ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតករ​មួយ​ចំនួនព្រួត​គ្នា​បកអាក្រាតឌុ​ច លី​ដា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឌុ​ច លី​ដា បាន​ធ្វើ​ឲ្យ​ផលិតករ​គាំ ច​ន្ធី លែង​ទុក​មុខ​ឲ្យ​ដោយ​បកអាក្រាត​ពី​ចំណុច​មិនល្អ​មួយ​ចំនួន​របស់​នាងថា

រាជធានី​ភ្នំពេញ ៖ ឌុ​ច លី​ដា បាន​ធ្វើ​ឲ្យ​ផលិតករ​គាំ ច​ន្ធី លែង​ទុក​មុខ​ឲ្យ​ដោយ​បកអាក្រាត​ពី​ចំណុច​មិនល្អ​មួយ​ចំនួន​របស់​នាង ក្នុង​នោះ​មានការ​មិន​គោរព​ពេលវេលា​ធ្វើ​ឲ្យ​ក្រុមការងារ​ខូច​បង់​ការងារ និង​លុយកាក់ ។

ចំពោះ​តារា​សម្តែង​ហេង នរៈ​កក្កដា បាន​ចេញ​មុខ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​បកអាក្រាត​តួកុន​មួយ​ចំនួន​ដែរ​ថា​មិន​គោរព​ពេលវេលា​រហូត​ធ្វើ​ឲ្យ​លោក​ខាត​ពេល និង​ប៉ះពាល់​ការងារ ព្រោះ​តួ​មួយ​ចំនួន​ចូល​ចិត្ត​លេង​ចរិត​តួឯក ។ លោក​ហេង នរៈ​កក្កដា និយាយ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​ថា «​ខ្ញុំ​ពិតជា​ហួសចិត្ត​យ៉ាង​ខ្លាំង​ដែល​ក្នុង​នាម​ជាតា​រា​ម្នាក់ ជា​តួ​ម្នាក់ ប៉ុន្តែ​សុខចិត្ត​មក​យឺត​ឱ្យ​ក្រុមការងារ​ផលិតកម្ម និង​ឱ្យ​តារា​ជា​ច្រើន​ដេកចាំ​ថត និង​ពេល​ខ្លះ​ឈាន​ដល់​បោក​គ្រាប់បែក​មិន​មក​ផង ធ្វើ​ឱ្យ​តារា​សិល្បៈ និង​ផលិតកម្ម​ខាតបង់​។ តើ​ជា​រឿង​សម​ស្រប​ឬទេ ដែល​ខ្លួនឯង​ទទួល​ការងារ​ពី​ផលិតករ​រួច​ហើយ ប៉ុន្តែ​បែរជា​បង្ក​ផលវិបាក​ឱ្យ​គេ​រង់ចាំ និង​ឱ្យ​គេ​ខាត​ម៉ោង ខាត​ពេល​ដោយ​មិន​ខ្មាស​ពី​អ្វី​ដែល​ខ្លួនឯង​បាន​ធ្វើ ។

បើ​ដឹង​ថា​ខ្លួនឯង​មាន​ចរិត​អាក្រក់ ម្ល៉ឹង​ៗ​តើ​គួរ​ឬទេ ដែល​ខ្លាច​ផលិតករ​ស្ដីបន្ទោស និង​ចេញ​មុខ​រិះគន់ »​។

មិនដឹង​ថា​ពាក្យ​សម្ដី ធ្ងន់​ៗ​របស់​លោក​ហេង នរៈ​កក្កដា សំដៅ​ទៅ​កាន់​តារា​ប្រុស តារា​ស្រី តារា​តែ​ម្នាក់ ឬ​តារា​ច្រើន​នាក់​ទេ តែ​មានការ​កាត់​ស្មានថា​តារា​ម្នាក់​នោះ​ពិតជា​តួ​សំខាន់​ក្នុង​រឿង និង​តួ​ល្បី​ផង ទើប​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​ក្រុម​ផលិតករ​ត្រូវ​តែ​ផ្អាក​ថត ហើយ​ដេក​រង់ចាំ ដោយ​មិន​អាច​កាត់​ប្លង់​របស់​តារា​នោះ​ចោល​បាន ។

ការ​លើក​ឡើង​របស់​លោក​ហេង នរៈ​កក្កដា គឺ​ស្រប​ពេល​ផលិតករ​៣​នាក់​ទៀត​ព្រួត​គ្នា​បកអាក្រាត​ពី​ឌុ​ច លី​ដា ។

