ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​សម្រេច​ចេញ​អនុក្រឹត្យ​ស្ដី​ពី​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល តាម​រយៈ​សំណើ​របស់​ក្រសួងបរិស្ថាន បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក ដើម្បី​

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល តាម​រយៈ​សំណើ​របស់​ក្រសួងបរិស្ថាន បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល ការ​ផលិត ការ​ចែកចាយ និង​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក សំដៅ​ធានា​បាន​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ បរិស្ថាន និង​សោភ័ណ​ភាព​ក្នុង​សង្គម ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​១៦ តុលា កន្លង​មក ។

ប្រភព​ដដែល​បញ្ជាក់​ថា អនុក្រឹត្យ​ដែល​មាន​៣២​មាត្រា​នេះ គឺ​ផ្តោត​លើ​ចំណុច​សំខាន់​ចំនួន​៣​គឺ ៖

១-​ការ​កំណត់​ប្រភេទ ទំហំ កម្រាស់​លើ​ថង់​ប្លា​ស្ទិ​ក​ស្តើង​មាន​ដៃ​យួរ ត្រូវ​បាន​ហាមឃាត់​លើ​ការ​នាំ​ចូល ការ​ផលិត​ក្នុងស្រុក ការ​ចែកចាយ និង​ការ​ប្រើប្រាស់ ។

២-​ការ​លើកទឹកចិត្ត​ដល់​ការ​កែ​ច្នៃ​ថង់​ប្លា​ស្ទិ​ក និង​ការ​ផលិត​ថង់ ឬ​សម្ភារ​វេច​ខ្ចប់​ដែល​ផលិត​ពី​វត្ថុ​ធាតុ​ងាយ​ពុក​ផុយ (Biodegradable) ឬ​ជីវ​ប្លា​ស្ទិ​ក (Bioplastic) ដែល​ត្រូវ​ដាក់​អាករ​ពិសេស​ជា​បន្ទុក​របស់​រដ្ឋ ។

៣-​ការ​គិត​កម្រៃ​បន្ថែម​ដល់​អតិថិជន​ដែល​ចង់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា បានឱ្យ​ដឹង​ថា កន្លង​មក មាន​ក្រសួង​ពាក់ព័ន្ធ​បាន​ពន្យល់​ប្រជាពលរដ្ឋ​ពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ជ័រ ឬ​ស្នោ ប៉ុន្តែ​ការ​យល់​ដឹង​នៅ​មាន​កម្រិត ដែល​ទាមទារ​ឱ្យ​ក្រសួង​ផ្សព្វផ្សាយ​ព័ត៌មាន និង​ចាត់វិធានការ​បន្ថែម ។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ហេង ណា​រ៉េ​ត មាន​ប្រសាសន៍​ថា ៖« យើង​កំពុង​ត្រៀម​រៀបចំ​ការ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ថ្មី​ដែល​រាជរដ្ឋាភិបាល​បាន​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​នេះ ។ ជាមួយ​គ្នា​នេះ យើង​កំពុង​ត្រៀម​ឯកសារ គតិ​យុ​ត្ត​បន្ថែម ដើម្បី​បំពេញ​ទៅ​តាម​អនុក្រឹត្យ​តម្រូវ​ដូច​ជា​តម្លៃបន្ថែម​នៅ​តាម​ទីផ្សារ​ទំនើប​ជាដើម »​។

លោក​បញ្ជាក់​ថា ៖« ក្នុង​ដំណាក់​ដំបូង យើង​គ្រោង​អញ្ជើញ​ម្ចាស់​ហាង​ទៅ​ផ្សារ​ទំនើប ព្រោះ​ផ្សារ​ត្រូវ​អនុវត្ត​មុនគេ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​យក​កម្រៃ​បន្ថែម​ទៅ​លើ​ថង់​ប្លា​ស្ទិ​ក ហើយ​គ្រា​បន្ទាប់​យើង​នឹង​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​មូលដ្ឋាន ដើម្បី ឱ្យ​ការ​អនុវត្ត​អនុក្រឹត្យ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ជាមួយ​គ្នា​នេះ ដើម្បី​សម្រេច​បាន​ទៅ​តាម​គោលបំណង​នៃ​អនុក្រឹត្យ ចាំបាច់​ណាស់​ត្រូវ​ឱ្យ​ប្រជាពលរដ្ឋ​យល់ និង​ចូលរួម ទើប​ទទួល​បាន​ជោគជ័យ »​។

លោក ហូ វ​ណ្ឌី មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៧ តុលា ម្សិលមិញ​ថា ៖« ការ​យល់​ដឹង​របស់​ពលរដ្ឋ​ទៅ​លើ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅ​មាន​កម្រិត ហើយ​ក្រសួង​ត្រូវ​ជំរុញ​ការ​ឃោសនា​នៅ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ត្រូវ​មាន​វិធានការ ក្នុង​នោះ​បើសិន​អ្នកឯង ចង់បាន​ថង់​ប្លា​ស្ទិ​ក​ដាក់​អ្វីមួយ ត្រូវ​បង់លុយ​បន្ថែម​។ ចំណុច​នេះ នៅ​ស្រុក​គេ​ទទួល​បាន​ជោគជ័យ ដោយសារ​ការ​ដាក់​កំហិត​ទៅ​ដល់​ហាង​លក់ទំនិញ​គ្រប់​ប្រភេទ​ទាំងអស់ » ។

