ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទាន់មាន​ពន្លឺ​​យ៉ាង​ណាទេ សម្រាប់​ការ​​សុំ​លើក​លែងទោស​​របស់​​វីរ៉ា ស៊ុមខ្វាម​ឃីត និង​ស្ត្រី​រ៉ាទ្រី

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សំណើ​សុំ​ព្រះមហា​ក្សត្រ​​កម្ពុជាលើក​លែង​ទោស​​ដល់​អ្នកទោស​​ជន​ជាតិ​ថៃ​​​២នាក់ ​ដែល​បាន​និង​កំពុង​​ជាប់ពន្ធនា​គារ​ព្រៃ​សនោះ ​នៅមិនទាន់​ទៅដល់​ខុទ្ទកាល័យ​​​ក្រសួង​​​យុត្តិធម៌​​នៅឡើយ​ទេ ។ ​នេះបើ​​យោង​តាម​​​​​លោក​សំ ប្រជាមានិត ​​នាយក​ខុទ្ទកាល័យ​​​រដ្ឋ​មន្ត្រី​​ក្រសួង​យុត្តិធម៌​​​ ដែលថ្លែង​​តាមទូរស័ព្ទ​​ប្រាប់​កោះសន្តិភាព​​​​កាលពី​​ព្រឹកថ្ងៃ​សៅរ៍ ទី​​១៩ មីនា  ។​

អ្នកទោស​ជនជាតិថៃ​ឈ្មោះ​​វីរ៉ា ស៊ុមខ្វាម​ឃីត ​និង​ស្ត្រី​ជំនួយការ​របស់​លោកម្នាក់ទៀត​​​គឺ លោកស្រី​​រ៉ាទ្រី ​​ត្រូវបាន​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​ផ្តន្ទាទោស​​​កាលពីថ្ងៃទី​​​១ កុម្ភៈ ​ពីបទ​ឆ្លង​​ដែន​ខុសច្បាប់​​ចូលក្នុងទីលានយោធា​ក្នុង​បំណង​​​ទុច្ចរិត​​​ និង​ពីបទ​​ចារ​កម្ម ។ អ្នកទោសទាំង​​២​នេះ​​​បានសម្រេច​​មិនធ្វើ​​​បណ្តឹង​​ឧទ្ធរណ៍​​ជំទាស់​​សាល​ក្រម​​​នេះ​ទេ ហើយ​បានសរសេរ​​លិខិត​ស្នើសុំ​ព្រះ​​រាជ​ទាន​លើក​​​លែង​ទោស​ពីព្រះ​​ករុណា ព្រះបាទ ​សម្តេច​​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី ​តាម​រយៈ​​​រដ្ឋាភិបាល​​កម្ពុជា ។ បើ​តាម​លោក​សំ​ ប្រជា​​មានិត នៅ​ពេលសំណើ​សុំ​​លើកលែង​ទោស​បាន​មក​ដល់​​ក្រសួង​យុត្តិធម៌ ​គឺរដ្ឋ​មន្ត្រី​​​ក្រសួង​យុត្តិ​ធម៌​​គ្រាន់តែ​​​​ពិនិត្យ​​លើទិដ្ឋ​​ភាពច្បាប់ ​ហើយ​រាយ​ការណ៍​​​ជូនសម្តេចតេជោ​ហ៊ុន សែន ​តែប៉ុណ្ណោះ។ ​

គួរបញ្ជាក់​ថា​​ សំណើ​នោះ​​បាន​​ទៅដល់​ក្រសួង​ការបរទេស​​​កាលពីល្ងា​ចថ្ងៃទី​​​​១៦ មីនា ​ដោយ​មាន​អម​​​ជាមួយនូវកំណត់​ទូត​របស់ស្ថាន​ទូត​​ថៃផង ។ យោង​​តាមអ្នក​នាំពាក្យក្រសួង​ការ​បរទេស​​ លោក​កុយ គួង ​​ឱ្យ​​​ដឹង​ថា អ្នក​ទោស​​​​ទាំង​​​​២នាក់​​​​មានសិទ្ធិ​ក្នុង​​ការស្នើសុំ​​ព្រះរាជ​ទាន​​​​ទោស​ពី​​ព្រះមហាក្សត្រ​​ ប៉ុន្តែ​កម្ពុជា​​នឹង​ពិចារណា​​ករណី​នេះ​​ស្រប​តាម​ច្បាបស់​​របស់​កម្ពុជា​ដែរ ​​។ ទោះ​​ជា​យ៉ាង​ណា​​​សំណើរបស់​​​អ្នកទោស​​ថៃទាំង​​​​​២​នាក់​នេះ មិនទាន់​​មានពន្លឺ​​នៅ​​ឡើយទេ ក្នុង​ពេល​ដែល​​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រីហ៊ុន សែន ​​ធ្លាប់​​បាន​មានប្រសាសន៍​ថា ​អ្នកទោស​​​ជនជាតិ​ថៃ​​​ទាំង​២នាក់ ​ត្រូវអនុវត្ត​​​​ទោស​ឱ្យបាន​​​​២ភាគ​​៣​សិន ​មុននឹង​​មានការ​ពិចារណា​​អំពីការ​លើកលែង​ទោស​​នោះ ៕