ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បុគ្គល​ដែល​តាំងខ្លួន​ជា​ព្រះអរហន្ត ជា​នរណា?

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ព័ត៌មាន​ទាក់ទិន​នឹង​បុគ្គល​ឈ្មោះ ធាន វុ​ទ្ធី

ខេត្តតាកែវ ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ព័ត៌មាន​ទាក់ទិន​នឹង​បុគ្គល​ឈ្មោះ ធាន វុ​ទ្ធី ដែល​ធ្លាប់​តាំងខ្លួន​ជា​ព្រះ​សិរ​អារ្យ​មេត្រី កាន់កាប់​វត្ត​ទួល​ព្រះរាជា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន រហូត​តម្រូវ​ឱ្យ​ចេញពី​វត្ត​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល ស្រាប់តែ​ពេល​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ភ្លូកទឹកភ្លូកដី​ទៀត​ហើយ​។ បន្ទាប់​ពី​ការ​បង្ហោះ​វី​ដេ​អូ​តាម​ហ្វេ​ស​ប៊ុ​ក ពី​ការ​ហែ​ក្បួន​មាន​ទូល​ត្រៃ បាំង​ខ្ល​ស់​ពី​ហ្វូង​មនុស្ស​រាប់​សិប​នាក់ ដែល​ស្លៀកពាក់​ស ស្រប​ពេល​ដែល​ជនានុជន ជា​ពុទ្ធបរិស័ទ​ប្រារព្ធ​ធ្វើបុណ្យ​កឋិនទាន​ហែ​ទៅ​កាន់​ទី​អារាម​នានា តាម​ពុទ្ធានុញ្ញាត​។ ដោយសារ​តែ​ការ​បង្ហោះ​នោះ ក៏​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ថ្មី ពី​បុគ្គល ធាន វុ​ទ្ធី ដោយសារ​តែ​គេ​បាន​ប្រកាស​ថា​ជា​ព្រះអរហន្ត​។

ជាមួយ​គ្នា​នេះ​ក៏​មានការ​បង្ហោះ​ស្តី​ពី​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​ស្តេច​ចក្កវាឡ​គ្រង​ភស្តារ ប្រៀប​ដូច​ជា​ស្តេច​ឋាន​លើ តែ​អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​បន្ថែម​ទៀត​នោះ គឺ​ការ​បង្ហាញ​រូបថត​សម្តេចឪ​ផង​ដែរ​។ ដោយសារ​តែ​មានការ​បង្ហោះ​ផ្ទួន​ៗ​ពី​បុគ្គល ធាន វុ​ទ្ធី បាន​តាំងខ្លួន​ជា​ព្រះអរហន្ត ហើយ​ក៏​មាន​បុគ្គល​ម្នាក់​ទៀត​គ្រង​ភស្តារ ធ្វើ​ជា​ស្តេច​ចក្កវាឡ បាន​ធ្វើ​ឱ្យ​ប្រភព​ព័ត៌មាន​ខ្លះ​មានការ​យល់​ច្រឡំ​ថា ជា​បុគ្គល ធាន វុ​ទ្ធី តែ​មួយ​មិន​ចោល​ក្បួន​កុហក​។ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សាធារណជន​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ទៅ​លើ​បុគ្គល​ឈ្មោះ ធាន វុ​ទ្ធី នោះ នឹង​បាន​អំពាវនាវ​ដល់​ក្រសួង​ធម្មការ និង​សាសនា ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ជួយ​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​លើ​បុគ្គល​ម្នាក់​នេះ ដែល​ថ្ងៃមុន និង​ប៉ុន្មាន​ខែ​មុន​បុគ្គល​នេះ​បាន​បំពាន​ការ​សន្យា​របស់​ខ្លួន​ជា​បន្តបន្ទាប់​។

