​គឺបើក​មក​ច្រៀង​ខារ៉ា​អូ​ខេ​​ ។ ​គេ​បាន​កត់​សំគាល់​ឃើញថា ​ថ្មីៗនេះ​រថយន្ត​ពោង​មូលសម្រាប់​ដឹកស៊ីម៉ង់ត៍​​តែងជួប​គ្រោះថ្នាក់​ជាញឹកញាប់​ដូច​ជាបុកគ្រូ​ម្នាក់​ស្លាប់​ និងក្រឡាប់​នៅ​រមណីយដ្ឋាន​ទឹកឈូជាដើម ៕