ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ គ្រាន់ និង​ធន់ ចាន់​តាក់ ប៉ះ​ថៃ​យក​3​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ម៉ោង​២​ថ្ងៃ​សៅរ៍​ទី​២១ តុលា ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នឹង​

រាជធានី​ភ្នំពេញ ៖  នៅ​រសៀល​ម៉ោង​២​ថ្ងៃ​សៅរ៍​ទី​២១ តុលា ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នឹង​ដល់កំណត់​ត្រូវ​ប្រកួត​ដណ្ដើម​ពិន្ទុ​អន្តរជាតិ​ទៀត​ហើយ ។ អ្វី​ដែល​គេ​កត់សម្គាល់​គឺ​កីឡាករ​កម្ពុជា​ល្បីឈ្មោះ​២​រូប​ប៉ះ​សុទ្ធតែ​ជាមួយ​កីឡាករ​ជើង​ចាស់​មក​ពី​ប្រទេស​ថៃ​ដែល​មិន​ទាន់​ដឹង​ថា អ្នក​ណា​នឹង​ដណ្តើម​បាន​៣​ពិន្ទុ​នៅឡើយ​ទេ​សម្រាប់​ការ​ប្រកួត​របស់​ពួក​គេ ។

កីឡាករ​កម្ពុជា​២​រូប​គឺ​ជើង​ខ្លាំង ផា​ន់ គ្រាន់ និង​ធន់ ចាន់​តាក់ នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​ថ្ងៃ​នោះ ។ អ្នករៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ដោយ​គ្រាន់តែ​បានដឹង​ថា​នឹង​ត្រូវ​ឡើង​ប្រកួត​ទាំង​កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​បាន​ត្រៀមខ្លួន ។ លោក​ថា កីឡាករ​កម្ពុជា​ទាំង​ពីរ​បាន​ត្រៀមខ្លួន​យ៉ាង​ម៉ត់ចត់​ដោយ​បាន​ចំណាយពេល​ច្រើន​ជាង​មួ​យស​ប្ដា​ហ៍​ក្នុង​ការ​ហ្វឹកហាត់​នោះ​ផង ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​៤​រូប​ដែល​មានឈ្មោះ​ដណ្ដើម​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ កីឡាករ ផា​ន់ គ្រាន់ គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់ បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​ក្ដី ។ គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Kong Sayam ក្នុង​នាម​ជា​គូ​ឯក​ដណ្ដើម​ពិន្ទុ​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​ស្អែក ។ លោក​ថា ជំនួប​រវាង​ពួក​គេ​ជា​រឿង​សំខាន់​ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​បាន​ពិន្ទុ​ហើយ គឺ​ត្រូវ​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ទៅ​ទៀត ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​មិន​ខុស​ពី​បាក់មុខ និង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នោះ​ទេ ។ លោក​ថា​ជំនួប​របស់​ពួក​គេ​ត្រូវ​ដាក់​យ៉ាង​ពិសេស​សម្រាប់​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​ទី​៣​តែ​ម្ដង​។ លោក​ថា កីឡាករ ផា​ន់ គ្រាន់ អាច​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរ​ជាតិ​មួយ​នេះ ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។

លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ​នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា ជំនួប​ផា​ន់គ្រាន់ ជាមួយ​កីឡាករ​ជា​ដៃគូ​ពិតជា​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។ លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ​មានការ​ឈាន​ឡើង​សមត្ថភាព ហើយ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​ក៏​ល្អ​ផង​ដែរ ទើប​លោក​យល់​ថា​គេ​អាច​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​ថ្ងៃស្អែក បើ​ទោះជា​មុន​នេះ​បន្តិច​គេ​វាយ​ជាមួយ​ថៃ​ល្អ​ខ្លះ និង​មិនសូវ​ល្អ​ខ្លះ​នៅ​លើ​សង្វៀន​អន្តរជាតិ​ក្ដី ។ លោក​និយាយ​ថា ផា​ន់ គ្រាន់ នៅ​តែ​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន ទើប​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប្រកួត​លើក​នេះ ។ កីឡាករ​ថៃ​ដែល​ត្រូវ​ប្រកួត​ជាមួយ ផា​ន់  គ្រាន់ លោក​ថា​ធ្លាប់​ប្រកួត​៧៧​លើក ឈ្នះ​៦៤​លើក ចាញ់​១២​លើក និង​ស្មើ​១​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​រហូត​ដល់​១០០​លើក ឈ្នះ​៨២​លើក ចាញ់​១៦​លើក និង​ស្មើ​២​លើក​។

សម្រាប់​កីឡាករ ធន់ ចាន់​តាក់ លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ថៃ​ដូច​គ្នា​ឈ្មោះ​Pha Yaklek នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ពិន្ទុ​នេះ​ដែរ ក្នុង​នាម​ជា​គូ​រង​ឯក ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​ធន់ ចាន់​តាក់ គឺជា​កីឡាករ​មិនធម្មតា ដោយ​លោក​បាន​ចាត់​ទុក​ថា​គឺជា​ជើង​ខ្លាំង និង​ធនធាន​កីឡាករ​វ័យក្មេង​ដ៏​កម្រ​នោះ​ផង ។ ជាក់ស្ដែង​គេ​ឈ្នះ​ជា​ប្រចាំ​គ្រប់ពេល​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នា​ពេល​កន្លង​មក ទើប​មានមុខ​បាន​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ។ លោក​ថា កីឡាករ​ថៃ​ជា​ដៃគូ​គេ គឺជា​កីឡាករ​វ័យក្មេង ប៉ុន្តែ​ល្បីឈ្មោះ តែ​គេ​មិន​ទាន់​ប្រាកដ​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ទេ ក្នុង​ពេល​ដែល​លោក និង​អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ចំពោះ​ជើង​ខ្លាំង​កម្ពុជា​ជា​ធំ ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​១០៣​លើក ឈ្នះ​៧៨​លើក ចាញ់​២៤​លើក និង​ស្មើ​១​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៦១​លើក ឈ្នះ​៥២​លើក ចាញ់​តែ​៩​លើក និង​មិន​ធ្លាប់​ស្មើ ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​បែប​នេះ​មិន​ខុស​គ្នា ខណៈ​ដែល​នៅ​ប៉ុស្តិ៍​លេខ​៥​ព្រែក​កំ​ពិស មានការ​ប្រកួត​ជម្រុះ​៣២​នាក់​យក​១៦​នាក់ ក្នុង​ស​ប្ដា​ហ៍​ទី​៨ ជាស​ប្ដា​ហ៍ចុង​ក្រោយ​ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ ៕