ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនប់​ទឹក​ពុំគួរ​ឱ្យ​ចាប់អារម្មណ៍​ តែពេល​នេះ​​ផ្អើលភ្លូក​ទឹក​ភ្លូក​ដីមក

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ទំនប់​៥​កុម្ភៈ នៅ​ក្រោយ​វត្ត​ទួល​ឡូ​វ ពី​មុន​មាន​កំប្លោក​ច្រើន​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​ទេ តែ​ក្រោយ​​ស្រាប់តែ

ខេត្តកំពង់ចាម ៖ ទំនប់​៥​កុម្ភៈ នៅ​ក្រោយ​វត្ត​ទួល​ឡូ​វ ក្នុងភូមិ​ថ្នល់​បែក ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ពី​មុន​មាន​កំប្លោក​ច្រើន​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​ទេ តែ​ក្រោយ​ពី​អាជ្ញាធរ​ស្រុក ចៅអធិការ​វត្ត និង​មន្ទីរ​ទេសចរណ៍​ខេត្ត កែ​ច្នៃ​ទៅ​ជា​កន្លែង​ទេសចរណ៍​មក ទាក់ទាញ​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត ។ 

តំណាង​អ្នក​ជួល​ទូក​សម្រាប់​ជិះ​កម្សាន្ត​កញ្ញា​រុន ពិសី អាយុ​១៩​ឆ្នាំ​ ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា កាលពីមុន​នៅ​ក្រោយ​វត្ត​ទួល​ឡូ​វ មាន​ទំនប់ និង​កំប្លោក​ច្រើន ដូច្នេះ​អ្នក​ធ្វើ​ដំណើរ​កាត់​តាម​មុខ​វត្ត គឺ​ទៅ​ហួស​មក​ហួស ។ ដោយសារ​តែ​ពិនិត្យ​ឃើញ​លក្ខណៈ​ភូមិសាស្ត្រ​អំណោយផល​ល្អ ទើប​លោក​ខ្លូត ចិន្តា អភិបាលស្រុក​ចំការលើ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ប្រែ​ក្លាយទៅជា​កន្លែង​ទេសចរណ៍​មួយ ដោយ​សារ​មានទឹក​ទំនប់​លាតសន្ធឹង​ធំ ។

ចាប់ពី​ខែមីនា ឆ្នាំ​២០១៧ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​រៀបចំ​ឲ្យ​មាន​អាហារ​ដ្ឋា​ន​ជា​ច្រើន ​ព្រមទាំង​ទូក​សម្រាប់​ជិះ​កម្សាន្ត ។  នៅ​អំឡុង​បុណ្យ​អកអំបុក សំពះ​ព្រះ​ខែ​ខាង​មុខ អាជ្ញាធរ​នឹង​រៀបចំ​ប្រណាំង​ទូកង ដើម្បី​ឲ្យ​មហាជន​ទស្សនា​កម្សាន្ត ។  កាលពី​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​មហាជន​ច្រើន​កុះករ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​៥​កុម្ភៈ ។

ស្ត្រី​ឈ្មោះ​ឈុ​ន ហ៊ា​ង អាយុ​៦៣​ឆ្នាំ នៅ​ភូមិ​ថ្នល់​បែក ឃុំ​ស្វាយ​ទាប ឱ្យ​ដឹង​ថា គាត់​លក់ដូរ​នៅ​កន្លែង​ទេសចរណ៍​កែ​ច្នៃ​៥​កុម្ភៈ​តាំងពី​ថ្ងៃ​ទី​៧ កក្កដា ២០១៧ មក ដោយ​រៀបចំ​ធ្វើ​កន្លែង​លក់​ប្រក់​ស័ង្កសី និង​សម្រាក​នៅ​ទី​នេះ​រាល់​យប់ ។ អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​មាន​មនុស្ស​ទៅ​លេង​ច្រើន​កុះករ ដូច្នេះ​ហើយ​គាត់​លក់ដូរ​នំចំណី​ដាច់ ទទួល​បាន​ប្រាក់​ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ។      

ស្ត្រី​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​រស់នៅ​ឃុំ​ស្ពឺ ស្រុក​ចំការលើ​និយាយ​ថា កន្លង​មក​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​៥​កុម្ភៈ​មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ទេ លុះ​ពេល​អាជ្ញាធរ​រៀបចំ​មក ពិតជា​ស្អាត​គួរ​ឱ្យ​ចង់​ចូល​លេង​កម្សាន្ត ៕