ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​សាកល​វិទ្យា​ល័​យ​បាត់​ដំបង​ចូល​​រួម​ដាំ​ព្រៃ​លិច​ទឹក​៥ពាន់​ដើម

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ យ៉ាង​ហោច​ណាស់​កូន​ឈើ​ព្រៃ​លិច​ទឹក​ចំនួន​៥.០០០​ដើម ត្រូវ​បាន​ដាំ នៅ​ជុំ​វិញ​កន្លែង​អភិ​រក្ស​​ត្រី​មេ​ពូជ និង​​ព្រៃ​លិច​ទឹក បឹង​​តា​ឯក​សហ​គមន៍​​នេសាទ​រហាល​សួង ស្ថិត​ក្នុង​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ​ខេត្ត​បាត់​ដំបង កាល​ពី​ថ្ងៃទី​២៧ មេសា ឆ្នាំ​២០១១ ក្នុង​ដំណើរ​ចុះ​កម្ម​សិក្សា​ដក​ស្រង់​បទ​​ពិសោធន៍​ពី​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ

ខេត្ត​បាត់​ដំបង ៖ យ៉ាង​ហោច​ណាស់​កូន​ឈើ​ព្រៃ​លិច​ទឹក​ចំនួន​៥.០០០​ដើម ត្រូវ​បាន​ដាំ នៅ​ជុំ​វិញ​កន្លែង​អភិ​រក្ស​​ត្រី​មេ​ពូជ និង​​ព្រៃ​លិច​ទឹក បឹង​​តា​ឯក​សហ​គមន៍​​នេសាទ​រហាល​សួង ស្ថិត​ក្នុង​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ​ខេត្ត​បាត់​ដំបង កាល​ពី​ថ្ងៃទី​២៧ មេសា ឆ្នាំ​២០១១ ក្នុង​ដំណើរ​ចុះ​កម្ម​សិក្សា​ដក​ស្រង់​បទ​​ពិសោធន៍​ពី​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ និង​និរន្តរ​ភាព​នៃ​​មុខ​របរ​ចិញ្ចឹម​ជីវិត​​នៃ​ក្រុម​និស្សិត​សាកល​វិទ្យា​ល័យ​បាត់​ដំបង ប្រមាណ​៨០​នាក់ ។ ព្រៃ​លិច​ទឹក​មាន​សារ​សំខាន់​បំផុត​ដល់​អាយុ​ជីវិត​នៃ​វិស័យ​ជល​ផល ។ ព្រៃ​លិច​ទឹក​ក៏​ជា​ផ្នែក​មួយ​នៃ​ដើម​ចម នៃ​ភាព​ល្បី​ល្បាញ និង​ចាំ​បាច់​របស់​បឹង​ទន្លេ​សាប ដែល​បាន​ផ្តល់​​ជា​ជង្រុក​ត្រី​ទឹក​សាប ប្រចាំ​ភូមិ​ភាគ​អាស៊ីអាគ្នេយ៍ ។ ​ប៉ុន្តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​ ព្រៃ​លិច​ទឹក​​ទទួល​រង​ការ​ទន្ទ្រាន​ ការ​កាប់​រាន​ ឈូស​ឆាយ ដុត​បំផ្លាញ និង​ហ៊ុម​ព័ទ្ធ​យក​ដី ដើម្បី​បម្រើ​ការ​ដាំ ដុះ​ដំណាំ​កសិ​កម្ម និង​​សកម្ម​ភាព​​ផ្សេងៗ ។ ផ្តើម​ចេញ​ពី​ពហុ​ប្រយោជន៍​ព្រៃ​លិច​ទឹក រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាំង​ខ្លាំង