ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​ទេសចរណ៍​ក្នុងស្រុកកំពុង​ជួយ​ដល់​សេដ្ឋកិច្ច​មូលដ្ឋាន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំណើន​នៃ​ការ​ដើរ​កម្សាន្ដ​របស់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស មិន​ត្រឹមតែ

រាជធានី​ភ្នំពេញ ៖ កំណើន​នៃ​ការ​ដើរ​កម្សាន្ដ​របស់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស មិន​ត្រឹមតែ​ជួយ​សេដ្ឋកិច្ច​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ផ្ទេរ​នូវ​ចំណេះដឹង​ថ្មី​ៗ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ថែម​ទៀត ។

ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា លោក ធួន ស៊ី​ណា​ន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១៦ តុលា ថា ការ​ដើរ​កម្សាន្ដ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក បាន​កើនឡើង​នៅ​តាម​រមណីយដ្ឋាន​នានា និង​មាន​ចរន្ត​ផ្លាស់​ប្តូរ​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ ដូច​ជា ប្រជាពលរដ្ឋ​បាន​ងាក​ចេញ​ច្រើន​ពី​ខេត្ត​ព្រះ​សីហ​នុ ទៅ​កាន់​ខេត្តកំពត និង​ខេត្ត​កែប ដោយសារ​ខេត្ត​ព្រះ​សីហ​នុ​ពោរពេញ​ដោយ​ភ្ញៀវ​ចិន និង​មាន​សភាព​ចង្អៀត​រួច​ទៅ​ហើយ ។

លោក​បន្ត​ថា ៖« កំណើន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក មិន​ត្រឹមតែ​ជួយ​ដល់​សេដ្ឋកិច្ច​មូលដ្ឋាន​នោះ​ទេ តែ​ក៏​ជួយ​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ កាត់​បន្ថយ​ភាព​ក្រីក្រ និង​កាត់​បន្ថយ​ការ​ចំណាកស្រុក​ផង​ដែរ » ។

លោក​បន្ត​ថា ៖« ក្រៅពី​នេះ ភ្ញៀវ​ទេសចរ​ក៏​ចូលរួម​ផ្តល់​ចំណេះដឹង​ទាក់ទង​នឹង​បរិស្ថាន អនាម័យ​នៅ​តាម​មូលដ្ឋាន​ផង​ដែរ ព្រោះ​បញ្ហា​ប្រឈម​របស់​យើង​សព្វថ្ងៃ គឺ​ការ​ចោល​សំរាម និង​កាក​សំណល់​នានា​គ្មាន​សណ្តាប់ធ្នាប់ »​។

ក្រសួងទេសចរណ៍​កម្ពុជា​បាន​រក​ឃើញ​ថា កំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​ទើប​បញ្ចប់​នា​ពេល​ថ្មី​ៗ​នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ​ជាង​១​លាន​នាក់​បាន​ដើរ​កម្សាន្ដ​ក្នុងស្រុក កើនឡើង​ប្រមាណ​១០% ធៀប​នឹង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​មុន ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​ថា ចរន្ដ​នៃ​ការ​ដើរ​កម្សាន្ដ​របស់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ពិតជា​មាន​ផលប្រយោជន៍​ច្រើន​ណាស់​សម្រាប់​សេដ្ឋកិច្ច​មូលដ្ឋាន ព្រោះ​ពេល​ណា​ភ្ញៀវ​ទេសចរ​ទៅ​ដល់​តំបន់​នោះ គឺ​បាន​ផ្ដល់​ចំណូល បង្កើត​ការងារ ក៏​ដូច​ជា​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ព្រោះ​ចំណូល​បាន​ហូរ​ដល់​មូលដ្ឋាន ដល់​ដៃ​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​មាន​កំណើន​បរិភោគ ពេល​មាន​កំណើន​បរិភោគ មាន​កំណើន​តម្រូវការ ពេល​មាន​កំណើន​តម្រូវការ ធ្វើ​ឲ្យ​មានការ​ផ្គត់ផ្គង់​កើនឡើង ដែល​ធ្វើ​ឲ្យ​មានការ​ពង្រីក​ការ​ផលិត និង​ផ្តល់​ចំណូល​ដល់​អ្នក​មូលដ្ឋាន​បាន​កាន់តែ​ច្រើន​ថែម​ទៀត។

លោក​បន្ត​ថា ៖« វិស័យ​ទេសចរណ៍​តែងតែ​នាំមុខ​សកម្មភាព​ពាណិជ្ជកម្ម​ផ្សេង​ៗ​ទាំងអស់ ព្រោះ​ភ្ញៀវ​ទេសចរ​ទៅ​ដល់​ទីណា លំហូរ​សាច់ប្រាក់​នឹង​ធ្លាក់​ដល់ទី​នោះ ទាំង​ចំណូល​ដោយ​ផ្ទាល់ និង​ប្រយោល»។

ក្រសួងទេសចរណ៍​កាលពីដើម​ឆ្នាំ​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ឲ្យ​មន្ទីរ​ទេសចរណ៍​នានា​នៅ​តាម​បណ្តា​ខេត្ត ពង្រឹងគុណភាព​សេវាកម្ម សេវា​បដិសណ្ឋារកិច្ច ពង្រឹងគុណភាព​ម្ហូបអាហារ​នៅ​តាម​រមណីយ​ដ្ឋាន​នានា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​ឲ្យ​បាន​កាន់តែ​ច្រើន ។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​ថា ការ​រៀបចំ​ខ្លួន​នៅ​តាម​សហគមន៍​មូលដ្ឋាន ដែល​មាន​រមណីយដ្ឋាន​ទេសចរណ៍​នានា មាន​សារសំខាន់​ណាស់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ទៅ​ទស្សនា​ឲ្យ​បាន​ច្រើន ដែល​ជា​ការ​ផ្តល់​ចំណូល​ដោយ​ផ្ទាល់​ដល់​មូលដ្ឋាន ហើយ​សហគមន៍​នីមួយ​ៗ​គួរ​មាន​ផលិតផល​ពិសេស​របស់​ខ្លួន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចំណាយ​ប្រាក់​កាន់តែ​ច្រើន​នៅ​មូលដ្ឋាន ។

លោក​បន្ត​ថា ៖« ការ​គិតគូរ​ពី​ស្តង់ដា​អនាម័យ​ម្ហូបអាហារ និង​បរិស្ថាន​ជុំវិញ គឺ​មាន​សារសំខាន់​បំផុត ដើម្បី​ជំរុញ​ការ​ចាយប្រាក់ ហើយ​បាន​ផលប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន​កាន់តែ​ច្រើន » ៕