ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ផ្នែក​វាយនភ័ណ្ឌ នឹង​កើនឡើង​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​បាន​លើក​ឡើង​ថា

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​បាន​លើក​ឡើង​ថា ការ​បញ្ជា​ទិញ​ពី​បរទេស​ខាង​ផ្នែក​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង នឹង​បន្ត​កើនឡើង ខណៈ​ដែល​អ្នកបញ្ជា​ទិញ​បាន​សម្តែង​ក្តី​រីករាយ​ចំពោះ​វឌ្ឍនភាព​របស់​កម្ពុជា និង​សន្យា​បន្ត​កិច្ច​សហប្រតិបត្តិការ​បង្កើន​ការ​បញ្ជា​ទិញ​នៅ​ក្នុង​ឆ្នាំ​២០១៨ ។

លោក អិុ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​នៅ​ក្រោយ​ជំនួប​រវាង​ប្រតិភូ​តំណាង​ម៉ាក​សម្លៀក​បំពាក់​ល្បី​ៗ ដែល​ដឹកនាំ​ដោយ​លោក Peter Mc Allister នាយក​ប្រតិ​បត្តិ​​ក្រុមហ៊ុន Ethical Trading Initiative (ETI) នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ម្សិលមិញ​ថា កិច្ច​ពិភាក្សា​ថ្ងៃនេះ​មាន​ចំណុច​សំខាន់​ជា​ច្រើន ដែល​បាន​វាយតម្លៃ​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំ​ៗ​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​កម្ពុជា និង​វឌ្ឍនភាព​ដែល​វិស័យ​នេះ​បាន​រួម​វិភាគទាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក៏​ដូច​ជា​ការ​ដោះស្រាយ​បញ្ហា​ការងារ និង​មុខរបរ​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​រយៈពេល​កន្លង​មក ។

លោក​បន្ត​ថា ៖« តាម​រយៈ​ជំនួប​នេះ ភាគី​តំណាង​ផ្នែក​បញ្ជា​ទិញ​បាន​សន្យា​យក​សំណើ​របស់​កម្ពុជា​ទៅ​ពិភាក្សា​គ្នា​បន្ត ដែល​ខ្ញុំ​រំពឹង​ថា ការ​បញ្ជា​ទិញ​នឹង​កើនឡើង​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ដោយសារ​មាន​ចំណុច​វិជ្ជមាន​ជា​ច្រើន​ដែល​ពួក​គេ​ទទួលស្គាល់ » ។

លោក Peter Mc Allister បាន​ថ្លែង​ថា តាម​រយៈ​ជំនួប​ជា​ផ្លូវការ​នា​ពេល​នេះ ដើម្បី​រក​ផ្លូវ​ឆ្ពោះទៅ​មុខ​ទៀត ស្រប​ពេល​ក្រុម​អ្នកបញ្ជា​ទិញ​បាន​មើលឃើញ​ថា កម្ពុជា​មាន​ចំណុច​វិជ្ជមាន​ច្រើន​ដែល​អាច​ដើរទៅ​មុខ និង​ពង្រីក​វិសាលភាព​បន្ថែម​ទៀត ។

ភាគី​ទាំង​ពីរ​បាន​លើក​ឡើង​ដូច​គ្នា​ថា សម្រាប់​កិច្ច​ពិភាក្សា​ថ្ងៃនេះ ពិតជា​ល្អ និង​មាន ភាព​វិជ្ជមាន​ល្អ​ទាក់ទង​នឹង​ការ​បញ្ជា​ទិញ ដៃគូ​ទាំងឡាយ​សប្បាយ​រីករាយ​ជាមួយ​ព័ត៌មាន​ពិត ដែល​ទទួល​បាន​ពី​កម្ពុជា ហើយ​សង្ឃឹមថា នឹង​បន្ត​រីក​ចម្រើន ទោះបី​ប្រាក់​ឈ្នួល​របស់​កម្ពុជា​កើនឡើង ខណៈ​ដែល​កម្ពុជា​រំពឹង​ទុក​ពី​ការ​នាំ​ចេញ​លើ​វិស័យ​នេះ នឹង​កើនឡើង​ដល់​ជិត​៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​អគ្គនាយកដ្ឋាន​គយ និង​កាត់ដេរ​កម្ពុជា (GDCE) បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង​របស់​ប្រទេស​កម្ពុជា បាន​កើនឡើង​ពី​៦.៨០០​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៥ ដល់​៧.៣០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ស្មើនឹង​កំណើន​៧,២% ។

សេដ្ឋវិទូ​កម្ពុជា លោក​បណ្ឌិត ម៉ី កល្យាណ​បាន​ថ្លែង​ថា វិស័យ​កាត់ដេរ​នៅ​តែ​ជា​វិស័យ​មួយ​ដ៏​ធំ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​រុញ​កម្ពុជា​ទៅ​កាន់​ឧស្សាហកម្ម ដែល​មាន​កម្រិត​ជំនាញ និង​មាន​ប្រាក់​ចំណូល​ខ្ពស់ ។ ដូច្នេះ ការ​ធ្វើ​ឲ្យ​វិស័យ​នេះ មាន​ភាព​រីក​ចម្រើន​ប្រកបដោយ​និរន្តរភាព ពិតជា​មាន​សារសំខាន់​ណាស់ ។

គួរ​រំឭក​ផង​ដែរ​ថា នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​លោក William A Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក និង​លោក ច​ច អីុ​ហ្គ័​រ ភារធារី​ស្ថានទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករនិយោជិត ពី​១៥៣​ដុល្លារ ដល់​១៧០​ដុល្លារ​នៅ​ឆ្នាំ​២០១៨ និង​សន្យា​បង្កើន​ការ​បញ្ជា​ទិញ​ផលិតផល​វាយនភ័ណ្ឌ រួម​មាន ស្បែកជើង និង​សម្លៀក​បំពាក់​ចេញពី​កម្ពុជា​បន្ថែម​ទៀត ៕