ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំង សុ​ម៉ា​លី និយាយ​ពី​ការ​តស៊ូ​ជាមួយ​អាជីព​អាជ្ញាកណ្ដាល​ស្រី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើសិនជា​គេ​និយាយ​ពី​ឈ្មោះ​សាំង សុ​ម៉ា​លី ប្រហែលជា​មាន​អ្នក​ស្គាល់​តិច​ណាស់ តែបើ​គេ​និយាយ​ពី

រាជធានី​ភ្នំពេញ  ៖ បើសិនជា​គេ​និយាយ​ពី​ឈ្មោះ​សាំង សុ​ម៉ា​លី ប្រហែលជា​មាន​អ្នក​ស្គាល់​តិច​ណាស់ តែបើ​គេ​និយាយ​ពី​អាជ្ញាកណ្ដាល​ស្រី​ប្រពន្ធ​កីឡាករ​ល្បីឈ្មោះ​អេ ភូ​ថង​វិញ​នោះ​ច្បាស់​ជា​មាន​អ្នក​ស្គាល់​ច្រើន​មិន​ខាន ។ ស្គាល់​ច្រើន​ដោយសារ​នៅ​កម្ពុជា​បច្ចុប្បន្ន អាជ្ញាកណ្ដាល​ស្រី​ល្បី​កាត់ក្ដី​មិន​លម្អៀង​នៅ​លើ​សង្វៀនប្រដាល់​គឺ​មាន​តែ​២​នាក់​គត់​ហើយ​គ្មាន​អ្នក​ណាផ្សេង​ក្រៅពី​អ្នកស្រី​សាំង សុ​ម៉ា​លី និង​កញ្ញា​អិុ​ន វិចិត្រ នោះ​ឡើយ​។

បច្ចុប្បន្ន អ្នកស្រី សាំង សុ​ម៉ា​លី អាយុ​៣៩ឆ្នាំ ជា​មន្ត្រី​អាជ្ញាកណ្ដាល​និង​ចៅក្រម​ប្រចាំសង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន​ដោយ​បាន​ចូលធ្វើ​ការងារ​នេះ​តាំងពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ ។ អ្នកស្រី​បាន​រៀប​ការ​ជាមួយ​អធិរាជ​កែងឆេះ​ជង្គង់​ទិព្វ​លោក អេ ភូ​ថង នៅ​ក្នុងឆ្នាំ​១៩៩៧ និង​មានកូន​៤​នាក់​(​ប្រុស​៣ ស្រី​១) ដែល​មក​ដល់​ពេល​នេះ​ពួក​គេ​ក្លាយជា​អ្នកប្រដាល់​ទាំងអស់​ក្នុង​នោះ​កូនច្បង​គេ​ឈ្មោះអេ យ៉ា​នុ​ត ជា​អ្នក​ប្រដាល់​ស្រី​ល្បីឈ្មោះជាងគេ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ស្រី​ទាំងអស់​ដែល​មក​ដល់​ពេល​នេះ​នៅ​សល់​តែ​៤នាក់​ប៉ុណ្ណោះ​កំពុង​តែ​នៅ​ត្រាំត្រែង​នឹង​អាជីពមួយ​នេះ​។