លោក​លើក​ឡើង​ថា ៖« ក្នុង​បរិស្ថាន​យើង​សព្វ​ថ្ងៃនេះ ករណី​វា​កាន់តែ​អាក្រក់​ទៅ មិន​ថា​ភ្ញៀវ​ទេសចរ​បរទេស​ទេ សូ​ម្បី​តែ​ភ្ញៀវ​ក្នុងស្រុក ក៏​មិន​មានការ​ចេញ​ដើរ​កម្សាន្ត​ដែរ ព្រោះ​ពេល​ចេញ​ទៅ​ណា​ម្តង​ៗ ឃើញ​មានការ​បោះចោល​សំរាម​តាម​ដងផ្លូវ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​បរិស្ថាន​កខ្វក់​នោះ​ទេ វា​ថែម​ទាំង​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្រីក្រ​អាច​កើត​ជំងឺ​ផ្សេង​ៗ ។ ដូចនេះ ដើម្បី​ជៀសវាង​ផល​អវិជ្ជមាន​នេះ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ធ្វើ​យ៉ាងម៉េច​នៅ​តាម​ភូមិ​-​ឃុំ ជួយ​ពន្យល់​ទៅ​ដល់​ពលរដ្ឋ និង​ប្រធាន​រោងចក្រ​ជួយ​រៀបចំ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក​ឱ្យ​បាន » ។

លោក ហូ វ​ណ្ឌី បន្ត​ថា បើ​មាន​វិធានការ​តឹងរ៉ឹង អត្ថប្រយោជន៍​ដែល​ពលរដ្ឋ​ទទួល​បាន​ដំបូង គឺ​សុខភាព មាន​ន័យ​ថា ពួក​គាត់​ទៅ​ណា​ក៏​សប្បាយចិត្ត​ដែរ ព្រោះ​មិនធុំ​ក្លិនស្អុយ​មាន​ក្នុង​បរិស្ថាន ។ ចំណែក​ក្រសួង​ទទួល​បាន​ជោគជ័យ​ពី​ការ​អនុវត្ត​គោលការណ៍​, បាន​ជួយ​ផ្សព្វផ្សាយ​ទៅ​ទេសចរណ៍​ជាតិ អន្តរជាតិ​ថា ប្រទេស​យើង​មាន​បរិស្ថាន​ល្អ និង​ជួយ​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​នៅ​លើ​ពិភពលោក​ផង​ដែរ ។

បើ​តាម​ក្រសួងបរិស្ថាន អនុក្រឹត្យ​នេះ​មាន​គោលបំណង​សំខាន់​ចំនួន​៥ គឺ ៖
១-​ការ​កំណត់​តួនាទី និង​ពង្រឹង​ការ​ទទួលខុសត្រូវ​របស់​ក្រសួង ស្ថាប័ន អង្គភាព​ជំនាញ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​លើ​ការ​នាំ​ចូល ការ​ផលិត ការ​ចែកចាយ ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ការ​កែ​ច្នៃ​សំណល់​ថង់​ប្លា​ស្ទិ​ក ។

២-​កំណត់​អំពី​វិធានការ​ទូទៅ​លើ​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក ។
៣-​កំណត់​វិធានការ​គិត​កម្រៃ​បន្ថែម​លើ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​របស់​អតិថិជន ។
៤-​អប់រំ និង​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​អនុវត្ត​កម្មវិធី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។
៥-​ជំរុញ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ក្នុង​ការ​កែ​ច្នៃ​សំណល់​ថង់​ប្លា​ស្ទិ​ក​នៅ​ក្នុងស្រុក និង​ការ​ផលិត​សម្ភារ​ប្លា​ស្ទិ​ក​ដែល​ងាយ​ពុក​ផុយ ។

យ៉ាងណា​ក៏​ដោយ អនុក្រឹត្យ​ថ្មី​របស់​រាជរដ្ឋាភិបាល​ដែល​ស្នើ​ដោយ​ក្រសួង​នេះ បាន​ស្នើ​យ៉ាង​ទទូច​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ការ​នាំ​យក​ថង់​ប្លា​ស្ទិ​កមក​ប្រើប្រាស់​វិញ ឬ​ប្រើប្រាស់​វត្ថុ​ជំនួស​ថង់​ប្លា​ស្ទិ​ក ។ ចំណែកឯ​ម្ចាស់​អាជីវកម្ម និង​ម្ចាស់​សេវាកម្ម​នានា ដែល​មានការ​ផ្តល់​ថង់​ប្លា​ស្ទិ​ក​ដល់​អតិថិជន ត្រូវ​ស្ម័គ្រចិត្ត​ចូលរួម​អនុវត្ត​កម្មវិធី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក នឹង​ទទួល​បានការ​លើកទឹកចិត្ត​ផង​ដែរ ៕