តើ​ហេតុ​អ្វី​បានជា​ក្រសួង និង​សមត្ថកិច្ច​មិន​មាន​វិធានការ​ទប់ស្កាត់​សោះ​បែប​នេះ ដោយ​ទុក​ឱ្យ​មនុស្ស​មួយ​ចំនួន​លង់ និង​ការ​បោកប្រាស់​របស់​បុគ្គល​ម្នាក់​នេះ ដែល​មាន​ជំនឿ​ផ្កាប់មុខ​ខ្វះ​ការ​ពិចារណា​។ មហាជន​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា បន្ទាប់​ពី​ឃើញ​មនុស្ស​រាប់​សិប​នាក់​មាន​ក្មេង​ចាស់​បាន​នាំ​គ្នា​ស្លៀកពាក់​ស និង​បាន​ចាត់​ទុក​បុគ្គល ធាន វុ​ទ្ធី ជា​ព្រះអរហន្ត ព្រមទាំង​មានការ​ដង្ហែ​ជា​អង្គ​កឋិនទាន​ទៀត​។ ទីតាំង​ដែល​បុគ្គល ធាន វុ​ទ្ធី ស្នាក់​នៅ​ក្នុងភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ លោក ជួង វ៉ាង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​ថ្ងៃ​ទី​១១ តុលា​ឱ្យ​ដឹង​ថា ការ​ហែ​ក្បួន​ដូច​ហែ​កឋិន​របស់​អ្នក​ស្លៀកពាក់​ស​នោះ មិនមែន​គេ​ហែ​កឋិន​ទេ តែ​ជា​ពិធីបុណ្យ​ដែល​មាន​វត្តមាន​បុគ្គល ធាន វុ​ទ្ធី​។

ពិធីបុណ្យ​សាសនា​គេ​ធ្វើ​នៅ​ថ្ងែ​ទី​៦ តុលា ដែល​ជា​ថ្ងៃ​ទី​១ នៃ​រដូវ​កាល​បុណ្យកឋិន មិន​មាន​អ្វី​ដែល​ប្លែក​ឡើយ តែ​នៅ​ក្នុង​ពិធីបុណ្យ​នោះ  ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​មិន​បាន​មក​ចូលរួម​ទេ តែ​ពលរដ្ឋ​ដែល​មក​ចូលរួម​នោះ ភាគច្រើន​គេ​មក​ពី​ខេត្ត​ឆ្ងាយ​ៗ ដោយ​មាន​ដង្ហែ​ត្រឹមត្រូវ តែ​អ្វី​ដែល​ប្លែក​នោះ​នៅ​ក្នុង​សាដក​មិន​មាន​ច្បង់​ចីវរ​ទេ​គឺ​ក្រណាត់​ស​។ លោក​ប្រធាន​មន្ទីរ​ធម្មការ​បាន​បន្ត​ទៀត​ថា បុគ្គល ធាន វុ​ទ្ធី ដែល​ធ្លាប់​បាន​តាំងខ្លួន​ជា​ព្រះ​សិរ​អារ្យ​មេត្រី នោះ​បាន​បាត់​មុខ​យូរ​មក​ហើយ មិនឃើញ​មុខ​នោះ​ទេ ហើយ​ចំណុច​ភូមិ​ចំប៉ា ដែល ធាន វុ​ទ្ធី បាន​បង្ហាញមុខ​ធ្វើបុណ្យ​តាំងខ្លួន​ជា​ព្រះអរហន្ត​នេះ គឺជា​ទួល​អង្គ​ដែល​បាន​ធ្វើ​របង​បេតុង​ជុំ​ជិត​។ បុគ្គល​នេះ មិន​ដែល​បាន​បង្ហាញ​នៅ​ក្នុង​អាស្រម​លើ​ទួល​ក្នុងភូមិ​ចំប៉ា​នោះ​ទេ គឺ​ទើបតែ​លេចមុខ​មក​វិញ នៅ​ក្នុង​ពិធីបុណ្យ​សាសនា ដោយ​តាំងខ្លួន​ជា​ព្រះអរហន្ត​។