លោក​គាំ ច​ន្ធី ម្ចាស់​ផលិតកម្ម CFI ផលិតករ​រឿង​«​ទូក​បាត់​ច្រវា​»​ដែល​ឌុ​ច លី​ដា ជា​តួឯក បាន​អះអាង​ថា «​នាង​ថតកុន​ជាមួយ​ផលិតករ​រូប​ណា នាង​ជាតា​រា​គោរព​ពេលវេលា និង​មាន​វិន័យ គឺ​ខ្ញុំ​មិនដឹង​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ភស្ដុ​តាង និង​សាក្សី​គ្រប់គ្រាន់​ថា​នាង​ជាតា​រា​ដែល​មាន​ទម្លាប់​អាក្រក់ និង​មិន​ខ្វល់​ពី​ការ​ខាតបង់​របស់​ផលិតករ ។ តាំងពី​បាន​ចេញ​ថត​ក្នុង​រឿង​«​ទូក​បាត់​ច្រវា​» នាង​ជាតា​រា​សំបូរ​ហេតុ​ផល មិន​អាច​មក​ថត​តាម​ការ​ស្នើ​សុំ​ជាងគេ ទើប​រឿង​មួយ​នេះ​ត្រូវ​ដាក់​ផ្សាយ​នៅ​PNN តាំង​ថ្ងៃ​ទី​១៦ ខែ​៩ ប៉ុន្តែ​មក​ទល់​ពេល​នេះ គឺ​ថត​មិន​ទាន់​ចប់ និង​ដាក់​ផ្សាយ​អត់​បាន ដោយសារ​តែ​នាង​ឱ្យ​ថត​តិច​ថ្ងៃ​ខុស​ពី​កិច្ចព្រមព្រៀង ។ ក្នុង​ពេល​ត្រូវ​ថត ម្ដង​ៗ បើ​ណាត់​ម៉ោង​៦​គឺ​នាង​មក​ដល់​ម៉ោង​៨ និង​ភាគច្រើន​ម៉ោង​១០ ដោយ​ក្នុង​ពេល​ខ្លះ​គឺ​មក​ដល់​កន្លែង​ថត​ហើយ​ក៏​សុំ​សម្រាក​ទៅ​ទៀត ព្រោះតែ​ស្រវឹង​ពី​យប់ និង​ថា​មិន​ស្រួលខ្លួន​ជាដើម »​។

លោក​គាំ ច​ន្ធី ប្រកាស​ប្ដឹង​បើ​ក្រោយ​ផ្ទុះ​រឿង​ចម្រូងចម្រាស​ហើយ​ឌុ​ច លី​ដា មិន​ព្រម​ថត​រឿង​ឱ្យ​លោក​ដល់​ចប់ ដែល​កាន់តែ​ធ្វើ​ឱ្យ​លោក​មិន​អាច​ដោះស្រាយ​បានជា​មួយ​PNN ។ ឌុ​ច លី​ដា បើ​រឿង​លុយ​កាក់​គឺ​ច្បាស់លាស់ ប៉ុន្តែ​សម្រាប់​ការ​ថត​គឺ​មើល​ស្រាល​ចំពោះ​ការ​បង់ខាត​របស់​ផលិតករ ទើប​លោក​ត្រូវ​តែ​ចេញ​មុខ​ហែកហួរ​ក្រោយ​ពេល​នាង​ខឹង​បើក​លុយ​ពី​លោក​មិន​បាន​ទាន់ចិត្ត ហើយ​បង្ហោះ​សារ​វាយប្រហារ​លោក​លើ​ហ្វេ​ស​ប៊ុ​ក ។

មុន​ការ​ផ្ទុះ​ជម្លោះ​ដ៏​ក្ដៅ​គគុក​មួយ​នេះ លោក យូ​អីុ​ន ផលិតករ​រឿង​«​លង់​ស្នេហ៍​អ្នកគ្រូ​»​ធ្លាប់​អះអាង​ថា​ឌុ​ច លី​ដា បាន​បិទ​ទូរស័ព្ទ​មិន​មក​ថត​រឿង​របស់​លោក ធ្វើ​ឱ្យ​ក្រុមការងារ និង​ផលិតកម្ម​ខាតបង់​អស់​ជិត​៣​ពាន់​ដុល្លារ ដោយសារ​តែ​នាង​ប្រាប់​ថា​រាក​មួល​មក​ថត​មិន​បាន ប៉ុន្តែ​ការណ៍​ពិត​នាង​ជាប់​ទៅ​ថត​ឱ្យ​ខាង​ផ្សេង ។ លោក​យូ​អីុន​បាន​សម្រេចចិត្ត​កាត់​ប្លង់​នាង​ចោល ហើយ​ដាក់​បញ្ចាំង​រឿង​«​លង់​ស្នេហ៍​អ្នកគ្រូ​»​ទាំង​ដូរ​ខ្លឹមសារ ធ្វើ​ឱ្យ​ផលិតកម្ម​មិន​មាន​សាច់​រឿង​មួយ​ល្អ ។ ប៉ុន្តែ​ឌុ​ច លី​ដា បាន​ឆ្លើយ​តប​វិញ​ថា​បណ្ដាល​មក​ពី​ផលិតករ​ប្រាប់​នាង​ថា​មួយ​រឿង​នោះ​នាង​ត្រូវ​សម្ដែង​ជាង​១០​ថ្ងៃ តែ​បែរជា​ថត​៣​ថ្ងៃ​ធ្វើ​ឱ្យ​នាង​ខាត​កម្រៃ​ស៊ី​ថ្ងៃ ដូច្នេះ​ហើយ​ទើប​នាង​មិន​ទៅ​ថត​ឱ្យ​បន្ត ។

ចំណែក​ផលិតករ​មួយ​រូប​ដែល​សុំ​មិន​ទាន់​បង្ហាញ​ឈ្មោះ​នៅឡើយ អះអាង​ថា ឌុ​ច លី​ដា ក៏​ក្រឡុក​ផលិតកម្ម​របស់​លោក​ដែរ ប៉ុន្តែ​លោក​នៅ​ទ្រាំ​សិន ដោយ​អះអាង​ថាបើ​នាង​នៅ​តែ​បន្ត​លើក​ថ្ងៃ​បែប​នេះ​បែប​នោះ ធ្វើ​ឱ្យ​ផលិតកម្ម​របស់​លោក​ខាតបង់​បន្តបន្ទាប់​ទៀត គឺ​លោក​នឹង​ចេញ​មុខ​បកអាក្រាត​ដូច​លោក​គាំ ច​ន្ធី ដែរ ៕