ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​មក​ឈរ​ចោម​​មើល​​ទីកន្លែង​មរណៈដែល​​គួរ​​ឱ្យ​​ខ្លាច

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មេគោ​ផើម​១​ក្បាល​ក្នុង​ចំណោម​៣​ក្បាល​បាន​ប្រកាច់​ងាប់​ភ្លាម​ៗ ​

រាជធានី​ភ្នំពេញ ៖ មេគោ​ផើម​១​ក្បាល​ក្នុង​ចំណោម​៣​ក្បាល​បាន​ប្រកាច់​ងាប់​ភ្លាម​ៗ ​ខណៈ​ដែល​គោ​ទាំងនោះ​ដើរ​កាត់ទឹក​ដែល​ដក់​នៅ​ជាប់នឹង​បង្គោល​ភ្លើង​១​ដើម ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ តុលា នៅ​ចំណុច​បង្គោល​លេខ P1-493 តាម​ផ្លូវលំ​ជាប់​របង​វត្ត​ភ្នៀ​ត​សម្ពលី ស្ថិត​នៅ​ក្នុងភូមិ​អង្គរ​ជ័យ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អ្នក​ភូមិ​ដែល​បានឃើញ​ហេតុការណ៍​នាំគ្នាភ្ញាក់​ផ្អើល និង​បាន​និយាយ​ថា មេគោ​១​ក្បាល​ខាងលើ​នោះ​ផើម​ ជិត​ដល់​ពេល​កើតកូន​ទៅ​ហើយ វា​មាន​ទម្ងន់​ប្រមាណ​ជា​១០០​គីឡូក្រាម ដែល​មាន​ម្ចាស់​ឈ្មោះ​រ៉​ន អាយុ​ជាង​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្កុល​ក្រស្នា សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នៅ​មុន​ពេល​កើតហេតុ ម្ចាស់​គោ​បាន​លែង​មេគោ​របស់​ខ្លួន​ឱ្យទៅ​ដើរ​ស៊ី​ស្មៅ​ជាមួយនឹង​គោ​១​ហ្វូង​ផ្សេង​ទៀត ដែល​ជា​របស់​អ្នក​ភូមិ​ជាមួយ​គ្នា ហើយ​ពួក​វា​បាន​ដើរ​ស៊ី​ស្មៅ​នៅ​ក្រៅ​ភូមិ​រហូត​ទៅ​ដល់​ចំណុច​កើតហេតុ​នោះ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រហែល​ជាង​២​គីឡូ​ម៉ែត្រ ។ ចំណែក​ម្ចាស់​មិន​បាន​តាម​ឃ្វាលគោ​នោះ​ទេ ដែល​ជា​រៀងរាល់ថ្ងៃ​គឺ​បាន​លែង​ចោល​នៅ​វេលា​ព្រឹក ។ លុះដល់​ពេល​ល្ងាច​គោ​ខ្លះ​បាន​ដើរទៅ​រក​ផ្ទះ​ដោយ​ខ្លួន​វា និង​គោ​ខ្លះ​ទៀត​អត់​ទៅ​ទេ​ក្រាញ​នៅ​វាលស្រែ រហូត​ទាល់តែ​ម្ចាស់​តាម​ទៅ​ដេញ​ទើប​គោ​ទាំងនោះ​តម្រង់​មក​ផ្ទះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​នោះ មេគោ​ផើម​១​ក្បាល​ខាងលើ​បាន​ដើរ​ឆ្លង​កាត់ទឹក​ថ្លុក​ដែល​ដក់​តាម​ផ្លូវ​នៅ​ជាប់​នឹង​បង្គោល​ភ្លើង​មួយ​ដើម ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១១ តុលា ក៏​ស្រាប់តែ​ដួល​ប្រកាច់​ងាប់​ភ្លាម​មួយ​រំពេច ។ ខណៈនោះ​មិន​មាន​នរណា​បានដឹង​ពី​មូលហេតុ​ថា នៅ​ទីនោះ​មាន​ឆ្លង​ចរន្តអគ្គិសនី​ឡើយ ដោយ​ម្នាក់​ៗ​នឹក​ស្មានថា មេគោ​ផើម​១​ក្បាល​នោះ​មាន​ជំងឺ​ដួល​ងាប់​ដោយ​ខ្លួន​វា​ប៉ុណ្ណោះ សូ​ម្បី​តែ​ម្ចាស់​គោ​ក៏​ស្មាន​ដូច​គ្នា​ដែរ​ថា​គោ​ឈឺ​។ បន្ទាប់​មក​ម្ចាស់​គោ​បាន​លក់​ទៅ​ឲ្យ​ឈ្មួញ​ក្នុង​តម្លៃ​ត្រឹមតែ​៦០​ម៉ឺន​រៀល​ប៉ុណ្ណោះ ដែល​គោ​នោះ​បើ​លក់​ឲ្យ​ស្រួលបួល​អាច​បាន​តម្លៃ​ជាង​២​លាន​រៀល​ឯណោះ ប៉ុន្តែ​ដោយ​ស្មានថា​គោ​ឈឺ​ងាប់​ទើប​លក់​បាន​ថោក​បែប​នេះ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា លុះ​ក្រោយ​ពេល​ត្រូវរ៉ូវ​តម្លៃ​គ្នា​ហើយ ឈ្មួញ​បាន​ចាប់​ទាញ​ខ្សែ​កន្លុះគោ​អូស​ចេញ​ផុត​ពី​កន្លែង​កើត ហេតុ​រួច​ លើកដាក់​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ចេញ ទើប​មិន​បណ្ដាល​ឲ្យ​ឆក់ ។ ប្រភព​បន្ត​ថា បន្តិច​ក្រោយមក​មាន​គោ​២​ក្បាល​ទៀត​បាន​ដើរ​កាត់​ទីនោះ ស្រាប់តែ​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ប្រកាច់​ទៀត ប៉ុន្តែ​គោ​ទាំងនោះ​បាន​ស្ទុះ​លោត​ចេញ​រួច ទើប​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ថា​នេះ​ជា​បង្គោល​មរណៈ ។ ពេល​នោះ​ពួក​អ្នក​ចោម​មើល​បាន​នាំ​គ្នា​ចាប់​កូន​កង្កែប​១​ក្បាល​បោះ​ចូល​ទៅ​ក្នុង​ទឹក​ថ្លុក​នោះ ស្រាប់តែ​ឆក់​ងាប់​ត្រង់​ជើង​ភ្លឹង​មួយ​រំពេច ទើប​ដឹង​ថា​ទឹក​នោះ​ឆ្លង​ចរន្តអគ្គិសនី​ចេញពី​បង្គោល​ភ្លើង​លេខ P1-493 យ៉ាងពិតប្រាកដ ហើយ​ក៏​បាន​ទាក់ទង​ទៅ​នគរបាល​ឲ្យ​ជួយ​រាយការណ៍​បន្ត​ទៅ​កាន់​មន្ត្រី​អគ្គិសនី​កម្ពុជា​ចុះ​ទៅ​ពិនិត្យ ។