លោក​ប្រធាន​មន្ទីរ​ឱ្យ​ដឹង​ថា ពេល​ការិយាល័យ​ធម្មការ និង​សាសនា​ស្រុក​រាយការណ៍​ប្រាប់​ភ្លាម​លោក​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ណែនាំ និង​ផ្ដាំផ្ញើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ថា ត្រូវ​តែ​ហាមប្រាម​សកម្មភាព​គ្រប់​បែប​យ៉ាង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា និង​ច្បាប់ បើ​អនុវត្ត​បំពាន​លើ​ការ​ហាមប្រាម​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក អ៊ឹ​ត សារ អភិបាលស្រុក​ព្រៃកប្បាស​បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា លោក​សូម​បដិសេធ​ចំពោះ​ព័ត៌មាន នៅ​ក្នុង​បណ្តាញ​សង្គម និង​សារព័ត៌មាន ដែល​បាន​ចេញផ្សាយ​ថា​បុគ្គល ធាន វុ​ទ្ធី បាន​តាំងខ្លួន​ជា​ស្តេច​ចក្កវាឡ គឺ​បុគ្គល ធាន វុ​ទ្ធី នៅ​ក្នុង​ពិធីបុណ្យ​នោះ ស្លៀកពាក់​សំពត់​ស​ធម្មតា​តែ​ប៉ុណ្ណោះ​ហើយ​ក៏​គ្មាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ ឃុំ ក្បែរ​នោះ​ទៅ​ចូលរួម​ទេ​។

ចំពោះ​អ្នក​មក​ចូលរួម​មក​ពី​ខេត្តបន្ទាយមានជ័យ  ខេត្តបាត់ដំបង និង​ខេត្ត​ផ្សេង​ៗ​ទៀត​ដែល​មានកា​ជឿជាក់​មក​លើ​បុគ្គល​រូប​នេះ​។ លោក​អភិបាលស្រុក​បាន​បន្ត​ទៀត​ថា បុគ្គល ធាន  វុ​ទ្ធី ចេញចូល​ទៅ​មក​កន្លែង​របស់​គេ មិនសូវ​មាន​នរណា​បានដឹង​ទេ មក​អើត​មួយ​ភ្លែត​ៗ​ត្រឡប់​ទៅ​វិញ មិន​នៅ​យូរ​ទេ​។ ចំពោះ​ព័ត៌មាន​ដែល​ថា បុគ្គល ធាន វុ​ទ្ធី បាន​តាំងខ្លួន​ជា​ស្តេច​ព្រះ​បិតា​ចក្កវាឡ និង​ជា​ព្រះ​ពោធិ៍សាត់​នោះ គឺជា​ការ​យល់​ច្រឡំ​ទេ តាម​ពិត គឺជា​មនុស្ស​២​នាក់​ផ្សេង​គ្នា​។ បុគ្គល​ដែល​តុបតែង​ខ្លួន​ធ្វើ​ដូច​ស្តេច​នោះ និង​មាន​អ្នក​អោនក្រាប​ថ្វាយបង្គំ​នោះ មិនដឹង​ថា មក​ពី​ទីណា​ទេ ហើយ​បើ​យោង​តាម​វី​ដេ​អូ​ឃ្លី​ប ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​នោះ ឮ​ជន​ម្នាក់​ប្រកាស​ថា ពិធី​នោះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០១៧​។

រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ធ្លាយ​ដំណឹង​ថា អ្នក​តាំងខ្លួន​ជា​ព្រះ​បិតា​ចក្កវាឡ ឬ​ជា​ព្រះ​ពោធិ៍សាត់​នោះ ស្ថិត​នៅ​ទីណា​ទេ តែ​ពិត​ណាស់​ថា ការ​ផ្ទុះ​ប្រតិកម្ម​បែប​នេះ មន្ត្រី​សមត្ថកិច្ច​ជំនាញ​ខាង​បច្ចេកវិទ្យា IT និង​ស្រាវជ្រាវ​រក​ឃើញ​អត្តសញ្ញាណ​អ្នក​បង្ហោះ​វី​ដេ​អូ និង​រូបថត​លើ​បណ្តាញ​សង្គម​នោះ ពិតជា​បានដឹង​ឫសគល់​ពី​ជន​ដែល​គេ​លើកតម្កើង​ជា​ព្រះ​ពោធិសាត់​នោះ​មិន​ខាន​។ ជា​ការ​ពិត​ណាស់​ថា អ្នក​ឆបោក​មិន​មាន​ប៉ុន្មាន​នាក់​នោះ​ទេ តែ​មក​ពី​អ្នក​ចាញ់បោក​ទេតើ ដែល​ធ្វើ​ឱ្យ​ជន​បោកប្រាស់​ក្លាយជា​អាទិទេព និង​ក្លាយជា​ព្រះ​៕