ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្កើត​កន្លែង​កម្សាន្ដ​ពិតជា​មាន​សារសំខាន់​សម្រាប់​វិស័យ​ទេសចរណ៍

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​លើក​ឡើង​ថា

រាជធានី​ភ្នំពេញ ៖ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​លើក​ឡើង​ថា ការ​បង្កើត​អ្វី​ដែល​ថ្មី​ៗ និង​ប្លែក​នៃ​សេវាកម្ម​ទេសចរណ៍ គឺ​ពិតជា​មាន​សារសំខាន់​ណាស់ ដើម្បី​ទាក់ទាញ​ទេសចរ​បន្ថែម​ទៀត និង​អាច​ឱ្យ​ទេសចរ​បរទេស​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​យូរ ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​រូប​នេះ​បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១៦ តុលា ម្សិលមិញ​ថា ការ​បង្កើត​កន្លែង​កម្សាន្ដ វា​បាន​ផ្ដល់​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នោះ​តែ​ម្ដង ដូច​ជា អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី អ្នក​រត់​ម៉ូតូឌុប តាក់ស៊ី រហូត​ដល់​ម្ចាស់ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ទៀត​ផង ។ អ្វី​ដែល​កាន់តែ​មាន​សារសំខាន់​ទៀត​នោះ កាលណា​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ​កាន់តែ​យូរ ការ​ចំណាយ​លើ​សេវា​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ច្រើន​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ចំណូល​បន្ថែមទៀត ។

លោក ហូ វ​ណ្ឌី មាន​ប្រសាសន៍​ថា ៖ «​បើសិនជា​មានគំនិត​អ្វី​ថ្មី​ៗ​ប្លែក​ពី​រមណីយដ្ឋាន​ដែល​មាន​ស្រាប់ វា​គឺជា​ការ​ទាក់ទាញ​មួយ​សម្រាប់​ទេសចរណ៍ ក៏​ប៉ុន្តែ​បើសិនជា​ធ្វើ​អ្វី​ដែល​គេ​មាន​ស្រាប់​ហើយ​នោះ វា​គឺជា​ការ​ប្រកួតប្រជែង អ្នក​ណា​ល្អ អ្នក​នោះ​ទាក់ទាញ​ភ្ញៀវ​បាន​ច្រើន » ។

លោក​បន្ត​ថា ទន្ទឹម​នឹង​ការ​បង្កើត​កន្លែង​កម្សាន្ត ឬ​រមណីយដ្ឋាន​ថ្មី​ៗ​ទៀត​នៅ​ក្នុង​ប្រទេស សម្រាប់​ទាក់ទាញ​ទេសចរណ៍​បន្ថែម​នោះ អ្វី​ដែល​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ជួយ​គ្នា គឺ​រៀបចំ​សណ្ដាប់ធ្នាប់ និង​អនាម័យ​ទី​សាធារណៈ​ឲ្យ​បាន​ល្អ​ផង ។

លោក​ថា ៖« បច្ចុប្បន្ន​នេះ សំរាម​គឺជា​សត្រូវ​នៃ​ទេសចរណ៍​របស់​យើង ហើយ​មិន​ថា​នៅ​កន្លែង​ណា​ទេ គ្រាន់តែ​ក្រឡេក​ទៅ ក៏​ឃើញ​សំរាម​ដែរ ដូចនេះ អាជ្ញាធរ​ថ្នាក់​ក្រោម​ៗ​គួរតែ​ចាត់ការ​រឿង​នេះ​ឲ្យ​បាន ។ ម្យ៉ាងទៀត សណ្ដាប់​ចរាចរណ៍ និង​ការ​យក​ដងផ្លូវ​សម្រាប់​ធ្វើ​អាជីវកម្ម ក៏​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​ទេសចរ​បរទេស​មិន​សប្បាយចិត្ត​ដែរ ដោយសារ​តែ​ពួក​គេ​គ្មាន​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ ឬ​ពិបាកធ្វើ​ដំណើរ​ក្នុង​ប្រទេស​យើង ។ វិស័យ​ទេសចរណ៍​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ។ ជាក់ស្ដែង នៅ​ប្រទេស​ថៃ គេ​មាន​អនាម័យ មាន​សណ្ដាប់ធ្នាប់ ដូចនេះ ចំណូល​ពី​វិស័យ​ទេសចរណ៍​ក្នុង​មួយ​ឆ្នាំ​ៗ រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក » ។

បើ​តាម​ប្រសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើង​ថា ខេត្តសៀមរាប គឺជា​កំណប់ទ្រព្យ​ដ៏​ធំ​ដែល​ដូនតា​បាន​បន្សល់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ហើយ​កំណប់ទ្រព្យ​ទាំងនេះ គឺជា​កំណប់ទ្រព្យ​ដែល​បរទេស​ចង់​ដឹង ចង់​ឃើញ ។ ដូចនេះ ពួក​គេ​ត្រូវ​ចំណាយ​ប្រាក់​មក​ទស្សនា​នៅ​កម្ពុជា ហើយ​នៅ​ក្នុង​រយៈពេល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ពួក​គេ​ត្រូវការ​ចំណាយ​លុយ​មក​លើ​កម្ពុជា ទាំង​ការ​ស្នាក់​នៅ និង​ហូប​ចុក ៕