បើ​តាម​អ្នកស្រុក​បាន​និយាយ​ថា មុន​ពេល​ឆក់​គោ​ងាប់ មាន​ឆ្កែ​១​ក្បាល​របស់​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ភ្នៀ​ត​សម្ពលី​នោះ​រត់​កាត់ទឹក​ថ្លុក​ខាង​លើ ​ក៏​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ដែរ ប៉ុន្តែ​មិន​ងាប់​ទេ ដោយ​ឆ្កែ​នោះ​ស្ទុះ​រត់​និង​ស្រែក​យ៉ាង​ខ្លាំង តែ​ពួក​គាត់​មិន​បាន​ចាប់អារម្មណ៍​ថា មាន​ចរន្តអគ្គិសនី​ឆក់​បែប​ហ្នឹង​ទេ ។ លុះ​ពេល​ឆក់​គោ​ងាប់​និង​បោះ​កង្កែប​ពិសោធន៍​មើល ទើប​ដឹង​ច្បាស់​គឺ​ពិតជា​បង្គោល​មរណៈ​មែន។

ទាក់ទង​នឹង​ការ​ឆ្លង​ចរន្ត​នេះ​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ប្រជាពលរដ្ឋ​រាយការណ៍​មក កម្លាំង​បាន​ចុះ​ទៅ​ពិនិត្យ​មើល ប៉ុន្តែ​មេគោ​១​ក្បាល​ដែល​ងាប់​នោះ​ត្រូវ​បាន​ម្ចាស់​យក​ចេញពី​កន្លែង​កើតហេតុ​បាត់​ហើយ ពេល​នោះ​នគរបាល​បាន​ដាក់​របាំង​ការពារ​មិន​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​ត្រង់​ចំណុច​នោះ ជា​ពិសេស​ក្មេង​ៗសិស្សសាលា ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ខ្លាច​មានគ្រោះថ្នាក់​។ បន្ទាប់​មក​បាន​ជូនដំណឹង​ទៅ​ខាង​មន្ត្រី​អគ្គិសនី​កម្ពុជា​ឲ្យ​ទៅ​ពិនិត្យ​មើល រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​ទើប​មន្ត្រី​អគ្គិសនី​ទៅ​ដល់​ពិនិត្យ​ឃើញ​ថា បង្គោល​ភ្លើង​មួយ​ដើម​ខាងលើ​ពិតជា​មានការ​ឆ្លង​ចរន្ត​ប្រាកដ​មែន រួច​បាន​ផ្ដាច់​ចរន្ត​ភ្លើង​ជា​បណ្ដោះអាសន្ន រង់ចាំ​ការ​ជួសជុល​កែ​លម្អ​ឡើង​វិញ​នៅ​ពេល​បន្ទាប់ ហើយ​ផ្លូវ​នោះ​ក៏​ត្រូវ​បាន​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ឡើង​វិញ​ផង​ដែរ ។ នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​ដែល​គោ​ដើរ​ស៊ី​ស្មៅ​ក្បែរ​បង្គោល​ភ្លើង​ឆក់​ងាប់​បែប​នេះ គឺ​កើត​មាន​ជា​ច្រើន​មក​ហើយ ៕