ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាលស្មៅ​មុខ​ក​សិន្ធុ​ប្រាសាទ អ្នក​ណា​ក៏​សរសើរ​ដែរ ដឹងថានៅណាអត់

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មហាជន​អបអរសាទរ ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​រៀបចំ​វាលស្មៅ​ឱ្យ​មាន​ភាព​ស្រស់​ត្រកាល ដោយ​បញ្ឈប់​ការ

ខេត្តសៀមរាប ៖ មហាជន​អបអរសាទរ ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​រៀបចំ​វាលស្មៅ​នៅ​មុខ​ក​សិន្ធុ​ប្រាសាទ​អង្គរ ឱ្យ​មាន​ភាព​ស្រស់​ត្រកាល ដោយ​បញ្ឈប់​ការ​ជួល​កន្ទេល អង្រឹង និង​លក់​គ្រឿង​បរិភោគ​ដល់​អ្នក​ដើរ​កម្សាន្ត ។

ជា​លទ្ធផល​វាលស្មៅ​ផ្នែក​ខាងលិច​នៃ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ហាក់​កំពុង​បង្អួត​សម្រស់​បៃតង​ស្រស់​ស្រងាត់​ដល់​ភ្ញៀវ​ទេសចរ​គួរ​ឱ្យ​ចង់​គយគន់ និង​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ។

ការ​រៀបចំ​នោះ​បាន​ទទួល​ការ​គាំទ្រ​ជា​ខ្លាំង​ពី​សាធារណជន ជាក់ស្តែង​លោក​រិ​ទ្ធ ជាង​ថតរូប​នៅ​ប្រាសាទ​អង្គរ​រយៈពេល​២​ឆ្នាំ​មក​ហើយ​និយាយ​ថា ការ​រៀបចំ​វាលស្មៅ​មិន​ឱ្យ​មានការ​លក់ដូរ​ម្ហូបអាហារ ជួល​កន្ទេល អង្រឹង​នៅ​មុខ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត គឺ​ល្អ​ណាស់ ព្រោះ​វា​មិន​មាន​សំរាម​រាយ​ប៉ាយ មិន​មាន​ក្លិនឆ្អេះ​ឆ្អាប មិន​មាន​សំឡេង​ធុងបាស់ និង​ផឹកស៊ី​ឡូឡា ពិសេស​គឺ​រក្សា​បាន​នូវ​ទេសភាព​ស្អាត​ពេល​ថតរូប ។

លោក​សា​រ៉ា​វី មគ្គុទ្ទេសក៍​ភាសា​អង់គ្លេស បញ្ចេញមតិ​ថា ការ​បញ្ឈប់​មិន​ឱ្យ​មានការ​លក់ដូរ​ម្ហូបអាហារ ជួល​កន្ទេល អង្រឹង​នៅ​លើ​វាលស្មៅ​ជា​ការ​ល្អ ព្រោះ​ប្រជាជន​ខ្មែរ​ភាគច្រើន​មិនសូវ​យល់​ដឹង​ពី​បរិស្ថាន ពិសេស​ពេល​រដូវ​បុណ្យ​ទាន ឬ​ទៅ​លេង​កម្សាន្ត​អង្គរ ពួក​គាត់​តែង​ចោល​សំរាម​ពេញ​នៅ​លើ​វាលស្មៅ​ពេល​បរិភោគ​រួច ឯ​អ្នកលក់​ក៏​សម្អាត​មិន​អស់​បន្សល់​កាក​សំណល់​ដែល​នាំ​ឱ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​សោភ័ណ​​ភាព និង​បរិស្ថាន ។ លើស​ពី​នោះ​គ្រឿង​បំពង​សំឡេង ការ​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​តំបន់​ប្រាសាទបុរាណ​បាន​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​នៃ​តំបន់​បេតិកភណ្ឌ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក និង​មិន​សមជា​កន្លែង​សក្ការៈបូជា​ពី​បុរាណ ហើយ​ភ្ញៀវ​ទេសចរ​ក៏​ធ្លាប់​រិះគន់​ទាំង​បញ្ហា​បរិស្ថាន និង​អំពើ​មិន​សមរម្យ​បែប​នេះ​ដែរ ។ លោក​បាន​សំណូមពរ​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​រក​កន្លែង​ថ្មី​សម្រាប់​ម្ចាស់​អាជីវកម្ម និង​សូម​ឱ្យ​អាជីវករ គួរ​គិត​ផលប្រយោជន៍​ជាតិ​ជា​ធំ កុំ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​រួម​គ្នា​ថែរក្សា​អង្គរ​ទាំងអស់​គ្នា ។

ចំណែក​អ្នកស្រី​សុខុម នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប មិន​ជំទាស់​ទេ ចំពោះ​ការ​បញ្ឈប់​ការ​លក់ដូរ​ម្ហូបអាហារ ការ​ជួល​អង្រឹង កន្ទេល​នៅ​លើ​សួន​ស្មៅ ព្រោះ​បើ​អត់​មាន​អ្នក​មក​ហូប​ចុក វាលស្មៅ​នេះ​ក៏​ស្អាត​ម្យ៉ាងដែរ ហើយ​បើ​អត់​ពី​កន្លែង​នេះ​គាត់​ក៏​អាច​លក់​ចល័ត​ទៅ​កន្លែង​ផ្សេង​ដែរ ។

អ្នកស្រី​ចា ប្រឹ​ហ្វ ទេសចរ​ជនជាតិ​អា​មេ​រិ​ក​និយាយ​ថា នេះ​ជា​ដំណើរ​កម្សាន្ត​លើក​ទី​១​នៅ​ប្រទេស​កម្ពុជា ហើយ​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ចំពោះ​ភាព​ល្បីល្បាញ​នៃ​ប្រាសាទអង្គរវត្ត ពិសេស​ភាព​មហិមា​នៃ​សំណង់​ប្រាសាទអង្គរវត្ត​ពិតជា​អស្ចារ្យ ។ លើស​ពី​នេះ​អ្នកស្រី​ពិតជា​ស្រស់ស្រាយ​ចំពោះ​ភាព​ស្រស់​ស្អាត​នៃ​សោភ័ណ​ភាព​នៅ​ប្រាសាទ​អង្គរ និង​ភាពរួស​រាយ​របស់​ប្រជាជន​ខ្មែរ ៕