ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឆោឡោ​ជនបរទេស​រើ​អីវ៉ាន់​រត់​ចេញ​ទាំង​ភិតភ័យ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ចេញពី​ក្រុមហ៊ុន​ក្រណាត់​មួយ​កន្លែង

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ចេញពី​ក្រុមហ៊ុន​ក្រណាត់​មួយ​កន្លែង​បាន​ឆ្លង​រាលដាល​ទៅ​ផ្ទះ​មួយ​ល្វែង​នៅ​ជាប់​នោះ​ឆាបឆេះ​នៅ​ជាន់​ទី​មួយ​បង្ក​ឲ្យ​ផ្អើល​ជនបរទេស​ដែល​ជួល​ស្នាក់​នៅ​ក្បែរ​នោះ​នាំ​គ្នា​ជញ្ជូន​អីវ៉ាន់​រត់​ចេញពីផ្ទះ​កាលពី​វេលា​ម៉ោង​៣​នឹង​៤០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​១៨៤ ផ្ទះ​លេខ​21CD និង​ផ្ទះ​មួយ​ល្វែង​ទៀត​លេខ​17EoZ ស្ថិត​នៅ​ក្នុង​ក្រុម​៣៨ ភូមិ​៩ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​យាម​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ធំក្លិន​ឈ្ងៀម និង​ហុយផ្សែង​ហ៊ុយ​ចេញ​មក​ពី​ក្រុមហ៊ុន​នៅ​ជាន់​ទី​១​ដែល​សាងសង់​ពី​ឈើ ភ្លាម​ៗ​នោះ​គាត់​បាន​យក​កូនសោ​ទៅ​ចាក់​ដើម្បីរ​កន្លែង​ទុ​ស្សេ តែ​ដោយសារ​ក្នុង​ក្រុមហ៊ុន​មាន​ក្រណាត់​ច្រើន​ពេក​គ្រាន់តែ​ចាក់សោ​ចូល​ទៅ​ឃើញ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឆ្លង​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ផ្ទះ​លេខ​17EoZ ដោយ​ឆេះ​នៅ​ជាន់​ទី​១​ដូច​គ្នា​បណ្តាល​ឲ្យ​ផ្ទុះ​ធុង​ហ្គា​ស​ឆាបឆេះ​សន្ធៅ​ខូចខាត​សម្ភារៈ​ការិយាល័យ​អស់ទាំង​ស្រុង ។ 

បន្ទាប់​ពី​មាន​អគ្គី​ភ័យ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​រួម និង​លោក​អធិការរង ព្រមទាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​នាំ​គ្នា​អន្តរាគមន៍​ជួយ​រាយ​ណ៍​ការណ៍​ទៅ​ខាង​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​មក​ជួយ​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​៨​គ្រឿង​ទើប​រលត់​អស់ទាំង​ស្រុង ។ អគ្គី​ភ័យ​ខាងលើ​នេះ​សន្តិសុខ​ដែល​ជា​អ្នកយាម​ក្រុមហ៊ុន​ក្រណាត់​បាន​អះអាង​ថា​ជា ករណី​ទុ​ស្សេ​ខ្សែភ្លើង​បណ្តាល​ឲ្យ​ឆាបឆេះ​សម្ភារ​ការិយាល័យ​របស់​ក្រុមហ៊ុន​ស្តុក​ក្រណាត់​នៅ​ជាន់​ទី​មួយ​ខូចខាត​អស់ទាំង​ស្រុង និង​ផ្ទះ​ដែល​នៅ​ជាប់​នោះ​ខូចខាត​អស់​ប្រមាណ​៥០​ភាគរយ តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ទេ ។ ក្នុង​ហេតុការណ៍​អគ្គី​ភ័យ​នេះ​ផង​ដែរ ធ្វើ​ឲ្យ​ជនជាតិ​បរទេស​ដែល​ជួល​ស្នាក់​នៅ​ម្តុំ​នោះ​ភ័យ ស្លន់ស្លោ​បាន​នាំ​គ្នា​ទាញ​យក​ម៉ូតូ និង​សម្ភារ​ផ្សេង​ៗ​ទៀត​យក​ក្រៅ​ផ្ទះ​គ្រប់​គ្នា ៕