ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ចាប់ផ្ដើម​គាំទ្រ​ផលិតផល​ក្នុងស្រុក​កាន់តែ​ខ្លាំង​ឡើង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ក្ដី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ​កាន់តែ​ខ្លាំង​នោះ ប្រជាពលរដ្ឋ​ខ្មែរ ពិសេស

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ក្ដី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ​កាន់តែ​ខ្លាំង​នោះ ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​អ្នក​រស់នៅ​ទីប្រជុំជន​បាន​ចាប់ផ្ដើម​ងាក​មក​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​កាន់តែ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ ជាក់ស្ដែង ផ្សារ​លក់​ផលិតផល​ក្នុងស្រុក​មួយ​នៅ​ខេត្តកំពត ដែល​ទើប​បើក​សម្ពោធ​ដំណើរការ​កាលពី​ចុងខែ​កញ្ញា ពេល​នេះ ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ ហើយ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ អ្នក​ដែល​ធ្លាប់​ទៅ​ទិញ​ម្ហូបអាហារ​នៅ​ផ្សារ​ធំ​ៗ បាន​ងាក​មក​រក​ផលិតផល​នៅ​ផ្សារ​ទើប​បង្កើត​ថ្មី​នេះ ។

លោក ចាន់ ស៊ី​ថា អគ្គនាយក​ក្រុមហ៊ុន​ង៉ូ​វ ហេង និង​ជា​ម្ចាស់​ផ្សា​រង៉ូវ​ហេង​ក្នុង​ខេត្តកំពត​បានឱ្យ​ដឹង​ថា ចាប់តាំងពី​ផ្សារ​បាន​បើក​ដំណើរការ​មក​ឃើញ​ថា ប្រជាពលរដ្ឋ​បាន​គាំទ្រ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ព្រោះ​ផ្សារ​នេះ ជា​ផ្សារ​ដែល​ដាក់​តាំង​លក់​តែ​ផលិតផល​ខ្មែរ​សុទ្ធសាធ និង​មានការ​ធានា​ពី​សុវត្ថិភាព​ចំណីអាហារ​ជូន​អតិថិជន ។

លោក​ថា ៖« តាំងពី​យើង​បើក​ដំណើរការ យើង​យក​តែ​ផលិតផល​ខ្មែរ​សុទ្ធសាធ​មក​ដាក់​លក់ ដូច​ជា ផលិតផល​ជលផល​សមុទ្រ និង​ផលិតផល​ផ្សេង​ៗ​ទៀត » ។

លោក​បន្ត​ថា ក្រៅពី​ផលិតផល​ដែល​ផលិត​នៅ​ក្នុង​ខេត្តកំពត ផ្សារ​មួយ​នេះ ក៏​ទទួលយក​ពី​បណ្ដា​ខេត្ត​ផ្សេង​ទៀត​មក​ដាក់​លក់​ផង​ដែរ ក៏​ប៉ុន្តែ​ត្រូវ​ទាមទារ​ឱ្យ​មានការ​វេច​ខ្ចប់​បាន​ស្អាត ធានា​ពី​គុណភាព និង​សុវត្ថិភាព​ដល់​អ្នក​បរិភោគ​។ ម្យ៉ាងទៀត ផ្សារ​នេះ​ក៏​ដើរតួ​នាទី​សំខាន់​ផង​ដែរ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​ខ្មែរ​។ ជាក់ស្ដែង ផលិតផល​ដែល​បាន​យក​មក​ដាក់​លក់ មាន​ផលិតផល​ខ្លះ អតិថិជន​មិន​ទាន់​បាន​ស្គាល់ ប៉ុន្តែ​ជា​ផលិតផល​ដែល​ទទួល​បាន​លិខិតបញ្ជាក់​ស្តង់ដា​ត្រឹមត្រូវ​ពី​អង្គការ​សុវត្ថិភាព ចំណីអាហារ និង​ក្រសួង​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​ផង​ដែរ ។

លោក ស៊ី​ថា បាន​បន្ត​ទៀត​ថា ថ្វី​ដ្បិតតែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​គាំទ្រ​រួច​ហើយ​ទៅ​លើ​ផ្សារ​លក់​ផលិតផល​ខ្មែរ​សុទ្ធសាធ​មែន ក៏​ប៉ុន្តែ​ផ្សារ​នេះ​ក៏​មិន​ទាន់​ទាក់ទាញ​ប្រជាពលរដ្ឋ​នៅ​ឆ្ងាយ​ពី​ទីតាំង​បាន​ច្រើន​ប៉ុន្មាន​ដែរ ។ ដូចនេះ លោក​ត្រូវការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត ដើម្បី​ឱ្យ​ព័ត៌មាន​នេះ​បាន​ទៅ​ដល់​អ្នក​នៅ​ឆ្ងាយ​ៗ ។

