ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​-​កីឡាការិនី​ជម្រើសជាតិដែល​មាន​ការ​ងារ​ក្រៅ​បន្ថែម​ពីលើ​អាជីព​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ល្បី​ៗ​គេ​កត់សម្គាល់​​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ល្បី​ៗ​គេ​កត់សម្គាល់​កីឡាករ​-​កីឡាការិនី​ចំនួន​៣​រូប មាន​ការងារ​រកស៊ី​ក្រៅ​ប​ន្ថៃ​ម​ពីលើ​អាជីព​របស់​ខ្លួន ទើប​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​អ្នក​ទាំង​៣​ហក់​ឆ្ងាយ​ល្អ​ប្រសើរ​ជាងគេ បើ​ធៀប​នឹង​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ផ្សេង​ទៀត ។ អ្វី​ដែល​គេ​កត់សម្គាល់​គឺ​ការងារ​មុខ​ជំនួញ​របស់​អ្នក​ទាំង​៣​បាន​ទទួល​ជោគជ័យ និង​មានការ​ឈាន​ឡើង​នា​ពេល​ចុង​ក្រោយ​នោះ​ផង ។

១- ស៊ន សៀវ​ម៉ី ៖ ក្រៅពី​ជា​កីឡាការិនី​ល្បីឈ្មោះ នាង​ក៏​មាន​ក្លិប​បង្ហាត់​តេ​ក្វា​ន់​ដូ​មួយ​ផ្ទាល់ខ្លួន ដោយ​មាន​បងស្រី​នាង​គឺ​ស៊ន ដា​វី​ន និង​បងប្រុស​នាង គឺ​ស៊ន អេ​លី​ត ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ផង​ដែរ ។ នៅ​ក្នុង​ក្លិប​នេះ នាង​មិនសូវ​មាន​ពេល​បង្ហាត់​សិស្ស​ប៉ុន្មាន​ទេ តែ​នាង​បាន​ចាត់​ទុក​ថា​នេះ​ជា​ក្លិប​ប្រចាំ​ត្រកូល ដោយ​នាង​រមែង​ចូលរួម​ចំណែក​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​សកម្ម​នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឱ្យ​ក្លិប​ទាំងមូល​ទទួល​បាន​នូវ​ភាព​ទាក់ទាញ ។ ក្លិប​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​របង​វិទ្យាល័យ​ឫស្សី​កែវ ដោយ​ការ​រៀបចំ​គឺ​មាន​លក្ខណៈ​មិន​ខុស​ពី​ក្លិប​តេ​ក្វា​ន់​ដូ​ដ៏​ធំ​មួយ​នោះ​ទេ ដោយសារ​តែ​នាង​ចង់​ធ្វើ​ឱ្យ​ក្លិប​មួយ​នេះ​ក្លាយជា​មុខ​ជំនួញ​មួយ​ដ៏​ធំ ហើយ​ក្លាយជា​អាជីវកម្ម​ដែល​អាច​ឱ្យ​បងប្អូន​នាង​រក​ចំណូល​បាន​ច្រើន​ក្រោយ​ពេល​បងប្រុស​បងស្រី​របស់​នាង​ចូល​និវត្តន៍​ពី​កីឡាករ​កីឡាការិនី​ជម្រើសជាតិ និង​បន្ទាប់​ពី​ម្ដាយ​របស់​នាង​ក៏​ឈប់​លក់ដូរ ។ អ្នក​ចង់​ឃើញ​ស៊ន សៀវ​ម៉ី គឺ​គ្រាន់តែ​ទៅ​កាន់​ក្លិប​នោះ​នឹង​បាន​ជួប​នាង និង​បងប្អូន​ដែល​ឈរ​បង្ហាត់​ដោយ​ផ្ទាល់​ហើយ លើកលែងតែ​ចំ​ថ្ងៃ​ណា​ដែល​នាង​មាន​ភារៈ​មិន​មក​បង្ហាញខ្លួន ។

