ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ជាង​1​លាន​នាក់​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពលករ​ទេស​ន្ត​ប្រវេសន៍​ខ្មែរ​ជាង​១​លាន​នាក់​កំពុង​រស់នៅ និង​ធ្វើ​ការងារ​ក្នុង​ប្រទេស

រាជធានី​ភ្នំពេញ ៖ ពលករ​ទេស​ន្ត​ប្រវេសន៍​ខ្មែរ​ជាង​១​លាន​នាក់​កំពុង​រស់នៅ និង​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ ក្នុង​នោះ​មាន​១​ភាគ​៣​រស់នៅ​ស្របច្បាប់ និង​២​ភាគ​៣​មិន​ស្របច្បាប់ ។ ទោះបី​យ៉ាងណា ពេល​នេះ​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ទាំងនោះ​បាន​រស់នៅ​ស្របច្បាប់​ក្នុង​ប្រទេស​ជិតខាង​មួយ​នេះ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​រសៀល​ថ្ងៃ​ទី​៩ តុលា កន្លង​ទៅ នៅ​ទីស្តីការក្រសួង ក្នុង​ជំនួប​ជាមួយ​លោកស្រី Nenete Motus ប្រធាន​អង្គការ​ទេស​ន្ត​ប្រវេសន៍​(IOM) ប្រចាំ​នៅ​តំបន់​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​ក។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្នុង​ជំនួប​នេះ​ភាគី​ទាំង​២​បាន​លើក​ឡើង​ពី​បញ្ហា​ជន​ទេស​ន្ត​ប្រវេសន៍​កម្ពុជា​និង​បរទេស ដែល​តែងតែ​ផ្លាស់​ប្តូរ​កន្លែង​រស់នៅ​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​លើ​ពិភពលោក​នេះ ដោយសារ​តែ​សង្គ្រាម ។

ក្នុង​ជំនួប​នោះ លោក​ទេស​រដ្ឋមន្ត្រី បាន​ថ្លែង​ថា វត្តមាន​របស់​ពលករ​កម្ពុជា​នៅ​ក្នុង​ប្រទេស​ថៃ​មាន​ជាង​១​លាន​នាក់ ក្នុង​នោះ​ប្រមាណ​១​ភាគ​៣​ប៉ុណ្ណោះ​ដែល​ជា​ពលករ​ស្របច្បាប់ និង​២​ភាគ​៣​ទៀត​ជា​ពលករ​មិន​ទាន់​មាន​លក្ខណៈ​ស្របច្បាប់​នៅឡើយ ។ ទោះបី​យ៉ាងណា រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ក្នុង​ដំណើរការ​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ថៃ​ទាំងអស់​ទទួល​បាន​ភាព​ស្របច្បាប់​ក្នុង​ការ​រស់នៅ និង​បំពេញការងារ ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជូន​ថា ៖« មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ទេស​ន្ត​ប្រវេសន៍​កើតឡើង ដោយសារ​សាកល​ភាវូបនីយកម្ម និង​គ្រោះ​មហន្ត​រាយ​ដែល​បង្ក​ឡើង​ដោយ​ធម្មជាតិ ធ្វើ​ឲ្យ​ប្រជាជន​មួយ​ចំនួន​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត » ។

ក្នុង​ឱកាស​នោះ លោក​ទេស​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​លោកស្រី​ដែល​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​អង្គការ​IOM ប្រចាំ​នៅ​តំបន់​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​ក​នេះ ក៏​ដូច​ជា​អបអរសាទរ​ដែល​អង្គការ​IOM បាន​ក្លាយទៅជា​អង្គការ​ទេស​ន្ត​ប្រវេសន៍​របស់​អង្គការសហប្រជាជាតិ​(UNIOM) ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​រំឭក​ថា អង្គការ​នេះ​បាន​សហការ​និង​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ភៀសខ្លួន​នៅ​ពេល​មាន​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​អះអាង​ថា ៖« កិច្ច​សហប្រតិបត្តិការ​របស់​អង្គការ​IOM គឺ​មាន​សារសំខាន់​ណាស់​ចំពោះ​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​ថៃ » ។ លោក​បាន​លើក​ឡើង​ពី​ការ​លំបាក​របស់​ស្ត្រី​ខ្មែរ និង​ពលករ ដែល​បាន​រង​គ្រោះ​ដោយសារ​ការ​ជួញដូរ​មនុស្ស​ទៅ​រស់នៅ​ប្រទេស​ផ្សេង​ៗ ដែល​ប្រឈម​នឹង​ការ​រំលោភ​បំពាន ។ ស្ថានទូត​ខ្មែរ​នៅ​ទីនោះ​បាន​ជួយ​ពលករ​រង​គ្រោះ និង​អរគុណ​អង្គការ​IOM ដែល​បាន​ផ្តល់​សំបុត្រ​យន្តហោះ​ដល់​ពលករ​ខ្មែរ​រង​គ្រោះ​បាន​មក​កម្ពុជា​វិញ ។

លោកស្រី​ប្រធាន​អង្គការ IOM ថ្លែង​ថា​លោកស្រី​ធ្លាប់​ជា​ប្រធាន​អង្គការ​IOM នៅ​កម្ពុជា​ពី​ឆ្នាំ​១៩៩៨​ដល់​ឆ្នាំ​២០០២ ។ ពេល​នេះ​លោកស្រី​បាន​មក​កម្ពុជា​ម្តងទៀត និង​បន្ត​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ កម្ពុជា​បាន​សហការ​ល្អជា​មួយ IOM ហើយ​អង្គការ​នេះ​នឹង​បន្ត​ជួយ​និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ទៀត ។

លោកស្រី​បាន​លើក​ឡើង​ថា លោកស្រី​ក៏​ដូច​អង្គការ​IOM  ប្តេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជួយ​ដល់​ជន​ទេស​ន្ត​ប្រវេសន៍ ៕