ចក្រភពអង់គ្លេស៖ នារីម្នាក់ក្ដៅចិត្តគេសើចចម្អកឱ្យខ្លាំងពេក។ នាងចំណាយលុយបណ្ដុះសក់។ ១ឆ្នាំក្រោយ, មើលសឹងតែមិនស្គាល់។ ហេតុការណ៍នេះកើតឡើងនៅចក្រភពអង់គ្លេស។ នាងខេលស៊ី (Kelsey) វ័យ២៥ឆ្នាំ មិនដែលនឹកស្រមៃទាល់តែសោះថានារីក៏អាចដាំសក់បានផងដែរ។ មុនដំបូង, នាងស្មានថាការដាំសក់មានតែសម្រាប់បុរសប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីមើលឃើញវីឌីអូឃ្លីប១ឈុតជាវីឌីអូផ្សាយពាណិជ្ជកម្ម, នាងខេលស៊ីក៏មានអារម្មណ៍ចង់ដាំសក់ដូចតារារូបនេះផងដែរ។
កូនសិស្សដែលរៀននៅសាលាជាមួយគ្នានិយាយចម្អកឡកឡឺយមិនចេះចប់អំពីបញ្ហាក្បាលឆករបស់នាង។ ពួកគេពេបជ្រាយថាក្បាលរបស់នាងត្រងើលខ្លាំងណាស់។ ក្ដៅចិត្តពេក, នាងខេលស៊ីក៏បង្ហោះវីឌីអូនៅលើបណ្ដាញទីកតុកនិយាយអំពីការដាំសក់នៅត្រង់កន្លែងស្បែកក្បាលដែលឆក។ គ្រាន់តែធ្វើវីឌីអូទាំងនេះអាចមានអ្នកតាមដាន(follower) ជាង៧ម៉ឺននាក់។
មួយឆ្នាំក្រោយពេលដាំសក់រួច, សក់ចាប់ផ្ដើមដុះពេញក្បាល ធ្វើឱ្យនាងមានទំនុកចិត្តទៅលើរូបសម្រស់របស់នាងឡើងវិញ។ នាងនិយាយនៅក្នុងទីកតុកថា «១ឆ្នាំមកហើយ, នាងបានធ្វើវីឌីអូនិយាយអំពីការដាំសក់។ នេះប្រហែលជាវីឌីអូអាប់ដេតចុងក្រោយរបស់នាង។ នៅសល់តែ១អាទិត្យទៀតប៉ុណ្ណោះ នាងបានទៅដាំសក់រយៈពេល១ឆ្នាំគត់»។ នាងបាននិយាយរម្លឹកថាមូលហេតុដែលនាងសម្រេចចិត្តដាំសក់គឺកើតចេញពីការចិញ្ចឹមចិត្តពីអនុស្សាវរីយ៍ជូរចត់កាលរៀននៅថ្នាក់វិទ្យាល័យ។
កូនសិស្សដប់នាក់ដែលរៀននៅសាលាជាមួយគ្នាឧស្សាហ៍និយាយចម្អែចម្អន់ចំពោះសក់របស់នាង។ គិតទៅ ធ្មេចបើក ធ្មេចបើក កន្លងផុតទៅដប់ឆ្នាំបាត់ទៅហើយ។ រហូតដល់អាយុ២៥ឆ្នាំទើបនាងទៅដាំសក់។ ដូច្នេះ រឿងរ៉ាវពីអតីតកាលនៅតែតាមលងបន្លាចរូបនាងអស់ជាច្រើនឆ្នាំ។ នាងថានៅពេលមានក្បាលត្រងើលបែបនេះធ្វើឱ្យនាងមិនស្រណុកចិត្តទាល់តែសោះ។
ខេលស៊ីប្រាប់ថាថ្ងៃមួយ នាងមើលវីឌីអូ១ដោយចៃដន្យនិយាយពីតារាភាពយន្តស្ទេហ្វានី ដេវីស(Stephanie Davis)ដាំសក់នៅគ្លីនិកប្រ៊ីតធីស ហ៊ែ គ្លីនិក (British Hair Clinic)។ កាលពីមុននោះ, នាងខេលស៊ីពុំដែលនឹកស្មាន និងពុំដែលដឹងទាល់តែសោះថាស្ត្រីក៏អាចដាំសក់បានផងដែរ។ គ្រាន់តែឃើញវីឌីអូនោះភ្លាម, នាងខេលស៊ីមិនអាចនៅបង្អង់យូរតទៅទៀតទេ។
នាងណាត់ជួបគ្រូពេទ្យ និងចំណាយលុយ៥ពាន់ផោនដើម្បីដាំសក់។ ១ឆ្នាំក្រោយមក, នាងគ្មានអ្វីដែលត្រូវខ្វាយខ្វល់តទៅទៀតអំពីបញ្ហាក្បាលឆក។ នាងប្រាប់ថានៅក្នុងការដាំសក់នេះ, គ្រូពេទ្យត្រូវកាត់សក់ផ្នែកខាងក្រោយរបស់នាងដើម្បីដាំនៅលើស្នាមសក់ចាស់មុនពេលជ្រុះ។ ត្រឹមតែ១ឆ្នាំប៉ុណ្ណោះ, សក់ដុះបានល្អណាស់។ ដុះឡើងពេញក្បាលរបស់នាងតែម្ដង។
ទោះបីនៅមានចំណុចឃ្លាតគ្នារវាងសក់ដើម និងសក់ដាំ, ប៉ុន្តែគ្លីនិកធានាដាំបន្ថែមទៀតឱ្យជិតក្បាល។ នាងខេលស៊ីប្រាប់ថានាងមានចិត្តត្រេកអរយ៉ាងខ្លាំង។ ចាប់ពីពេលនេះទៅ, នាងលែងខ្វាយខ្វល់អំពីបញ្ហាសក់តទៅទៀត។ នៅពេលឃើញសក់របស់នាងខេលស៊ីដុះជិតក្បាលបែបនេះ អ្នកលេងបណ្ដាញទីកតុកនិយាយសរសើរលទ្ធផលនៃការដាំសក់មិនដាច់ពីមាត់។
ពួកគេអរគុណខេលស៊ីដែលចូលចិត្តនិយាយអាថ៌កំបាំងរបស់ខ្លួនដោយបើកទូលាយ។ ប្រិយមិត្តម្នាក់បញ្ចេញមតិរបស់ខ្លួនថានេះជាលទ្ធផលល្អណាស់។ ខ្ញុំស្ទើរតែមិនជឿទេថាសក់ដាំអាចដុះបានល្អ និងឆាប់រហ័សបែបនេះ។ អ្នកខ្លះបញ្ចេញខំមឹនរបស់ខ្លួនថាឱព្រះអើយ! ពិតជាអស្ចារ្យណាស់! ប្រិយមិត្តម្នាក់បញ្ចេញខំមឹនថាសក់ដាំមើលទៅដូចសក់ពីកំណើត១០០%៕
ប្រភព៖ Daily Star
ចែករំលែកព័តមាននេះ