បើ​ទោះជា​នាង​ប្រាប់​ថា​ មិនសូវ​មាន​ចំណូលចិត្ត​បង្ហាត់​សិស្ស ប៉ុន្តែ​កីឡាការិនី​ល្បីល្បាញ​រូប​នេះ​ត្រូវ​គេ​ឃើញ​ចំណាយពេល​ច្រើន​ក្នុង​ក្លិប​របស់​នាង ដោយ​អាច​និយាយ​បាន​ថា នាង​តែង​ចំណាយពេល​ទំនេរ​ជា​ប្រចាំ​នៅ​ក្នុង​ក្លិប​ទាំងមូល ដែល​ធ្វើ​ឱ្យ​នាង និង​បង​ៗ​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​កូនសិស្ស​ឱ្យ​បង់លុយ​ហ្វឹកហាត់​។ មិន​ទាន់​ដឹង​ថា​ក្នុង​មួយ​ខែ​ៗ​នាង​អាច​រក​ចំណូល​បាន​កម្រិត​ណា​ពី​ការ​បើក​ក្លិប​ជា​មុខ​ជំនួញ​ផ្ទាល់ខ្លួន​នេះ​ទេ ប៉ុន្តែ​មានការ​បញ្ជាក់​ថា នាង​ទទួល​បាន​ច្រើន​ជា​ប្រចាំ​ទើប​អាច​ធ្វើ​ឱ្យ​ជីវភាព​របស់​នាង និង​គ្រួសារ​កាន់តែ​ល្អ​ប្រសើរ​នា​ពេល​ចុង​ក្រោយ ។

នាង​ថា នេះ​ជា​អាជីព​ដែល​នាង​មើលឃើញ​ពី​ទំហំ​នៃ​ភាព​ជោគជ័យ ហើយ​បើ​ទោះជា​ក្នុង​ពេល​ដែល​នាង​រវល់​នឹង​ការងារ​ជា​អង្គរក្ស​នៅ​ក្រសួងមហាផ្ទៃ​យ៉ាងណា​ក៏​ដោយ ក៏​នាង​នៅ​តែ​អះអាង​ថា នឹង​រួម​ដៃ​ជាមួយ​បងប្អូន​ពង្រឹង​ក្លិប​តេ​ក្វា​ន់​ដូ​មួយ​នេះ​ឱ្យ​បាន​រឹង​មាំ ដោយសារ​តែ​នាង​ចង់បាន​ចំណូល​ច្រើន​ពី​ការងារ​បើក​ក្លិប​នេះ ។ នាង​ថា សប្បាយចិត្ត​ដែល​មាន​លទ្ធភាព​អាច​បើក​ដំណើរការ​ក្លិប​តេ​ក្វា​ន់ដូ​ធំ​​មួយ ដែល​ជា​ក្ដី​ស្រមៃ​របស់​នាង និង​គ្រួសារ​ក្រោយ​ពេល​ក្លាយជា​ជម្រើសជាតិ​ក្នុង​សហព័ន្ធ​តេ​ក្វា​ន់​ដូ ។ មក​ទល់​ពេល​នេះ ក្នុង​ក្លិប​របស់​នាង​ក៏​ទទួល​បាន​សិស្ស​មក​ហាត់​ច្រើន​ឡើង​ដែល​ធ្វើ​ឱ្យ​នាង​បាន​រួម​ចំណែក​បណ្ដុះ​កីឡាករ​កីឡាការិនី​វ័យក្មេង​ផ្នែក​តេ​ក្វា​ន់​ដូ និង​បាន​ទទួល​ប្រាក់​ចំណូល​ជា​ប្រចាំ​ដោយ​មិន​លំបាក​ផង​ដែរ​។ នាង​មានការ​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ថ្នាក់ដឹកនាំ​វិទ្យាល័យ​ឬ​ស្សី​កែវ និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​ជួយ​ឱ្យ​នាង​បាន​បើក​ក្លិប​រក​ចំណូល​បាន​ធំ​មួយ​ជា​មុខរបរ​ផ្ទាល់ខ្លួន ដោយ​នាង​និយាយ​ថា បើ​គ្មាន​ក្លិប​នេះ​ក៏​ប្រហែលជា​បងប្អូន​នាង​មានការ​លំបាក​មួយ​ផ្នែក​ធំ ដោយសារ​តែ​ការងារ​រដ្ឋ​គឺ​មិន​អាច​ចាយ​គ្រាន់ ហើយ​សម្រាប់​នាង និង​បង​ៗ​ក៏​មិន​មាន​ជំនាញ​អ្វី​ក្រៅពី​មុខរបរ​ពាក់ព័ន្ធ​នឹង​វិស័យ​តេ​ក្វា​ន់​ដូ​នេះ​ដែរ ។ នាង​មិន​ទាន់​មាន​គម្រោង​បើក​ដំណើរការ​សាខា​ក្លិប​បន្ថែម​ក្រោយ​ពី​ក្លិប​របស់​នាង​ដែល​បាន​ដំណើរការ​មានកូន​សិស្ស​ច្រើន​ឡើង​នៅឡើយ​ទេ ប៉ុន្តែ​នាង​ទុក​ខួរក្បាល​ពង្រឹង​ក្លិប​ដែល​មាន​ស្រាប់​ឱ្យ​ខ្លាំង​ល្អ​ជាង​ដើម្បី​កុំឱ្យ​ចេះ​តែ​ពង្រីក​សាខា​ហើយ​ក្លិប​ដែល​មាន​ស្រាប់​មិន​អាច​ពង្រឹង​ឱ្យ​បាន​ល្អ​ក្នុង​ពេល​ដែល​នាង​ក៏​ត្រូវការ​ពេលវេលា​ធ្វើ​មុខ​ជំនួញ​មួយ​នេះ​ទាក់ទាញ​កូនសិស្ស​ឱ្យ​បាន​ច្រើន ។ នាង​ក៏​ប្រកាស​នឹង​បណ្ដុះ​កូនសិស្ស​ឱ្យ​ក្លាយជា​កីឡាករ​ល្អ បន្តវេន​ពី​ខ្លួន​ក្រោយ​ពេល​ដែល​នាង​នឹង​ដកខ្លួន​ពី​ជម្រើសជាតិ​នា​ពេល​ខាង​មុខ​ផង​ដែរ​។

