ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​នៅ​តែ​ចាប់ បទល្មើស​នៅ​តែ​មាន​ដដែល

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ រថយន្ត​សាំង​យ៉ុ​ង​ចំនួន​បី​គ្រឿង ត្រូវ​បាន​ចាប់​បង្ក្រាប​ភ្លាម​ៗ ក្រោយ​ធ្វើ​សកម្មភាព​ដឹកឈើ​ខុសច្បាប់​ចេញពី​ទឹកដី​ខេត្តមណ្ឌលគិរី ក្នុង​ប្រតិបត្តិការ​ពីរ​ដាច់​ដោយឡែក​ពី​គ្នា

ខេត្តមណ្ឌលគិរី ៖ រថយន្ត​សាំង​យ៉ុ​ង​ចំនួន​បី​គ្រឿង ត្រូវ​បាន​ចាប់​បង្ក្រាប​ភ្លាម​ៗ ក្រោយ​ធ្វើ​សកម្មភាព​ដឹកឈើ​ខុសច្បាប់​ចេញពី​ទឹកដី​ខេត្តមណ្ឌលគិរី ក្នុង​ប្រតិបត្តិការ​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ។ លោក ថាវ អឿ​ង អភិបាលរង​ស្រុក នឹង​ជា​ប្រធាន​លេខាធិការ​រ​ដ្ឋា​ន​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ នៃ​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់ ត្រូវ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ បាន​ដេញចាប់​រថយន្ត​សាំង​យ៉ុ​ង​ផ្ទុក​ឈើ​ប្រភេទ​ធ្នង់ នៅ​ចំណុច​អូរ​វ៉ា​ក់លើ បណ្តោយ​ផ្លូវជាតិ​៧៦ ចំនួន​ពីរ​គ្រឿង បម្រុង​ដឹក​ចេញ​ទៅ​ខេត្ត​រតនៈគីរី ។

បច្ចុប្បន្ន​ក្រុមការងារ​ចម្រុះ​បាន​ប្រគល់​រថយន្ត​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រក្សា​ទុក​នៅ​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ត្រាច ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ចំណែក​ករណី​ទី​ពីរ​ប្រភព​បាន​ឲ្យ​ដឹង​ថា  មន្ត្រី​ជំនាញ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ធ្វើការ​បង្ក្រាប​រថយន្ត​សាំង​យ៉ុ​ង​មួយ​គ្រឿង​ដែល​បាន​ធ្វើ​សកម្មភាព​លួច​បន្លំ​ដឹកឈើ​ប្រណិត​ធ្នង់ ចេញពី​ក្រុង​សែន​មនោ​រម្យ​ឆ្ពោះ ទៅ​ស្រុក​កែវ​សីមា ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប​ភ្លាម​ៗ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ នៅ​កា​រ៉ា​ស់​សាំង​មួយ​កន្លែង​នៅ​ក្នុង​ទឹកដី​ស្រុក​អូរ​រាំង នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រភព​ថា មាន​រថយន្ត​សាំង​យ៉ុ​ង​មួយ​គ្រឿង​បាន​កំពុង​ធ្វើ​ដំណើរ​ចេញពី​ក្រុង​សែន​មនោ​រម្យ ដោយ​មាន​លួច​ផ្ទុក​ឈើប្រណិត​ខុសច្បាប់ ។ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ប្រតិបត្តិការ​បង្ក្រាប​ភ្លាម​ៗ ។ ប៉ុន្តែ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​រារាំង មិន​ព្រម​សហការ​ជាមួយ​ជំនាញ ហើយ​បាន​បើករថយន្ត​ល្មើសច្បាប់​ចូល​ទៅ​ជ្រក​នៅ​ទីតាំង​កា​រ៉ា​ស់​សាំង​មួយ​នៅ​ស្រុក​អូរ​រាំង ។ ទោះជា​យ៉ាងណា ក្រោយ​មាន​បទបញ្ជា​ពី​លោក​ព្រះរាជអាជ្ញារ​រង​ខេត្ត កម្លាំង​មន្ត្រី​បរិស្ថាន​ក៏​បន្តសកម្មភាព​ចាប់​អូស​យក​រថយន្ត​ដឹកឈើ​ល្មើស ទៅ​កសាង​សំណុំរឿង​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត តាម​ផ្លូវច្បាប់ ។ ចំណែក​ម្ចាស់​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ៕