ដើម្បី​ទប់​ស្កាត់​ និង​ប្រើ​ប្រាស់​តំបន់​ទំនាប​ជុំ​វិញ​បឹង​ទន្លេ​សាប ប្រកប​ដោយ​និរន្តរ​ភាព ដោយ​ដាក់​ចេញ​នូវ​វិធាន​ការ​​ម៉ឺង​ម៉ាត់​ ជាពិសេស​បទ​​បញ្ជា​លេខ​០១​បប ​ចុះ​ថ្ងៃ​ទី​២ កក្កដា ឆ្នាំ​២០១០ ស្តីពី​ការ​ចាត់​វិធាន​ការ និង​ការ​ការ​ពារ​តំបន់​ជុំ​វិញ​បឹង​ទន្លេ​សាប ។

លោក​ស្រី ឈឹម សំអឿន អ្នក​សម្រប​សម្រួល​​ក្រុម​និស្សិត​ចុះ​កម្ម​សិក្សា​នៃ​សាកល​វិទ្យា​ល័យ​បាត់​ដំបង បាន​លើក​ឡើង​ពី​គោល​បំណង​នៃ​កម្ម​​សិក្សា​​របស់​និស្សិត​ទាំង​អស់​នា​ថ្ងៃ​នោះថា មាន​សារ​សំខាន់​ណាស់​ សម្រាប់​​ផ្សារ​ភ្ជាប់​​រវាង​ការ​សិក្សា​ផ្នែក​ទ្រឹ​ស្តី​ និង​ការ​អនុ​វត្ត​ជាក់​ស្តែង ។ នៅ​កម្ពុជា​យើង ធន​ធាន​ធម្ម​ជាតិ​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ជីវ​​ភាព​របស់​ប្រជា​​ពល​​រដ្ឋ​​ ជា​​ប្រភព​ចំណូល និង​រក្សា​នូវ​លំ​នឹង​បរិ​ស្ថាន​ផង​ដែរ។ ថ្ងៃ​នេះ ​យើង​បាន​មក​សិក្សា​ស្វែង​យល់​ពី​ការ​គ្រប់​គ្រង​ធន​ធាន​ជល​ផល ​តាម​រយៈ​សហ​គមន៍​នេសាទ​ដែល​ជា​របត់​គ្រប់​គ្រងថ្មី​មួយ​ក្រោយ​​ការ​កែ​ទម្រង់​វិស័យ​​ជល​ផល កាល​ពី​ចុង​​ឆ្នាំ​២០០០​។ ​ហេតុ​នេះ​ សូម​ប្អូនៗ​និស្សិត​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​នូវ​ការ​បក​ស្រាយ​បង្ហាញ​ពី​​គ្រូ​ឧទ្ទេស​នាម​​ កត់​ត្រា និង​លើក​ជា​សំណួរ​​ដើម្បី​​ដោះ​ស្រាយ​រាល់​ចម្ងល់​​ដែល​បាន​សិក្សា​ផ្នែក​ទ្រឹ​ស្តី​កន្លង​មក ដូច​ពាក្យថា ​បាន​ឮ​មួយ​រយ​ដង មិន​ស្មើ​បាន​ឃើញ​ម្តង ។ ក្នុង​នាម​​សាកល​វិទ្យា​ល័យ​បាត់​ដំបង សូម​ថ្លែង​អំណរ​គុណ​ដល់​ខណ្ឌរដ្ឋ​បាល​ជល​ផល​​បាត់​ដំបង និង​សហ​​គមន៍​នេសាទ​រហាល​សួង ដែល​បាន​ផ្តល់​ឱកាស​ និង​ចាត់​ចែង​គាំទ្រ​កម្ម​សិក្សា​នេះ ។

លោក​ខឹម ​សារិទ្ធ ​ប្រធាន​​សហ​គមន៍​នេសាទ​រហាល​សួង បាន​រៀប​រាប់​ថា សហ​គមន៍​នេះ​​​បាន​រៀប​ចំ​ឡើង​​នៅ​ឆ្នាំ​២០០១ ​​ក្រោយ​​កំណែ​ទម្រង់​វិស័យ​ជល​ផល​ ក្រោម​ការ​ជួយ​សម្រប​សម្រួល​រៀប​ចំ​ពី​ខណ្ឌ​រដ្ឋ​បាល​ជល​ផល