២- ប្រាក់ មុន្នី​ឧត្តម ៖ ក្នុង​ចំណោម​កីឡាករ​ជម្រើសជាតិ​ដែល​មានកេរ្តិ៍ឈ្មោះ​សំឡេង លោក​គឺជា​កីឡាករ​ដែល​មានមុខ​របរ​ផ្ទាល់ខ្លួន ហើយ​ក៏​មាន​ភរិយា​ស្រស់​ស្អាត​ផង​ដែរ ។ លោក​គឺជា​ថៅកែ​ហាង​បោក​អ៊ុត​ធំ​មួយ​នៅ​ជិត​ផ្សារ​ចាស់ ដោយ​ហាង​របស់​លោក​មាន​ម៉ាស៊ីន​រហូត​ដល់​១០-២០​គ្រឿង​ឯណោះ ខណៈ​ដែល​ភរិយា​របស់​លោក​គឺជា​អ្នក​មើល​ការ​ខុស​ត្រូវ​ប្រចាំ​ហាង ។ ជា​រឿយ​ៗ​លោក​ក៏​ជួយ​មើល​ការ​ខុស​ត្រូវ​ហាង​ដោយ​មិន​ប្រកាន់ខ្លួន​ផង​ដែរ ក្រោយ​ពី​លោក​ទំនេរ​ពី​ការ​ហាត់​បាល់ទាត់​នៅ​លើ​ទីលាន​។

ប្រាក់ មុន្នី​ឧត្តម គឺជា​កីឡាករ​ដែល​អាច​និយាយ​បាន​មាន​ជីវ​ភាពរឹងមាំ​ខាងក្រៅ​អាជីព​ជាងគេ បើ​ធៀប​នឹង​កីឡាករ​ជម្រើសជាតិ​ផ្សេង​ទៀត​ដែល​មិន​ទាន់​មាន​លទ្ធភាព​បើក​ជំនួញ និង​ពឹង​តែ​លើ​ឪពុក​ម្ដាយ​នៅឡើយ ។ បើ​ទោះជា​មុខរបរ​នេះ បាន​កើតឡើង​ក្រោយ​ពី​លោក​រៀប​ការ​ជាមួយ​កូនស្រី​អ្នកជំនួញ​មានមុខមាត់ ប៉ុន្តែ​ក៏​ចាត់​ទុក​ថា​លោក​បាន​រួមចំណែក​បើក​ជំនួញ​ធំ​មួយ​បន្ថែម​ពីលើ​អាជីព​បាល់ទាត់​របស់​លោក​ផង​ដែរ​ក្នុង​ពេល​ដែល​លោក​ក៏​ជា​កីឡាករ​ដែល​មាន​ទីផ្សារ​ថត​រឿង និង​ថត​ស្ប៉ត​មិនធម្មតា​ដែរ ។ លោក​ក៏​ជា​កីឡាករ​ជម្រើសជាតិ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​មិនធម្មតា​ប៉ុន្តែ​លោក​នៅ​តែ​សកម្ម​នឹង​មុខរបរ​បោក​អ៊ុត​រាល់ថ្ងៃ ដោយ​លោក​ធ្លាប់​បាន​ប្រកាស​ថា មុខរបរ​របស់​លោក​ទទួល​បាន​ចំណូល​មិន​ក្រោម​ពាន់​ដុល្លារ​នោះ​ទេ ដ្បិតថា​រាង​ហត់​បន្តិច ។ អ្វី​ដែល​លោក​អះអាង​គឺថា​បើ​ហាង​បោក​អ៊ុត​របស់​លោក​កាន់តែ​មានការ​រីក​ចម្រើន​ជាង​នេះ នោះ​លោក និង​ភរិយា​នឹង​បើក​សាខា​បន្ថែម​ទៀត​ដោយសារ​តែ​មុខរបរ​បោក​អ៊ុត​ជា​លក្ខណៈ​ធំដុំ គឺ​មានការ​ពេញ​និយម​នា​ពេល​ចុង​ក្រោយ ហើយ​អាច​រក​ចំណូល​បាន​ក្រាស់ក្រែល​ទៀត​ផង ។

