ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រួម​បញ្ចូល​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ​ដើម្បី​ធានា​ដល់​ការ​ធ្វើស្រែ

6 ឆ្នាំ មុន

ជាមួយនឹង​ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នៅ​ក្នុង​ប្រទេស លោក Wiebusch ឲ្យ​ដឹង​ថា

ប្រទេស​ថៃ ៖ ជាមួយនឹង​ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នៅ​ក្នុង​ប្រទេស​ថៃ ប្រធាន​ក្រុមហ៊ុន Bayer លោក Simon-Thorsten Wiebusch បាន​និយាយ​ថា ជំហាន​បន្ទាប់​ដើម្បី​ពង្រឹង​ដំណាំ​ស្រូវ​ក្នុងស្រុក គឺ​ការ​រួម​បញ្ចូល​នូវ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ។

« ប្រព័ន្ធ​ឌី​ជី​ថ​ល​បាន​ផ្តល់​នូវ​វិធីសាស្ដ្រ​យ៉ាងច្រើន​ក្នុង​ការ​ដាំ​ដុះ​ស្រូវ » ។ នេះ​បើ​តាម​លោក Wiebusch ។ អ្នក​ឧបត្ថម្ភ​ផ្សេង​ទៀត​ដូច​ជា អង្គការ GIZ ដែល​ទទួល​បាន​មូលនិធិ​ពី​អា​ល្លឺ​ម៉​ង់ បង្ហាញ​ថា យន្តហោះ​ដ្រូ​ន​ទំនើប​អាច​តាមដាន វាស់​ស្ទង់ និង​ការពារ​ស្រូវ​ជា​ច្រើន​ហិ​កតា ។

ទិន្នន័យ​ពីលើ​អាកាស​ដែល​ប្រមូល​បាន​ដោយ​ដ្រូ​ន យើង​អាច​ទទួល​បាន​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ខណៈ​ការ​ប្រមូល​ដោយ​មនុស្ស ត្រូវ​ចំណាយពេល​ជា​ច្រើន​ថ្ងៃ ។ អង្ករ​ថៃ ដែល​ជា​ទំនិញ​នាំ​ចេញ​សំខាន់​មួយ ក្នុង​ទឹកប្រាក់​ប្រមាណ​៧៥៣​លាន​ដុល្លារ និង​ជា​ឧស្សាហកម្ម​ម្ហូបអាហារ​មាន​តម្លៃ​៤,៧​ប៊ី​លាន​ដុល្លារ បាន​ជួបនឹង​បញ្ហា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ដោយសារ​តែ​តម្លៃ​ទាប និង​ការ​ប្រកួតប្រជែង​កើនឡើង ។

លោក Wiebusch ឲ្យ​ដឹង​ថា ៖« កម្មវិធី​ឌី​ជី​ថ​លអាច​ជួយ​ដល់​ការ​ធ្វើ​កសិកម្ម​កាន់តែ​ងាយស្រួល ដោយ​អនុញ្ញាត​ឱ្យ​ជនជាតិ​ថៃ​វ័យក្មេង​ធ្វើការ​ក្នុង​កសិដ្ឋាន ហើយ​មិន​ចាំបាច់​ផ្លាស់​ទៅ​ធ្វើការ​ក្នុង​ទីក្រុង » ។
លោក​ទទួលស្គាល់​ថា កសិករ​ថៃ​ភាគច្រើន​មាន​ដី​ជា​កម្មសិទ្ធិ​គ្រួសារ ប៉ុន្តែ​ពួក​គេ​ត្រូវការ​ជំនួយ​ដើម្បី​ទទួល​បាន​ចំណេញ​ច្រើន ។ លោក​បន្ត​ថា ៖« ការ​រួម​បញ្ចូល​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​គ្រឿង​ម៉ាស៊ីន គឺ​អាច​យកឈ្នះ​បញ្ហា​សង្គម​ចាស់ជរា​របស់​ថៃ ខណៈ​អត្រាកំណើត​កាន់តែ​តិច​សម្រាប់​ទ្រទ្រង់​ដល់​កសិកម្ម » ។