និង​​អាជ្ញា​ធរ​ដែន​ដី​គ្រប់​ថ្នាក់​​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គ​ការ​អភិ​​វឌ្ឍន៍​ស្ត្រី ។ ​ក្នុង​ការ​គ្រប់​​គ្រ​ង ​សហគមន៍​ទទួល​បាន​ការ​​បណ្តុះ​បណ្តាល​ជា​ច្រើន​ ដែល​បង្កើន​​បាន​សមត្ថ​ភាព​ទាំង​ការ​គ្រប់​គ្រង​ និង​ការ​អនុ​វត្ត ។ សហ​គមន៍​បាន​រៀប​ចំ​ក្រុម​​ល្បាត ​​រៀប​ចំ​កន្លែង​អភិ​រក្ស រៀប​ចំ​ក្រុម​សន្សំ ក្រុម​ស្ត្រី​ជួយ​ខ្លួន​ឯង​បាន​ជា​ច្រើន​​ក្រុម ដែល​ដំណើរ​ទៅ​មុខ​ដោយ​រលូន ។ ​កន្លែង​អភិ​រក្ស​​​បឹង​តា​ឯក​នេះ មាន​ទំហំ​៧​ហិកតា ​ហើយ​បាន​ស្តារ​ទំហំ​៤០​ម៉ែត្រ​​បួន​ជ្រុង ជំរៅ​៣​ម៉ែត្រ និង​​មាន​ការ​ដាក់​គល់​ឈើ​ លូ​​ស៊ីម៉ង់ត៍​ជា​ជម្រក ដាំ​កូន​ឈើ​ព្រៃ​លិច​ទឹក​ចំនួន​១០.០០០​ដើម ​មាន​រោង​យាម មាន​ប៉ម​យាម ការ​ពារ​សកម្ម​ភាព​ល្មើស​ច្បាប់​នានា ។ ជា​លទ្ធ​ផល​ កន្លែង​អភិ​រក្ស​នេះ​បាន​ផ្តល់​ជា​ប្រភព​​មេ​ពូជ​ត្រី​យ៉ាង​ច្រើន ។ ជា​ទិស​ដៅ​ សហ​គមន៍​​មាន​គម្រោង​​ដាំ​កូន​​ឈើ​ព្រៃ​លិច​ទឹក​បន្ថែម (ទោះ​បី ជា​ថ្ងៃ​នេះ​ដាំ​៥.០០០​​កូន​ទៀត​ក៏​ដោយ) ​ទៅតាម​លក្ខណៈ​បច្ចេក​ទេស​ ដើម្បី​រៀប​ចំ​ឱ្យ​ក្លាយ​ជាកន្លែង​ទេស​​ចរ​ធម្ម​ជាតិ​មួយ និង​មាន​គម្រោង​ស្តា​រ​បឹង​បន្ថែម​ឱ្យ​បាន​យ៉ាង​ហោច​​២​ហិកតា​ទៀត ។

​លោក​ហេង ​ពិសិដ្ឋ នាយ​ខណ្ឌរដ្ឋ​បាល​ជល​ផល​​បាត់​ដំបង មាន​ប្រសាសន៍ថា ត្រី និ​ង​ស្រូវ ជា​ដៃ​គូ​ចំបង​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពល​រដ្ឋ​​ខ្មែរ ។ ​ខ្មែរ​ជ​ាសង្គម​បរិ​ភោគ​ត្រី​ ជា​ពិសេស​​ប្រហុក​បាន​បង្ហាញ​ពី​អត្ត​សញ្ញាណ​ខ្មែរ។ តាម​ការ​សិក្សា ​ប្រជាពល​រ​ដ្ឋ​ខ្មែរ​បរិ​ភោគ​ត្រី​៥២,៤​គីឡូ​ក្រាម​ក្នុង​ម្នាក់​ ក្នុង​មួយ​ឆ្នាំ ។ ប្រូតេ​អ៊ីន​មាន​ប្រភព​ពី​សាច់​សត្វ​ប្រមាណ​​៨០% មាន​ប្រភព​ពី​ត្រី ។ ដោយ​គំនិត​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ក្នុង​ការ​កែ​ទម្រង់​វិស័យ​ជល​ផល​ សហ​គមន៍​នេសាទ​​ចំនួន​៤០ បាន​បង្កើត​ឡើង​ និង​បាន​ចុះ​បញ្ជី​​ត្រឹមត្រូវ​នៅ​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ថែរក្សា