លោក​បណ្ឌិត យ៉ង សាំង​កុមារ បានឱ្យ​ដឹង​ថា ការ​បង្កើត​ផ្សារ​លក់​តែ​ផលិតផល​ខ្មែរ​សុទ្ធសាធ គឺជា​កត្តា​ល្អ​ប្រសើរ​មួយ​ដែល​អាច​ជួយ​ទាំង​កសិករ និង​អ្នក​បរិភោគ ក៏​ប៉ុន្តែ​អ្វី​ដែល​ម្ចាស់​ផ្សារ ឬ​អ្នកគ្រប់គ្រង​ត្រូវធ្វើ​នោះ គឺ​ត្រូវ​ធានា​ពី​សុវត្ថិភាព​ផលិតផល​ដែល​ដាក់​លក់​ជូន​អ្នកទិញ​យក​ទៅ​បរិភោគ និង​ប្រាកដ​ថា ផលិតផល​ទាំងនោះ​មាន​សុវត្ថិភាព ។

លោក​ថា ៖« បើសិនជា​មាន​ទីតាំង​លក់​ផលិតផល​ខ្មែរ​ច្បាស់លាស់ អ្នក​ផលិត​នឹង​មាន​ទឹកចិត្ត​ក្នុង​ការ​ផលិត​សម្រាប់​ផ្គត់ផ្គង់ ហើយ​អ្នក​បរិភោគ ក៏​មិន​ញញើត​នឹង​បរិភោគ ហើយ​ក៏​មិន​ព្រួយ​ពី​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង » ។

លោក​បន្ត​ថា បើសិនជា​មាន​ផ្សារ​លក្ខណៈ​បែប​នេះ​កាន់តែ​ច្រើន​នៅ​តាម​ខេត្ត​ផ្សេង​ៗ​ទៀត​នោះ វា​ពិតជា​ល្អ​សម្រាប់​កសិករ ហើយ​ពួក​គាត់​ក៏​មាន​ទីផ្សារ​ច្បាស់លាស់​មួយ ។ ជាក់ស្ដែង ផ្សារ​នៅ​ខេត្តកំពត គឺជា​ផ្សារ​មួយ​ដែល​អាច​ឲ្យ​កសិករ និង​ប្រជា​នេសាទ​យក​ផលិតផល​មក​លក់​បាន​ស្រួល ហើយ​អ្នកទិញ​ក៏​ងាយស្រួល​ស្វែងរក​ផលិតផល​របស់​ខ្មែរ ដែល​មាន​ប្រភព​ផលិត​ចេញពី​ក្នុងស្រុក ។

អភិបាល​ខេត្តកំពត​លោក ចាន់ ជេ​ស្តា បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​វត្តមាន​នៃ​ផ្សារ មួយ​នេះ ហើយ​បាន​បង្ហាញ​ជំនឿ​ថា នឹង​ជួយ បង្កើត​ការងារ និង​ប្រាក់​ចំណូល​បន្ថែម​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​បង្កើន​សកម្មភាព​ពាណិជ្ជកម្ម​នៅ​ក្នុង​ខេត្តកំពត​ឲ្យ​កាន់តែ​មាន​កំណើន​ថែម​ទៀត ។

គួរ​រំឭក​ថា ផ្សារ​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ហិរញ្ញប្បទាន​របស់​គម្រោង​ជលផល​សមុទ្រ​នៃ​កម្មវិធី​ពិពិធ​កម្ម និង​ពង្រីក​ការ​នាំ​ចេញ​កម្ពុជា (CEDEP II) ដំណាក់កាល​ទី​២ ក្នុង​ទំហំ​ទឹកប្រាក់​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម ជា​អ្នកសម្របសម្រួល និង​អនុវត្ត​ដោយ​អភិវឌ្ឍន៍​វិស័យ​ឯកជន សហការ​ជាមួយ​អង្គការសហប្រជាជាតិ​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) ។

បច្ចុប្បន្ន​នេះ កម្ពុជា​បាន​នាំ​ចូល​ផលិតផល​ពី​ប្រទេស​ជិតខាង​ក្នុង​ទំហំ​ច្រើន​។ ជាក់ស្ដែង ត្រី​សាច់ បន្លែ និង​ផ្លែ​ឈើ ដែល​ដាក់​លក់​នៅ​តាម​ផ្សារ​នានា ភាគច្រើន​ជា​ផលិតផល​នាំ​ចូល​ពី​ថៃ វៀតណាម ចិន និង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​។ ក្នុង​នោះ គ្រាន់តែ​បន្លែ​មួយ​មុខ កម្ពុជា​បាន​នាំ​ចូល​ប្រមាណ​៥៦%​នៃ​តម្រូវការ​សរុប​ក្នុងស្រុក ដោយ​បាន​ផ្គត់ផ្គង់​នៅ​រាជធានី​ភ្នំពេញ ប្រមាណ​ពី​២០០​ទៅ​៣០០​តោន​ក្នុង​១​ថ្ងៃ ៕