ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គឹ​ម វាសនា និង​ហ៊ឹ​ម សេរី ជួប​កីឡាករ​ថៃ​ថ្ងៃ​សុក្រ​នេះ​មួយ​ណា​សម្រេច​គោលដៅ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍ My TV ថ្ងៃ​សុក្រ ទី​២០ តុលា នេះ ដល់​ពេល

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍ My TV ថ្ងៃ​សុក្រ ទី​២០ តុលា នេះ ដល់​ពេល​កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឱ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​ហាក់​មាន​សមត្ថភាព​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ ។

កីឡាករ គឹ​ម វាសនា មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​លេខ​៩១១ ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​តម្រួត​ឡេ​ក​ធី​ដេ​ត ឡួ​ងើ​ន ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។

គឹ​ម វាសនា តាម​ពិត​ទៅ​គេ​គ្រាន់តែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មួយ​រូប​ដែល​មិនសូវ​ឃើញ​លេច​មុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ប៉ុណ្ណោះ ។

កីឡាករ​កម្ពុជា​រូប​នេះ មាន​ប្រវត្តិ​ប្រកួត​៥៧​ដង ឈ្នះ​៤៦​ដង ចាញ់​១០​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១២​ដង ក្នុង​ពេល​កីឡាករ​ថៃ​វិញ​ធ្លាប់​ប្រកួត​ដល់​ទៅ​៨៥​ដង ឈ្នះ​៦៩​ដង ចាញ់​១៣​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១១​ដង ។ យោង​តាម​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​ទាំង​ពីរ​អ្នក​និយម​តាមដាន​ការ​ប្រកួត​ភាគច្រើន​មិន​មាន​ទំនុកចិត្ត​លើ គឹ​ម វាសនា ប៉ុន្មាន​ឡើយ ដោយសារ​កីឡាករ​រូប​នេះ​កម្រ​ឃើញ​ឡើង​សង្វៀន​ពេក​ទើប​គេ​មិនដឹង​ថា​វិជ្ជា​គុន​របស់​គេ​ខ្លាំង​ប៉ុនណា ។

មួយគូ​អន្តរជាតិ​ទៀត កីឡាករ ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ លុក​យ៉​ត ស៊ី​ត សាម​ផ្សា​ក់ ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។

តាម​ដឹង កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​រហូត​ដល់​ទៅ​៨៧​ដង ឈ្នះ​៦៧​ដង ចាញ់​១៦​ដង និង​ស្មើ​៤​ដង ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​៥៤​ដង​ប៉ុណ្ណោះ ឈ្នះ​៤៧​ដង ចាញ់​ចាញ់​៥​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។ ទោះបី​យ៉ាង​ណា សម្រាប់​ការ​ជួប​គ្នា​រវាង​កីឡាករ​ទាំង​ពីរ​លើក​នេះ​អត់​មាន​អ្នក​ណា​ហ៊ាន​ទាយ​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ​ឡើយ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ទាំងអស់​គ្នា ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​វិញ​នោះ​តម្រូវ​ទៅ​លើ កីឡាករ ផ​ន ប៊ុ​ន​ម៉ៅ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ទី ព​ន្លែ​ត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប និង​កីឡាករ រិ​ទ្ធ ប្រាក់​ប៊ិ​ន​ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជា​មួយ​កីឡាករ នឹម ន​ន មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​លេខ​៩១១ ៕