ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី ស្រី​ខួច ៖ ធ្វើ​ជា​អ្នក​ប្រដាល់​ស្រី​មាន​អ្វី​មិនល្អ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ភាព​ក្រីក្រ​ និង​ធំ​ដឹងក្ដី​នៅ​ក្នុង​ការដ្ឋាន​សំណង់​ ទោះបី​ចង់​មិនចង់​ក៏​ធ្វើ​ឱ្យ​វី ស្រី​ខួច ក្លាយជា​

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ភាព​ក្រីក្រ​ និង​ធំ​ដឹងក្ដី​នៅ​ក្នុង​ការដ្ឋាន​សំណង់​ ទោះបី​ចង់​មិនចង់​ក៏​ធ្វើ​ឱ្យ​វី ស្រី​ខួច ក្លាយជា​កម្មការិនី​សំណង់ដូច​ឪពុក​ម្ដាយ​ដោយ​មិន​បាន​ចូល​សាលារៀនជាប់លាប់​ដូច​ក្មេង​ដទៃ​ដែរ ក្នុង​ពេល​ដែល​ការងារមួយ​នេះ​មិន​បាន​ជួយ​ឱ្យ​គ្រួសារ​នាង​គេច​ផុតពី​ការ​រស់នៅ​ក្នុង​ជីវភាព​ខ្វះមុខខ្វះក្រោយ​រាល់ថ្ងៃនោះ​ឡើយ ។

ផ្ដើម​ចេញពី​បញ្ហា​នេះ​ធ្វើ​ឱ្យ​វី ស្រី​ខួច ដែល​ពេល​នោះ​មាន​អាយុ​១២​ឆ្នាំ និង​ទើបរៀន​ថ្នាក់​ទី​៥​លែង​ចង់​ធ្វើការ​សំណង់​ទៀត​ហើយប៉ុន្តែ​មិនដឹង​ជា​ធ្វើ​ការងារ​អ្វី​ជំនួស​ព្រោះតែខ្លួន​នៅ​ក្មេង​រៀន​មិន​បាន​ខ្ពស់​ក៏​សម្រេចចិត្តចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​វិញ​ក្នុង​ពេល​ទីផ្សារ​កីឡាការិនី​កំពុង​ត្រូវប៉ាន់​នៅ​តាម​សង្វៀនប្រដាល់​ប៉ុស្តិ៍​ទូរទស្សន៍​នៅឡើយ ។ ប៉ុន្តែ​មុននឹង​បាន​ឡើង​សង្វៀន​ប្រដាល់ វី ស្រី​ខួច បានចូល​ហ្វឹកហាត់​នៅ​ក្លិប​ឥន្ទ្រី​កីឡា​ជាមួយ​បងប្រុសបង្កើត​ដែល​ក្លិប​នោះ​មា​នទី​តាំងនៅ​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាលស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​ដែល​គ្រួសារ​នាងជួល​រស់នៅ ។

ការ​មក​ចាប់​អាជីព​ជា​អ្នក​ប្រដាល់ស្រី​នេះ​ធ្វើ​ឱ្យ​វី ស្រី​ខួច ទទួល​បាន​នូវ​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​ដណ្ដើម​បាន​ជ័យលា​ភី​ទាំង​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ដែល​អាច​ឱ្យនាង​មាន​លទ្ធភាព​ជួយ​គ្រួសារ​ឱ្យ​រស់នៅ​ក្នុង​ជីវភាព​ប្រសើរ​ជាង​មុន ។

វី ស្រី​ខួច ដែល​បច្ចុប្បន្ន​មាន​អាយុ​២៣​ឆ្នាំទៅ​ហើយ​បាន​ប្រាប់​កោះសន្តិភាព​ថា នាង​បាន​ចាប់​យក​អាជីព​ជា​កីឡាការិនី​ប្រដាល់​សាកល​តាំងពី​ឆ្នាំ​២០១១​មក​ម្ល៉េះ ។ នាង​មាន​ឪពុក​ឈ្មោះ​សោម សា​វី អាយុ​៥៦​ឆ្នាំ ជា​ជាងសំណង់ ម្ដាយ​ឈ្មោះ​ធិ​ន ម៉ៅ អាយុ​៥១​ឆ្នាំ ជា​មេផ្ទះ​។

នាង​ជា​កូន​ទី​២​ក្នុង​គ្រួសារ​ក្នុង​ចំណោម​បងប្អូន​៧​នាក់​(​ប្រុស​២​នាក់​) ។ ឪពុក​-​ម្ដាយរបស់​នាង​មិន​មាន​ជាប់​ឈាមជ័រ​ជា​អ្នក​ប្រដាល់​នោះ​ទេ ទើបតែ​ជំនាន់​បងប្អូន​នាង​នា​ពេល​នេះ​ប៉ុណ្ណោះ​ស្រាប់តែ​នាំ​គ្នា​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​រហូត​ដល់​ទៅ​៤​នាក់ ។ ក្នុង​នោះ​ក្រៅពីរូប​នាង​និង​បងប្រុស​វី សា​វុ​ធ នៅ​មាន​ប្អូនស្រី វី ស្រី​ឆាយ និង​វី សម្ផស្ស ២​នាក់​ទៀត ។

