ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ ប៊ុ​ន​ធី និង សុខ សុវណ្ណ ប៉ះ​ថៃ​យក​3​ពិន្ទុ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១៤ តុលា ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​

រាជធានី​ភ្នំពេញ ៖  នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១៤ តុលា ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​ដល់កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា​ដណ្ដើម​ពិន្ទុ ។ អ្វី​ដែល​គេ​កត់សម្គាល់​គឺ​ការ​ប្រកួត​លើក​នេះ​កីឡាករ​កម្ពុជា​វ័យក្មេង​ប៉ះ​សុទ្ធតែ​ជាមួយ​កីឡាករ​ជើង​ចាស់​មក​ពី​ប្រទេស​ថៃ​ដែល​មិន​ទាន់​ដឹង​ថា​អ្នក​ណា​នឹង​ដណ្ដើម​បាន​៣​ពិន្ទុ​នៅឡើយ​ទេ ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​២​រសៀល​ស្អែក​នេះ​ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរ​ការ​ចំ​ពេល​រសៀល​ថ្ងៃ​សម្រាក​ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​ក្នុង​ក្រុង​និយម​មក​ទស្សនា​ដល់​ស្ទី​ឌី​យោ ដោយ​សារ​តែ​មុន​ការ​ប្រដាល់​គឺជា​វេទិកា​តន្ត្រី​បន្ត​ផ្ទាល់​ផង ។ កីឡាករ​កម្ពុជា​២​រូប គឺ​ជើង​ខ្លាំង សូត្រ ប៊ុ​ន​ធី និង​កីឡាករ​ល្បីឈ្មោះ សុខ សុវណ្ណ  នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡា​ករ​ថៃ​នៅ​ថ្ងៃ​នោះ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ហើយ​គ្រាន់តែ​ដឹង​ថា​ពួក​គេ​នឹង​ត្រូវ​ឡើង​ប្រកួត​ទាំង​កីឡាករ​កម្ពុជា និង​ថៃ ​សុទ្ធតែ​បាន​ត្រៀមខ្លួន ។ លោក​ថា កីឡាករ​ទាំង​ពីរ​ភាគី​ត្រៀមខ្លួន​យ៉ាង​ម៉ត់ចត់​មុន​ពេល​ការ​ប្រកួត​ឈាន​ចូល​មក​ដល់់ ដោយ​បាន​ចំណាយ​ពេល​ច្រើន​ជាង​មួ​យស​ប្ដា​ហ៍​ក្នុង​ការ​ហ្វឹកហាត់​នោះ​ផង ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​៤​រូប​ដែល​មានឈ្មោះ​ដណ្ដើម​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​រសៀល​ថ្ងៃ​នោះ កីឡាករ សូត្រ ប៊ុ​ន​ធី គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់​បើ​ទោះ​ជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អ​ៗ​ក្ដី ។ គេ​ត្រូវ​ប៉ះ​កីឡាករ​ថៃ​ឈ្មោះ Phat Ravy ក្នុង​នាម​ជា​គូ​ឯក​ដណ្ដើម​ពិន្ទុ​សម្រាប់​ប្រដាល់​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​ស្អែក ។ លោក​ថា ជំនួប​រវាង​ពួក​គេ​ជា​រឿង​សំខាន់ ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​បាន​ពិន្ទុ​ហើយ គឺ​ត្រូវ​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ទៅ​ទៀត ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​មិន​ខុស​ពី​បាក់មុខ និង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នោះ​ទេ ។ លោក​ថា កីឡាករ សូត្រ ប៑​ុ​ន​ធី  អាច​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​មួយ​នេះ ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។

លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ​នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា ជំនួប​សូត្រ ប៊ុ​ន​ធី ជាមួយ​កីឡាករ​ថៃ​ដៃគូ​នឹង​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។ លោក​និយាយ​ថា សូត្រ ប៊ុ​ន​ធី នៅ​តែ​ចាត់ទុកជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន​ទើប​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប្រកួត​ថ្ងៃស្អែក ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦៦​លើក ឈ្នះ​៥៣​លើក  ចាញ់​១២​លើក និង​ស្មើ​១​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​៩៩​លើក ឈ្នះ​៧៦​លើក ចាញ់​១៩​លើក និង​ស្មើ​៤​លើក ។

សម្រាប់​កីឡាករ សុខ សុវណ្ណ លោក ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​ឈ្មោះ Phat Thong នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ពិន្ទុ​ក្នុង​នាម​ជា​គូ​រង​ឯក​ផង​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​សុខ សុវណ្ណ គឺជា​កីឡាករ​មិនធម្មតា ដោយ​លោក​បាន​ចាត់​ទុក​ថា​គឺជា​ជើង​ខ្លាំង និង​ធនធាន​កីឡា​ករ​វ័យក្មេង​ដ៏​កម្រ​នោះ​ផង ។ ជាក់ស្ដែង​គេ​ឈ្នះ​ជា​ប្រចាំ​គ្រប់ពេល​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នា​ពេល​កន្លង​មក ទើប​មានមុខ​បាន​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ។ លោក​ថា កីឡាករ​ថៃ​ជា​ដៃគូ​គេ​គឺជា​កីឡាករ​វ័យក្មេង​ប៉ុន្តែ​ល្បីឈ្មោះ តែ​គេ​មិន​ទាន់​ប្រាកដ​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ទេ ក្នុង​ពេល​ដែល​លោក និង​អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ចំពោះ​ជើង​ខ្លាំង​កម្ពុជា​ជា​ធំ ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៧២​លើក ឈ្នះ​៥៨​លើក ចាញ់​១២​លើក និង​ស្មើ​២​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៧០​លើក ឈ្នះ​៥៥​លើក ចាញ់​១២​លើក និង​ស្មើ​៣​លើក ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​ថ្ងៃអាទិត្យ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​បែប​នេះ​មិន​ខុស​គ្នា ខណៈ​នៅ​ប៉ុស្តិ៍​លេខ​៥​ព្រែក​កំ​ពិស​ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ ក៏​មានការ​ប្រកួត​ជម្រុះ​៣២​នាក់ យក​១៦​នាក់ សម្រាប់​ស​ប្ដា​ហ៍​ទី​៧​ផង​ដែរ​៕