ពាក់ព័ន្ធ​នឹង​ការ​ចាប់​យក​អាជីព​ជា​អាជ្ញាកណ្ដាល​និង​ចៅក្រម​ប្រដាល់​នេះ អ្នកស្រី​សាំង សុ​ម៉ា​លី ដែល​មានស្រុក​កំណើត​នៅ​ទីរួមខេត្ត​កោះកុង​រូប​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដំបូង​ឡើយ អ្នកស្រី​មិន​មានចិត្ត​ចង់​ធ្វើ​ជា​អាជ្ញាកណ្ដាល ​ឬចៅក្រម​ប្រដាល់​អី​នោះ​ទេ​ដោយសារ​ខ្លួន​ភ័យខ្លាំង​ពេក​ពេល​ឃើញ​មនុស្ស​អ៊ូអរ​ច្រើន ។ ប៉ុន្តែ​ដោយសារ​តែ​ស្វាមី​ជំរុញ​ពេក​ទើប​អ្នកស្រី​យល់ព្រម​ដោយ​ចូល​រៀន​វគ្គ​អាជ្ញាកណ្ដាល
ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡាប្រដាល់កម្ពុជា ។ រហូត​ដល់​ឆ្នាំ​២០០៩ អ្នកស្រីត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​សម្រេច​ជ្រើសរើស​ឱ្យ​ចូល​បម្រើ​ការងារ​ជា​អាជ្ញាកណ្ដាល​ស្រី​ដំបូង​គេ​រហូត​មក​ដល់​សព្វថ្ងៃ ។ ភរិយាលោក អេ ភូ​ថង រូប​នេះ​បញ្ជាក់​ថា​៖ «​ខ្ញុំបាន​ឡើង​ធ្វើ​អាជ្ញាកណ្ដាល​កាត់សេចក្ដី​ដំបូង​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន ដែល​ពោរពេញដោយ​អារម្មណ៍​ភ័យ​ញ័រ​រន្ធត់​រហូត​បែកញើស​ជោក​ខ្លួន ប៉ុន្តែ​ខ្ញុំ​ព្យាយាម​ទប់​អារម្មណ៍​រហូត​អាច​គ្រប់គ្រង​ការ​ប្រកួត​បាន​ដោយរ​លួ​ន ។ បន្ទាប់​ពីនោះ​មក ខ្ញុំ​ទទួល​បាន​ឱកាស​ធ្វើ​ជា​អាជ្ញាកណ្ដាល​កាត់សេចក្ដី​ឱ្យ​កីឡាការិនី​ឡើង​ប្រកួត​ជា​ញឹក​ញាប់​ទាំង​ការ​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ ​និង​បាន​ក្លាយជា​ចៅក្រម​ផ្ដល់​ពិន្ទុ​ដល់​កីឡាករ​-​កីឡាការិនី​ថែម​ទៀត​»​។

ចាប់តាំងពី​បាន​ចូល​បម្រើ​ការងារ​មក អ្នក​ស្រី​ហាក់បីដូចជា​មានចិត្ត​ស្រឡាញ់​កីឡាប្រដាល់​កាន់តែ​ខ្លាំង​ជា​ពិសេស​ការងារ​សព្វ​ថ្ងៃនេះ បើ​ទោះជា​មានធុរៈ​ផ្ទាល់ខ្លួន​យ៉ាងណា​ក្ដី​ក៏​មិន​ហ៊ាន​ឈប់​សម្រាក​ដែរ ខណៈ​តាំងពី​តូចក្រូចឆ្មារ​មក​អ្នកស្រី​មិន​មាន​ចំណូលចិត្ត​ទាល់​តែ​សោះនឹង​កីឡា​វាយតប់​មួយ​នេះ​ទោះបីឪពុក​បង្កើត​អ្នកស្រី​ជា​អតីត​អ្នក​ប្រដាល់ក៏​ដោយ ។

