ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

GMAC ​ចាប់ផ្តើម​ដាក់​ញត្តិ​សុំ​អនុគ្រោះ​ព​ន្ធ​នាំ​ចេញ​ស្បែកជើង​ទៅ​អា​មេ​រិ​ក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា

រាជធានី​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា (GMAC) នៅ​ថ្ងៃ​ទី​១៧ តុលា ម្សិលមិញ បាន​សម្រេច​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋាភិបាល​អា​មេ​រិ​ក ដើម្បី​សុំ​អនុគ្រោះ​ពន្ធ​ក្នុង​ការ​នាំ​ចេញ​ស្បែកជើង​ទៅ​កាន់​ប្រទេស​នេះ ។

អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា លោក​បណ្ឌិត កាំ​ង ម៉ូ​នី​កា បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ GMAC នា​ព្រឹក​ថ្ងៃ​ដដែល​ថា ដើម្បី​បំពេញ​តាម​កាលកំណត់ ខាង​សមាគម​បាន​ដាក់​ញត្តិ​របស់​ខ្លួន​នៅ​កាន់​រដ្ឋាភិបាល​អា​មេ​រិ​ក​សម្រាប់​ទទួល​បានការ​អនុគ្រោះ​ពន្ធ GSP លើ​ផលិត​ស្បែកជើង ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក ។

លោក​បន្ត​ថា ការ​ដាក់​ស្នើ​សុំ​នេះ មានការ​គាំទ្រ​ពី​ក្រសួងពាណិជ្ជកម្ម និង​ផ្អែក​លើ​ការ​ទទួល​បាន​ជោគជ័យ ក្នុង​ការ​សម្រេច​បាន​នូវ​ការ​អនុម័ត​ពី​សភា​នៃ​ច្បាប់​ពង្រីក​បន្ថែម​នៃ​ប្រព័ន្ធ អនុគ្រោះ​ពន្ធ​ឆ្នាំ​២០១៥ នៃ HR លេខ​១២៩៥ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៨ មិថុនា ឆ្នាំ​២០១៥ និង​ធ្វើ​ឲ្យ​បន្ទាត់​ពន្ធ​ចំនួន​២៨​ជួរ​មុខ​នៃ​ទំនិញ​កាបូបយួរ​របស់​អ្នកដំណើរ ដែល​មាននៅ​ក្នុង​អនុក្រឹត្យ​លេខ​៤២០២ នៃ HTS មាន​សិទ្ធិ​ទទួល​បានការ​អនុគ្រោះ​ពន្ធ ស្ថិត​ក្រោម​ក្របខ័ណ្ឌ GSP ។

លោក​បន្ត​ថា ៖« GMAC កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ច្បាប់ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក សម្រាប់​ការ​រៀបចំ​ឯកសារ​នានា »​។

បច្ចុប្បន្ន GMAC មាន​រោងចក្រ​ស្បែកជើង​ចំនួន​៥៩ និង​បាន​នាំ​ចេញ​ក្នុង​តម្លៃ​ប្រមាណ​៧០០​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។

លោក កាំ​ង ម៉ូ​នី​កា បាន​បន្ត​ថា GMAC​មាន​ក្តី​សង្ឃឹម​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន បើ​ទោះបីជា​ការ​ផ្តល់​ឲ្យ GSP មិន​ត្រូវ​បាន​ធានា​ថា នឹង​ត្រូវ​កើតឡើង​មុន​ពេល​ផុតកំណត់​នៅ​ចុងឆ្នាំ​នេះ ដោយសារ​ប្រតិទិន ជា​ពិសេស​ជាមួយ​ការ​ពន្យារពេល​របស់​អា​មេ​រិ​កលើ​កំណែ​ទម្រង់ការ​ថែទាំ​សុខភាព និង​ច្បាប់​កំណែទម្រង់ពន្ធ ។

លោក​បន្ត​ថា មុន​ឬ​ក្រោយ GMAC សង្ឃឹមថា ញត្តិ​នេះ​នឹង​ទទួល​បានការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក ដោយ​ពិចារណា​ទៅ​លើ​ការ​កែ​លម្អ​ឥត​ឈប់​ឈរ​របស់​យើង​នៅ​ក្នុង​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា ជា​ពិសេស ភាព​ប្រសើរ​ឡើង​នូវ​ប្រាក់​ឈ្នួល ជាមួយនឹង​ការ​កែ​លម្អ​បន្ថែម​ទៀត​នៃ​សុខុមាលភាព​របស់​កម្មករ ។

លោក​ថា ៖« ប្រសិនបើ​កម្មវិធី GSP នេះ នឹង​មិន​ត្រូវ​ផ្តល់​នៅ​ចុងឆ្នាំ​នេះ កិច្ច​ខិតខំ​ប្រឹងប្រែង​នឹង​បន្ត​រហូត​ដល់​ការ​បញ្ចប់​សភា​បច្ចុប្បន្ន​នៅ​ខែធ្នូ ឆ្នាំ​២០១៨ » ។

លោក វី​ល្លៀម ហេ​ដស៍ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា កាលពី​ឆ្នាំ​មុន រដ្ឋាភិបាល​អា​មេ​រិ​កបាន​ទិញ​ទំនិញ​កាបូបយួរ​សម្រាប់​ការ​ធ្វើ​ដំណើរ​ពី​កម្ពុជា ក្នុង​តម្លៃ​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​វិស័យ​នេះ​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​១០​ម៉ឺន​នាក់ ហើយ​ជាង​រយៈពេល​២០​ឆ្នាំ​កន្លង​មកនេះ អា​មេ​រិ​កបាន​ទិញ​ទំនិញ​ពី​កម្ពុជា ក្នុង​ទឹកប្រាក់​៣​ម៉ឺន​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ចំនួន​នេះ​ស្មើនឹង​ទំហំ​ទឹកប្រាក់​៤​ឆ្នាំ នៃ​ផលទុនជាតិ​សរុប​របស់​កម្ពុជា ៕