ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ស្នេហាអ្នក​នាង សាន ស្រីឡៃ បញ្ចប់​ដោយ​គ្រាប់​កាំភ្លើង​​យ៉ាង​ឃោរ​ឃៅ​ ផ្អើលរាជធានី​

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​មាន​រូបឆោម​ឆើតឆាយ​នាង សាន ស្រី​ឡៃ

​រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​មាន​រូបឆោម​ឆើតឆាយ​នាង សាន ស្រី​ឡៃ ត្រូវ​បាន​បុរស​ជា​អតីត​ប្តី​បាញ់ប្រហារ​ចំនួន​៣​គ្រាប់យ៉ាង​​ជិត​បំផុត​ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ ​រួច​ហើយ​បុរស​រូប​នោះ ​ក៏​បាន​បាញ់​ក្បាល​ខ្លួនឯង​ចំនួន​១​គ្រាប់ ដេក​ស្លាប់​ក្បែរ​គ្នា​ក្នុង​ថ្លុក​ឈាម ។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​កើត​មាន​ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​នេះ​គឺ​បន្ទាប់​ពីពួក​គេ​ទាំង​ពីរ​នាក់​ទើបតែ​ធ្វើការ​លែង​លះ​គ្នា និង​មិនដឹង​ថា​មក​ពី​មូលហេតុ​អ្វី​ច្បាស់លាស់​ឡើយ ។

ហេតុការណ៍​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង ៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៦ តុលា នៅ​ក្នុង​មន្ទីរ​សំរាក​ព្យាបាល វ៉ា​យ តាឡុ​ង​ហ្គា ដែល​ជា​កន្លែង​កែ​សម្ផស្ស​មាន​ទីតាំង​ផ្ទះ​លេខ​៥២A ផ្លូវ​លេខ​៣៦០ កែង​និង​ផ្លូវ​លេខ​៥៧ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ក្បែរ​ស្ថានីយទូរទស្សន៍​អប្សរា ។​នាង​សាន ស្រី​ឡែ គឺជា​បេក្ខភាព​The Voice Cambodia​រដូវ​កាល​ទី​២​ដែល​នាង​បាន​ជាប់​ក្នុង​ជម្រើស​៤​នាក់ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បានឃើញ​ស្ត្រី​វ័យក្មេង​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ម្នាក់​(​នាង​សាន ស្រី​ឡែ​)​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX៣០០​មួយ​គ្រឿង​តែ​ម្នាក់ឯង ចូល​ទៅ​ក្នុង​ហាង​កែ​សម្ផស្ស​វ៉ា​យ តាឡុ​ង​ហ្គា បាន​បន្តិច​ក៏​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​C១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង​មក​ឈប់​ខាង​មុខ​ហាង រួច​ដើរ​យ៉ាង​ប្រញាប់ប្រញាល់​ចូល​ទៅ​ខាងក្នុង​ដែរ ។

ក្រោយ​បន្តិច​មក ​ក៏​ស្រាប់តែ​ឭ​សំឡេង​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ដែល​មុន​ដំបូង​គាត់​នឹក​ស្មាន​តែ​ផ្ទុះ​ហ្គា​ស ​ក៏​បាន​រត់​ចូល​ទៅ​មើល ក៏​ស្រាប់តែ​ប្រទះ​ឃើញ​មាន​បុរស​ម្នាក់ និង​ស្ត្រី​ស្អាត​ម្នាក់​នោះ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ទាំង​ពីរ​នាក់ នៅ​មាត់ទ្វារ​ហាង ។ ក្រោយ​ពេល​កើតហេតុ​ទើប​ម្ចាស់​ទីតាំង​ខាងលើ រាយការណ៍​ទៅ​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​និង​ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តែ​ម្តង ដោយសារ​តែ​នាង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារាចម្រៀង​ម្នាក់ ។

តាម​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​មួយ​រូប​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​នារី​រង​គ្រោះ​ឈ្មោះ សាន ស្រី​ឡៃ អាយុ​២៦ឆ្នាំ ជា​តារាចំរៀង ​និង​មាន​ទីលំនៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​បុរស​ជា​អតីត​ប្តី​មានឈ្មោះ ជ័យ រិ​ន អាយុ​៣៥​ឆ្នាំ​ ជា​ជំនួយការ​សាខា​គយ​ខេត្តកំពង់ចាម និង​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។