អ្នកស្រី​សាំង សុ​ម៉ា​លី បាន​ប្រាប់​ឱ្យ​ដឹងថា ការ​ចាប់​យកមុខ​របរ​អាជ្ញាកណ្ដាល​ និងចៅក្រម​ប្រដាល់​រហូត​មក​ដល់​ពេល​នេះ មិន​បាន​ជួយ​ឱ្យ​គ្រួសារ​អ្នកស្រី​រស់​ក្នុង​ជីវភាព​ធូរធារ​ប៉ុន្មាន​ទេ ប៉ុន្តែ​ធ្វើ​ម៉េច​ដោយសារ​តែ​មានចិត្ត​ស្រឡាញ់​ទៅ​ហើយ បើ​ទោះជាជួប​ការ​លំបាក​យ៉ាងណា​ក៏​ត្រូវ​តែ​តស៊ូ​នឹងអាជីព​មួយ​នេះ​ដែរ ។ ជាក់ស្ដែង កន្លង​មកដោយសារ​ឃើញ​គ្រួសារ​អ្នកស្រី​ជួប​ការ​លំបាក​ពេក លោក​ជំទាវ​ហ៊ុន ម៉ា​ណា អគ្គ​នាយិកា​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន​បាន​ផ្ដល់​អំណោយ​ដ៏​ថ្លៃថ្លា​នូវ​ផ្ទះថ្ម​១​ល្វែង​នៅ​ខាងក្រោយ​ពន្ធនាគារ​ព្រៃ​ស​គ្រាន់​បាន​ស្នាក់​នៅ ។ ប៉ុន្តែ​ដោយសារ​ផ្ទះ​នោះ​នៅ​ឆ្ងាយ​ពីសា​លា​ដែល​កូន​ចង់​រៀន និង​ឆ្ងាយ​ពី​ប៉ុស្តិ៍​ទូរទស្សន៍​ពេក​ទើប​គ្រួសារ​អ្នកស្រី​បាន​មក​ជួល​ផ្ទះ​គេ​នៅ​ម្ដុំ​ផ្លូវ​សុខ​ហុ​កខាងលិច​ផ្សារ​ធំ​ថ្មី​ស្នាក់​នៅ​វិញ ។ អ្នកស្រីថា ជា​រៀង​រាល់​ខែ​ប្រាក់​ចំណូល​បាន​មក​ពី​ការងារ​ធ្វើ​ជា​អាជ្ញាកណ្ដាល​និង​ចៅក្រម​ប្រដាល់​របស់​អ្នកស្រី និង​ស្វាមី ត្រូវ​ចំណាយ​ទៅ​លើ​កូន​រៀន​ផង ថ្លៃ​ផ្ទះ​ផង ថ្លៃ​ភ្លើង​ផង ថ្លៃ​ម្ហូបអាហារ​ចិញ្ចឹម​កីឡាករប្រដាល់​ជាង​១០​នាក់​ផង​សឹងតែ​ទប់ទល់​មិន​បាន ។ អ្នកស្រី​ក៏​មិន​ចង់ឱ្យ​កូនចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​នេះ​ដែរ​ទើប​អ្នកស្រី​និង​ស្វាមី​សុខចិត្ត​ទ្រាំ​លំបាក កាត់​បន្ថយ​ការ​ចំណាយ​ខ្លះ​ដើម្បី​ទុក​ប្រាក់​ឱ្យ​កូន​រៀន​ក្រែងលោ​ថ្ងៃ​មុខ ពួក​គេ​មានចំណេះ​អាច​ប្រកប​មុខរបរ​អ្វី​ដែល​ល្អ​ជាង​នេះ ។ ជា​ចុង​ក្រោយ អ្នកស្រី​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់ ស្ថានីយ​ទូរទស្សន៍ ក៏​ដូច​ជា​ក្រុមហ៊ុន​ទាំងអស់​ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ធ្វើ​យ៉ាងណា​ សូម​ឱ្យ​អ្នក​ប្រដាល់​ស្រី​មាន​ឱកាស​​បាន​ឡើង​សង្វៀន​ប្រដាល់​យ៉ាង​ហោច​១​ខែ​ម្ដង​ផង​ដើម្បី​លើក​ទឹកចិត្ត​ពួក​គេ​កុំឱ្យ​បោះបង់​ចោល​អាជីព​ដែល​ពួក​គេ​ខំតស៊ូ​ហ្វឹកហាត់​ជា​ច្រើន​ឆ្នាំ​សំដៅ​ជួយ​ថែរក្សាធនធាន​កីឡាការិនី​ដ៏​កម្រ​មួយ​នេះ​ឱ្យ​នៅ​គង់វង្ស​យូរ​អ​ង្វែ​តទៅ​ថ្ងៃ​មុខ​ទៀត​៕