ថ្មី​ៗ​នេះ ក្រុមហ៊ុន Bayer បាន​បង្ហាញ​គម្រោង​រួម​គ្នា​មួយ​រវាង​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​ថៃ ស្តី​ពី​វិស័យ​ស្រែ​ចម្ការ​ឯកជន​ក្នុង​តំបន់ Ubon Ratchathani ដែល​មានការ​ដាំ​ដុះ​ស្រូវ​ផ្កាម្លិះ​ប្រហែល​៦៧​ម៉ឺន​ហិកតា។

កសិករ​នៅ​ភូមិ Baan Bua Thein និយាយ​ថា ពួក​គេ​បាន​កាត់​បន្ថយ​តម្លៃ​ដាំ​ដុះ​២០% ខណៈ​ទិន្នផល​កើនឡើង​២០%​ផង​ដែរ ។

លោក Apichart Pongsrihadulchai ស្ថាបត្យករ​នៃ​អង្គការ BRIA (​គំនិត​ផ្តួចផ្តើម​ធ្វើ​ឲ្យ​ស្រូវ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​អាស៊ី​) និយាយ​ថា ៖« វា​មាន​ន័យ​ថា ប្រាក់​ចំណូល​បាន​កើនឡើង​យ៉ាងច្រើន » ។
អង្គការ BRIA បាន​លើកទឹកចិត្ត​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី រួម​ទាំង​ការ​ប្រើ​ជី ថ្នាំ​សម្លាប់​សត្វល្អិត និង​ដ្រូ​ន ។ ទិន្នន័យ​ប្រមូល​បាន​យ៉ាង​រហ័ស​ពី​ដ្រូ​ន អាច​ប្រាប់​ដល់​កសិករ​នៅ​ពេល​ដល់​ពេល​ប្រមូល​ផលដំណាំ និង​ការពារ​ដំណាំ​ពី​ការ​ស្អុយរលួយ ។

លោក Apichart និយាយ​ថា ៖« ប្រសិនបើ​ពួក​គេ​បាត់បង់​ការងារ​នៅ​ទីក្រុង ពួក​គេ​នឹង​ជួប​ការ​អត់ឃ្លាន ដោយសារ​អស់ប្រាក់ ។ ប៉ុន្តែ​នៅ​ឯ​ស្រែ​ចម្ការ​វិញ ពួក​គេ​អាច​រស់នៅ​បាន​ដោយ​មិន​ចាំបាច់​មាន​ប្រាក់» ។

ព្រះមហាក្សត្រ Bhumibol Adulyadej បាន​ចាត់​ទុក​វិស័យ​កសិកម្ម​ជា​ឆ្អឹងខ្នង​នៃ​សង្គម​ថៃ ដោយ​បង្កើត​គោលការណ៍ «​សេដ្ឋកិច្ច​គ្រប់គ្រាន់​» ដើម្បី​ធានា​ថា ពួក​គេ​អាច​ទ្រាំទ្រ​នឹង​វិបត្ដិ​ទីផ្សារ​ដែល​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស ។

វិទ្យាស្ថាន​ស្រាវជ្រាវ​អង្ករ​អន្តរជាតិ (IRRI) មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន បាន​ពិសោធន៍​លើ​ពូជស្រូវ​ទំនើប​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍ ដើម្បី​អាច​ផ្គត់ផ្គង់​ទូ​ទាំង​ពិភពលោក​។ ប្រសិនបើ​ការ​ពិសោធន៍​​នេះ​ទទួល​ជោគជ័យ កសិករ​ថៃ​នឹង​រង​ផល​ប៉ះពាល់​ដោយ​ការ​ផ្គត់ផ្គង់​អង្ករ​លើសលប់ និង​តម្លៃ​ធ្លាក់​ចុះ ៕