ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
សេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា ដើម្បីឱ្យកម្មវិធីសម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីរង្វង់មូលកួចកាណុង រហូតដល់ស្តុប BKC វិមានកាណាឌីយ៉ា និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ធ្វើចរាចរឆ្លងកាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៥ព្រឹក រហូតដល់បញ្ចប់កម្មវិធី។
សូមរម្លឹកថា អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨។ អគារថ្មីនេះ មានកម្ពស់ ១២ជាន់ មានផ្ទៃក្រឡាសរុបជាង ៤២០០០ម៉ែត្រការ៉េ និងអាចផ្ទុកបានជាង ៣០០គ្រែ។
អគារថ្មីនៅមន្ទីរពេទ្យកាល់ម៉ែតនេះ សាងសង់ឡើងក្រោមជំនួយពីសប្បុរសជនក្នុងស្រុក ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ដោយបំពាក់នូវបច្ចេកវិទ្យា វេជ្ជសាស្ត្រឈានមុខ ដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្ម ពហុឯកទេសទំនើប។ នៅជាន់ខាងលើនៃអគារថ្មីណេះ មានកន្លែងចុះចតឧទ្ធម្ភាគចក្រផងដែរ។
ក្នុងពេលអញ្ជើញពិនិត្យការដ្ឋានអគារថ្មីនេះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា ការសាងសង់ «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ពេលនេះ ដោយគោរពទៅតាមការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យមន្ទីរពេទ្យកាល់ម៉ែត កាន់តែទំនើបខ្ពស់ និងជាមូលដ្ឋាន ដើម្បីព្យាបាលជំងឺប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសកាត់បន្ថយ កុំឱ្យប្រជាពលរដ្ឋចេញទៅព្យាបាលនៅបរទេស។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បន្ថែមថា អគារតេជោអភិវឌ្ឍន៍ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយនេះ គឺមិនមែនសាងសង់ឡើង គ្រាន់តែរៀបចំហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្តែអគារនេះ ត្រូវបំពាក់ទៅដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលនាំចូលមកពីប្រទេសអាលឺ្លម៉ង់ និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា លើសេវាសុខភាពសាធារណៈ ស្របតាមសកលភាវូបនីយកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
សូមរម្លឹកថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះតាមហ្វេសប៊ុកថា «បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរពេទ្យកាល់ម៉ែត មកដល់ម៉ោង ១៧ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សប្បុរសជន ដែលបានចូលរួមបានថវិកាសរុបចំនួន 74,553,536$ និងជាប្រាក់រៀល ចំនួន 271,514,700 រៀល។ បើគិតទាំងថវិការដ្ឋ 30លានដុល្លារផង មានចំនួន 104,553,536$ និង 271,514,700រៀល»។ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា «សូមអរគុណចំពោះសប្បុរសជន ដែលបានបរិច្ចាគ ដើម្បីសង្រ្គោះជិវិតមនុស្ស តាមរយៈការធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានលក្ខណៈទំនើប និងពហុឯកទេស។ ដោយថវិកា ដែលទទួលបានល្មមគ្រប់គ្រាន់ ដើម្បីចំណាយលើការសាងសង់ និងបំពាក់សម្ភារៈបរិក្ខារ សម្រាប់មន្ទីរពេទ្យកាល់ម៉ែតរួចហើយ ខ្ញុំសូមប្រកាសបញ្ចប់ការទទួលយកនូវការបរិច្ចាគពីសប្បុរសជន ចាប់ពីម៉ោង ១៩.00 ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ តទៅ។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខសេចក្តីចំរើន»៕


ចែករំលែកព័តមាននេះ