យ៉ាងណា​ក៏​ដោយ​លោក​ថា​មិន​ចោល​អាជីព​បាល់ទាត់​នោះ​ទេ បើ​ទោះជា​លោក​មាន​មុខរបរ​ធំដុំ​ជាប់​ខ្លួន​ក្រោយ​ពី​មាន​ភរិយា​យ៉ាងនេះ​ក៏​ដោយ ដោយ​លោក​នឹង​សកម្ម​នៅ​ក្នុង​អាជីព​នេះ​មិន​ចោល ហើយ​ជំនួញ​ក៏​នឹង​ធ្វើ​ឱ្យ​ខ្លាំង​ព្រម​គ្នា ។ លោក​សារភាព​ថា កីឡាករ​ដែល​មាន​ជំនួញ​ទើប​អាច​ឱ្យ​ជីវភាព​ល្អ​ប្រសើរ តែ​លោក​ក៏​បាន​បង្ហាញ​ពី​ការ​អាណិត​ចំពោះ​កីឡាករ​ភាគច្រើន​ដែល​នៅ​តែ​លំបាក​ដោយសារ​តែ​គ្មាន​មុខ​ជំនួញ​នៅ​ពីក្រោយ​ខ្នង​ដូច​គ្នា​។

៣- ហែម​ថុ​ន វិ​ទិ​នី ៖ កីឡាការិនី​ហែល​ទឹក​រូប​នេះ ក៏​មានមុខ​ជំនួញ​ក្នុង​ដៃ​មិនធម្មតា​ផង​ដែរ បន្ថែម​ពីលើ​កេរ្តិ៍ឈ្មោះ​ជា​កីឡាការិនី​ជម្រើសជាតិ​ល្បីឈ្មោះ ។ នាង​ជា​គ្រូបង្វឹក​ហែល​ទឹក​ដែល​មានកូន​សិស្ស​ច្រើន​ក្នុង​ដៃ​អាច​ឱ្យ​នាង​រក​ចំណូល​បាន​ច្រើន​គួរ​សមជា​រៀង​រាល់​ខែ ហើយ​នាង​ក៏​មាន​មុខរបរ​លក់ដូរ​ផលិតផល​នៅ​តាម​អន​ឡាញ​ដែល​អាច​រក​ចំណូល​បាន​ខ្ពស់​ដែរ ។ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នាង​គឺជា​កីឡាការិនី​ដែល​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​លក់ដូរ​ផលិតផល​ពាក់ព័ន្ធ​គ្រឿងសម្អាង និង​ផលិតផល​ជា​ច្រើន​មុខ​ផ្សេង​ទៀត ដែល​អាច​និយាយ​បាន​មិន​មាន​កីឡាការិនី​ជម្រើសជាតិ​រូប​ណា​មាន​ជំនួញ​ដូច​គ្នា​នឹង​នាង​នោះ​ទេ ។ មើល​មួយ​ភ្លែត​នាង​ស្ទើរតែ​ក្លាយជា​តារា​ស្រី​លេចធ្លោ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ទៅ​ហើយ ដោយសារ​តែ​នាង​ត្រូវ​ប្រើ​ពេល​ច្រើន​ក្នុង​ការ​ឆ្លើយ​សំណួរ​អ្នក​កុម្ម៉ង់ និង​ត្រូវ​ប្រើ​ពេល​យក​ទំនិញ​ទាំងនោះ​ទៅ​កាន់​គោលដៅ ។ នាង​ថា មុខរបរ​ទាំង​បង្ហាត់​សិស្ស​ហែល​ទឹក និង​លក់ទំនិញ​តាម​អន​ឡាញ បាន​ជួយ​ឱ្យ​នាង​រក​ចំណូល​បាន​ច្រើន ទើប​នាង​ប្រឹងប្រែង​ធ្វើ​វា​ជា​រៀងរាល់ថ្ងៃ ។

យ៉ាងណាមិញ នាង​ក៏​មិន​ភ្លេច​តួនាទី​ជា​កីឡាការិនី​ជម្រើសជាតិ ដែល​ត្រូវ​ប្រើ​ពេល​ហ្វឹកហាត់​នោះ​ផង​ដែរ ដោយសារ​តែ​នាង​ក៏​ចង់​ទទួល​បាន​ជ័យជម្នះ​ក្នុង​ពេល​ចេញ​ប្រកួត​ម្ដង​ៗ៕