រាជធានីភ្នំពេញ ៖ រហូតមកទល់នាពេលនេះ អ្នកនាង ចាន់ សុផានី នៅតែមិនទាន់ទទួលបានការឆ្លើយតបជាវិជ្ជមានណាមួយពីអតីតស្វាមី គឺលោក ហ្សូណូ នៅឡើយទេ បន្ទាប់ពីអ្នកនាងចេញមុខជាសាធារណៈ ដោយអំពាវនាវឲ្យតារាចម្រៀងរូបនេះ ជួយទំនុកបំរុងកូនស្រី ក្រោយពីអ្នកនាងអស់លទ្ធភាព។

យ៉ាងណា ក្រោយការមិនព្រមអើពើពីលោក ហ្សូណូ នោះ អ្នកនាង ចាន់ សុផានី បានបន្តស្វែងរកការជួយពីផ្នែកច្បាប់ ដោយអ្នកនាងបានស្នើសុំជួយអន្តរាគមន៍ពីសំណាក់មេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ។
បើតាមការអះអាងរបស់អ្នកនាង ចាន់ សុផានី បានប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា អំឡុងពេលនេះ នាងបាននិងកំពុងធ្វើការងារជាមួយក្រុមមេធាវីរបស់សម្តេច ដោយនាងបានផ្ញើឯកសារពាក់ព័ន្ធពីខាងអ្នកនាងឲ្យក្រុមមេធាវីពិនិត្យ ដើម្បីស្នើសុំដាក់ពាក្យបណ្តឹង។
យ៉ាងណាអ្នកនាងបញ្ជាក់ថា ក្រុមមេធាវីបានស្នើឲ្យអ្នកនាងកុំទាន់អាលដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដោយសារតែគេចង់ឲ្យមានការជួបចរចាគ្នាជាមុនសិនជុំវិញរឿងមួយនេះ ព្រោះបើដាក់បណ្តឹងទៅតុលាការអាចប្រើរយៈពេលយូរ។

យ៉ាងណា បើតាមអ្នកនាង ចាន់ សុផានី ថា អ្វីៗគឺនាងសម្រេចលើមេធាវីទាំងអស់ ព្រោះនាងមិនសូវយល់ច្បាស់លើផ្នែកច្បាប់នេះឡើយ ហើយអ្នកនាងក៏មិនមានបំណងចង់ប្តឹងផ្តល់នេះដែរ។ ជាងនេះទៅទៀត នាងក៏មិនចង់ធ្វើអ្វីឲ្យប៉ះពាល់ខ្លាំងដល់លោក ហ្សូណូ នោះដែរ តែអ្វីដែលនាងចង់បាននាពេលនេះ គឺគ្រាន់តែចង់ឲ្យលោកជួយកូនស្រីតែប៉ុណ្ណោះ កុំឲ្យលោកភ្លេចខ្លួន។
អ្នកនាង ចាន់ សុផានី បានលើកឡើងបន្ថែមថា ចាប់តាំងពីការចេញមុខនិយាយរឿងនេះមក កូនស្រីរបស់នាងបានព្យាយាមទូរស័ព្ទទៅជួបលោក ហ្សូណូ ជាច្រើនលើក ប៉ុន្តែមិនមានការឆ្លើយតបឡើយ ប៉ុន្តែបើយោងតាមសារដែលលោកបានផ្ញើមកកូនតាមរយៈបណ្តាញសង្គមនោះ គឺលោកបង្ហាញបំណង និងស្វែងរកផ្លូវច្បាប់សម្រាប់វាយបកមកលើរូបនាងវិញនាអំឡុងពេលណាមួយ។
ទោះជាយ៉ាងណាអ្នកនាង នៅតែប្រកាន់ជំហរថា ការចេញមុខសុំជំនួយពីលោក ហ្សូណូ នាពេលនេះ អ្នកនាងមិនមានគោលបំណងណាមួយដើម្បីបានជំនួយពីសប្បុរសជនណាមួយឡើយ ពោលគឺអ្នកនាងគ្រាន់តែចង់ឲ្យអតីតស្វាមីគួរគិតគូរជួយកូនរបស់ខ្លួននាពេលនេះ ព្រោះនាងអស់លទ្ធភាពហើយ។

នាងបញ្ជាក់ថា បើសិនជាលោក ហ្សូណូ មិនជួយនាង ក៏នាងមិនមានបញ្ហាដែរ ប៉ុន្តែពេលនេះ នាងគ្រាន់តែចង់ឲ្យលោកជួយដល់កូនតែប៉ុណ្ណោះ ព្រោះនាងមិនចង់ឲ្យកូនបោះបង់ការសិក្សា ក្នុងពេលដែលនាងអស់លទ្ធភាពនាពេលនេះឡើយ។
ជាការកត់សម្គាល់ មហាជនបានសម្តែងការភ្ញាក់ផ្អើលក្នុងពេលដែលអតីតតារាសម្តែងអ្នកនាង ចាន់ សុផានី បានចេញមុខប្រកាសជាសាធារណៈសុំជំនួយពីអតីតស្វាមីរបស់នាងដែលគេស្គាល់ថា គឺជាតារាចម្រៀងលោក ហ្ស៊ូណូ ក្នុងពេលដែលនាងកំពុងជួបការលំបាកខ្លាំងលើផ្នែកជីវភាពនាពេលបច្ចុប្បន្ននេះ ។ ការចេញមុខសុំជំនួយពីអតីតស្វាមីជាសាធារណៈរបស់អ្នកនាង ចាន់ សុផានី នាពេលនេះ គឺជាលើកដំបូងហើយ បន្ទាប់ពីនាងបានតស៊ូបីបាច់ចិញ្ចឹមកូនស្រីតែមួយ ដែលជាតំណក់ឈា.មរួមគ្នាជាមួយលោក ហ្ស៊ូណូ ក្រោយពេលលែងលះគ្នាប្រមាណជាង១០ឆ្នាំមកនេះ៕
ចែករំលែកព័តមាននេះ