មុន​ពេល​កើតហេតុ​នាង​បាន​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX៣០០មួយ​គ្រឿង ​ចូល​មក​ហាង​ខាងលើ​ក្នុង​បំណង​ម៉ាស្សា​ខ្លួន​ឱ្យ​គ្រាន់តែ​ជិះ​ចូល​ខាងក្នុង​របង និង​ចុះ​ពីលើ​រថយន្ត​ដើរ​បាន​២​ទៅ​៣​ជំ​ហ៊ាន​ដល់​មាត់ទ្វារ​ហាង ក៏​ស្រាប់តែ​លេចមុខ​បុរស​ជា​អតីត​ប្តី​ជិះ​ម៉ូតូ​ចូល​មក (C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ មួយ​គ្រឿង​)​យក​មក​ចត​នៅ​មុខ​ហាង​និង​រត់​ចូល​តាមតែ​ម្តង ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ថា ពេល​ដែល​បុរស​រូប​នោះ​រត់​ចូល​ទៅ​រក​នោះ ​ក៏​មានការ​ឈ្លោះប្រកែក​គ្នា ក៏​បាន​ដក​កាំភ្លើងខ្លី​ម៉ាក​រូ​ឡូ ពណ៌​ខ្មៅ​មួយ​ដើម​ពី​ចង្កេះ បាញ់​សន្ធាប់​ទៅ​លើ​នារី​រង​គ្រោះ​ចំនួន​៣​គ្រាប់ រួច​ហើយ​ក៏​បាញ់​ក្បាល​ខ្លួនឯង​ចំនួន​១​គ្រាប់​ទៀត បណ្តាល​ឱ្យ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ទាំង​​ពីរ​នាក់​តែ​ម្តង ។

ករណី​បាញ់​សម្លាប់​នេះ​​​ដែរ កម្លាំង​មាន​សមត្ថកិច្ច​មិន​ទាន់​បានដឹង​ច្បាស់​ពី​មូលហេតុ​នោះ​ទេ ដោយ​គ្រាន់តែ​អាច​សន្និដ្ឋាន​ថា ទំនង​កើតឡើង​ពី​រឿង​ស្នេហា​បែកបាក់ ព្រោះ​ពួក​គេ​ទាំង​ពីរ​នាក់​ទើបតែ​ធ្វើការ​លែងលះ​គ្នា ។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​បាន​ពិនិត្យ​លើ​សព​នារី​រង​គ្រោះ​បាន​រង​នូវ​គ្រាប់កាំភ្លើង​ចំនួន​៣​គ្រាប់​នៅ​លើ​ដងខ្លួន ។ ចំណែកឯ​បុរស​ជា​អតីត​ប្តី​រង​នូវ​គ្រាប់កាំភ្លើង​ចំនួន ១​គ្រាប់​ត្រង់​ក្បាល និង​អាវុធ​ខ្លី​ម៉ាក​រ៉ូ​ឡូ​មួយ​ដើម​នៅ​នឹង​កន្លែង​កើតហេតុ ។

តាម​ប្រភព​ខាងក្រៅ​បាន​ខ្សឹប​ឱ្យ​ដឹង​ថា រវាង​អ្នក​ទាំង​ពីរ​នាក់​នេះ​ គឺជា​អតីត​ប្តី​ប្រពន្ធ​នឹង​គ្នា និង​ទើបតែ​បាន​ធ្វើការ​លែងលះ​គ្នា ហើយ​នារី​ជា​តារាចម្រៀង​រូប​នេះ​ ទំនងជា​មាន​ស្នេហា​ភេទ​ដូច​គ្នា(​ស្រី​ស្រឡាញ់​ស្រី​)​ទើប​ធ្វើ​ឱ្យ​បុរស​ជា​ប្តី​តាម​បាញ់​សម្លាប់ ​និង​បាញ់​ខ្លួនឯង​ឱ្យ​ស្លាប់​តាម​ក្រោយ​បែប​នេះ​តែ​ម្តង ។ ជុំវិញ​ព័ត៌មាន​ក្រៅផ្លូវការ​នេះ​មិន​ទាន់​អាច​យក​ការ​ណ៍​បាន​នោះ​ទេ​។