វី ស្រី​ខួច និយាយ​ថា សព្វ​ថ្ងៃនេះ​នាង​គឺជា​កីឡាការិនី​ប្រដាល់​សាកល​ក្នុង​ក្រុម​ជម្រើសជាតិ ប៉ុន្តែ​នាង​ក៏​អាច​ឡើង​ប្រកួត​ប្រដាល់​គុន​ខ្មែរ​បាន​ដែរ ។ កន្លង​មក នាង​ធ្លាប់​ដណ្ដើម​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ជា​ច្រើន​គ្រឿង​ពី​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ ក្រៅពី​ប្រកួត​ក្នុងស្រុក នាង​ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ញឹកញាប់ ដូច​ជា​នៅ​ប្រទេស​បារាំង និង​សិង្ហ​បូ​រី​ជាដើម​។

នាង​ក៏​ធ្លាប់​ធ្វើ​ជា​កីឡាការិនី វ៉ូ វី​ណា​ម ដែរ តែ​ពេល​នេះ​នាង​ចាប់​យក​អាជីព​ជា​កីឡាការិនីប្រដាល់​តែ​មួយ​មុខ​ប៉ុណ្ណោះ ។ នៅ​ពេល​នាង​ចាស់​បន្តិច​មិន​មាន​កម្លាំង​ឡើង​សង្វៀន​ប្រកួត​បាន​តទៅ​ទៀត នាង​ចង់​ធ្វើ​ជា​គ្រូ​ប​ង្វា​ត់​ដោយជួយ​បំផុស​ឱ្យ​មាន​កីឡាការិនី​ចូល​ហ្វឹកហាត់ច្រើន ។ នាង​បញ្ជាក់​ថា មនុស្ស​ស្រី​ចាប់​អាជីព​ជា​អ្នក​ប្រដាល់​មាន​អ្វី​មិនល្អ សំខាន់​លើ​ខ្លួនយើង​ត្រូវ​ចេះ​ផ្ដល់​តម្លៃ​ឱ្យ​ខ្លួនឯង កុំ​ធ្វើ​អ្វី​ដែល​ខុស​ទៅ​បាន​ហើយ ។ ជាក់ស្ដែង នៅ​លើ​ពិភពលោក​សព្វថ្ងៃ ស្រី​ដែល​លេង​កីឡា​គេ​លើកតម្កើង​ខ្លាំង​ណាស់ ព្រោះ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ធំ​ៗ​ស្រី​ងាយស្រួល​ដណ្ដើម​យក​មេដាយ​ច្រើន​ជា​បុរស ។

សម្រាប់​កម្ពុជា​យើង​សព្វថ្ងៃ អាជ្ញាធរ​កីឡា​ដែល​មាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និង​កំពុង​ផ្ដោត​សំខាន់​ទៅ​លើ​នារី​ច្រើន​ជាង​បុរស​ក្នុង​ការ​ត្រៀមខ្លួន​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ក្នុង​ឆ្នាំ​២០២៣ ។

ដោយឡែក​នៅ​ថ្ងៃ​ទី​៣១ តុលា ខាង​មុខ​នេះ កម្ពុជា​នឹង​បញ្ជូន​កីឡាការិនី​២​រូប​ទៅ​ចូលរួម​ប្រកួត​កីឡាប្រដាល់​សាកល​ទ្វីបអាស៊ី​នៅ​ទីក្រុង​ព្រៃនគរ ប្រទេស​វៀតណាម ដែល​មាន​ប្រទេស​ជាង​៣០​ចូលរួម ។ ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៨ វិច្ឆិកា ហើយប្រតិភូ​កីឡា​កម្ពុជា​ដឹកនាំ​ដោយ​លោក វេជ្ជបណ្ឌិតឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​សាកល និង​លោក​វ៉ែន សុផល ជា​គ្រូ​បង្គោល ។

លោក វ៉ែន សុផល បានឱ្យ​ដឹងផង​ដែរ​ថា ការ​ប្រកួត​នេះ​កម្ពុជា​ត្រៀម​បញ្ជូន​កីឡាការិនី​ចំនួន​៣​រូប គឺ វី ស្រី​ខួច នូវ ស្រី​ពៅ និង​អេ យ៉ា​នុ​ត ប៉ុន្តែ​អេ យ៉ា​នុ​ត ត្រូវ​អាក់ខាន​វិញ​ដោយសារ​នាង​មាន​អាយុ​១៨​ឆ្នាំ ខណៈ​សហព័ន្ធ​កីឡាប្រដាល់​សាកល​អាស៊ី​គេ​តម្រូវ​ឱ្យ​យក​ចាប់ពី​អាយុ​១៩​ឆ្នាំ​ឡើង ។ លោក​ពិតជា​សោកស្ដាយ​ខ្លាំង​ណាស់ ព្រោះ​អេ យ៉ា​នុ​ត ជា​គោលដៅ​សំខាន់​ដែល​លោក​ទុកចិត្ត​បំផុត​ក្នុង​ការ​ដណ្ដើម​មេដាយ​មក​ជូន​ជាតិ ៕