ការ​ពារ​ធន​ធាន​ជល​ផល​​​នៅតាម​មូល​ដ្ឋាន​​នីមួយៗ ។ នេះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​ផ្តល់​​ឱកាស​ដល់​ប្រជា​ពល​រដ្ឋ​ធ្វើការ​សម្រេច​ចិត្ត​ ក្នុង​ការ​គ្រប់​គ្រង ​និង​ប្រើ​ប្រាស់​ធន​ធាន​​នៅ​តាម​មូល​ដ្ឋាន​ប្រកប​ដោយ​ចីរ​ភាព ​រួម​ចំណែក​ក្នុង​​យុទ្ធ​សាស្ត្រ​​កាត់​ប​ន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ពល​រដ្ឋ ។​តាម​រយៈ​​ការ​ប្រឹង​ប្រែង​របស់​សហ​គមន៍​​នេសាទ និង​ការ​គាំទ្រ​ពី​មន្ត្រី​ជំនាញ អាជ្ញា​ធរ​ដែន​ដី អង្គ​ការ​នានា សហ​គមន៍​នីមួយ​​កំពុង​បំពេញ​នូវ​តួនាទី​ភារ​កិច្ច​បាន​ជា​បន្ត​បន្ទាប់ ជា​ពិសេស​កន្លែង​អភិ​រក្ស​ត្រី​មេ​ពូជ​របស់​សហ​គមន៍​​ទាំង​៤០ កំពុង​ដើរ​តួ​នាទី​ជា​ប្រភព​ត្រីមេ​ពូជ​នៅ​នឹង​កន្លែង​​យ៉ាង​សំខាន់ ។

ដោយ​ឡែក​ព្រៃ​លិច​​ទឹក​ដែល​មាន​សារ​សំខាន់​​ជា​អាយុ​ជីវិត​​​វិស័យ​ជល​ផល ​ត្រូវ​បាន​ចាត់​វិធាន​ការ​ទប់​ស្កាត់​ ការ​កាប់​រាន​ ឈូស​ឆាយ និង​ដុត​​ព្រៃ​លិច​ទឹក ​ដើម្បី​យក​ដី​បម្រើ​ការ​ដាំដុះ និង​គោល​បំណង​ផ្សេងៗ ជា​ពិសេស​អនុ​វត្ត​តាម​បទ​បញ្ជា​លេខ​០១ បប ចុះថ្ងៃ​ទី​២ កក្កដា ​ឆ្នាំ​២០១០ ស្តីពី​ការ​ចាត់​វិធាន​ការ និង​ការ​​ការ​ពារ​តំបន់​ជុំ​វិញ​បឹង​ទន្លេ​សាប ។ ថ្ងៃ​នេះ​ក្រៅពី​ការ​សិក្សា​ស្វែង​យល់​ពី​ការ​គ្រប់​គ្រង​សហ​គមន៍​​នេសាទ​ នា​បន្តិច​ទៀត​នេះ យើង​នឹង​ចូល​រួម​ទាំង​អស់​គ្នា​ដាំ​​កូន​ឈើ​ព្រៃ​លិច​ទឹក​ចំនួន​៥​ប្រភេទ គឺ​កូន​រាំង កូន​រំដេញ សណ្តាន់ ត្រស់ និង​ផ្ទោល ចំនួន​៥.០០​០​ដើម ​ដែល​កូន​ឈើ​​ទាំង​នេះ​ជា​ការ​ឧបត្ថម្ភ​​​របស់​ឡូត៍​នេសាទ​លេខ​០៩ និង​១២ ។​កូន​ឈើ​​ដែល​ដាំ​នេះ នឹង​ក្លាយ​ជា​ជម្រក​​របស់​មច្ឆ​ជាតិ និង​ក្លាយ​ជា​ព្រៃ​សម្រាប់​​ទេស​ចរ​ធម្ម​ជាតិ​ដូច​គម្រោង​របស់​សហ​គមន៍​នេសាទ ហើយ​សកម្ម​ភាព​ដាំកូន​ឈើ​ព្រៃ​លិច​ទឹក​នេះ នឹង​ក្លាយ​​ជា​សារ​​​ផ្សព្វ​ផ្សាយ​​ដល់​សាធារ​ណ​ជន​ឱ្យ​ឃើញ​ពី​តម្លៃ​នៃ​ព្រៃ​លិច​ទឹក និង​ជំរុញ​ចលនា​ចូល​រួ​ម​ថែរក្សា​កា​រពារព្រៃ​លិចទឹក​ឱ្យ​បាន​កាន់​​តែ​ទូលំទូលាយ ៕